ការរួមភេទ ធ្វើឱ្យក្មេងជាងវ័យ

ការរួមភេទ​យ៉ាងហោច​ណាស់ឱ្យ​បាន៣ដងក្នុងមួយសបា្ដហ៍ នឹងអាច​ធ្វើឱ្យក្មេង​ជាងវ័យ​ដល់ទៅ១០ឆ្នាំ។ នេះជា​លទ្ធផល​ដែលទទួល​បានពីការ​ធ្វើអង្កេត​ស្រាវជ្រាវ​មួយ របស់អ្នក​ចិត្ដសាស្ដ្រ​ជាតិស្កុដឡែន ទៅលើ​មនុស្ស​ដែលសាច់​ចាំនៅ​វ័យក្មេង​បានយូរ ប្រមាណ​ជា៣៥០០នាក់។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុង​ពិធី​ជប់លៀង​អតីតសិស្ស​រួមជំនាន់​នៃសាលារៀន​មួយ មានមនុស្ស​ខ្លះ ហាក់​ដូចជា​មានវ័យ​ក្មេងជាង​អ្នកខ្លះ​ទៀតដល់​ទៅ ១០ឆ្នាំ។ លោកវេជ្ជបណ្ឌិត ដាវីដ វ៉ិច ជាអ្នក​ចិត្ដសាស្ដ្រ​នៅមន្ទីរពេទ្យ​រ៉ូយ៉ាល់​អ៊ីឌីមប៉ើក នៅស្កុដឡែន (ចក្រភពអង់គ្លេស) មានចម្ងល់​អំពី មូលហេតុនេះ។ នៅឆ្នាំ១៩៨៨ លោកវេជ្ជបណ្ឌិត​រូបនេះ បានប្រកាស​ក្នុងសារព័ត៌មាន “អ្នកវិទ្យាសាស្ដ្រ​ថ្មី ” ទីបំផុត​គាត់បាន​ទាក់ទង​ជាមួយ មនុស្ស​ប្រមាណ​ជា៣៥០០នាក់ ដែលមាន​អាយុចន្លោះ​ពី១៨ ទៅ១០២ឆ្នាំ។ អ្នកទាំង​នោះសុទ្ធ​តែមាន​លក្ខណៈ​ពិសេស មានរូបរាង​កាយក្មេង ជាងឆ្នាំ​កំណើត ដែលដាក់​នៅក្នុង​សំបុត្រ​កំណើត និងអត្ដសញ្ញាណ​ប័ណ្ណ។ ដើម្បីរក​ឱ្យឃើញ​ការពិត អ្នកវិទ្យាសាស្ដ្រ​រូបនេះ​បានដក​ចេញពី​បញ្ជី ដែលចូល​រួមអង្កេត នូវមនុស្ស​ដែលធ្លាប់​មានការ​កែសម្ផស្ស។ លោកបាន​ផ្ដល់កម្រង​សំណួរទៅ​ឱ្យអ្នកចូល​រួមអង្កេត ដើម្បីដឹង​អំពី​ជីវិតរស់ នៅជា​ប្រចាំ​របស់ពួកគេ។ លទ្ធផល​ដែលទទួលបាន លោកបាន​សរសេរ​នៅក្នុង​សៀវភៅ​មួយក្បាល​មានចំណង​ជើងថា អាថ៌កំបាំង​របស់មនុស្ស ក្មេងជាងវ័យ។

ដើម្បីជូន​ជាបទ​ពិសោធន៍​សម្រាប់​បងប្អូន​ជនរួម​ជាតិខ្មែរ ទស្សនាវដ្ដី សុខភាពយើង សូមធ្វើ​ការដក​ស្រង់ចំណុច​ខ្លះ នៃការអង្កេត របស់អ្នក​វិទ្យាសាស្ដ្រ​រូបនេះ។

៣ដងក្នុង១សបា្ដហ៍ ក្មេងជាង​វ័យ១០ឆ្នាំ

ដើម្បីឱ្យ​រូបរាង​កាយនៅ​ក្មេងជាងវ័យ សាច់ចាំ មិនតម្រូវ​ឱ្យរស់​នៅតម​ផ្លូវភេទ និងតមសព្វ​បែបសព្វ​យ៉ាងដូច​អ្នកបួស​នោះទេ។ សិចឬ​ជីវភាព​ផ្លូវភេទ ប្រៀបបាន​នឹងសារ​ធាតុមួយ​ក្នុងចំណោម​សារធាតុ​ផ្សំជាច្រើន ដែលជួយ​យើងឱ្យ​ក្មេង​ជាងវ័យ ប្រមាណជា​១០ឆ្នាំយ៉ាង តិច។ ពីព្រោះថា ក្នុងចំណោម​មនុស្សដែល​សម្ភាសន៍​ទាំងអស់ សុទ្ធតែ​មាន​ទំនាក់ទំនង​ផ្លូវភេទ យ៉ាងតិច​បំផុត៣ដង​ក្នុង១សបា្ដហ៍។ ឥទ្ធិពល​ជា ផ្លែផ្កា​ទាំងនេះ ត្រូវបាន​អះអាង​ឡើងដោយ​ការស្រាវជ្រាវ​ជាច្រើន។ ពិតហើយ ការរួមភេទ ឬរួមរ័ក​ស្នេហា ប្រៀបបាន​ទៅនឹង​លំហាត់ប្រាណ មួយ ដូចលំហាត់​ដ៏ទៃ​ទៀតដែរ ដែលជួយ​ទ្រទ្រង់​រាងកាយ​បាន។ រីឯសម្ព័ន្ធ​ផ្លូវភេទ​សុខដុម អាចជា​សទិសន័យ​ជាមួយ​នឹងជីវិត​រីករាយ។ ហើយ ដែលមនុស្ស​រីករាយ ពិតជា​មានទឹក​មុខក្មេង​ជាងពេល​ណាៗ​ទាំងអស់។

ឥទ្ធិពលផ្សេង​ទៀតជួយ​ឱ្យក្មេង​ជាងវ័យ

អ្នកស្រាវជ្រាវ​ក៏បានគិត​ផងដែរ អំពីទម្លាប់​ដ៏ទៃទៀត ដែលជួយ​ឱ្យក្មេង​ជាងអាយុ។ ជាអាទិ អ្នកដែល​ក្មេងជាង​វ័យភាគ​ច្រើនជា អ្នកដែល​មិនជក់បារី។ ម្យ៉ាងទៀត​ពួកគាត់ ជាមនុស្ស​ដែលគិត​គូរយក​ចិត្ដទុកដាក់ ពីរបប​ចំណីអាហារ និងមិនសូវ​មានអារម្មណ៍​តានតឹង (មិន សូវមានអាការ​ស្ដ្រេស្ស)។ ប៉ុន្ដែភាគ​ច្រើនក្នុង​ចំណោម​ពួកគាត់ ជាមនុស្ស​ស្រឡាញ់​ជីវិត​ចេះរស់នៅ។ ព័ត៌មាន​សំខាន់មួយ​ផ្សេងទៀត ពួកគាត់ ច្រើនតែ​មិនទាន់​មានអ្នក​បន្ដពូជពង្ស គឺមាន​ចំនួន១៥% មិនទាន់​មានកូន។ រហូតមក​ដល់សព្វ​ថ្ងៃនេះ មិនទាន់​មានការ​អង្កេតសព្វ​ជ្រុងជ្រោយ អំពីឥទ្ធិពល​នៃរបៀប​របបរស់​នៅឡើយទេ។ ចំពោះមនុស្ស​មានមាឌតូច ឬទាប​ជាងកម្ពស់​មធ្យម មានការ​ពិបាក​វាយតម្លៃ​រកអាយុ​ពិតរបស់ ពួកគាត់ឱ្យ​បានជាក់លាក់​ណាស់។

លោកវេជ្ជបណ្ឌិត វ៉ិច បានបញ្ជាក់ថា មានរូបរាង​កាយក្មេង​ជាងវ័យ មិនប្រាកដ​ថាសុទ្ធតែ​ផ្ដល់អត្ថ​ប្រយោជន៍ ឬគុណសម្បត្ដិ​នោះ ទេ។ អ្នកដែល​ក្មេងជាង​វ័យទាំងនេះ ជាមនុស្ស​មិនសូវ​រវៀសរវៃទេ ជាពិសេស​មិនសូវ​ខ្វល់នឹងជីវិត​វិជ្ជាជីវៈ​ប៉ុន្មានទេ។ លើសពី​នេះទៅ​ទៀត ពួកគាត់​ច្រើនតែមាន​បញ្ហា​ទំនាក់ទំនង​មិនល្អ ជាមួយ​នឹងកូនៗ​របស់គាត់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជីវិតមនុស្ស​ចរិកប្លែក

នៅឆ្នាំ១៩៩៥ លោកវេជ្ជបណ្ឌិត វ៉ិច បានចេញ​ផ្សាយសៀវភៅ​មួយក្បាល​ទៀត ដែលអត្ថា​ធិប្បាយ​អំពីមនុស្ស​ចរិកប្លែក។ លោក បានសម្ភាសន៍​មនុស្ស​ចរិកប្លែក ប្រមាណជា​ជាង១០០០នាក់ ទាក់ទង​នឹងទម្លាប់​រស់នៅ​របស់ពួកគាត់។ មនុស្សចរិក​ប្លែក ជាមនុស្ស​មិនគោរព ប្រពៃណី មិនរមទម្យ ឆ្ងល់ច្រើន មនោគតិនិយម និងមានគំនិតច្នៃ​ប្រឌិតខ្ពស់។ មនុស្សជំពូក​នេះចូលចិត្ដ​គិតចង់​ស្រោចស្រង់​ពិភពលោក ឬចង់ ធ្វើនេះ អភិវឌ្ឍន៍​នោះ ដោយមិន​សូវខ្វល់​ពីករណី​ណាមួយ​ឡើយ។

ការសន្និដ្ឋានរួម បានបង្ហាញថា​មនុស្សក្រុម​នេះមាន​សុខភាពល្អ។ ដោយសារ​ពួកគាត់​ទៅជួប​គ្រូពេទ្យ​ព្យាបាលយូរៗ​មួយដង ជា មធ្យម៨​ឆ្នាំមួយដង ហើយមាន​អាយុវែង រស់បាន​ក្មេងយូរ​ជាងក្រុម​មនុស្សដ៏ទៃ ប្រមាណពី៥ ទៅ១០ឆ្នាំ។ អាចពន្យល់​បានថា ដោយសារពួក គាត់មិន​សូវខ្វាយ​ខ្វល់ច្រើន និងមិន​សូវស្ដ្រេស្ស ឬមួម៉ៅ ដូចអ្នក​ដទៃទៀត។

ព័ត៌មាន​មួយចំនួន ដែលសរសេរ​នៅក្នុង​សៀវភៅនេះ ហាក់ដូចជា​មិនស្របទៅ​នឹងសៀវភៅ “ អាថ៌កំបាំង​របស់មនុស្ស​ក្មេងជាង វ័យ ” របស់គាត់ឡើយ។ ព្រោះថាគាត់​បានអង្កេត​ឃើញថា មនុស្សចរិក​ប្លែកភាគច្រើន ជាអ្នកមិន​ទាន់រៀបការ ឬនៅលីវ​ជ្រាលវ័យ។ ពួកគេ ងាយ​ចាប់ចិត្ដ​ស្រឡាញ់ និងមានស្នេហា ប៉ុន្ដែពួកគាត់​ពិបាកសម្ដែង​កាយវិការ​ស្និតស្នាល និងរក្សា​ទំនាក់ទំនង​ស្ថិតស្ថេរ​ជាមួយអ្នក​ណាម្នាក់។ ពោលគឺពួក គាត់ចង់​នៅតែម្នាក់​ឯងជាង។

តាមរយៈកិច្ច​អត្ថាធិប្បាយ​មកនេះ ហាក់ដូចជា​មានសំណួរពីរ ដែលត្រូវគិត​សម្រាប់ជីវិត គឺតើចង់ឱ្យ មានរូបរាង​ក្មេងជាងវ័យ ដោយរួមភេទ​ជាប្រចាំ ឬក៏រស់​នៅលីវ​ចរិកប្លែក​រហូតដល់​វ័យចាស់?

ការរួមភេទ មានគុណសម្បត្ដិ និងមាន​គុណវិបត្ដិ

ការរួមភេទ ដែលយើង​កំពុងលើក​ឡើងនេះ គឺសំដៅទៅ​ការរួមភេទ​មានសុវត្ថិភាព មិនឆ្លង​មេរោគ​កាមរោគ និងជម្ងឺអេដស៍ ពោលជា​ស្នេហាមួយ​ទល់នឹងមួយ។

ពេលរួមភេទ អ្នកប្រព្រឹត្ដ​មានអារម្មណ៍​ពុះកញ្ជ្រោល ឬប្រែប្រួលខ្លាំង។ ជារួមការ​បបោសអង្អែល ថ្នាក់ថ្នមឱ្យគ្នា ពេលរួម​ស្នេហា នឹងគ្នា ផ្ដល់​អត្ថប្រយោជន៍​ដល់សុខភាព​ទាំងផ្លូវកាយ ទាំងផ្លូវចិត្ដ និងជីវិត​សុភមង្គល​គូស្វាមីភរិយា។ ថ្វីត្បិតតែ​ការរួមភេទ ជួយឱ្យ​មនុស្សមាន រូបរាងកាយ​ក្មេងជាងវ័យ និងមានអាយុវែង ប៉ុន្ដែវាក៏​អាចបង្កើន​ការលេច​ឡើងនូវ​បញ្ហាជម្ងឺ​បេះដូង និងជម្ងឺមហារីក​មួយចំនួន។ ទស្សនាវដ្ដី សុខភាពយើង នឹងណែនាំ​បន្ថែមជូន​លោកអ្នកអាន នូវគុណសម្បត្ដិ និងគុណវិបត្ដិ​នៃការរួមភេទ និងជីវភាព​ផ្លូវភេទ​នៅពេល​ក្រោយទៀត។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *