សព្វថ្ងៃនេះ អ្នកនាងយុគ ចិន្ដាជាពិធីការិនីដ៏ឆ្នើមមួយរូប ប្រចាំនៅបណ្ដាញទូរទស្សន៍កម្ពុជា សុីធីអែន។ ថ្វីត្បិតតែ អ្នកនាងមានវយ័៣១ឆ្នាំក៏ពិតមែន ប៉ុន្ដែសម្រស់របស់អ្នកនាងនៅតែស្រស់ស្អាតជានិច្ច។ទោះបីជាអ្នកនាងមមាញឹកក្នុងការងារយ៉ាងណាក៏ ដោយ ក៏អ្នកនាងមិនដែលធ្វេសប្រហែសក្នុងការថែរក្សាសម្រស់ឡើយ។ តើអ្នកនាងមានវិធីថែរក្សាសម្រស់បែបណា?
អ្នកនាងចិន្ដាបានបង្ហាញប្រាប់ពីវិធីថែរក្សាសម្រស់ និងសុខភាពរបស់អ្នកនាងប្រាប់ដល់ទស្សនាវដ្ដី សុខភាពយើង និងក៏ដូចជាមិត្ដអ្នកអានផងដែរ។
ការថែរក្សាសក់
នៅក្នុងផ្នែកសម្ផស្ស ចិន្ដាយកចិត្ដទុកដាក់ច្រើនជាងគេ គឺសក់ ព្រោះថាជាមួយគ្នានឹងការងារជាពិធីការិនី អ្នកនាងត្រូវការ តុបតែងសក់ញឹកញាប់។ អ្នកនាងមិនចូលចិត្ដកៀបសក់ទេ ព្រោះខ្លាចនាំឱ្យសក់ខូច ដោយសារអ្នកនាងជាអ្នកស្រឡាញ់សក់ពណ៌ខ្មៅ តាបែបធម្មជាតិនោះ អ្នកនាងមិនចូលចិត្ដប្ដូរពណ៌សក់ទេ។
ដូច្នេះក្នុងការថែរក្សាសក់ អ្នកនាងត្រូវចំណាយពេលពី១ ទៅ២ដងក្នុងមួយសប្ដាហ៍ ដើម្បីអប់សក់។ លើសពីនេះ ២សប្ដាហ៍ ម្ដង ឬ១ខែម្ដង មុននឹងកក់សក់ ចិន្ដាតែងលាបថ្នាំមួយប្រភេទ ជាប្រភេទប្រេង ទុកវារយៈពេល៥នាទី ទើបធ្វើការកក់សក់ជាមួយ សាប៊ូ។ ការលាបប្រេងនេះ គឺដើម្បីជួយសក់កុំឱ្យសក់ស្ងួត ឬបែកចុង។ បន្ទាប់ពីកក់សក់ហើយ នៅពេលផ្លុំសក់ឱ្យស្ងួតហើយ ចិន្ដាប្រើ ថ្នាំលាប សម្រាប់ជួយបំប៉នសរសៃសក់ និងបន្ទាប់មកប្រើថ្នាំមួយទៀត សម្រាប់ដាក់នៅលើស្បែកក្បាល ជួយការពារកុំឱ្យសក់ជ្រុះ ព្រោះថានៅពេលយើងធ្វើសក់ច្រើនដង ធ្វើឱ្យសក់យើងក្ដៅឆាប់ផុយ។
ការថែរក្សារោមភ្នែក និងចិញ្ចើម
ចិន្ដាស្រឡាញ់រោមចិញ្ចើមក្រាស់ និងរោមភ្នែកវែងបែបធម្មជាតិ។ នៅរាល់ពេលលុបលាងម្សៅចេញពីលើផ្ទៃមុខ ចិន្ដាតែង តែលាងរោមភ្នែកជាមុន។ ពេលលាងរោមភ្នែក ចិន្ដាមិនប្រើជាមួយរបស់អ្វីច្រើនទេ គឺអ្នកនាងប្រើជាមួយផលិតផលសាប៊ូកូនក្មេង ម្យ៉ាងតែប៉ុណ្ណោះ ដែលអ្នកនាងយល់ថាលាងទៅជ្រះល្អ។
ការថែបបូរមាត់
តាមការសង្កេតនៅតាមកញ្ចក់ទូរទស្សន៍ក្ដី ចិន្ដាច្រើនប្រើក្រែមដែលមិនសូវមានលក្ខណៈដិតៗទេ។ ចិន្ដាចូលចិត្ដប្រើក្រែម ដែលសមទៅតាមពណ៌បបូរមាត់ធម្មជាតិរបស់អ្នកនាង ព្រោះអ្នកនាងយល់ថាសក្ដិសម។ ការប្រើប្រាស់ក្រែមច្រើនពេកលាបទៅលើ បបូរមាត់ យូរទៅនាំឱ្យក្រែមជាប់នឹងសាច់បបូរមាត់ នាំឱ្យបបូរមាត់ទៅជាខ្មៅ។ ដូច្នេះហើយ ទើបចិន្ដាថែរក្សាបបូរមាត់ ដោយប្រើ ផលិតផលម្យ៉ាង ជាក្រែមលាបនៅលើបបូរមាត់សម្រាប់ជួយបបូរមាត់ នៅរាល់ពេលមុនចូលគេង និងមុនពេលតុបតែងមុខ ដើម្បីជួយ ការពារកុំឱ្យក្រែមវាជាប់លើសាច់បបូរមាត់។ ព្រោះការប្រើក្រែមជាប់នឹងសាច់បបូរមាត់ វាធ្វើឱ្យមាត់យើងប្រេះ ពណ៌ក្រែមកាន់នៅ លើមាត់យើង នាំឱ្យមាត់របស់់យើងខ្មៅបាន។ ថ្វីត្បិតតែចិន្ដាតុបតែងបបូរមាត់ជាមួយក្រែមជាច្រើនឆ្នាំមកហើយ តែបបូរមាត់អ្នកនាង មិនខ្មៅទេ ដោយសារអ្នកនាងចេះថែរក្សា។
ការថែទាំស្បែកមុខ និងស្បែកខ្លួន
ការថែរក្សាស្បែកមុខក៏ដូចគ្នានឹងសក់ដែរ ចិន្ដាមានការយកចិត្ដទុកដាក់ជាខ្លាំងដូចគ្នាដែរ។ ទោះបីជាចិន្ដាហត់នឿយនឹងការ ងារយ៉ាងណាក៏ដោយ ក៏អ្នកនាងត្រូវសម្អាតលើផ្ទៃមុខបន្ទាប់ពីចប់កម្មវិធី។ ចិន្ដាធ្វើការសម្អាតមុខដោយផ្ចិតផ្ចង់ខ្លាំងណាស់ ជួនអ្នក នាងត្រូវចំណាយអស់រយៈពេលកន្លះម៉ោងក្នុងការសម្អាតមុខម្ដងៗ។
ជាដំបូង ចិន្ដាលាងសម្អាតម្សៅតុបតែងមុខ ដោយយកសាប៊ូកូនក្មេងមកលាងត្របកភ្នែក។ បន្ទាប់មកទើបយកឡេមក លាងម្សៅលើមុខម្ដងហើយម្ដងទៀត ដើម្បីឱ្យជ្រះជាតិម្សៅលើផ្ទៃមុខ ហើយទើបចាប់ផ្ដើមលាបហ្វមលាងមុខ។ កាប្រើហ្វមនេះ ចិន្ដា មិនលាងដោយដៃទេ គឺដោយប៉ុង ប៉ុងត្រូវផ្លាស់ប្ដូរចោលនៅពេលវារឹង។ ការលាងស្បែកមុខ អ្នកនាងមិនសូវប្រើជាមួយទឹកក្ដៅប៉ុន្មាន ទេ ព្រោះវាធ្វើឱ្យស្បែកមុខឆាប់ជ្រួញ។ បន្ទាប់ពីជូតមុខជាមួយហ្វមរួចរាល់ហើយ ចិន្ដាប្រើទឹកថ្នាំម្យ៉ាងទៀតសម្អាតលើផ្ទៃមុខម្ដង ទៀត។
ចិន្ដាមានស្បែកស្ងួតស្រាប់ នៅពេលចេញទៅធ្វើការ អ្នកនាងតែងតែប្រើឡេលាបមួយថ្ងៃ២ដង គឺពេលព្រឹក និងពេលយប់ ចូលគេង។ ជាទម្លាប់របស់ចិន្ដា នៅរាល់ពេលយប់ មុនចូលដំណេក ចិន្ដាលាបឡេម្យ៉ាងនៅលើរង្វង់ផ្ទៃមុខ នៅលើរង្វង់ភ្នែក ដើម្បីជួយ កាត់បន្ថយវ័យកុំឱ្យមានជ្រួញ ដើម្បីបំប៉នស្បែកមុខ។ មួយសប្ដាហ៍ ឬពីរសប្ដាហ៍ម្ដង ចិន្ដាលាបឡេដែលជួយឱ្យស។ នៅពេលមុនចេញ ដើរទៅណាមកណាម្ដងៗ ចិន្ដាតែងលាបឡេជាប្រចាំ ដូចជាឡេចិញ្ចឹមស្បែក ឡេការពារកម្ដៅថ្ងៃជាដើម។
ថែរក្សាក្រចក
ចិន្ដាមិនសូវចូលចិត្ដទុកក្រចក និងការលាបពណ៌ក្រចក ទាំងក្រចកដៃ និងជើង គឺចូលចិត្ដកាត់ឱ្យអស់។ ប៉ុន្ដែអ្នកនាងថែ ម្រាមដៃ និងក្រចកដែរ។ មុនពេលចូលគេង អ្នកនាងមានប្រើឡេម្យ៉ាង សម្រាប់លាបនៅតាមថ្នាំងម្រាមដៃ ម្រាមជើង និងតាមចុងៗ ក្រចក ដើម្បីកុំឱ្យដៃស្ងួត និងដើម្បីឱ្យក្រចកមានពណ៌ផ្កាឈូកដូចពណ៌ធម្មជាតិ។
វិធីសម្រកទម្ងន់ និងការថែរក្សាសុខភាព
កាលពីមុន អ្នកនាងធ្លាប់ធាត់ដល់៥៧គីឡូ អ្នកនាងសម្រកទម្ងន់ដោយការបន្ថយការញុំា គឺញ៉ាំតែបុកល្ហុងរាល់ល្ងាចចូលជាង បីខែ ហើយបន្ថយការញាុំបាយ គឺញ៉ាំតែ២ស្លាបព្រាតែប៉ុណ្ណោះ។ អ្នកនាងចូលចិត្ដម្ងន់ខ្លួនក្នុងរវាងពី៥០ ទៅ៥២គីឡូក្រាម។ ផ្លែឈើ ដែលចិន្ដាចូលចិត្ដញ៉ាំជាងគេ គឺផ្លែប៉មពណ៌ខៀវ ព្រោះវាមិនសូវផ្អែម ធ្វើឱ្យមិនសូវឡើងទម្ងន់ ផ្ដល់សារប្រយោជន៍ច្រើនដល់សុខភាព និងសម្រស់រាងកាយ។ ចិន្ដាបរិភោគបន្លែគ្រប់មុខ(ជាពិសេសចូលចិត្ដញ៉ាំបន្លែ) និងសាច់ត្រី ព្រោះគិតថាវាជាអាហារជួយសុខភាពល្អ។
នៅមុនពេលចូលគេង អ្នកនាងញ៉ាំប្រភេទទឹកដោះគោដែលមិនមានជាតិផ្អែមមួយកែវ និងញ៉ាំទឹក១កែវទៀត។ ពេល ព្រឹករាល់ពេលភ្ញាក់ពីគេង អ្នកនាងញ៉ាំទឹកមួយកែវទៀតជាទម្លាប់។ ចិន្ដាមិនទទួលទានអាហារណាដែលញ៉ាំទៅធ្វើឱ្យក្ដៅខ្លួនទេ។ អ្នក នាងការពារខ្លួនមិនឱ្យត្រូវទឹកភ្លៀង និងខ្យល់ខ្លាំង ព្រោះធ្វើឱ្យអ្នកនាងកើតផ្ដាសាយ។ ប្រការជាពិសេសនោះ គឺនៅរាល់ពេលឈឺថ្កាត់ ផ្សេងៗ អ្នកនាងមានពេទ្យប្រចាំខ្លួន គឺមិនទៅទិញថ្នាំផ្ដេសផ្ដាសឡើយ។ នៅពេលឈឺម្ដងៗគ្រូពេទ្យតែងមកពិនិត្យដល់ផ្ទះ។
បណ្ដាំផ្ញើរបស់យុគ ចិន្ដា
បើសិនជាចង់ស្គម សូមកុំប្រើថ្នាំធ្វើឱ្យស្គម ព្រោះនាំឱ្យប៉ះពាល់ដល់សុខភាព គឹត្រូវកាត់បន្ថយការញ៉ាំ។ បើធ្លាប់ញ៉ាំច្រើន ដង មកញ៉ាំឱ្យតិចដងវិញ។ មិនត្រូវញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើនពេក និងផ្លែឈើណាដែលផ្អែមពេកទេ។ សម្រាប់អ្នកដែលចង់ បានរូបរាងស្អាត ស្បែកស្អាត គាត់ត្រូវយកចិត្ដទុកដាក់ក្នុងការប្រើប្រាស់ផលិតផលណាដែលត្រូវនឹងស្បែករបស់គាត់ មិនត្រូវជឿទៅ តាមគេថានោះទេ។ ប្រសិនបើប្រើផលិតផលណាដែលត្រូវនឹងស្បែកគាត់ហើយ សូមឱ្យប្រើផលិតផលនោះរហូត។
ជាការប្រសើរ ត្រូវទៅពិគ្រោះជាមួយអ្នកជំនាញខាងស្បែក ដើម្បីឱ្យប្រើផលិតផលត្រូវនឹងស្បែក។ សម្លៀកបំពាក់ជាកត្ដា មួយលើកសម្រស់មួយកម្រិតដែរ។ ប៉ុន្ដែយើងត្រូវចេះជ្រើសរើសពណ៌ណាដែលសមនឹងខ្លួនយើងដែរ ព្រោះពណ៌ខ្លះពាក់ទៅមើល ឃើញធំ ពណ៌ខ្លះទៀតពាក់ទៅមើលឃើញស្គម។ ហើយអ្នកខ្លះទៀតទាល់តែពាក់សម្លៀកបំពាក់ណាដែលចេញសាច់ខ្លាំង ទើបមើល ទៅឃើញស្អាត។ នៅពេលធ្វើការហត់ច្រើន យើងត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារឱ្យគ្រប់គ្រាន់់។
ប្រការទាំងប៉ុន្មានខាងលើនេះ គ្រាន់តែជាវិធីថែទាំសម្រស់ផ្ទាល់ខ្លួនរបស់អ្នកនាងយុគ ចិន្ដាតែប៉ុណ្ណោះ។ ដូច្នេះ ទស្សនាវដ្ដី សុខភាពយើង សូមឱ្យមិត្ដអ្នកអានស្រង់យកតែចំនុចដែលលោកអ្នកយល់ថាល្អបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ យុគ ចិន្ដា
- ទម្ងន់ ៖ ៥១គីឡូ
- កម្ពស់ ៖ ១ម៉ែត្រ ៦៣
- ទំហំទាំងបី ៖ ទ្រូង៣៤ ចង្កេះ២៦ ត្រកៀក៩៥
- មានបងប្អូន ៖ ៥នាក់ (ជាកូនទី២)
- អាយុ ៖ ៣១ឆ្នាំ
- អាជីព ៖ ជាអ្នកផលិតកម្មវិធី និងជាពិធីការិនីប្រចាំទូរទស្សន៍ CTN
- ជាប់អាជីពការងារ ៖ ឆ្នាំ១៩៩៣
- ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយក្រុមគ្រួសារ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply