​ការឆ្ពុងថែរក្សា​សម្រស់​ស្បែក និងសុខភាព​រាងកាយ

ឆ្ពុងគឺជា​វិធីបែប​បុរាណ ដែលប្រើ​សម្រាប់ស្ដ្រី​ដែលទើប​សម្រាលកូន ដើម្បីរក្សា​ឱ្យស្បែក​ស្អាត និងចាំ​បានល្អ។ ប៉ុន្ដែ​សព្វថ្ងៃ ការឆ្ពុងនេះ មិនត្រឹមតែ​មានការ​ពេញ​និយម​ចំពោះស្ដ្រី​ដែលទើប​សម្រាល​​​កូន​ប៉ុណ្ណោះទេ ថែមទាំង​មានការ​ពេញ​និយម​សម្រាប់បុរស និងនារីនៅលីវផងដែរ។ តើការ​ឆ្ពុងមាន​អត្ថប្រយោជន៍​ដល់​សុខភាព​រាងកាយ​យើងយ៉ាង​ដូចម្ដេច​ខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក ចេង ស៊ុនកាំង ជាគ្រូវេជ្ជសាស្ដ្រ​បូរាណខ្មែរ បានបក​ស្រាយពន្យល់​ពី​អត្ថប្រយោជន៍​ក្នុងការ​ឆ្ពុងនេះ​ដូចតទៅ។

ចំពោះស្ដ្រី​ដែលទើប​សម្រាលកូន

ឆ្ពុងជួយ​ឱ្យសរសៃឈាម​រត់បានល្អ ព្រោះស្ដ្រី​ក្រោយពី​សម្រាលកូន​ហើយ តែងតែ​មានសាច់​ត្រជាក់ ឈាមរត់​មិនបានល្អ ដោយសារ ស្ដ្រីទាំងនោះ មិនបានធ្វើ​សកម្មភាព ឬបញ្ចេញ​ពលកម្ម​ខ្លាំង។ ដូច្នេះ​តាមរយៈ​ការស្ពង់​នេះ ធ្វើឱ្យស្ដ្រី​អាចបញ្ចេញ​ញើស ដែលជា​សារធាតុពុល មកក្រៅ ដោយសារ​កម្ដៅដែល​ភាយចេញ​ពីសារធាតុ​ថ្នាំឱសថ​បុរាណខ្មែរ មានដូចជា​ពន្លៃ ស្លឹកគ្រៃ ស្លឹកក្រូចសើច ស្លឹកជីអង្កាម និងរុក្ខជាតិ មួយចំនួន​ទៀត។ លើសពី​នេះទៅ​ទៀត នៅពេល​ឆ្ពុង ស្ដ្រីខ្មែរ​យើងតែងតែ​លាបនូវ​ម្សៅពន្លៃ​ដែលលាយ​ជាមួយ​ស្រាស។ ការធ្វើ​បែបនេះ ផ្ដល់ ឱ្យស្ដ្រី​នូវស្បែក​ស្រស់ថ្លា និងរក្សា​ស្បែកមិន​ឱ្យវិវឌ្ឍន៍​ទៅរក​ភាព​ចំណាស់​ឆាប់រហ័ស។

ចំពោះបុគ្គល​ទូទៅ

សុភាពបុរស និងសុភាពនារី​អាចធ្វើ​ការស្ពង់​នេះ គឺដើម្បី​ទទួលបាន​សុខភាពល្អ ស្បែកស្រស់ថ្លា​បែប​ធម្មជាតិ និងអាច​ជានូវ​ជម្ងឺមួយ ចំនួន។ ផល​ប្រយោជន៍​នៃដំណើរការ​ល្អរបស់​សរសៃ​ឈាមតាម​រយៈការ​ឆ្ពុងនេះ និងបញ្ចេញ​ញើសចេញ​មកក្រៅ អាចសម្រួល និងអាច ព្យាបាល​អាការ​រោគមួយ​ចំនួន ដូចជា​ផ្ដាសាយ​ជាដើម។ ព្រមទាំង​សម្រាប់អ្នក​ដែលមាន​អារម្មណ៍​ធីងធោង​បណា្ដលមក​ពីការទទួល​ទានស្រា ច្រើន អ្នកឈឺក្បាល​ញឹកញាប់ អ្នកទទួលទាន​ដំណេក​មិនបានល្អ អ្នករសេះរសោះ ចុករោយ​ដៃជើង អ្នកដែល​មានមុខជាំ​ស្រាលៗ មុននៅ​លើផ្ទៃ មុខ និងតាម​ដងខ្លួន​ស្ដ្រីដែល​មករដូវ​មិនទៀងទាត់ ឬចុកពោះ​ពេលមករដូវ និងអ្នក​ដែលមាន​ក្លិនខ្លួន​មិនប្រក្រតី​ជាដើម។ ម្យ៉ាងទៀត ឆ្ពុងធ្វើ ឱ្យមាន​អារម្មណ៍​ស្រស់ស្រាយ​ខួរក្បាល ដំណើរ​ការល្អ​ប្រសើរ ដោយសារ​តែប្រព័ន្ធ​ឈាមដែល​ហូរចិញ្ចឹម​សព្វ​សព៌ាង្គកាយ​គ្មានជាតិ​ពុល។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីឆ្ពុងបែបបុរាណ និងបែប​ទំនើប

ការឆ្ពុងបែបបុរាណ គឺប្រើឆ្នាំង​ដីសម្រាប់​ស្ងោររុក្ខជាតិ​ឱសថ។ បន្ទាប់ពី​ស្ងោររុក្ខជាតិ​ឱសថឱ្យពុះ យើងយក​ឆ្នាំងដីនោះ មកដាក់ នៅផ្នែក​ខាងក្រោម​នៃដងខ្លួន និងប្រើភួយ ឬក្រណាត់​ដែលអាច​ទប់កម្ដៅ​បានល្អ​មកគ្រប​ពីលើខ្លួន។ នៅពេលនោះ យើងត្រូវ​បង្ហើបឆ្នាំង​រុក្ខ ជាតិ​ឱសថ​ដែលពុះ​នោះបន្ដិច​ម្ដងៗ ដើម្បីទទួល​បានការ​បំភាយ​កម្ដៅមក​លើរាងកាយ​របស់យើង។

ប៉ុន្ដែបច្ចុប្បន្ននេះ ដោយកាន់​តែមាន​ការរីក​ចម្រើន​ផ្នែកសម្ភារៈ និងមាន​ការច្នៃ​ប្រឌិត​ជាច្រើន​ដើម្បីធ្វើ​ឱ្យជិវិត​កាន់តែ​ងាយស្រួល យើងអាច​ឆ្ពុងដោយ​ឧបករណ៍​ទូស្ពង់ និងអាច​ទៅសេវា​ឆ្ពុងដែល​គេធ្វើ​ជាបន្ទប់។ វិធីស្ពង់​ទំនើបនេះ បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើចលនា ដើម្បីឱ្យ​សរសៃឈាម​រត់តាម​សន្លាក់ដៃ និងជើងបាន​សព្វល្អ និងទទួលបាន​ការបំភាយ​របស់ឱសថ​គ្រប់គ្រាន់។

ពេលវេលា​ក្នុងការ​ឆ្ពុងនេះ ក៏អាស្រ័យ​ទៅលើ​សុខភាព​របស់បុគ្គល​ម្នាក់ៗ​ផងដែរ។ ជាទូទៅ​សម្រាប់ការ​ឆ្ពុងបែប​បុរាណ គឺធ្វើទៅ រហូតដល់​អស់កម្ដៅ​ដែលបំភាយ​ចេញពីឆ្នាំង​ឱសថ។ ចំពោះការ​ឆ្ពុងក្នុង​បន្ទប់ស្ពង់ គឺរវាងពី៦ ទៅ១៥នាទី​ប៉ុណ្ណោះ។ ក្នុងករណី​សុខភាពយើង កំពុងខ្សោយ ធ្វើការ​ឆ្ពុងរយៈ​ពេលយូរ​ពេក ការស្ពង់អាច​ធ្វើឱ្យយើង​ខ្សោះខ្លួន​(ខ្សោះជាតិទឹក) និងវិលមុខ​ទៅវិញ។

ដំបូន្មាន​អ្នកជំនាញ

លោកគ្រូពេទ្យ ចេង ស៊ុនកាំង បានផ្ដល់​អនុសាសន៍ថា ចំពោះស្ដ្រី​ដែលទើប​នឹងសម្រាល​កូន គួរតែ​ឆ្ពុងឱ្យ​បានបីដង​ក្នុងមួយ សបា្ដហ៍។ ឆ្ពុងពីរ​ដងក្នុង​មួយសបា្ដហ៍ គួរធ្វើ​ចំពោះបុរស ឬស្ដ្រីដែល​មានផ្ទៃ​មុខមានមុន និងជាំស្រាល និងមួយដង​ក្នុងមួយ​សបា្ដហ៍​ចំពោះអ្នក ដែលមាន​សុខភាព​ប្រក្រតី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *