រហូតមកដល់សព្វថ្ងៃនេះ ការរួមភេទពេលតាំងគភ៌នៅតែជារឿងលើកលែង ឬហាមប្រាមដដែល។ ទំនាក់ទំនងផ្លូវភេទ របស់ប្ដីប្រពន្ធខ្មែរនៅពេលតាំងគភ៌មានសភាពថមថយ ឬរយាលពេលជាងពេលនៅខ្លួនទទេ។ ទោះបីជាវប្បធម៌ និងសាសនាភាគច្រើនបានបដិសេធចោលការរួមភេទពេលតាំងគភ៌ក៏ដោយ ក៏គ្រូពេទ្យសម័យថ្មីបានព្រមព្រៀងមូលមតិគ្នាថាការសប្បាយរីករាយខាង ផ្លូវភេទមិនបង្កគ្រោះថ្នាក់ណាមួយដល់ស្ដ្រីដៃគូជាម្ដាយ និងទារកក្នុងផ្ទៃនោះឡើយ។ សម្រាប់គូស្នេហា គភ៌មិនមែនជាវាលរហោលស្ថាន៩ខែដែលខ័ណ្ឌចែកអ្នកទាំងពីរឡើយ។ មិនទាន់ផុតទេ មានរយៈពេលក្រោយសម្រាលកូនមួយគ្រាទៀត ដែលតមរួមភេទដែរ។
គភ៌ធ្វើឱ្យស្ដ្រីភេទប្រែប្រួលទាំងបរាងកាយទាំងផ្លូវចិត្ដ អ្វីៗត្រូវផ្លាស់ប្ដូរទាំងអស់។ សម្រាប់គូស្រករទាំងពីរគួរតែគិតគូរក ជីវភាពផ្លូវភេទថ្មីៗមកបម្រើសេចក្ដីស្នេហា។ ការតាំងគភ៌បែបកាមារម្មណ៍ និងមានការរួមភេទពិតជាអនុញ្ញាត ស្ដ្រីមានផ្ទៃពោះក៏ត្រូវ តែតុបតែងខ្លួនប្រាណផងដែរ។ ដើម្បីចូលរួមចំណែកជួយថែទាំគ្រឹះស្នេហារបស់មិត្ដអ្នកអាន ទស្សនាវដ្ដីសុខភាពយើង សូមលើកមក ជម្រាបជូនលោកអ្នកអានអំពីការរួមសុខរួមទុក្ខជីវភាពផ្លូវភេទជាមួយគ្នា រវាងប្ដីប្រពន្ធ និងទារកក្នុងផ្ទៃ ក្នុងរយៈពេល៩ខែដ៏វែង អន្លាយ។
ជីវិតប្ដីប្រពន្ធក្រឡាប់ចាក់
ពេលរង់ចាំទារកសម្រាលរយៈពេល៩ខែនេះ បានធ្វើឱ្យជីវិតអ្នកទាំងពីរប្រែប្រួលក្រឡាប់ចាក់អស់ហើយ ជាពិសេសលើជីវភាពផ្លូវភេទ។ ការប្រែប្រួលរូបរាងកាយពោះកំពីងកំប៉ោង បើកច្រកឱ្យប្ដីប្រពន្ធងាកទៅរកស្ថានភាពថ្មីមួយ ស្ដ្រីជាដៃគូស្នេហាក្លាយ ទៅជាម្ដាយ ឯបុរសក្លាយទៅជាឪពុក។ ជាអាទិការវិវឌ្ឍន៍ផ្នែកផ្លូវភេទ ជារឿយៗបកស្រាយឡើងដោយការភ័យខ្លាចរបួសស្នាមដល់ ទារកក្នុងផ្ទៃ។ ម្យ៉ាងទៀតនៅក្នុងគ្របខ័ណ្ឌគភ៌ធម្មតាដែលគ្មានគ្រោះថ្នាក់ដល់ការសម្រាលមិនគ្រប់ខែ ការរួមភេទមិនបង្កគ្រោះថ្នាក់ ណាមួយដល់ទារកឡើយ។ ហេតុផលនេះត្រូវបានអះអាងដោយការសិក្សាស្រាវជ្រាវជាច្រើន។ តាមពិតទារកត្រូវបានថែរក្សា និងការ ពារយ៉ាងល្អដោយថង់ទឹកភ្លោះនៅក្នុងស្បូន ឆ្នុក ឬគម្របភ្នាសមុយកឺនៅនឹងមាត់ស្បូនក៏អាចបាំងចែកទារក និងទ្វារមាសផងដែរ។ ទោះជាបែបណាក្ដីតោងគិតថាទារកកគឺជាសក្ខីភាពនៃសេចក្ដីស្នេហា និងជាផ្លែផ្កានៃការរួមភេទរបស់អ្នកទាំងពីរ។
តម្រេកកាមនៅតែកើតមាន ពេលមានផ្ទៃពោះ
តម្រេកកាមមានការប្រែប្រួលពីមួយត្រីមាសទៅមួយត្រីមាស។ នៅត្រីមាសទី១ ដោយសារអស់កម្លាំង ក្អួតចង្អោរ និង ការរីកប៉ោងនៃសុដន់ដែលជួនកាលមានការឈឺចាប់ទៀតផងនោះ ការរួមភេទពិតជាមិនផ្ដល់ឱកាសល្អឡើយ។ ផ្ទុយទៅវិញ ចាប់ពី ដើមត្រីមាសទី២ទៅ ស្ដ្រីភាគច្រើនចាប់អារម្មណ៍ចង់ទទួលការសប្បាយរីករាយខាងផ្លូវកាមផ្លូវភេទ។ ការហូរឈាមទៅច្រាលនៅ ក្នុងអាងត្រគាក និងការរួមត្បៀតនៃទ្វារមាស បង្កបង្កើនកាមារម្មណ៍ប្លែកពីធម្មតាពេលមានការស៊កបញ្ចូលលិង្គ។
ពេលឈានចូលដល់ត្រីមាសទី៣ ទំហំពោះចាប់ផ្ដើមធំឡើង ព្រមទាំងមានអាការមិនស្រួលខ្លួនមួយចំនួនទៀត ដូចជាដង្ហើម ដង្ហក់ ឈឺសៀតពោះ ឈឺនៅមាត់ទ្វារមាសជាដើម។ រយៈពេលនេះហើយដែលតម្រូវឱ្យគូស្នេហ៍ទាំងពីរចាប់គិតគូធ្វើវិញ្ញាសាច្នៃប្រឌិត ដូចជាថាតើត្រូវរួមភេទដោយកាយវិការ ក្បាច់ ឬជំហររួមភេទបែបណាទើបត្រឹមត្រូវ។ ចំណង់ផ្លូវភេទចាប់ផ្ដើមតឹងតែងមែនទែន ហើយ ប៉ុន្ដែយ៉ាងហោចណាស់រសជាតិសប្បាយខាងផ្លូវភេទដោយការថើប បបោសអង្អែល នែបនិត្យ និងការថ្នាក់ថ្នមខ្លួនប្រាណនៅ តែអាចធ្វើឡើងបានគ្រប់កាលៈទេសៈ។
ប្ដីប្រពន្ធនៅតែត្រូវការការរួមភេទពេលមានគភ៌
ចំណង់ផ្លូវភេទរបស់ដៃគូទាំងពីរអាចប្រែប្រួលនៅពេលមានគភ៌។ ការសិក្សាជាច្រើនទាក់ទងនឹងបញ្ហានេះ បានបង្ហាញនូវ ការបម្រែបម្រួលគួរឱ្យកត់សម្គាល់។ អ្នកខ្លះមានចំណង់ភេទមិនផ្លាស់ប្ដូរទេ អ្នកខ្លះកើនឡើង អ្នកខ្លះទៀតថយចុះ។ ជួនធ្វើឱ្យម្នាក់ មានចំណង់ភេទថយចុះ តែធ្វើឱ្យម្នាក់ទៀតមានចំណង់ភេទកើនឡើង។ បុរសខ្លះរក្សាចំណង់ភេទយ៉ាងស្អិតរមួតប្រកៀកប្រកើយ ហើយជួនដើរចោលស្ដ្រីដែលជាភរិយាកំពុងក្លាយទៅជាមាតាម្នាក់ទៀតផង។ ស្ដ្រីមួយចំនួនក៏មិនចង់នៅក្បែរបុរសជាស្វាមីដែរ យក ចិត្ដទុកដាក់យ៉ាងខ្លាំងនឹងគភ៌ ភ្លេចគិតរឿងផ្សេង។ ការយោគយល់ និងស្ដាប់គ្នាជាចំណុចសំខាន់ចាំបាច់។ ទោះបីជាចំណង់ភេទមិនមែន ជាកម្មសិទ្ធិដាច់ថ្លៃផ្ដាច់មុខរបស់អ្នកនេះ ឬជារបស់អ្នកនោះក៏ដោយ ក៏ស្វាមីភរិយាត្រូវនៅនែបនិត្យជាមួយគ្នា បើអាចជួយសម្រេចផ្លូវ ភេទឱ្យគ្នាទៅវិញទៅមកតាមរយៈការបបោសអង្អែលផ្លូវភេទឱ្យគ្នាជាដើម រិតតែប្រសើរ។
ប្រការគួរចៀសវាងរួមភេទ នៅពេលមានគភ៌
ក្នុងករណីពិសេសមួយចំនួន គ្រូពេទ្យព្យាបាលអាចណែនាំលោកអ្នកថាការអាចរួមភេទបាន ឬមិនបាន។ ក្នុងគ្របខ័ណ្ឌនោះ ការពិគ្រោះជម្ងឺគួរតែធ្វើឡើង ដើម្បីស្វែងយល់ និងធ្វើការសម្រេចចិត្ដ។ ការរួមភេទត្រូវបានហាមប្រាម ក្នុងករណីដូចតទៅ
- គម្រាមកំហែងការសម្រាលកូនមិនគ្រប់ខែ ៖ កាលណាមានការកន្ដ្រាក់ស្បូនជាខ្លាំង ដែលធ្វើឱ្យមានការប្រែប្រួលមាត់ស្បូន បិទ ឬបើកដែលជាបច្ច័យបង្កការសម្រាលទារកមិនគ្រប់ខែ។
- បើលោកអ្នកធ្លាប់មានប្រវត្ដិរលូត ឬធ្លាក់កូន ៖ ត្រូវសាកសួរយោបល់គ្រូពេទ្យ ព្រោះថាមានតែគ្រូពេទ្យទេទើបអាច ប្រាប់ឱ្យលោកអ្នកតមការរួមភេទប៉ុន្មានខែដំបូងជាដើម អាចរួមភេទបានពេលទារក ឬគភ៌បោះទីតាំងបានល្អ។
- ករណីសុកបាំងមាត់ស្បូន ៖ ប្រសិនបើសុកមកនៅត្រង់មាត់ស្បូន លោកអ្នកមិនអាចរួមភេទបានទេ ព្រោះវាអាចបង្កការ ហូរឈាម។ បើមានហូរឈាមសូមទៅជួបគ្រូពេទ្យជាបន្ទាន់។
- ពេលដែលលោកអ្នកមានទឹកជ្រាប ឬទឹកហូរចេញតាមទ្វារមាស ៖ ដែលជាសញ្ញារហែកថង់ទឹកភ្លោះ ករណីនេះកើតជាទូ ទៅនៅពេលជិតសម្រាល លោកអ្នកមិនត្រូវរួមភេទឡើយ។ ការរួមភេទអាចបង្កការឆ្លងរោគ។ នៅខណៈនេះ គួរតែទៅមន្ទីរពេទ្យ ឬ កន្លែងសម្ភពឱ្យបានរួសរាន់បំផុត។
ម្យ៉ាងទៀតក៏ត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ករណីបុរសជាប្ដី ឬជាដៃគូមានផ្ទុកជម្ងឺរើម ឬអែបប៉េសលើប្រដាប់ភេទ។ ព្រោះថាត្រូវចៀសវាងការដុះ ឬកើតរោមលើស្ដ្រីមានផ្ទៃពោះ ជាពិសេសពេលសម្រាល។ សូមកុំធ្វើការរួមភេទអីបើសង្ស័យ ព្រោះថា ការប្រើស្រោមអនាម័យជួនមិនអាចការពារស្ដ្រីបានទាំងស្រុងទេ។ ជារឿយៗ ការឈឺចាប់ពេលកើតរើមគ្រប់គ្រាន់សម្រាប់ធ្វើឱ្យបាត់ បង់តម្រេកតណ្ហារួចស្រេចទៅហើយ។
ការរួមភេទដែលអាចបង្កការឆ្លងជម្ងឺកាមរោគ ស្វាយប្រមេះ ឬជម្ងឺអេដស៍ ក៏គួរតែចៀសវាងផងដែរ។ ក្នុងករណីសង្ស័យ សូមណែនាំឱ្យដៃគូទៅធ្វើការវិភាគជម្ងឺរកមេរោគជាមុនសិន ឬប្រើប្រាស់ស្រោមអនាម័យ។
ផ្ទុយទៅវិញ ក្នុងករណីស្ដ្រីមានគភ៌លើខែ ជួនកាលគ្រូពេទ្យអាចណែនាំឱ្យមានការរួមភេទ ប្រយោជន៍ជម្រុញឱ្យមានការ សម្រាល ព្រោះថានៅក្នុងទឹកកាមមានជាតិប្រូស្ដាក្លង់ឌីន ដែលបង្កការបើកមាត់ស្បូន និងបង្ករការកន្ដ្រាក់មាត់ស្បូន។ ការសិក្សាស្រាវ ជ្រាវមិនទាន់ធ្លាប់ដែលបានបកស្រាយវិធីនេះទាល់តែសោះ ទោះបីជាប្រសិទ្ធភាពស្ថិតនៅក្នុងការសង្ស័យក្ដី វិធីនេះក៏មិនមានការបង្ក គ្រោះថ្នាក់ដល់ស្ដ្រីជាម្ដាយ និងទារកឡើយ។
បណ្ដាំអ្នកនិពន្ធ
លោកអ្នកមិនត្រូវរារែកមិនហ៊ានសាកសួរគ្រូពេទ្យដែលតាមដានផ្ទៃពោះរបស់លោកស្រីអ្នកនាងឡើយ។ ការនិយាយគ្នា ឬ ពិភាក្សាគ្នារវាងប្ដីប្រពន្ធ ក៏ជាប្រការសំខាន់ដែរ។ ជាទូទៅគភ៌របស់លោកស្រីអ្នកនាងវិវឌ្ឍន៍ទៅបានល្អជាធម្មជាតិ កម្រមានបញ្ហាអា ក្រក់កើតឡើងណាស់។
សូមរង់ចាំអានបន្ដផែនការសកម្មភាពផ្លូវភេទ និងក្បាច់រួមភេទនៅពេលមានផ្ទៃពោះនៅទស្សនាវដ្ដីសុខភាពយើង លេខ ក្រោយទៀតដោយអនុគ្រោះ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply