ដើម្បីដំណើរការប្រកបដោយអាហារូបត្ថម្ភពេញលេញ ខួរក្បាលយើងត្រូវការអុកស៊ីហ្សែន និងថាមពល។ ខួរក្បាលមានទម្ងន់ប្រមាណជា២% នៃម៉ាសខ្លួនតែប៉ុណ្ណោះ ប៉ុន្ដែវាត្រូវការថាមពល និងអុកស៊ីហ្សែនរបស់សព៌ាង្គកាយ ដល់ទៅ២០%។ ដូច្នេះ ខួរក្បាលត្រូវការថាមពល និងអុកស៊ីហ្សែនច្រើនជាងសរីរាង្គដទៃទៀត ចំនួន១០ដង។
ឥន្ធនៈរបស់ខួរក្បាល
ម៉ាស៊ីនរថយន្ដដំណើរការបានដោយសារឥន្ធនៈ ដូចជាសាំង ម៉ាស៊ូត ហ្គាស(បច្ចេកវិទ្យាថ្មី)ជាដើម។ យ៉ាងណាមិញ ចំពោះ ខួរក្បាលមនុស្ស ក៏ត្រូវការប្រភពថាមពលដែរ គឺជាតិស្ករគ្លុយកូស។ ខួរក្បាលទាញយកថាមពលចេញពីជាតិស្ករគ្លុយកូសតែប៉ុណ្ណោះ។ ខួរក្បាលមិនផលិត និងស្ដុកបម្រុងទុកជាតិគ្លុយកូសនេះទេ ប៉ុន្ដែវាប្រើប្រាស់ថាមពលនេះ ចំនួន៥ក្រាមក្នុង១ម៉ោង។
ដើម្បីឱ្យខួរក្បាលទទួលបានការផ្គត់ផ្គង់ត្រឹមត្រូវ និងសុខភាពខួរក្បាលល្អប្រសើរ ជាតិគ្លុយកូសត្រូវមានវត្ដមាននៅក្នុង ឈាម ក្នុងកម្រិតលំនឹង និងស្ថេរភាព។ ហេតុនេះ សូមជ្រើសរើសបរិភោគ ឬទទួលទានចំណីអាហារ ដែលមានជាតិស្ករជ្រាបយឺត សម្រាប់អាហារពេលព្រឹក និងពេលថ្ងៃត្រង់ គប្បីចៀសវាងស្ករជ្រាបរហ័ស។ ជាតិស្ករជ្រាបយឺត ឬជាតិស្ករល្អ មាននៅក្នុងចំណីអាហារ ដែលរំលាយខ្លួនយឺតៗ ទម្រាំជ្រួតជ្រាបចូលទៅក្នុងឈាម។ ជាអាទិ វាមាននៅក្នុងគ្រាប់ធញ្ញជាតិមិនទាន់ច្នៃ(ដូចជាអង្ករ បាយ ម្ស៉ៅ មិនទាន់ច្នៃជាដើម) បន្លែជាតិម្សៅ និងបន្លែស្ងួត(ដូចជាសណ្ដែក សណ្ដែកបាយ សណ្ដែកបារាំងជាដើម) ព្រមទាំងពពួកផ្លែឈើស្រស់ និងបន្លែបៃតង។ រីឯជាតិស្ករជ្រាបរហ័ស ឬជាតិស្ករអាក្រក់ មាននៅក្នុងចំណីអាហារដែលមានជាតិស្ករ បំបែកខ្លួនរត់ចូលទៅក្នុងឈាម យ៉ាងលឿន ជាពិសេសនៅក្នុងស្ករសគ្រប់ប្រភេទ ស្ករត្នោត ទឹកឃ្មុំ ម្សៅកែច្នៃ ល្ពៅ ឪឡឹក ពោតជាដើម។
ចំពោះអុកស៊ីហ្សែនវិញ វាត្រូវបានដឹកជញ្ជូនដោយជាតិដែក។ ប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ទទួលរងកង្វះជាតិដែក ឬ អាការស្លេកស្លាំង។ តាមការអង្កេត មានស្ដ្រីយ៉ាងហោចណាស់២៥% (ក្នុងចំណោម៤នាក់ មានម្នាក់) ក្នុងវ័យចន្លោះវ័យពេញវ័យ និង វ័យអស់រដូវ មានកង្វះជាតិដែក ឬស្លេកស្លាំង។ ដូច្នេះ ដើម្បីផ្គត់ផ្គង់ជាតិអុកស៊ីហ្សែនទៅឱ្យប្រព័ន្ធប្រសាទនឺររ៉ូន យើងត្រូវការជាតិ ដែក។
តើយើងអាចរកបានជាតិដែក នៅក្នុងអ្វីទៅ? រុក្ខជាតិមានជាតិដែកតិចតួចបំផុត ទោះបីជាស្ពៃខៀវក្ដី។ ប៉ុន្ដែបើតាមគំនូរ ជីវចល ដែលធ្លាប់បានចាក់ផ្សាយនៅក្នុងស្ថានីយ៍ទូរទស្សន៍នៅកម្ពុជា ប៉ុបអាយស៊ីស្ពៃខៀវ នៅពេលខ្លួនចង់ឈ្នះលើគូសត្រូវ គឺដើម្បី ឆ្លាត និងមានកម្លាំងខ្លាំងក្លា។ តើប៉ុបអាយយល់ច្រឡំ ឬក៏អ្នកគូររូបគំនូរជីវចលនេះយល់ច្រឡំ? តាមការស្រាវជ្រាវ សព៌ាង្គកាយ មនុស្សស្រូបយកជាតិដែករុក្ខជាតិ បានម្រាណជា២%តែប៉ុណ្ណោះ។ ចំពោះត្រកួនដែលខ្មែរយើងយល់ថាសម្បូរជាតិដែក មិនទាន់ឃើញ មានឯកសារណាអះអាងថា មានជាតិដែកកម្រិតខ្ពស់ប៉ុណ្ណានោះទេ។ ជាតិដែកដែលអាចជ្រាបបាន មានសម្បូរគួរសមនៅក្នុងសាច់ សត្វពណ៌ក្រហម។
ជាតិវីតាមីន និងជាតិរ៉ែកម្រ
មានវីតាមីន និងជាតិរ៉ែកម្រជាច្រើន ដែលជាតម្រូវការមិនអាចខ្វះបានរបស់ខួរក្បាល ដូចជាផូស្វ័រ ស័ង្គសី សេឡេនីញ៉ូម វីតាមីនបេ១ បេ២ជាដើម។ សំខាន់បំផុត ត្រូវតែគិតគូរទាំងគុណភាព ទាំងបរិមាណ តុល្យភាពនៃការទទួលទានចូលនៅក្នុងខ្លួន និង ប្រភេទសារធាតុចិញ្ចឹមទាំងនេះ។ ដូច្នេះ យើងត្រូវប្រកាន់ខ្ជាប់ នូវការទទួលទានចំណីអាហារចម្រុះមុខ ជាពិសេសនៅពេលយើង មានការហត់នឿយខាងសតិបញ្ញាស្មារតី ពេលផ្លាស់ប្ដូររដូវកាល ឬពេលប្រលងប្រជែងណាមួយក្ដី ដោយមិនត្រូវច្រានចោលនូវចំណី អាហារ ដែលមានផ្ទុកជីវជាតិ និងជាតិរ៉ែកម្រមួយមុខណានោះឡើយ។
ជាតិផូស្វ័រ ជាជាតិរ៉ែគីមីម្យ៉ាង ដែលមានសភាពភ្លឺនៅពេលយប់ សត្វអំពិលអំពែកភ្លឺដោយសារផូស្វ័រ។ នៅក្នុងខ្លួនមនុស្ស វាជួយយើងឱ្យមានការគិត ឬរិះរកគំនិតបញ្ញាបានល្អ។ ជាតិផូស្វ័រ មានបរិមាណច្រើននៅក្នុងខួរក្បាល ក្រោមរូបភាពផូស្វ័រលីពីដ ជាពិសេសនៅតាមភ្នាសជីវសាស្ដ្រទាំងឡាយ។ ជាតិផូស្វ័រលីពីដទាំងនេះ មិនត្រឹមតែមាននៅក្នុងសាច់ត្រីដែលយើងទទួលទាននោះទេ ហើយក៏មាននៅក្នុងសាច់សត្វផងដែរ។
ជាតិលីពីដខ្វះមិនបាន ២មុខ
មានជាតិលីពីដពីរមុខ ដែលខ្វះមិនបានជាដាច់ខាត សម្រាប់ដំណើរការវិវឌ្ឍន៍របស់ខួរក្បាល គឺអាស៊ីដអាល់ហ្វាលីណូឡេនិច និងអាស៊ីដលីណូឡេអ៊ិច(ដែលពីមុនគេនិយមហៅថា វីតាមីនអេហ្វ)។ ជាតិលីពីដទាំងនេះ មាននៅក្នុងចំណីអាហារដែលទទួលទាន រីឯសព៌ាង្គកាយមិនមានសមត្ថភាពធ្វើសំយោគជាតិទាំងនេះឡើយ។
អ្នកស្រាវជ្រាវបានឱ្យដឹងថា ជាតិលីពីដទាំងនេះ សម្បូរនៅក្នុងប្រេងរុក្ខជាតិ៤ប្រភេទគឺ ប្រេងសណ្ដែកសៀង ប្រេងគ្រាប់ រុក្ខជាតិ(ប្រេងដូងជាដើម) ប្រេងកុលហ្សា និងប្រេងពន្លកស្រូវសាឡី។ ដូច្នេះពេលដាំស្ល លោកអ្នកអាចបន្ថែមគ្រឿងផ្សំអាហារទាំង នេះ ដោយប្រើប្រាស់ប្រេងរុក្ខជាតិមួយមុខណានោះ ឬដោយប្រើលាយគ្នាគ្រប់មុខក៏បាន។ ដោយសារប្រទេសយើងមិនទាន់មានការ សិក្សាស្រាវជ្រាវល្អិតល្អន់ អំពីចំណីអាហារទាំងនេះនៅឡើយទេ ហេតុនេះ យើងពិតជាមានការស្រពិចស្រពិលមួយចំនួនដែលមិនអាច គេចផុតឡើយ។
តើមានរបបអាហារពិសេសជំនួយស្មារតី និងបង្កើនការចងចាំមែនឬ?
ដើម្បីឱ្យខួរក្បាលយើងមានសុខភាពល្អ ហើយទទួលបាននូវរាល់សារធាតុចិញ្ចឹមដែលវាត្រូវការ និងដើម្បីអភិវឌ្ឍន៍សមត្ថ ភាពចងចាំឱ្យបានរិតតែប្រសើរ សូមរៀបចំដាំស្លមុខម្ហូបអាហារគ្រប់រសជាតិ គ្រប់ប្រភេទអាហារ និងសូមទទួលទានសព្វមុខ ដែល អាចធ្វើទៅបាន។ សរុបសេចក្ដីមក សូមបរិភោគគ្រប់មុខម្ហូប នេះបន្ដិចនោះបន្ដិច ក្នុងកម្រិតល្មមៗ។ សព្វថ្ងៃនេះ មិនទាន់មានចំណី អាហារទិព្វ ជួយបង្កើនការចងចាំនោះទេ។ ខួរក្បាលជាម៉ាស៊ីន ដែលមានរចនាសម្ព័ន្ធរៀបរយត្រឹមត្រូវ និងមានសមាសធាតុផ្សំស្ថេរ ភាពរួចជាស្រេចទៅហើយ ដូច្នេះសុខភាពខួរក្បាលត្រូវការរបបអាហារមានលំនឹង និងសម្រាប់រយៈពេលយូរអង្វែង។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply