កញ្ញា អុីន សុខលីដា ជាអតីតបវរកញ្ញាទេសចរណ៍អន្ដរជាតិ ដែលទទួលបានចំណាត់ថ្នាក់ជាតិលេខ៣ និងចំណាត់ថ្នាក់អន្ដរជាតិលេខ៥ ក្នុងចំណោមប្រទេស៣២ ប្រចាំឆ្នាំ២០០៣។ បច្ចុប្បន្ន សុខលីដាជាពិធីការិនី និងជាតារាសម្ដែង កំពុងទទួលបានការពេញនិយម និងគាំទ្រជាលំដាប់ពីសំណាក់ទស្សនិកជន។ ទន្ទឹមនឹងការកាន់តែមានប្រជាប្រិយ៍ភាពក្នុងពិភពសិល្បៈ រូបសម្ផស្សរបស់កញ្ញា សុខលីដាក៏កាន់តែស្រស់ស្អាតជាលំដាប់ផងដែរ។ តើកញ្ញាដែលមានរូបរាង ខ្ពស់ស្រលនរូបនេះ មានវិធីរក្សាសម្រស់ និងសុខភាពរាងកាយយ៉ាងដូចម្ដេចខ្លះ?
ដើម្បីទម្លាយអាថ៌កំបាំង អំពីវិធីថែរក្សាសម្រស់ និងសុខភាពរបស់ពិធីការិនីវ័យ២១ឆ្នាំ ដ៏ស្រស់ស្អាតរូបនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបផ្ទាល់ជា មួយនឹងកញ្ញា អ៊ិន សុខលីដា។ កញ្ញាបានប្រាប់ឱ្យដឹងពីវិធីថែរក្សាសម្រស់ និងសុខភាពផ្ទាល់ខ្លួនដូចតទៅ។
ការថែរក្សាសក់
ក្នុងអាជីពជាសិល្បការិនី សុខលីដាចៀសមិនផុតពីការរចនាម៉ូតសក់ដូចសិល្បការិនីដ៏ទៃទៀតឡើយ ជាពិសេស ដូចជាការប្រើប្រេងលាបសក់ឱ្យរឹង ឬប្រើឧបករណ៍ ធ្វើសក់ដែលមានកម្ដៅ ធ្វើឱ្យខូចដល់សរសៃសក់ជាដើម។ ប្រឈមមុខទៅនឹងផលវិបាកប៉ះពាល់ដល់សរសៃសក់បែបនេះ សុខលីដាបានជ្រើសរើស សាប៊ូកក់សក់ ដែលមានគុណភាពខ្ពស់ ត្រូវទៅនឹងសរសៃសក់របស់ខ្លួនយកមកប្រើប្រាស់។ កក់បន្ថែមក្រែមបន្ទន់សក់ជាប្រចាំរាល់លើកបន្ទាប់ពីកក់សក់នឹងសាប៊ូកក់ សក់រួច។ បន្ទាប់មកទៀត ការអប់សក់ជាមួយផលិតផលមួយចំនួនក៏ធ្វើដែរ។ ការប្រីប្រាស់ផលិតផលមានគុណភាពល្អទាំងនេះ គឺដើម្បីធ្វើឱ្យសរសៃសក់ទន់រលោង សក់មានសុខភាពរឹងមាំ មិនបែកចុង និងមានជីវិតឡើងវិញ។ ការកក់សក់សម្អាតរបស់កញ្ញា ធ្វើឡើងរៀងរាល់ពីរថ្ងៃម្ដង។
សម្រស់ស្បែកមុខ
មុនទទួលទានដំណេក សុខលីដាប្រើក្រែមបំប៉នឱ្យស្បែកម៉ដ្ឋរលោង ដែលមានសារធាតុផ្សំពីទឹកឃ្មុំលាបលើស្បែកមុខ។ ពេលថ្ងៃ សុខលីដាប្រើក្រែមការ ពារកម្ដៅថ្ងៃលាបជាទ្រនាប់។ ដោយធ្វើការតុបតែងមុខជារៀងរាល់ថ្ងៃ សុខលីដាចាំបាច់ត្រូវជ្រើសរើសម្សៅស្អិតជាទ្រនាប់ ឱ្យត្រូវនឹងស្បែកមុខរបស់ខ្លួន។ បើមិន ដូច្នេះទេ ម្សៅស្អិតដែលលាបជាទ្រនាប់ក្នុងការតុបតែងមុខនេះ អាចធ្វើឱ្យមានប្រតិកម្មលើស្បែកមុខ ដូចជាចេញមុន ភាពគគ្រើមជាដើម។ ដោយមានការប្រើ ប្រាស់ម្សៅតុបតែងមុខច្រើន ការលាងសម្អាតស្បែកមុខជាប្រការចាំបាច់។ ជាដំបូងយកសំឡីផ្សើមជាមួយទឹកស្អាតមកជូតផ្ដិតម្សៅនៅលើផ្ទៃមុខឱ្យបានសា្អត ទើប ធ្វើការលាងជម្រះជាថ្មីម្ដងទៀតជាមួយនឹងហ្វូមលាងមុខ។
សុខលីដាមានត្របកភ្នែកងាយប្រតិកម្ម ជាពិសេសជាមួយការប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃនៅលើបរិវេណត្របកភ្នែក ពីព្រោះការប្រើប្រាស់ក្រែម នានា តែងតែធ្វើឱ្យភ្នែករបស់កញ្ញា ប្រែជាហើមប៉ោងខុសប្រក្រតី។
ការថែរក្សាបបូរមាត់
សុខលីដានិយមប្រើក្រែមលាបមាត់រលោងដែលមានសារធាតុទឹកឃ្មុំ ដើម្បីជំនួយស្បែកបបូរមាត់ឱ្យតឹង រលោង និងភ្លឺថ្លាល្អ ជាពិសេសប្រើនៅមុនពេល ទទួលទានដំណេក និងនៅពេលដែលបបូរមាត់ មិនមានប្រើក្រែមពណ៌តុបតែង។
អនាម័យធ្មេញ
សុខលីដាធ្វើការដុសសម្អាតធ្មេញ ៥ទៅ៦ដងក្នុងមួយថ្ងៃ ជាពិសេសបន្ទាប់ពីការទទួលទានអាហាររួច។ ក្នុងវ័យ២១ឆ្នាំ សុខលីដាមិនទាន់មានជម្ងឺធ្មេញទេ។ ធ្មេញរបស់កញ្ញាសុទ្ធតែជាធ្មេញធម្មជាតិទាំងអស់ ជាសម្ផស្សដែលត្រូវយកចិត្ដទុកដាក់។ ប្រសិនបើធ្មេញមានបញ្ហាប្រេះ ពុក ឬបាក់នោះ វាមិនត្រឹមតែធ្វើឱ្យ ប៉ះពាល់សុខភាព និងសម្រស់ប៉ុណ្ណោះទេ តែថែមទាំងបង់ខាតថវិកាក្នុងការព្យាបាល ពេលវេលាធ្វើការ ឬប្រកបរបរផ្សេងៗទៀតផង។ ហេតុដូច្នេះ ច្រាស ថ្នាំដុសធ្មេញ និងថ្នាំខ្ពុរមាត់ ត្រូវតែដាក់តាមខ្លួនជានិច្ច។
ការថែរក្សាស្បែកដងខ្លួន
សុខលីដាបាននិយាយដោយត្រង់ៗថា ខ្លួនមិនមានស្បែកសស្អាតទេ ប៉ុន្ដែមានស្បែករលោងភ្លឺថ្លា។ សុខលីដាបានបង្ហើបប្រាប់ថា គួរតែជ្រើសយកក្រែម លាបស្បែកដែលមានជាតិទឹកឃ្មុំ សម្រាប់ស្បែកមុខ និងដងខ្លួន។ ក្រែមលាបលើដងខ្លួនមានពីរប្រភេទ គឺក្រែមលាបពេលយប់សម្រាប់បំប៉នស្បែក និងក្រែមពេល ថ្ងៃសម្រាប់ការពារកម្ដៅថ្ងៃ។ គួរជ្រើសរើសប្រើសាប៊ូដុសសម្អាតខ្លួនមានជាតិទឹកឃ្មុំផងដែរ។ សុខលីដាចូលចិត្ដញ៉ាំផ្លែឈើ និងបន្លែ ដើម្បីជួយឱ្យមានសុខភាពល្អ ស្បែកភ្លឺថ្លា។
ការថែរក្សាសុខភាពរាងកាយ
ក្នុងនាមជាតារាម្នាក់ ដែលត្រូវបង្ហាញមុខក្នុងកម្មវិធីសិល្បៈជាប្រចាំ សុខលីដាជ្រើសរើសយកវិធីថែរក្សារាង ដោយតមអាហារមួយចំនួន។ អាហារជាប្រចាំរបស់អ្នកនាង គឺបាយ ម្ហូបបន្ដិចបន្ដួច និងផ្លែឈើប៉ុណ្ណោះ។ ចំពោះអាហារដែលមានជាតិខ្លាញ់ និងសាច់ សុខលីដាមិនទទួលទានទេ ព្រោះវាអាចធ្វើឱ្យ ធាត់។ ការទទួលទានទឹក ឱ្យបានមួយលីត្រកន្លះទៅពីរលីត្រក្នុងមួយថ្ងៃ អាចជួយឱ្យខ្លួនប្រាណមានសុខភាព និងស្បែកល្អ។ ការតមហារ ជួនកាលមានការប្រែ ប្រួលផងដែរ ដូចជាពេលរវល់កិច្ចការមិនមានពេលសម្រាកគ្រប់គ្រាន់ សុខលីដាត្រូវទទួលទានអាហារច្រើន ដើម្បីបំពេញបន្ថែមសុខភាព។ លើសពីនេះទៀត សុខលីដាតែងឆ្លៀតពេលហាត់ ប្រាណធ្វើចលនាដើមទ្រូង ដើមដៃ សាច់ដុំពោះ ត្រគាក និងភ្លៅ។ ការហាត់ប្រាណ អ្នកនាងចំណាយពេលចាប់ពី ៣០នាទី ទៅ១ម៉ោង និងចំនួន៣ ទៅ៤ដងក្នុងមួយសប្ដាហ៍។ សុខលីដាមានការយល់ដឹងពីការហាត់ប្រាណដើម្បីសុខភាពនេះច្រើន ព្រោះកញ្ញា គឺជាពីធីការិនីក្នុងកម្ម វិធីអ៊ីនស្ទាយ (In Style) ដែលទាក់ទងដល់សុខភាព និងការហាត់ប្រាណ។
បណ្ដាំផ្ញើរបស់ អ៊ិន សុខលីដា ចំពោះអ្នកអាន
ក្នុងនាមជាពីធីការិនី និងជាតារាសម្ដែងដ៏មានប្រជាប្រីយ៍ភាព សុខលីដាបានជូនជាយោបល់ដល់លោកអ្នកនាង ជាពិសេសសុភាពនារីទាំងឡាយ គួរយក ចិត្ដទុកដាក់ថែរក្សាសម្រស់ និងសុខភាព។ ចំពោះសក់ គប្បីកុំប្រើថ្នាំលាបពណ៌សក់ញឹកញាប់ពេក ព្រោះថ្នាំលាបសក់អាចធ្វើឱ្យសក់ខូចបែកចុងជាដើម។ លោកអ្នក នាងគួរចៀសវាងប្រើម្សៅលាយ ដែលមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ដ្រ។ នៅពេលធ្វើដំណើរខាងក្រៅ គប្បីការពារស្បែកមុខ និងរាងកាយ ដោយប្រើក្រែមការពារ កម្ដៅថ្ងៃ ឬសម្លៀកបំពាក់ដែលអាចការពារស្បែកបានល្អ ដូចជាអាវដៃវែង មួកការពារសុខភាពសក់ជាដើម។ នៅពេលត្រឡប់ពីធ្វើការ ឬធ្វើដំណើរដែលប៉ះពាល់ នឹងធូលីដី ត្រូវប្រើហ្វូមលាងសម្អាតមុខជាប្រចាំ។
សុខភាពល្អក៏គួបផ្សំនឹងអារម្មណ៍រីករាយស្រស់ថ្លាផងដែរ។ ដូច្នេះលោកស្រីអ្នកនាងកញ្ញា គួរយកពេលវេលាខ្លះ ដើម្បីដើរលំហែអារម្មណ៍ឱ្យបានធូរ ស្រាល និងរីករាយ។ នៅពេលយើងមានសុខភាពល្អ និងសម្ផស្សស្អាត ធ្វើឱ្យយើងមានជំនឿលើខ្លួនឯង ផ្ដល់នូវភាពរីករាយដល់ខ្លួន និងអ្នកនៅជុំវិញខ្លួនយើងផងដែរ។
វិធីថែរក្សាសម្រស់ និងសុខភាពដែលបានអត្ថាធិប្បាយជូនមកនេះ ជាបទពិសោធន៍ផ្ទាល់របស់ អតីតបវរកញ្ញាទេសចរណ៍អន្ដរជាតិ អ៊ិន សុខលីដា។ សូម ប្រិយមិត្ដអ្នកអានធ្វើតាមអ្វីដែលលោកអ្នកគិតថាល្អបានហើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply