ជម្ងឺដុំសាច់​ប្រូស្ដាតកើតលើ​​​បុរស​​​ចំណាស់៩០%

វ័យកាន់​តែចាស់ ស្ដ្រីច្រើន​តែងកើត​មានជម្ងឺស្បូន រីឯ​បុរសវិញ មានជម្ងឺ​ប្រូស្ដាត។ បុរស​ដែលមាន​អាយុចាប់​ពី៥០ឆ្នាំ​បា្លយ អាចចាប់​មានការ​រីកប៉ោងប្រូស្ដាត ឬជម្ងឺដុំសាច់​ប្រូស្ដាត។ ហើយចាប់​ពីអាយុ៦៥ឆ្នាំ​ទៅ មានបុរស​ប្រមាណជា​៥០% មានជម្ងឺ​ដុំសាច់​ប្រូស្ដាត​នេះ។ អត្រា​ភាគរយ​នេះអាច​កើនឡើង​ដល់ទៅ ៩០% នៅពេល​បុរស​មានអាយុ​ចាប់ពី៨០​ឆ្នាំឡើង។ បុរសអឺរ៉ុប​មានអត្រា​ការរីក​ប៉ោង​ប្រូស្ដាត ឬជម្ងឺ​ដុំសាច់​ប្រូស្ដាត​នេះ ច្រើនជាង​បុរសអាស៊ី។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺដុំសាច់​ប្រូស្ដាត ជាអ្វី?

សរីរាង្គ​ប្រូស្ដាត ជាក្រពេញ​មួយប្រភេទ ដែលមាន​តួនាទី​សំខាន់​នៅក្នុង​មុខងារ​ផ្លូវភេទ​របស់​បុរស។ វាបញ្ចេញ​មកក្រៅ​នូវវត្ថុ​រាវម្យ៉ាង ដែលសម្បូរទៅ ដោយសារ​ធាតុចិញ្ចឹម និងការពារ​ស្ពែមម៉ាតូសូអ៊ីដ​(មេជីវិតឈ្មោល)។ ប្រូស្ដាត​មានទីតាំង​នៅក្រោម​បោ្លកនោម ហើយក្ដោប​គល់​បង្ហូរនោម។ គេអាច​តាមដាន និង ពិនិត្យ​មើល​សណ្ឋាន​ប្រូស្ដាត តាមរយៈ​ការលូក​ស្ទាបតាម​ទ្វារលាមក។

ទំហំរបស់​ប្រូស្ដាត ចាប់ផ្ដើម​កើនឡើង​រីករឹត​តែធំ ចាប់ពី​វ័យ៥០ឆ្នាំ​បា្លយ​ឡើងទៅ។ វ័យ ឬអាយុកាល​កាន់តែ​ជ្រាលជ្រេ​ទៅ ប្រូស្ដាត​ក្លាយជា​ទីជម្រក របស់​ដុំសាច់ (ដុំសាច់​ធម្មតា ឬដុំសាច់​មហារីក)។ តាមការ​ស្រាវជ្រាវ មានបុរស​អាយុលើសពី​៦៥ឆ្នាំ ប្រមាណជា​ ៥០% ទទួល​រងការ​វាយប្រហារ​ពីរោគនេះ។

ដំណើរការ​មុខងារ​របស់​ប្រូស្ដាត និងទំហំវា អាស្រ័យ​ទៅលើ​លំនឹង​ជាតិអ័រម៉ូន​ភេទបុរស។ ការបាត់​លំនឹង​ក្នុងការ​ផលិត​អ័រម៉ូន​ភេទ​ទាំងនេះ អាចជា​ដើមហេតុ​នៃការ​រីកប៉ោង​ខុស​ប្រក្រតី​របស់ប្រូស្ដាត ដែលហៅថា​ជម្ងឺដុំសាច់​ប្រូស្ដាតនេះ។ សូមកុំ​ច្រឡំ​ជម្ងឺដុំសាច់​ប្រូស្ដាត និងជម្ងឺ​មហារីក​ប្រូស្ដាត អ្នកខ្លះកើត​ដុំសាច់តែ គ្មាន​មហារីក អ្នកខ្លះទៀត​កើតមហារីក​តែគ្មាន​ដុំសាច់​ប្រូស្ដាត។

ជម្ងឺដុំសាច់​ប្រូស្ដាត មានរោគ​សញ្ញា​អ្វីខ្លះ?

ដោយសារ​មានទីតាំង​នៅកៀក​បង្កើយ​នឹងបោ្លកនោម ការរីកធំ​នៃទំហំ​ប្រូស្ដាត​បង្កផល​ប៉ះពាល់​ទៅដល់​មុខងារ​ផ្លូវនោម ដូចជា​ល្បឿនទឹក​នោមបាញ់ ខ្សោយ និងយឺត​ជាងមុន ជុះនោម​ញឹក​ជាងមុន និងទប់​មិនឈ្នះ ជាទូទៅ​ងើបនោម​ពេលយប់​ញឹកញាប់ ជួនចង់​តែទៅ​នោម តែនោម​មិនអស់​ទឹកនោម​ពីក្នុងបោ្លក នោម នោមយូរ​មានសល់​ទឹកនោម​ហូរតិចៗ​ទៀតពេល​នោមជិត​ឈប់​ជាដើម។

រោគសញ្ញា​ទាំងនេះ​រឹតតែ​ធ្ងន់ធ្ងរ ទៅតាម​ពេលវេលា។ វាអាច​បង្កផល​អាក្រក់​ជាច្រើន ដូចជា​រលាកផ្លូវ​នោមដោយ​មាន​គ្រុនក្ដៅ​ខ្លួន ក្រហល់​ក្រហាយ ពេលជុះនោម ឈឺចង្កេះ នោមមាន​ទឹកនោម​ល្អក់ ឬលាយឈាម​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

កើតជម្ងឺ​ដុំសាច់​ប្រូស្ដាត ធ្វើដូចម្ដេច​ទៅ?

បើលោក​អ្នកមាន​បញ្ហាដូចរោគ​សញ្ញា ដែលបាន​រៀបរាប់​មកនេះ។ សូមរួស​រាន់ទៅ​ពិគ្រោះ​ជម្ងឺជាមួយ​អ្នកជំនាញ ឬអ្នក​ឯកទេស​ខាងជម្ងឺ​ផ្លូវនោម យ៉ាង ហោចណាស់​ក៏ជា​គ្រូពេទ្យ​ជម្ងឺទូទៅដែរ ប្រយោជន៍​ទទួលបាន​ការពិនិត្យ និងវិភាគ​រកតុល្យភាព​សព្វគ្រប់។ គ្រូពេទ្យ​នឹងពិនិត្យ​ជម្ងឺ ដោយលូក​ស្ទាប​ប្រូស្ដាតតាម​ទ្វារលាមក ឆ្លុះ​អេកូសាស្ដ្រ វិភាគ​ទឹកនោម និងវិភាគ​ឈាម​(រាប់កម្រិត​ជាតិអៀរ៉េ ជាតិ​ក្រេអាទីនីនជាដើម)។

បើសង្ស័យថា ខ្លាចច្រឡំ​គ្នារវាង​ដុំសាច់​ធម្មតា និងមហារីក គេអាច​ពិនិត្យ​វិភាគឈាម​បន្ថែម ដោយរកជាតិ​អង់ទីហ្សែន​ពិសេស​របស់ប្រូស្ដាត និងដោយ វិធីច្រឹបសាច់​ប្រូស្ដាតយក​ទៅវិភាគ​ជាដើម។

ក្នុងករណី​បង្ករោគ​រលាក​ផ្លូវនោម សូមរួសរាន់​ទៅជួប​គ្រូពេទ្យ​ឱ្យបាន​លឿនបំផុត ប្រយោជន៍​ឆាប់ទទួល​បានការ​ព្យាបាល​ដោយថ្នាំ​ប្រឆាំង​បាក់តេរី (ដែល ប្រជាពលរដ្ឋខ្មែរ​និយមហៅថា​ថ្នាំផ្សះ)។

ការតាមដាន​វេជ្ជសាស្ដ្រ​យ៉ាង​សាមញ្ញ​មួយមុខ ជាការ​គ្រប់គ្រាន់​ហើយ បើសិន​រោគសញ្ញា​ទាំងនេះ​មិនមាន​កម្រិត​ធ្ងន់ធ្ងរ។ ប៉ុន្ដែបើ​រោគសញ្ញា​ទាំងនោះរឹត តែធ្ងន់ធ្ងរ​ទៅៗបង្ក​ការរំខាន នោះគ្រូពេទ្យ​នឹងអាច​ចាប់ផ្ដើម​ព្យាបាល​ដោយ​ប្រើប្រាស់​ឱសថ ជួនអាច​ធ្វើការ​វះកាត់​ទៀតផង។ ការព្យាបាល​ដោយវះកាត់ គឺជាការ​វះកាត់​យកដុំសាច់​នោះចេញ ប៉ុន្ដែ​មិនមែន​កាត់​សរីរាង្គ​ប្រូស្ដាត​ចោលនោះទេ។ ការ​វះកាត់​នេះ មិន​ប៉ះពាល់​ដល់​បុរិសលក្ខណៈ​(លក្ខណៈភេទបុរស) និងមិនបង្ក​ឥទ្ធិពល អាក្រក់​ដល់ការ​រួមភេទ​ឡើយ។

ដំបូន្មាន​គួរប្រតិបត្ដិ

– ក្នុងករណី​ពិបាកជុះនោម ដូចជា​នោមយូរ នោមចេញ​មិនអស់​ជាដើម លោកអ្នក​មិនគួរ​គប្បី​ទុកស្ថាន​ភាពរ៉ាំរ៉ៃ ដែលបង្ក​ផលអាក្រក់​ដល់​បោ្លកនោម​នោះ ទេ ត្រូវរួសរាន់​សាកសួរ​ដំបូន្មាន ឬពិគ្រោះ​ជម្ងឺជាមួយ​គ្រូពេទ្យ​ព្យាបាល។

– ការអង្គុយ​យូរ បង្កឱ្យ​ប្រូស្ដាត​ស្លាក់ឈាម។ ដូច្នេះ ចូរឧស្សាហ៍​ហាត់ប្រាណ និងដើរ ឬរត់ត្រឹកៗ​ជាប្រចាំ។

– ចំណី​អាហារ​ដែលបណ្ដាល​ឱ្យមាន​ការរលាក​ក្រហាយមួ​យចំនួន បង្កផល​ប៉ះពាល់​ដល់​បោ្លកនោម​នេះជាដើមចម​បង្កើន​ការរីក ប៉ោង​ទំហំ​ប្រូស្ដាត​ផងដែរ។ ដូច្នេះ​លោកអ្នក​មិនត្រូវ​បរិភោគ​ចំណីអាហារ ឬភេសជ្ជៈមួយចំនួន ដូចជាជាតិ​កាហ្វេអ៊ីន​(កាហ្វេ តែ ភេសជ្ជៈកូឡា) ស្ករសុកកូឡា ម្ហូបអាហារ​គ្រឿងទេស ច្រើនជាដើម។

– ចូរទម្លាប់​ទទួលទាន​ដំណេកផ្អៀង​មួយចំហៀង ប្រសើរជាង​ដេកផ្ងារ។

– ជម្ងឺដុំសាច់​ប្រូស្ដាត តម្រូវឱ្យ​មានការ​ពិនិត្យ​តាមដាន និងវិភាគ​វេជ្ជសាស្ដ្រ​ជាប្រចាំ។ សូមជម្រាបថា​ជម្ងឺដុំសាច់​ប្រូស្ដាត ខុសពី​ជម្ងឺមហារីក​ប្រូស្ដាត។ ទស្សនាវដ្ដី សុខភាពយើង នឹងលើកយក​ជម្ងឺមហារីក​ប្រូស្ដាត​មកជម្រាប​ជូននៅពេល​ក្រោយ។

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *