យើងមិនអាចវាយតម្លៃមនុស្សម្នាក់ តាមសម្បកក្រៅបានទេ ហើយរូបរាងខាងក្រៅ ក៏មិនអាចបញ្ជាក់ពីអាយុបានឡើយ។ លោកអ្នកប្រហែលជាគិតថាអ្នកនាងអឿន ស្រីមុំ ដែលជាអ្នកចម្រៀង និងតារាសម្ដែងខារ៉ាអូខេមួយដួងនេះ មានអាយុត្រឹមតែ២១ឆ្នាំប៉ុណ្ណោះ តែ តាមពិតអ្នកនាងមានអាយុ២៩ឆ្នាំហើយ។ គឺដោយសារតែរូបរាង កម្ពស់ និងស្បែកស្រស់ថ្លារបស់អ្នកនាងស្រីមុំ បានជាធ្វើឱ្យលោកអ្នកនាង ទស្សទាយច្រឡំបែបនេះ។ តើតារារូបនេះ មានអាថ៌កំបាំងផ្ទាល់ខ្លួនអ្វីខ្លះក្នុងការថែរក្សាសម្ផស្ស?
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយអ្នកនាង ហើយសូមបង្ហាញពីការថែរក្សាសម្រស់ខ្លួនប្រាណរបស់អ្នកនាងដូចតទៅ។
ការថែរក្សាសក់
អ្នកនាងស្រីមុំ យល់ឃើញថាតារាភាគច្រើនមិនមានសក់រឹងមាំល្អទេ ព្រោះសក់ត្រូវទទួលរងការកែច្នៃ និងរចនាម៉ូដគ្រប់ម៉ូដជាប្រចាំ។ ដើម្បីចៀសវាងសុខភាពសក់ទន់ខ្សោយ អ្នកនាងធ្វើការរចនាម៉ូដសក់ ឬគាបឱ្យត្រង់សម្រាប់តែក្នុងពេលសម្ដែងតន្ដ្រី និងសម្ដែងក្នុង ចម្រៀងខារ៉ាអូខេប៉ុណ្ណោះ។ អ្នកនាងជ្រើសរើសសាប៊ូកក់សក់ធម្មតាប៉ុណ្ណោះ ដោយកក់សក់២ដងក្នុងមួយសប្ដាហ៍ និងធ្វើការអប់សក់រៀងរាល់ សប្ដាហ៍។
ការថែរក្សាស្បែកមុខ
ការតុបតែងផាត់ម្សៅ អាចធ្វើឱ្យផ្ទៃមុខតារាមួយចំនួនមានភាពមិនប្រក្រតី។ ចំណែកអ្នកនាងស្រីមុំ ស្បែកមុខមិនមានរងផលប៉ះ ពាល់ទៅនឹងម្សៅនៅឡើយទេ។ ពេលយប់ អ្នកនាងលាបមុខដោយម្សៅលាយជាមួយឱសថ (ថ្នាំពេទ្យប ដែលលាយដោយប្អូនស្រីអ្នកនាង ផ្ទាល់។ ពេលតុបតែងមុខ អ្នកនាងមិនប្រើក្រែមការពារកម្ដៅថ្ងៃទេ ព្រោះអ្នកនាងយល់ថា ក្រែមនេះធ្វើឱ្យមានប្រេងច្រើន និងងាយឱ្យធូលី តោងស្បែកមុខ និងមានបញ្ហាផ្សេងៗទៅវិញ។ ពេលតុបតែងមុខ អ្នកនាងប្រើម្សៅទ្រនាប់លាបលើស្បែកមុខ ហើយប្រើម្សៅផាត់លាបផ្ទាល់ តែម្ដង។ ចំពោះបរិវេណជុំវិញភ្នែក អ្នកនាងស្រីមុំលាបម្សៅស្រាលៗ និងថ្នមៗ។ ទាក់ទងនឹងការថែរក្សាបរិវេណភ្នែកនេះផងដែរ អ្នកនាង ជ្រើសរើសក្រែមបន្ដឹងភ្នែកមកប្រើប្រាស់។ ឯការលុបលាងមុខ អ្នកនាងលុបលាងមុខជាមួយនឹងសាប៊ូលាងមុខធម្មតា ក្រោយពីបញ្ចប់ការ ងារ។ ម្យ៉ាងវិញទៀត អ្នកនាងទទួលទានដំណេកពេលថ្ងៃយ៉ាងហោចណាស់ពី៣០ ទៅ៦០នាទីដែរ។
ការថែរក្សាធ្មេញ
ស្រីមុំទទួលស្គាល់ថាសុខភាពមាត់ធ្មេញជារឿងសំខាន់ណាស់។ អ្នកនាងស្រីមុំថែរក្សាធ្មេញ ដោយធ្វើការដុសសម្អាត១ថ្ងៃ៤ដង ជា ពិសេស រាល់លើកបន្ទាប់ពីបរិភោគអាហាររួច។ អ្នកនាងតែងទៅឱ្យទន្ឌបណ្ឌិតធ្វើការលាងសម្អាតធ្មេញ រៀងរាល់៣ខែម្ដងដោយកម្រខក ខាន។
ការថែរក្សាស្បែកដងខ្លួន
អ្នកនាងស្រីមុំប្រើប្រាស់ក្រែមលាយជំនួយស្បែកដងខ្លួន តែនៅពេលយប់ប៉ុណ្ណោះ។ នៅពេលថ្ងៃវិញ អ្នកនាងមិនប្រើផលិតផលអ្វី ទាំងអស់ សូម្បីតែក្រែមការពារកម្ដៅថ្ងៃ ក៏មិនមានប្រើប្រាស់ដែរ ពោលទុកស្បែកឱ្យនៅទំនេរ។ ចំពោះការលាងស្បែកវិញ អ្នកនាងលាង សម្អាតជាមួយនឹងសាប៊ូធម្មតា។
ការថែរក្សាសុខភាពរាងកាយ
អ្នកនាងស្រីមុំ ទទួលទានអាហារដែលមានបន្លែច្រើនជាងសាច់ និងបរិភោគផ្លែឈើច្រើន។ ជារៀងរាល់ថ្ងៃ នៅពេលបញ្ចប់ការងារ ជាអ្នកចម្រៀងនៅម៉ោង១រំលងអាធ្រាត អ្នកនាងតែងតែបរិភោគបបរសជាមួយត្រីងៀត ដើមី្បសម្រន់ក្រពះ។ ការទទួលទានអាហារស្រាល បែបនេះ គឺចៀសវាងការប្រមូលជាតិខា្លញ់នៅបរិវេណក្បាលពោះ (ដុះពោះ)។ នៅពេលមករដូវ អ្នកនាងស្រីមុំញុំាផ្លែឈើដែលមានជាតិជូរ ច្រើនខុសពីថ្ងៃធម្មតា និងងូតទឹកក្ដៅឧណ្ហៗ ដើម្បីឱ្យចលនាឈាមនៅក្នុងរាងកាយដំណើរការល្អ។ អ្នកនាងមិនទទួលទានអាហារ ដូចជាប្រហុក ផ្អក កាពិជាដើម នៅអំឡុងពេលមករដូវនោះទេ។
ការថែរក្សាសម្លេង
ក្នុងអាជីពជាអ្នកចម្រៀង ការថែរក្សាសម្លេងពិតជាសំខាន់ណាស់សម្រាប់អ្នកចម្រៀងសាច់ចាំម្នាក់នេះ។ អ្នកនាងព្យាយាមគេងឱ្យ បានគ្រប់គ្រាន់៨ម៉ោងក្នុង១ថ្ងៃ និងទទួលទានទឹកក្ដៅឧណ្ហៗ៣លីត្រក្នុងមួយថ្ងៃ។ នៅពេលដែលអ្នកនាងមិនស្រួលខ្លួន ដូចជាពិបាកក្នុងការដក ដង្ហើមដែលអាចធ្វើឱ្យច្រៀងមិនបានពិរោះ អ្នកនាងធ្វើការព្យាបាលដោយហាត់កីឡា ដូចជារត់ លើកដុំដែកបន្ដិចបន្ដួចជាដើម ដើម្បីឱ្យសព៌ាង្គកាយបញ្ចេញសារធាតុពុលចេញមកក្រៅ។ អ្នកនាងតមមិនបរិភោគចំណីអាហារមួយចំនួន ដូចជាប្រហុក ផ្អក លៀសហាលជាដើម ត្រូវតម មុនពេលទៅថតដាក់ថាសចម្រៀងឱ្យផលិតកម្មផ្សេងៗ។
បណ្ដាំផ្ញើរបស់អឿន ស្រីមុំចំពោះអ្នកអាន
អ្នកនាងអឿន ស្រីមុំ បានផ្ដល់យោបល់ទៅលើការថែរក្សាសម្រស់បែបធម្មជាតិមួយ ដល់លោកអ្នកអានដែលប្រាថ្នាឱ្យបានស្បែក កាន់តែរលោងស្រស់ថ្លាមួយកម្រិតទៀត។ បន្ទាប់ពីងូតទឹករួច លោកអ្នកអាចសាកល្បងប្រើក្រូចពោធិ៍សាត់ ឬក្រូចឆ្មារដុសឆ្លីលើស្បែកឱ្យសព្វ ក្នុងរយៈពេលពី១០ ទៅ១៥នាទី ទើបលាងសម្អាតជាមួយទឹកធម្មតាចេញ។ ប្រការមួយទៀត បើលោកអ្នកប្រើផលិតផលអ្វីមួយត្រូវជាមួយ ស្បែកមុខហើយ គួរគប្បីបន្ដប្រើផលិតផលនោះទៀត ដើម្បីចៀសវាងការមានប្រតិកម្មស្បែកជាមួយផលិតផលថ្មី។ ការប្ដូរពីផលិតផលមួយ ទៅផលិតផលមួយទៀត មិនគួរធ្វើឡើយ។
វិធី និងរបៀបថែទាំសម្រស់ និងសុខភាពដែលបានលើកមកនេះ ជាទស្សនផ្ទាល់របស់តារាកិត្ដិយសរបស់យើង។ សុខភាពយើង សូមឱ្យប្រិយមិត្ដទទួលយក និងប្រតិបត្ដិតាមតែប្រការល្អៗបានហើយ បោះបង់ចោលរាល់ការឆ្គាំឆ្គងដោយអចេតនាទាំងឡាយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ អឿន ស្រីមុំ
- ថ្ងៃខែឆ្នាំកំណើត ៖ ០១, សីហា, ១៩៧៨
- ទីកន្លែងកំណើត ៖ ខេត្ដ បាត់ដំបង
- ឪពុកឈ្មោះ សរ សំអឿន
- ម្ដាយឈ្មោះ ធី លី
- បងប្អូន ៖ ៦នាក់ (ជាកូនច្បង)
- កម្រិតវប្បធម៌ ៖ ថ្នាក់ទី ៧
- ចាប់អាជីបចម្រៀង ៖ នៅឆ្នាំ១៩៩៦
- រូបសម្បត្ដិ ៖ ទម្ងន់ ៤៥គីឡូក្រាម, កម្ពស់១,៥៦ម៉ែត្រ
- ទំហំទាំងបី ៖ ៣៣, ២៥, ៣៦
- ប្រវត្ដិអាពាហ៍ពិពាហ៍ ៖ រៀបការនៅឆ្នាំ ១៩៩៧ នៅខេត្ដបាត់ដំបង
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply