នាងខ្ញុំមានកូនចំនួន៣នាក់។ កូនប្រុសពៅរបស់នាងខ្ញុំអាយុ៣ឆ្នាំ។ វាមានដង្កូវសតូចៗចេញតាមទ្វារលាមក និងស្រែកថារមាស់រៀងរាល់ពេលយប់។ តើមានជម្ងឺអ្វី? អាចព្យាបាលបានទេ? លោកស្រី ឌ.ស.ភ អាយុ៤៥ឆ្នាំ ខេត្ដបាត់ដំបង
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជំពូកដង្កូវសតូចៗទាំងនេះ ខ្មែរយើងហៅថា អៀន។ វាមានប្រវែងពី៣ ទៅ១០សង់ទីម៉ែត្រ ចាក់សម្បុករស់នៅក្នុងពោះ វៀនធំ។ ដង្កូវតូចៗពណ៌សទាំងនេះ មាននៅម្ដុំរន្ធទ្វារលាមក និងនៅក្នុងលាមក។ ព្រោះថា អៀនញីបានចុះពីពោះវៀនធំ មកពងនៅក្បែរទ្វារ លាមក បណ្ដាលឱ្យកុមារមានអារម្មណ៍រមាស់រន្ធទ្វារលាមក សម្រាប់កុមារី អាចឆ្លងទៅរមាស់ដល់ទ្វារមាសទៀតផង។ រមាស់ច្រើនតែកើត ឡើងនៅពេលក្បាលព្រលប់។ លើសពីនេះមានរោគសញ្ញាផ្សេងទៀត ដូចជាឈឺពោះ ទល់លាមក រាគជាដើម។
ដើម្បីបង្ការការពារកុំឱ្យឆ្លងអៀន ត្រូវមានអនាម័យ គឺលាងដៃឱ្យស្អាតក្រោយពេលបន្ទោរបង់លាមករួច ឬមុនទទួលទានអាហារ និងកាត់ក្រចកដៃក្រចកជើងឱ្យខ្លី។ សូមនាំកូនរបស់បងស្រីទៅជួបជាមួយគ្រូពេទ្យ ដើម្បីទទួលការព្យាបាលដោយលេបថ្នាំសម្លាប់អៀន។ ការ ព្យាបាលដែលប្រសើរបំផុត សមាជិកគ្រួសារទាំងអស់ត្រូវលេបថ្នាំបញ្ចុះអៀនគ្រប់គ្នា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply