ចំការ​ឈើដាំ​បំផ្លាញ​បរិស្ថាន

ព្រៃឈើ​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​មនុស្សជាតិ និងពិភពលោក។ ប៉ុន្ដែ​ព្រៃឈើ​ក៏ផ្ដល់​នូវទុក្ខទោស​ខ្លះដែរ អាស្រ័យ​ទៅលើ​ប្រភេទ​នៃដើមឈើ។ យើងចែក​ព្រៃឈើ​ជាពីរ​ប្រភេទ គឺព្រៃឈើ​ធម្មជាតិ និងព្រៃឈើ​ដាំ។ សម្រាប់​ពេលនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកព្រៃ​ឈើដាំ មកជម្រាប​ជូនទុក ជាការ​ស្វែងយល់។

រូបភាពទស្សនាវដ្តីសុខភាពយើង

តើអ្វីទៅ​ជាព្រៃឈើ​ដាំ?

ព្រៃឈើដាំ គឺជា​រុក្ខជាតិ ឬព្រៃឈើ ដែលដាំ​ឡើងវិញ។ រុក្ខជាតិ ឬព្រៃឈើ​ដាំឡើង​វិញនេះ មានពូជ​ជាច្រើន​ផ្សេងៗគ្នា ដូចជា​ដើមប្រេង​ខ្យល់ ដើមអាកាស្យា ដើមកាហ្វេ ដើមកៅស៊ូ​ជាដើម។ នៅប្រទេសកម្ពុជា ប្រវត្ដិ​ព្រៃឈើដាំ​នេះ ទើបតែ​មាន​វត្ដមាន​ប៉ុន្មាន​សតវត្សរ៍​ចុងក្រោយ​នេះប៉ុណ្ណោះទេ។ ដំបូងឡើយ ប្រទេស​កម្ពុជា យកចិត្ដ​ទុកដាក់​តែទៅ​លើដំណាំ​កៅស៊ូ និងដើម​កាហ្វេ​ប៉ុណ្ណោះ។ ប៉ុន្ដែ នៅពេល​ថ្មីៗនេះ រាជរដ្ឋាភិបាល​ប្រទេសកម្ពុជា​បាន​ប្រឹងប្រែង​អភិវឌ្ឍន៍ ប្រទេស ដោយធ្វើ​ការ​ទាក់ទាញ​អ្នក​វិនិយោគទុន​មួយចំនួន ក្នុងនោះ​មានការ​ផ្ដល់សម្បទានដី​ខ្លះដល់​ក្រុមហ៊ុនធំៗ​មួយចំនួន សម្រាប់​ដាំដើម​ប្រេងខ្យល់ និងដើម​អាកាស្យា។

នៅប្រទេសកម្ពុជា រុក្ខជាតិ​ទាំង២​ប្រភេទនេះ ត្រូវបាន​ចាត់ទុក​ជាប្រភេទ​រុក្ខជាតិថ្មី ព្រោះពី​មុនមក​ពុំមាន​ដើមឈើ​ប្រភេទ​នេះទេ។ ដើមឈើនេះ ត្រូវ បាននាំចូល​ពីបរទេស ក្នុងកំឡុង​ទសវត្សរ៍ទី៩០ ដែលដំបូង​ឡើយ ដាំជា​លក្ខណៈ​សហគមន៍​តូចៗ​ប៉ុណ្ណោះ។ តើព្រៃឈើ​ដាំ ប្រភេទ​រុក្ខជាតិ​ដើមប្រេងខ្យល់ និងដើម​អាកាស្យានេះ មានគុណ​សម្បត្ដិ និងគុណវិបត្ដិ​ដូចម្ដេចខ្លះ?

គុណសម្បត្ដិ​របស់ដើម​ប្រេងខ្យល់ និងដើម​អាកាស្យា

ប្រភេទរុក្ខជាតិ​ទាំងពីរ​នេះ ជាប្រភេទ​រុក្ខជាតិ​ម្យ៉ាងល្អ ដែលអាច​ដាំលើដី និងព្រៃរេចរិល​បាន ហើយវា​ជារុក្ខជាតិ​មួយដុះលឿន។ វាងាយ​សម្រប​សម្រួល នឹង​លក្ខខណ្ឌ​ដី មានន័យថា ទោះជា​ដីមិនសូវ​មានជីជាតិ​ក៏វាអាច​ដុះបានដែរ។ វាអាច​ជាគម្រ​បបង្គ្រប់​ព្រៃ​ធម្មជាតិ ដែលបាន​បាត់បង់​ទៅ។ ចំពោះ​សេដ្ឋកិច្ច​វិញ ប្រសិន​បើយើង​ដាំវា​ជាលក្ខណៈ​ធំដុំ​ជា​ក្រុមហ៊ុន វាអាច​ជួយផ្ដល់​ការងារ​មួយចំនួន​ដល់​ប្រជាជន ដែលរស់​នៅក្នុង​តំបន់នោះ។ តាមរយៈ​ដើមប្រេង​ខ្យល់ និងដើម​អាកាស្យា​នេះ យើងអាច​ផលិតចេញ​ជា​ផលិតផល​ជាច្រើន​ ដូចជា​ក្រដាស់ ឱសថ ប្រេងខ្យល់ អុសដុត​ជាដើម។ លើសពី​នេះទៀត នេះជា​គោលដៅ​របស់រាជ​រដ្ឋាភិបាល ដែលចង់​ឱ្យមាន​អ្នក​វិនិយោគទុន​ផងដែរ។

សម្រាប់​បរិស្ថានវិញ ព្រៃឈើដាំ​ប្រភេទនេះ ផ្ដល់ផល​ប្រយោជន៍ខ្លះ​ដែរ​ក្នុងការ​ជួយកាត់​បន្ថយឧស្ម័ន​កាបូនិច​បានមួយ​ចំនួនតូច និងអាច​ជួយកាត់​បន្ថយ ការកាប់​ឈើធម្មជាតិ​ធ្វើអុសដុត។

រូបភាពទស្សនាវដ្តីសុខភាពយើង

គុណវិបត្ដិ​របស់ដើម​ប្រេងខ្យល់ និងដើម​អាកាស្យា

តាមការ​សិក្សាស្រាវជ្រាវ​របស់លោក គ្រិស ស្លេន (Chris Lang) បានលើក​ឡើង​ពី​ផលវិបាក​របស់​ព្រៃឈើដាំ ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំរបស់ ដើមប្រេងខ្យល់ និងដើមអាកាស្យា​នេះ។ ប្រភេទ​ដើមឈើ​ទាំងនេះ មានផល​វិបាក​មួយចំនួន​ដល់បរិស្ថាន​ដែលនៅ​ជុំវិញវា តាមរយៈ​ការចោល​កាកសំណល់​របស់វា។ ជាឧទាហរណ៍ ករណី​នៅ​ប្រទេសថៃ មានក្រុមហ៊ុន​ផលិត​ក្រដាស់​ធំមួយ ឈ្មោះហ្វូនិក​( Phoenix )។ ក្រុមហ៊ុនេះបានបង្កើតតាំងពីឆ្នាំ១៩៧៥ ដែលបាននាំចេញ ក្រដាស់ទៅ២៥ប្រទេស។ នៅក្នុងខែមិនាឆ្នាំ១៩៩២ រដ្ឋាភិបាលថៃបានប្រកាសបិទទ្វារក្រុមហ៊ុននេះ ដោយសារតែជាតិពុលចេញពីរោងចក្រ។ តាមការស្រាវជ្រាវ គេសង្កេតឃើញថា ដីដាំំដំណាំ ដីស្រែ​របស់អ្នកភូមិ ដែលនៅ​ជុំវិញ​រោងចក្រ​ផលិត​ក្រដាស់​នោះត្រូវខូច ខ្សោះជីជាតិ ហើយធ្វើ​ឱ្យត្រី​នៅក្នុង​ទន្លេផុង (Pong) ក្បែរ នោះ​ស្លាប់អស់។

តាមឯកសារ​វ៉តធឺស៊ីត ( Watershed ) ដែលបោះពុម្ព​កាលពីឆ្នាំ​២០០៤មាន​ឈ្មោះថា ចំការ​ឈើដាំ ឬព្រៃឈើដាំ មិនមែន​ជា​ព្រៃធម្មជាតិ​ទេ។ ក្នុង សៀវភៅនេះ បានលើកឡើង​ពីករណី​ប៉ះពាល់​របស់រុក្ខជាតិ​ប្រភេទដើម​ប្រេងខ្យល់ និងដើម​អាកាស្យា​នេះថា ធ្វើឱ្យ​ប៉ះពាល់​ដល់ការ​ហូរច្រោះដី  និងការស្រូប​យក ជាតិទឹក។ ឧទាហរណ៍ ការ​ស្រាវជ្រាវ​នៅក្នុង​ស្រុក​យេនឡាប់ ប្រទេសវៀតណាម​បានបង្ហាញ​ថា បន្ទាប់ពី​ដាំដើម​ប្រេងខ្យល់ ទឹកអណ្ដូង​ដែលនៅ​ជិតនោះ បែរជារីង ទឹកខះ​អស់នៅ​រដូវប្រាំង ហើយត្រី​ក្នុងទន្លេ​ងាប់អស់។ វាបំផ្លាញ​ដីស្រែ តាមរយៈ​ប្រព័ន្ធ​ស្រោចស្រព  ដែលបញ្ចេញ​ចោលកាក​សំណល់​របស់រុក្ខជាតិ​ប្រភេទនេះ។

ទស្សនៈអ្នក​ជំនាញនៅ​ប្រទេសកម្ពុជា

លោក ហម គឹមគង់ សាស្ដ្រាចារ្យ​ផ្នែកបរិស្ថាន​ទទួលបន្ទុក​ការគ្រប់គ្រង​ធម្មជាតិ នៃសាកល​វិទ្យាល័យភូមិន្ទភ្ន្មំពេញ​បានផ្ដល់​ដំបូន្មានថា មុននឹង​ធ្វើការ សម្រេចចិត្ដ​ដាំរុក្ខជាតិ​ប្រភេទនេះ យើងត្រូវ​ពិចារណា​ឱ្យបាន​ល្អិតល្អន់។ យើងអាច​មាន​ជម្រើសពីរ គឺទីមួយ យើងអាច​ដាំវា​នៅចន្លោះ​ព្រៃធម្មជាតិ​រេចរិល ព្រោះវាជា ផ្នែកមួយ ជួយធ្វើ​ឱ្យមាន​សំណើម កូនព្រៃ​ធម្មជាតិ​មានលទ្ធភាព​អាចដុះ​ឡើងវិញ។ ប៉ុន្ដែ ការដាំដើម​ឈើប្រភេទ​នេះ ក៏មិន​ត្រូវដាំ​ឱ្យច្រើន​លើសលុប​ទៅលើព្រៃ ធម្មជាតិដែរ។ យើងដាំ​ទៅតាម​ចំនួនព្រៃ​ធម្មជាតិ​ដែលមាន​ស្រាប់។ ទីពីរ ប្រសិន​បើយើង​ចង់ដាំ​ដើមប្រេងខ្យល់ និងដើម​អាកាស្យា​នេះជាលក្ខណៈ​ឧស្សាហ៍កម្ម យើងត្រូវ​រកកន្លែង​ណាដែល​គិតថា ព្រៃធម្មជាតិ មិនអាច​ដុះបាន ដូចជា​នៅតាម​ទីវាល នៅតាម​ជើងភ្នំ ឬភ្នំដែល​មិនមាន​ព្រៃឈើ ភ្នំទំពែក​ជាដើម។ ម្យ៉ាងទៀត យើងគិត​ថាតំបន់​នោះ ជាតំបន់​ដែលមាន​ការប៉ះពាល់​ដល់ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​តិចតួច​បំផុត ព្រោះតាម​ការសិក្សា​ស្រាវជ្រាវ​បានឱ្យ​ដឹងថា ប្រភេទរុ​ក្ខជាតិ ដើមប្រេងខ្យល់​នេះ សម្បូរ​ដោយជាតិ​ម៉ង់តុល ដែលមច្ឆាជាតិ​មិន​ចូលចិត្ដ​ក្លិននេះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *