មិនទាន់មាន​រដូវវិញ ហេតុអ្វី​មានកូន?

ជាទូទៅ​ចំពោះ​មនុស្ស​ស្រីមាន​ស្វាមី ការបាត់​រដូវជា​សញ្ញាដែល​គាត់សង្ស័យ​ថាមាន​ផ្ទៃពោះ ដែលគាត់​ត្រូវទៅ​ពិគ្រោះ​ជាមួយគ្រូពេទ្យ។ ចំណែក​ឯស្ដ្រី ដែលទើប​តែសម្រាល​បុត្រហើយ ឬក៏ស្ដ្រី​ដែល​​​ទើប​នឹងយក​កូនចេញរួច គាត់មិន​ត្រូវឱ្យ​មានគភ៌​ទៀតភ្លាម​បានទេ។ ប្រសើរ​បំផុត គាត់ត្រូវមករដូវ​ឱ្យបាន​ម្ដងទៀត​សិន ទើបគាត់​អាចមាន​សកម្មភាព​មានគភ៌ត​ទៅទៀតបាន។ ប៉ុន្ដែមាន​ករណីខ្លះ ស្ដ្រីនៅពេល ដែលគាត់​ទើបតែ​ឆ្លងទន្លេ ឬទើបតែ​ធ្វើការ​រំលូតកូន​រួច គាត់មិន​ទាន់មក​រដូវម្ដង​ទៀតទេ ស្រាប់តែ​គាត់មាន​ផ្ទៃពោះ​ទៀត។

រូបភាពទស្សនាវដ្តីសុខភាពយើង

ឆ្លើយតប​នឹងករណី​ខាងលើនេះ លោកស្រី​វេជ្ជបណ្ឌិត ហ៊ី សូរ្យាភា ប្រធានផ្នែក​ពិនិត្យជម្ងឺ​ក្រៅនៃ​មជ្ឈមណ្ឌល​ជាតិគាំពារ​មាតា និង ទារក បានមាន​ប្រសាសន៍ថា ករណីនេះ​ជាករណី​មួយកើត​មានឡើង​ភាគតិច​ណាស់។ ចំពោះស្ដ្រី​ដែលមាន​បញ្ហាបែប​នេះ មិនមែន​ជាជម្ងឺ ឬ បញ្ហាអ្វី​ធុំដុំរ​បស់ស្ដ្រី​នោះទេ។

មិនទាន់​មានរដូវ ហេតុអ្វី​មានកូន?

ជាទូទៅ​ស្ដ្រីដែល​យកកូន​ចេញ និងស្ដ្រី​ដែលទើប​នឹងឆ្លង​ទន្លេរួច ទាល់តែ​មករដូវ​ម្ដងសិន ទើបអាច​មានកូន​ទៀតបាន។ ជាក់ស្ដែង មានស្ដ្រីខ្លះ ដែលទើប​តែយក​កូនចេញ គាត់មិន​ទាន់មក​រដូវទេ តែគាត់​បែរជា​មានកូន​៥សប្ដាហ៍ នៅក្នុង​ពោះទៀត​ទៅហើយ។ ករណីនេះ គឺ បណ្ដាលមក​ពីអរ័មូន​របស់ស្ដ្រី ព្រោះការ​កកើត​ឡើង​ជាឈាម​រដូវ គឺដោយសារ​ការរីក​លូតលាស់​ស្រទាប់​អង់ដូម៉ែត ក្រោម​ឥទ្ធិពល​របស់​អ័រម៉ូន អឹស្ដ្រូហ្សែន និងអរ័ម៉ូន​ប្រូហ្សេស្ដេរ៉ូន។ អរ័មូនអឹស្ដ្រូហ្សែន គឺមាននាទី​សម្រាប់ធ្វើ​ឱ្យធ្លាក់​ពងជីវិត នៅពេល​ធ្លាក់ពង​ជីវិតមក ស្ដ្រីមានការ រួមដំណេក​ធ្វើ្វឱ្យស្ដ្រី​នោះមានកូន។ ជួនកាលអរ័ម៉ូន​របស់ស្ដ្រី​មានការ​ទន់ខ្សោយ ហេតុនេះ​ហើយដែល​បណ្ដាលឱ្យ​ស្ដ្រីអត់​មានរដូវ។

ដំបូន្មាន​គ្រូពេទ្យ​ជំនាញ

ដើម្បី​ចៀសវាង​ការមាន​កូនដោយ​ចៃដន្យ​បែបនេះ ស្ដ្រីទើប​សម្រាល​កូនរួច គួរតែ​បំបៅ​ដោះកូន។ ព្រោះការ​បំបៅដោះ​កូនជា​វិធី មួយធ្វើ​មានកូន​រង្វើល បន្ទាប់ពី​គាត់សម្រាល​កូនហើយ។ ប្រសិន​បើគាត់​មិនធ្វើការ​បំបៅដោះ​កូនទេ ធ្វើឱ្យ​គាត់ឆាប់​មានរដូវ ដែលធ្វើ​ឱ្យគាត់ ឆាប់មាន​កូនឡើងវិញ។ យ៉ាង​ហោចណាស់ រយៈពេល​តែ៣​ទៅ៤ខែ ប៉ុណ្ណោះ​គាត់នឹង​មានកូន​ឡើងវិញ។ ចំពោះម្ដាយ​ដែលបំបៅ​ដោះកូន យ៉ាងតិច​ណាស់ក៏​៦ខែដែរ ទើបគាត់​មករដូវ​ម្ដងទៀត គាត់អាច​មានកូន​ម្ដងទៀត​បាន។

នេះមិនមែន​មានន័យថា ជាកម្ម​វិធីពន្យា​កំណើត​ដោយការ​បំបៅកូន​ដោយទឹក​ដោះនោះទេ តែវា​ជាវិធី​មួយធ្វើ​ឱ្យស្ដ្រី​មានកូន​រង្វើល ពីពេលសម្រាល​បុត្របាន​បន្ដិចដែរ។ ការមាន​កូនរង្វើល ធ្វើឱ្យ​មានសុខភាព​ល្អទាំងម្ដាយ ទាំងកូន។

បើមិន​ទាន់ចង់​បាន​កូនទៀត បន្ទាប់មក​ម្ដាយត្រូវ​រកវិធី​ពន្យារ​កំណើត មិនត្រូវ​ធ្វេស​ប្រហែសទេ។ ហើយក៏​មិនត្រូវ​ចេះតែ​ឱ្យមាន កូនដោយ​ចៃដន្យដែរ ដូចមាន​ពាក្យថា មានកូន​តាមប្រាថ្នា កុំឱ្យ​មានកូន​ដោយ​ចៃដន្យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *