របៀប​ថែទាំទារក

នៅពេល​ទារក​ទើបកើត​មានកាយ​សម្បទា​នៅខ្ចីណាស់ ដែល​ងាយនឹង​ឆ្លងរោគ​ផ្សេងៗ យើងត្រូវ​មានការ​ថែទាំជា​ពិសេស។ ទោះស្ថិត​នៅក្នុង​ស្ថានភាព​បែបណា​ក៏ដោយ ក៏មាតាបិតា​​​​ទាំងអស់​​​​ត្រូវតែ​​​​យកចិត្ដ​ទុកដាក់​​​​ចំពោះ​សុខភាព​​​​របស់​ទារកដែរ។ កូន គឺជា ចំណែក​នៃសុភមង្គល​របស់​ឪពុកម្ដាយ ប្រសិន​បើកូន​សម្រាល​មកមាន​សុខភាពល្អ ហើយមាន​ការថែ​ទាំមិន​បានល្អ​ទេនោះ សុខភាព របស់កូន​ទៅជា​ផុយស្រួយ ហើយឪពុក​ម្ដាយក៏មិន​មានសុភ​មង្គលល​បានដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមណែ​នាំមាតា​បិតាស្វែង​យល់នូវ​ប្រការ​មួយចំនួន សម្រាប់​ថែទាំទារក ដែលជា​បុត្រធី​តារបស់ ខ្លួនប្រកប​ដោយសុខុ​មាលភាពល្អ។

ការថែ​ទាំទារក​ទើបកើត

ទារក​នៅពេល​កើតត្រូវ​ការថែរក្សា​កម្ដៅឱ្យ​បានថេរ។ នៅពេល​កើតមក​ភ្លាម គ្រូពេទ្យ ឬឆ្មបជូត​ទារកឱ្យស្ងួត ហើយយក កន្សែង​ក្រាសល្អ​ស្អាតគ្មាន​មេរោគ រុំឱ្យ​ជិតទុក​ប្រឡោះមុខ និងទ្រូង ដើម្បី​តាមដាន​ពិនិត្យមើល និងរក្សា​កម្ដៅកុំ់​ឱ្យបាត់​បង់នៅពេល ត្រូវខ្យល់​ត្រជាក់់។ ចំណុច​ជាពិសេស​ទៅទៀតនោះ គឺគ្រូពេទ្យ​ស្ទាបបាត​ជើងរាល់១៥នាទីម្ដង។ បើស្ទាប​ទៅឃើញ​បាតជើង​ត្រជាក់ គ្រូពេទ្យ​នឹងដាក់​ទារក​នោះទៅ​ក្នុងម៉ា​ស៊ីនកម្ដៅ។

បើសិន​ជាទារក​នោះមិន​ត្រជាក់ទេ យើងថែ​ទាំទារក​ជាធម្មតា។ ជាទូទៅ​ម្ដាយថែ​ទាំដោយ​យកកន្សែង​ធំក្រាស សារុង ភួយ ក្រាសរុំ ព្រមទាំង​ប្រើស្រោម​ដៃស្រោមជើង និងពាក់​មួកឱ្យ​ទារក។ ទារក​ដែលកើត​ភ្លាម មិនត្រូវ​ងូតទឹក​ឱ្យភ្លាមទេ ដើម្បី​ចៀសវាង ការបាត់​បង់កម្ដៅ​ដែលអាច​ឱ្យទារក​មានគ្រោះ​ថ្នាក់ខ្លាំង​រហូត​ស្លាប់បាន។

នៅពេល​ទារក​កាត់ទង​ផ្ចិតហើយ ត្រូវយក​ទារក​ទៅដាក់​លើទ្រូងម្ដាយ ដើម្បី​ឱ្យម្ដាយ​មានភាព​ជិតស្និទ្ធ​ជាមួយ​កូនដែល​កើត ភ្លាម ម្ដាយអាច​ផ្ដល់កម្ដៅ​ឱ្យកូន​តាមរយៈ​សាច់ប៉ះ​នឹងសាច់។ នៅពេល​កូនកើត​បាន១​ម៉ោង ត្រូវឱ្យ​កូនបៅភ្លាម ព្រោះទឹក​ដោះដំបូង មានសារៈ​សំខាន់​ណាស់ វាអាច​ផ្ដល់សារ​ធាតុការ​ពារដល់កូន ងាយរំ​លាយ និងសម្រប​សម្រួល​ទៅនឹង​សុខភាព​ទារក។

សម្រាប់​កូនដំបូង ត្រូវឱ្យ​ស្ដ្រីជា​ម្ដាយដែល​ទើបសម្រាល​បុត្រសម្រាក​នៅមន្ទីរ​ពេទ្យឱ្យបាន​៥ថ្ងៃ ដើម្បីតាម​ដាន និងថែទាំ សុខភាព។ សម្រាប់​ម្ដាយដែល​សម្រាល​កូនទី២ ម្ដាយក៏​ត្រូវសម្រាក​ពេទ្យយ៉ាង​ហោចណាស់​ឱ្យបាន​៣ថ្ងៃដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែ​ទាំទារក​នៅផ្ទះ

– ការថែ​ទាំទងផ្ចិត ជាធម្មតា ការថែ​រក្សាទង​ផ្ចិតមិន​ជាបញ្ហា​អ្វីទេ។ ក្នុងរយៈ​ពេល៥ថ្ងៃ ទៅ១​សប្ដាហ៍ ទងផ្ចិត​អាចជ្រុះ ហើយ។ ចំពោះម្ដាយ​ដែលសម្រាល​កូនទី២ បន្ទាប់ពី​ម្ដាយសម្រាល​បាន៣ថ្ងៃ គាត់ត្រូវ​ចេញទៅ​ផ្ទះទាំង​ទងផ្ចិត​ទារក​មិនទាន់​ជ្រុះ។ មាតាបិតា​អាចសម្អាត​ទងផ្ចិត​កូនដោយ​ប្រើអាល់​កុលជូត​រយៈពេល​៥ថ្ងៃ ទៅមួយ​សប្ដាហ៍ ផ្ចិតនោះ​នឹងជ្រុះ​ដាច់ដោយ​ខ្លួនវា។

ប្រការ​គួរចៀសវាង​មួយចំនួន​ចំពោះការ​ថែទាំទង​ផ្ចិតរបស់​ទារក។ ជាអាទិ​នៅតាម​ជនបទ ប្រជាពល​រដ្ឋច្រើន​តែយក សម្បក​ឆ្កែញាំង ឬម្រែង​ភ្លើង ដែលជាប់​នឹងពីងពាង មករោយ​ពីលើ​ទងផ្ចិត។ ចំណុច​នេះម្ដាយ​មិនគួរ​ធ្វើវាទេ ព្រោះអាច​ធ្វើឱ្យ​កូនមាន កើតជម្ងឺ​តេតាណូស​បាន។ ឯកា​ថែទំា គឺគ្រាន់​តែជូត​សម្អាតផ្ចិត​ដោយអាល់​កុលប៉ុណ្ណោះ ជាការ​គ្រប់គ្រាន់​ហើយ។ ការដែល​ព្យាបាល ដោយខ្លួន​ឯងដោយ​យកថ្នាំ​ផ្សះរោយ​ពីលើ ក៏មិន​ត្រូវធ្វើ​ដែរ។ ក្នុងករណី​ដែលមាន​ដំបៅ​នៅផ្ចិត ម្ដាយត្រូវ​យកកូន​ទៅជួប​ជាមួយ គ្រូពេទ្យ។

– ការថែ​ទាំបង្ហើយ មានឪពុក​ម្ដាយមួយ​ចំនួនបាន​បុកពន្លៃ ឬប្រេង​ក្រឡាមក​លាប ឬបិទ​លើក្បាលកូន ដើម្បី​ឱ្យបង្ហើយ ឆាប់បិទ​ជិត។ ជាធម្មតា បង្ហើយ​នឹងបិទ​ជិតដោយ​ខ្លួនវា គ្រាន់តែ​រយៈពេលខ្លី ឬវែង នោះវា​អាស្រ័យ​ទៅលើ​ឆ្អឹងក្បាល​របស់​ទារក ដែល បង្ហើយធំ ឬតូច។ មានកូន​ខ្លះមាន​បង្ហើយតូច​សឹងតែអត់​មានទេ។ ការដែល​យកពន្លៃ ឬប្រេង​ក្រឡាមក​បិតលើ​បង្ហើយ​ទារកនោះ មិន ជាការ​ទាស់ខុស​ទេ ប៉ុន្ដែវា​នាំឱ្យ​ខាតបង់​ថវិកា និងពេល​វេលា។ ជាធម្មជាតិ បង្ហើយ​ត្រូវតែ​បិទជិត​ដោយខ្លួនវា នៅពេល​ឆ្អឹងដុះ​ជិត។ ការលាប​ប្រេងក្រឡា ឬពន្លៃ ច្រើនតែ​កើតក្រម៉​នៅលើ​ក្បាលរបស់​ទារក​ដែលប្រជា​ពលរដ្ឋ​ខ្មែរតែង​ហៅថា អាចម៍​ក្របី។ ម្ដាយត្រូវ ប្រយ័ត្ន​កុំឱ្យមាន​ការប៉ះទង្គិច​ទៅលើ​កន្លែងដែល​ទន់(បង្ហើយ)​នោះឱ្យសោះ ព្រោះឆ្អឹង​ពុំទាន់​ដុះជិត​នៅឡើយ​ទេ។

– ការងូត​ទឹកឱ្យ​ទារក ត្រូវប្រើ​ប្រាស់សាប៊ូ​ដែលជា​ផលិតផល​សម្រាប់​ទារក សមស្រប​ជាមួយ​ទារក ជាពិសេស​សាប៊ូដែល មិនមាន​ភាពក្រហាយ​ដល់ទារក។ ទារក​ងាយ​នឹងបាត់​បង់កម្ដៅ​ណាស់ ដូច្នេះ​ត្រូវងូត​ទឹកក្ដៅ​ឧណ្ហៗ ចៀសវាង​កូនបាត់​បង់កម្ដៅ។ ប្រសិន​បើកូន​នោះធំ​មានសុខ​ភាពល្អ មិនជា​បញ្ហាអ្វី​ទេ។ តែបើ​កូននោះ​មានសុខ​ភាពខ្សោយ នាំឱ្យ​ទារកស្វាយ​ដៃស្វាយ​ជើង។ ការងូត ទឹកក្ដៅនេះ គឺបន្ដ​ងូតពី៤ ទៅ៦ខែ ទៅតាម​សុខភាព​របស់ទារក។ ប្រសិន​បើកូន​នោះកើតមិន​គ្រប់ខែ ឬស្ទើរ​គីឡូ គឺបន្ដ​ងូតទឹក​ក្ដៅនេះ រហូតដល់​៦ខែ វាធ្វើ​ឱ្យស្បែក​ទារកទន់។

– ការកាត់​ក្រចកដៃ ៖ ម្ដាយខ្លះ​មិនចង់​កាត់ក្រចក​ដៃរបស់​កូនទេ ព្រោះខ្លាច​រីកម្រាម​ដៃកូន។ តែសម្រាប់​វេជ្ជសាស្ដ្រ ក្រ ចកដៃ​វែងមិន​ល្អទេ គឺគ្មា​នអនាម័យ។ កាលណា​ក្រចកវែង ទារក​អាចខ្វាច​សាច់វា ដែលនាំ​ឱ្យកើត​មានដំបៅ។

– បញ្ហា​ជំនឿ មានជំនឿ​ខ្លះថា​នៅពេល​កូនស្រី​កើតមក ត្រូវច្របាច់​គ្រាប់ដោះ​ឱ្យបែក​ដើម្បីបញ្ចេញ​ទឹកដោះ​ចោល។ ប្រសិន​បើគាត់​ច្របាច់​ល្មមមិន​ជាអ្វីទេ តែបើ​គាត់ច្របាច់​ដៃធ្ងន់ នាំឱ្យ​បែកក្រ​ពេញ ធ្វើឱ្យ​ក្លាយទៅ​ជាដំបៅ​មានខ្ទុះ​នៅដោះ​មិនងាយជា ទេ។ ប្រសិន​បើយើង​កុំច្របាច់វា វាមិន​ប៉ះពាល់​អ្វីទេ។ អ្នកខ្លះ​គិតថា​កូនស្រី​ត្រូវតែ​ច្របាច់ដោះ​នោះចោល ខ្លាចធំ​ឡើងនៅ​ពេលមានកូន ធ្វើឱ្យ​សុដន់​នោះខ្វាក់​មាន់។ ជំនឿនេះ​មិនមែន​ជាការ​ពិតទេ។ ប្រសិន​បើសុដន់​គាត់ខ្វាក់​មាន់ មានវិធី​ងាយក្នុង​ការដោះ​ស្រាយ។ ប្រសិន បើស្ដ្រី​មានផ្ទៃ​ពោះ ដឹងថា​ដោះគាត់​មានខ្វាក់​មាន់ ពេលគាត់​ងូតទឹក​ហើយ គាត់ត្រូវ​ឧស្សាហ៍​ទាញច្បូត​ចុងដោះ ដើម្បីទម្លាប់​ផ្សាំដោះ នោះ។ ដោះនឹង​ទៅជា​លក្ខណៈ​ធម្មតាវិញ។

– កាអនាម័យ​កន្ទបទា​រក ឬសម្លៀក​បំពាក់​ទារក កន្ទបក្មេង​ត្រូវបោក​ឱ្យបាន​ស្អាត ប្រសិន​បើបាន​អ៊ុតវា រិតតែ​ប្រសើរ ថែមទៀត ព្រោះវា​អាចសម្លាប់​មេរោគបាន។ យើងគួរ​ប្រើកន្ទប​ពណ៌ស ព្រោះវា​ងាយស្រួល​មើលថា​តើមាន​ប្រឡាក់​នៅកន្លែង​ណា ឬ មានស្រ​មោចឬទេ។ ប៉ុន្ដែមាន​គ្រួសារ​ខ្លះមាន​ជីវភាព​ខ្សត់ខ្សោយ គាត់ក៏​អាចយក​ក្រណាត់​សារុង​ចាស់ៗ​មកធ្វើ​កន្ទបបាន​ដែរ ដោយ គាត់ត្រូវ​បោកគក់​ឱ្យស្អាត អ៊ុតឱ្យស្អាត ជាកា​ស្រេច។ នៅជនបទ បើគ្មាន​ភ្លើងអគ្គិស​នីអ៊ុត គាត់អាច​បោកជា​មួយសាប៊ូ​ឱ្យស្អាត ហើយ ហាលថ្ងៃ​ឱ្យស្ងួត ក៏សម្លាប់​មេរោគ​បានដែរ។

ដំបូន្មាន​អ្នកជំនាញ

សូមមាតា​បិតាយក​កូនទៅ​ចាក់ថ្នាំ​បង្ការជម្ងឺ​ឱ្យបាន​គ្រប់៧​មុខរបស់​កម្មវិធី​ជាតិ ដើម្បី​កូនមាន​សុខភាពល្អ និងត្រូវ​បំបៅកូន ដោយទឹក​ដោះសុទ្ធ​រយៈពេល​៦ខែ។ ហើយអាច​បន្ដឱ្យ​កូនបៅ​រហូតដល់​អាយុពីរឆ្នាំ ដោយឱ្យ​អាហារ​បំប៉ន​បន្ថែមដល់​ទារក ដែលមាន អាយុចាប់​ពី៦ខែ​ឡើងទៅ ដើម្បី​សុខភាព និងបញ្ញា​របស់កូន​លោកអ្នក។ នៅពេល​មានបញ្ហា ត្រូវទៅ​ពិគ្រោះជា​មួយគ្រូពេទ្យ សូម្បីតែ នៅពេល​ម្ដាយឈឺ​ក៏ដោយ ត្រូវខំ​បន្ដបំបៅ​កូនដោយ​ទឹកដោះ។ បើចង់​យល់ដឹង​លម្អិតអំពី​ទឹកដោះម្ដាយ សូមអាន​អត្ថបទ “សារៈ​សំខាន់ នៃទឹក​ដោះម្ដាយ” ដែលបាន​ចេញផ្សាយ​នៅទស្សនា​វដ្ដី សុខភាពយើង លេខទី២ ខែមីនា ឆ្នាំ២០០៦ កន្លងទៅ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *