ការនិយមលេងម៉ូដក្រចកដៃក្រចកជើង គឺជាចំណូលចិត្ដរបស់ស្ដ្រីនាសម័យនេះ ដោយមានការតុបតែងផ្សេងៗប្លែកៗ ដូចជាការរចនាគូសវាសជារូបភាពផ្កាភ្ញីនៅលើក្រចកជាដើម។ ដោយកាន់តែទំនើប ឥទ្បូវនេះមានទាំងការតក្រចកពីខ្លីទៅវែងយ៉ារហ័ស ទាន់ចិត្ដដែលជាទីពេញនិយមរបស់មនុស្សសម័យថ្មី។
ភាពស្រស់ស្អាតនរណាក៏ចង់បានដែរ ហេតុនេះហើយបានជាមានការតុបតែងលម្អរស្ទើរតែគ្រប់ផ្នែកទាំងអស់នៃរាងកាយ ទោះបីជាពេលខ្លះ ត្រូវចំណាយប្រាក់អស់ច្រើនយ៉ាងណាក្ដី។ សង្គមជឿនលឿន ប្រជាពលរដ្ឋយើងភាគច្រើន ជាពិសេសស្ដ្រីតែម្ដង មាន វិធីសាស្ដ្រជាច្រើនក្នុងការតុបតែងខ្លួន។ ដោយហេតុនេះហើយ ទើបក្នុងទំព័រនេះ ទស្សនាវដ្ដី សុខភាពយើង សូមរួមចំណែកលើកយក ផ្នែកមួយនៃរាងកាយរបស់ស្ដ្រី គឺការតុបតែង និងការថែរក្សាក្រចកតាមរយៈការជួបសម្ភាសន៍ជាមួយអ្នកនាងគង់ កូលីន។
ការតុបតែងក្រចកជាអ្វី?
ការតុបតែងក្រចកគឺការរចនាលម្អរ ឱ្យមានសោភ័ណភាព រួមផ្សំជាមួយផ្នៃកដទៃទៀត ដើម្បីភាពលេចធ្លោនៃសម្រស់។ ការតុបតែងក្រចកចែកចេញជាច្រើនដំណាក់កាលដូចជាៈ
– ការកាត់សាច់ក្រចក
ជាទូទៅ អ្នកជំនាញខាងក្រចកតែងតែប្រើឧបករណ៍ ជាកន្ដ្រៃមកកាត់សាច់ក្រិនដុះសងខាងក្រចក ដើម្បីតម្រឹមកុំឱ្យសាច់ ដែលដុះក្រិននោះទ្បើងខ្ពស់ជាងក្រចកដែលធ្វើឱ្យបាត់បង់់ភាពស្រស់ស្អាតមូយផ្នែក។ ក្នុងការកាត់សាច់ លោកអ្នកសូមធ្វើការចាប់ អារម្មណ៍ទៅលើអនាម័យនៃកន្ដ្រៃ ព្រោះវាអាចឆ្លងរោគតាមរយៈការដាច់ចេញឈាម នៅពេលកាត់មិនបានប្រុងប្រយ័ត្ន។ ប្រការ ដែលល្អ គួរមានកន្ដ្រៃផ្ទាល់ខ្លួនសម្រាប់កាត់សាច់នោះ ប្រយោជន៍បញ្ចៀសបានការឆ្លងរោគតាមរយៈកន្ដ្រៃ។
– ការកាត់តម្រឹមក្រចក
វាធ្វើទើ្បងទៅតាមចំណូលចិត្ដ តាមម៉ូដ និងប្រវែងក្រចក។ លោកអ្នកនាងកញ្ញាអាចជ្រើសរើសម៉ូដក្រចកជារាងមូល ស្រួច ជ្រុង អាស្រ័យទៅតាមប្រភេទក្រចក គួបផ្សំនឹងលក្ខណៈនៃម្រាមដៃផងដែរ។ អ្នកខ្លះមានម្រាមដៃតូចស្រួចដែលនិយមហៅថា ម្រាម ដៃបន្លាក្រូច វាសក្ដិសមទៅនឹងក្រចករបៀបមូលស្រួច មានប្រវែងខ្លីល្មម។ តែបើលោកអ្នកនាងកញ្ញាមានម្រាមដៃធំនៅផ្នែកខាងចុង ឫធំស្មើដើមស្មើចុង គួរតែជ្រើសរើសយកម៉ូដក្រចករបៀបជ្រុង ម៉ូដនេះ ជាទីពេញនិយមរបស់យុវវ័យ។
– ការលាបក្រចក
នៅលើទីផ្សារមានថ្នាំពណ៌លាបក្រចកជាច្រើនម៉ាក ច្រើនពណ៌ សម្រាប់ជ្រើសរើសយកមកលាប។ បច្ចុប្បន្ននេះ ក្រៅពីការ លាបក្រចក នៅមានការគូសវាសដោយរំលេចជារូបភាពផ្សេងៗ ទៅតាមចំណូលចិត្ដផងដែរ។
– ការតក្រចក
ជាការនិយមថ្មីមួយ សម្រាប់ការតក្រចកនេះ ជាពិសេសសម្រាប់លោកអ្នកនាងកញ្ញាដែលចង់បានក្រចកវែងភ្លាមៗទាន់ ចិត្ដ។ ការតក្រចកមានពីរប្រភេទ គឺការតដោយប្រើម៉ាស៊ីន និងតដោយប្រើម្សៅ ព្រមជាមួយថ្នាំសម្រាប់ដាក់ត និងសម្រាប់ដោះ ក្រចកដែលតនោះចេញវិញ ដោយមិនមានការប៉ះពាល់ដល់សុខភាពអ្វីទាំងអស់។
បញ្ហារបស់ក្រចក
ការនិយមលេងម៉ូដក្រចកដៃក្រចកជើង ជាចំណូលចិត្ដរបស់ស្ដ្រីនាសម័យនេះ ដោយមានការតុបតែងផ្សេងៗ ប្លែកៗ ដូចជា ការរចនាគូសវាសជារូបភាពផ្កាភ្ញីនៅលើក្រចកជាដើម។ ដោយកាន់តែទំនើប ឥទ្បូវនេះមានទាំងការតក្រចកពីខ្លីទៅវែងយ៉ាងរហ័ស ទាន់ចិត្ដ ដែលជាទីពេញនិយមរបស់មនុស្សសម័យថ្មី។
ក្រចកមានពណ៌លឿង ខៀវ បណ្ដាលមកពីការប្រើប្រាស់ថ្នាំក្រចកពណ៌ក្រម៉ៅញឹកញាប់ ហើយបន្សល់ទុកថ្នាំនៅលើក្រចក លើសពី៥ថ្ងៃ បញ្ហាទាំងនេះ នឹងអស់ទៅវិញនៅពេលដែលក្រចកដុះផុត។ ផ្ទុយទៅវិញក្រចកស្ងួតងាយបាក់ អាចបណ្ដាលមកពីសុខភាពរាងកាយ ច្រើនជាងផលប៉ះពាល់របស់ថ្នាំក្រចក។ ដោយទ្បែកក្រចកជើងក៏មានបញ្ហាដែរ ដូចជាមានដុះត្រចៀកក្រាញ់ជាដើម។ សូមកុំបណ្ដោយឱ្យវាដុះស្រេចនឹងចិត្ដ ព្រោះថាវាអាចនាំទៅរកការខូចក្រចកបាន ដូចជាស្អុយក្រចក ជ្រុះក្រចក ក្នុងករណីធ្ងន់ធ្ងរក្រចក នឹងមិនដុះវិញដូចដើមជាដើម។
គួរសម្អាតក្រចកបែបណា?
ការសម្អាតក្រចកជាការចាំបាច់ដែលត្រូវតែធ្វើវា ព្រោះថាវាជាប់ទាក់ទងដល់សោភ័ណភាព និងសុខភាព ហើយក្រចកជា កន្លែងបណ្ដុំនៃមេរោគ។ ប្រសិនបើលោកអ្នកមិនបានសម្អាតឱ្យស្អាតល្អ មេរោគអាចជ្រៀតចូលតាមមាត់បង្កជាជម្ងឺផ្សេងៗបាន ដូចជា រាករូស រលាកពោះវៀនជាដើម។ ប្រការល្អបំផុត លោកអ្នកគួរតែកាត់ក្រចកឱ្យខ្លីល្មម ដោយឧស្សាហ៍លាងសម្អាតក្រចកជាមួយទឹក ស្អាតនឹងសាប៊ូ ឫក៏ជាមួយទឹកក្រូចឆ្មារជាដើម។
ទោះបីជាយ៉ាងណាអ្នកនាង គង់ កូលីន បានបញ្ចាក់ថា ការដែលល្អបំផុតសម្រាប់សុខភាព និងភាពស្រស់ស្អាតរបស់ក្រចក សុភាពនារីទាំងអស់គួរតែចេះជ្រើសរើសជាងជំនាញក្នុងការតុបតែងដែលមានវិជ្ជាជីវៈពិតប្រាកដ ចេះជ្រើសរើសថ្នាំ និងពណ៌របស់វា ព្រោះថាមានថ្នាំប្រភេទខ្លះ សារធាតុផ្សំរបស់វាអាចមានឥទ្ធិពលធ្វើឱ្យក្រចកខូចបាន។ ចំណែកពណ៌របស់ថ្នាំ ក៏មានការប៉ះពាល់ផងដែរ ដូច្នេះ សុភាពនារីទាំងទ្បាយគួរតែចេះរើសពណ៌ឱ្យសក្ដិសមនឹងពណ៌សម្បុរដងខ្លួន គួបផ្សំនឹងវ័យផងដែរ។ កុំលាបថ្នាំពណ៌ក្រម៉ៅពេក ដូចជាក្រហម ខៀវ ខ្មៅ ឈាមជ្រូកជាដើម។
ប្រសិនបើ លោកអ្នកចង់លាបថ្នាំពណ៌ក្រម៉ៅ គប្បីលាបថ្នាំទ្រនាប់មួយជាន់សិនមុននឹងលាបថ្នាំពណ៌។ សូមកុំព្យាយាមទុក ថ្នាំនៅលើក្រចករយៈពេលយូរលើសពី៣ ទៅ៥ថ្ងៃ បើមិនដូច្នេះ វាអាចធ្វើឱ្យខូចក្រចកបាន។ បើគ្មានករណីចាំបាច់ គួរតែលាងសម្អាត ថ្នាំពណ៌ក្រចកក្រោយពេលចប់ពិធី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply