ឆាប់ចេញទឹកកាមជាបញ្ហាចម្បងរបស់បុរស ហើយជាសំណួរឈានមុខគេផងដែរ ដែលបុរសតែងចោទសួរនៅពេលជួបជាមួយគ្រូពេទ្យជំនាញខាងផ្នែកផ្លូវភេទ។ ឆាប់ចេញទឹកកាមជាបាតុភូតកើតជារឿយៗ ហើយមានបុរស៥០% ទទួលរងនូវការឆាប់ចេញ ទឹកកាមយ៉ាងហោចណាស់១ដង ក្នុងមួយជីវិតរបស់ខ្លួន។ ប៉ុន្ដែមិនមែនជាបញ្ហាធំដុំទេ ព្រោះថាការឆាប់ចេញទឹកកាមអាចព្យាបាលកែតម្រូវបានយ៉ាងប្រសើរ និងមានប្រសិទ្ធិភាព។ កុំបារម្ភអី!
ចេញទឹកកាម ជាអ្វី?
ការចេញទឹកកាម គឺជាការបាញ់ចេញនៃទឹកកាមតាមបង្ហូរនោម ដែលមាន២ដំណាក់កាលគឺ ៖
– ដំណាក់កាលហៀបចេញទឹកកាម ៖ ជាពេលដែលទឹកកាមមកពេញនៅម្ដុំសាច់ដុំប្រូស្ដាត។ បុរសអាចទទួលអារម្មណ៍ដឹង និងត្រួតត្រាដំណាក់កាលនេះបាន។
– ដំណាក់កាលបាញ់ចេញទឹកកាម ៖ ជាពេលដែលទឹកកាមត្រូវបានបាញ់ចេញ ដោយសារការកន្ដ្រាក់ច្របាច់របស់សាច់ដុំ ប្រូស្ដាត។ បុរសមិនអាចត្រួតត្រាដំណាក់កាលនេះបានឡើយ។ ព្រោះថាជាករណីរេផ្លិចភ្ញោចមិនអាចត្រួតត្រាបាន បញ្ជាដោយប្រព័ន្ធ ប្រសាទទាំងពីរប្រភេទ និងការកន្ដ្រាក់សាច់ដុំទាំងពីរក្រុម។
ឆាប់ចេញទឹកកាម ជាអ្វី?
តាមការអង្កេតបានបង្ហាញថា យ៉ាងហោចណាស់មានបុរស៣០%ឆាប់ចេញទឹកកាម ហើយស្ថិតិខ្លះថាមានដល់ទៅ៥០%ឯ ណោះ។ បុរសយកចិត្ដទុកដាក់នឹងបញ្ហានេះខ្លាំងណាស់។ បុរសបាញ់ទឹកកាមចេញ ដោយគ្រាន់តែមានអារម្មណ៍ផ្លូវភេទ ជួនមិនទាន់ ទាំងមានការស៊កបញ្ចូលលិង្គទៅក្នុងប្រដាប់ភេទស្ដ្រីផង ឬជួនកាលគ្រាន់តែស៊កចូលទៅក្នុងទ្វារមាសបានតែ១នាទីប៉ុណ្ណោះជាមួយដៃគូ តែមួយគត់ដដែលៗ បែបនេះជាការឆាប់ចេញទឹកកាម។ គេអាចបែងចែកការឆាប់ចេញទឹកកាម ជាឆាប់ចេញទឹកកាមជ្រុល និងរហ័ស ចេញទឹកកាម។ បុរសឆាប់ចេញទឹកកាមជ្រុល ពិបាកត្រួតត្រាការស្រើបស្រាល ឬកាមតណ្ហារបស់ខ្លួនណាស់ ជួនអាចចេញទឹកកាម ដោយមិនទាន់ទាំងចង់បញ្ចេញទឹកកាមផង ឬមិនទាន់ទាំងបានរួមភេទផង។ ចំណែកបុរសរហ័សចេញទឹកកាម ក៏មិនអាចត្រួតពិនិត្យ ការស្រើបស្រាលបានដែរ ដោយខ្លួនគ្រាន់តែស៊កលិង្គទៅក្នុងទ្វារមាសរបស់ស្ដ្រីជាដៃគូ ជួនមិនបាន១នាទីផង ជួនបានតែ២ ឬ៣នាទី ប៉ុណ្ណោះ ស្រាប់តែរេផ្លិចភ្ញោចបាញ់ចេញទឹកកាមឆ្វាចទៅហើយ។
នៅឆ្នាំ១៩៧០ លោកម៉ាស្ទ័រ និងចនសុន បានឱ្យនិយមន័យឆាប់ចេញទឹកកាម ដោយគិតគូរទាំងស្ដ្រីជាដៃគូរួមភេទផងដែរ។ ពួកគាត់បានឱ្យនិយមន័យថា បុរសអាចមានបញ្ហាឆាប់ចេញទឹកកាម កាលណាបុរសចេញទឹកកាមដោយស្ដ្រីជាដៃគូមិនទាន់បានទទួល សេចក្ដីសុខដល់កំពូល បើរួមភេទ១០០ដង កើតសភាពបែបនេះលើសពី៥០ដង។
នៅក្នុងវិស័យវេជ្ជសាស្ដ្រ គេបានបែងចែកការចេញទឹកកាមជាពីរប្រភេទ គឺឆាប់ចេញទឹកកាមប្រភេទទី១ និងឆាប់ចេញទឹក កាមប្រភេទទី២។
– ឆាប់ចេញទឹកកាមប្រភេទទី១ ៖ ជាករណីកើតឡើងតាំងពីការរួមភេទលើកដំបូង ស្ទើរតែគ្រប់ករណីច្រើនតែបណ្ដាលមក ពីកត្ដាផ្លូវចិត្ដផ្លូវអារម្មរណ៍។
– ឆាប់ចេញទឹកកាមប្រភេទទី២ ៖ ជាករណីកម្រ ហើយកើតមានឡើងបន្ទាប់ពីមានជីវភាពផ្លូវភេទធម្មតា ស្ងៀមៗស្រាប់ តែឆាប់ចេញទឹកកាម។ បែបនេះច្រើនតែបណ្ដាលមកពីហេតុផលផ្លូវកាយ ឬក៏អាចមកពីហេតុផលផ្លូវចិត្ដផ្លូវអារម្មរណ៍៎ផងដែរ។
មូលហេតុឆាប់ចេញទឹកកាម
ឆាប់ចេញទឹកកាម ជាបញ្ហាកើតមានញឹកញាប់ ភាគច្រើនបណ្ដាលមកពីកត្ដាផ្លូវចិត្ដ និងកត្ដាអារម្មណ៍ផ្លូវភេទខ្លាំងលើសលប់។ ជារឿយៗ ឆាប់ចេញទឹកកាមពាក់ព័ន្ធទៅនឹងកត្ដាជាច្រើន តែពេលនេះ សូមអនុញ្ញាតលើកយកកត្ដាមួយចំនួនដូចជា ៖
– វិបត្ដិផ្លូវចិត្ដផ្លូវអារម្មរណ៍ ៖ ដូចជាការកើតទុក្ខមិនសុខចិត្ដ អាការស្ដ្រេស្ស ឬការតានតឹងផ្លូវចិត្ដជាដើម។ បុរសងាយនឹង ទទួលយករាល់សកម្មភាព ឬកាយវិការរបស់ដៃគូខ្លួន ពេលខ្លួនឆាប់ចេញទឹកកាមដែលគ្រប់គ្រងមិនបាន រិតតែមានសភាពផ្លូវចិត្ដគ្រប សង្កត់មួយកម្រិតទៀត។ បែបនេះ បន្ថែមទម្ងន់ទៅលើការឆាប់ចេញទឹកកាមមួយកម្រិតទៀត។
– ការមានអារម្មណ៍ផ្លូវភេទពុះកញ្ជ្រោលខ្លាំងហួសហេតុ ៖ ដូចជាមើលឃើញរូបភាពសិចស៊ីដាស់អារម្មណ៍ខ្លាំង ការបបោស អង្អែល ឬជញ្ជក់លិទ្ធប្រដាប់ភេទជាដើម ក៏ជម្រុញឱ្យឆាប់ចេញទឹកកាមផងដែរ។
– ការអប់រំក៏ជាកត្ដាជះឥទ្ធិពលផងដែរ ៖ ជាអាទិការអប់រំដែលបង្ហាញរូបភាពអវិជ្ជមានទាក់ទងនឹងផ្លូវភេទ និងការរួមភេទ អាចបង្កើតការព្រួយបារម្ភ ពិរុទ្ធភាព និងសេចក្ដីអៀនខ្មាស។
– បញ្ហាទំនាក់ទំនងរវាងដៃគូរួមភេទ ៖ ជាពិសេសបញ្ហាផ្លូវចិត្ដ ដូចជាភ័យខ្លាច សេចក្ដីតានតឹងក្នុងចិត្ដ ទំនាស់ទាស់ទែងគ្នា អត្ដសញ្ញាណផ្លូវភេទ(ការរួមភេទដូចគ្នាបែបលាក់លៀម)ជាដើម ព្រមទាំងអារម្មណ៍ឈ្នះចាញ់លើរឿងផ្លូវភេទ ដូចជាខ្លាចដល់សេចក្ដី សុខដល់កំពូលមុនគ្នាជាដើម ទាំងនេះជាកត្ដាជម្រុញឱ្យមានការឆាប់ចេញទឹកកាមបានដែរ។
ប្រការត្រូវធ្វើ ពេលមានបញ្ហាឆាប់ចេញទឹកកាម
ឆាប់ចេញទឹកកាម មិនមែនជាបញ្ហាធ្ងន់ធ្ងរទេ។ ពីព្រោះថាដំណាក់កាលទាំងពីរនៃការរួមភេទ(ការឡើងរឹងនៃលិង្គ និង ការចេញទឹកកាម) កើតមានឡើងជាធម្មតា។ តាមពិតទៅ វាគ្រាន់តែជារឿងទាក់ទងនឹងរយៈពេលខ្លី និងចង្វាក់ឆាប់តែប៉ុណ្ណោះ។ ដើម្បីទប់ទល់នឹងការឆាប់ចេញទឹកកាមនេះ ត្រូវចាប់ផ្ដើមពីការអប់រំផ្លូវភេទ និងការសិក្សាអំពីសុខភាពផ្លូវភេទ។ ភាពសុខដុមនឹងគ្នា សេចក្ដីស្នេហា និងការយោគយល់គ្នានៅក្នុងរង្វង់ប្ដីប្រពន្ធ ឬដៃគូផ្លូវភេទ ជាឱសថទិព្វជួយដោះស្រាយបញ្ហាឆាប់ចេញទឹកកាមនេះ។
គ្រប់ករណីនៃការឆាប់ចេញទឹកកាម ប្ដីប្រពន្ធ ឬដៃគូររួមភេទគួរតែនិយាយជាមួយគ្នា និងចេះពិភាក្សាគ្នា ទើបជាដំណោះ ស្រាយ។ ព្រោះវាអាចមានឥទ្ធិពលជាវិជ្ជមានទៅលើជីវភាពផ្លូវភេទ និងផ្លូវចិត្ដរបស់គូស្វាមីភរិយា ឬដៃគូស្នេហា។
ដូច្នេះ សូមកុំពង្រីករឿងនេះឱ្យរិតតែធ្ងន់ធ្ងរ ពីប៉ុនកូនដៃទៅប៉ុនមេដៃ។ បុរសត្រូវចាប់ផ្ដើមនិយាយរឿងនេះប្រាប់ស្ដ្រីជាភរិ យា ឬជាដៃគូរបស់ខ្លួន។ ពីព្រោះថាបញ្ហាឆាប់ចេញទឹកកាមរបស់លោកអ្នក ត្រូវការសេចក្ដីស្រឡាញ់ និងការជួយជ្រោមជ្រែងរបស់ គាត់ផងដែរ។
ចំណុចទី១ដែលបុរសត្រូវយល់ដឹង គឺស្វែងយល់ឱ្យស្គាល់ពេលវេលាហៀបចេញទឹកកាម ប្រយោជន៍ចាប់ផ្ដើមត្រួតត្រាបាន។ បន្ទាប់មកលោកអ្នកអាចចាប់ផ្ដើមច្របាច់លិង្គខ្លួន។ ជាទូទៅ លោកអ្នកអាចចាប់ផ្ដើមការបបោសអង្អែលផ្លូវភេទ ដូចទម្លាប់ធម្មតា របស់លោកអ្នក។ ពេលដែលការចេញទឹកកាមខិតជិតមកដល់ ហើយហៀបនឹងចេញទឹកកាម សូមលោកអ្នកចាប់ច្របាច់ក្បាលលិង្គ ដោយម្រាមដៃមួយនៅពីក្រោម មួយទៀតនៅពីលើ ប្រមាណជាបី បួនវិនាទី ឬក៏សកម្មភាពនេះអាចឱ្យស្ដ្រីជាដៃគូរួមភេទជួយច្របាច់ ក៏បាន។ បែបនេះជួយពន្យារការឈានដល់សេចក្ដីសុខដល់កំពូល ដែលជារូបភាពបាញ់ចេញទឹកកាម។ សូមរង់ចាំមួយសន្ទុះសិន មុននឹង ចាប់ផ្ដើមការរួមភេទជាថ្មីបន្ដទៀត។ សូមធ្វើរបៀបនេះសាចុះសាឡើង រហូតដល់លោកអ្នកទទួលលទ្ធផលពន្យារពេល ឬលើកពេល ការឆាប់ចេញទឹកកាមបាន។ បើលោកអ្នកមានបទពិសោធន៍រួមភេទតិចតួច លោកអ្នកពិតជាពិបាកប្រើប្រាស់វិធីនេះណាស់ ព្រោះ លោកអ្នកមិនអាចពឹងវិធីនេះសម្រាប់ត្រួតត្រាការឆាប់ចេញទឹកកាមនេះបានឡើយ។
ប្រសិនបើវិធីនេះមិនទទួលបានជោគជ័យទេ សូមលោកអ្នកអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យជម្ងឺទូទៅ គ្រូពេទ្យជំនាញ ខាងផ្លូវទឹកនោម ឬខាងផ្លូវភេទ ពីព្រោះថាមានតែពួកគាត់ទេ ទើបអាចជួយរកមូលហេតុឆាប់ចេញទឹកកាម និងវិធីព្យាបាលប្រកប ដោយប្រសិទ្ធិភាពបាន។
នៅលេខក្រោយ ទស្សនាវដ្ដីសុខភាពយើង នឹងលើកយកវិធីទប់ស្កាត់ការឆាប់ចេញទឹកកាម និងវិធីព្យាបាលផ្សេងៗទៀត យកមកជម្រាបជូន ដើម្បីគ្រាន់ជាការស្វែងយល់ល្អិតល្អន់ជាងនេះ។ សូមលោកអ្នកអានរង់ចាំអានដោយអនុគ្រោះ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply