សម្រាប់អ្នកដែលមានកង្វល់លើការពាក់វ៉ែនតា លែងជាបញ្ហាទៀតហើយ ព្រោះសព្វថ្ងៃនេះនៅកម្ពុជាមាននាំចូលនូវឧបករណ៏ម្យ៉ាងដែលអាចជួយសម្រួលដល់ការមើលបានយ៉ាងប្រសើរ និងមានលក្ខណៈជាសិល្បៈទៀតផង។ ឧបករណ៍នោះ មានឈ្មោះថា កែវជ័រដាក់ក្នុងភ្នែក ឬខុនថាក់ឡែន។ សព្វថ្ងៃនេះ អ្នកប្រើប្រាស់ភាគច្រើនជាស្ដ្រីដែលមានអាយុចាប់ពី១៨ដល់៣០ឆ្នាំ។ បុរសមានចំនួនតិចណាស់ដែលប្រើ ហើយមនុស្សចាស់មិនសូវជ្រើសប្រើទេ។
លោក អ៊ឹង ឌីប៉ូឡា ជាអគ្គនាយកមជ្ឈមណ្ឌលថែរក្សាភ្នែកអាយឃែរ បានរៀបរាប់ពីកែវជ័រដាក់ក្នុងភ្នែក ឬខុនថាក់ឡែន ប្រាប់ទស្សនាវដ្ដី សុខភាពយើង ដូចតទៅ។
កែវជ័រដាក់ក្នុងភ្នែក ជាអ្វី?
កែវជ័រដាក់ក្នុងភ្នែក គឺជាប្រភេទជ័រម្យ៉ាងដែលមានរាងស្ដើង និងមានបន្ទាត់ផ្ចិតប្រហែល១៤មីលីម៉ែត្រ ប្រើសម្រាប់ដាក់ បំពាក់នៅលើប្រស្រីភ្នែក។ កែវជ័រដាក់ក្នុងភ្នែកជាភាសាអង់គ្លេសហៅថាខុនថាក់ឡែន ត្រូវបានគេនាំចូលមកក្នុងប្រទេសកម្ពុជាតាំងពី ឆ្នាំ១៩៩៤មកម្ល៉េះ។ វាមានការពេញនិយមចំពោះយុវវ័យសម័យថ្មីដែលចូលចិត្ដប្រើដើម្បីលាក់នូវបញ្ហានៃភ្នែកនៅក្នុងការមើលដោយ មិនចង់ពាក់វែនតា និងការតុបតែងខ្លួនឱ្យដូចជនបរទេស ពិសេសពណ៌ប្រស្រីភ្នែក។ មិនតែវាត្រូវបានប្រទេសជាច្រើនធ្វើការផលិត តែគេឃើញមានត្រឹមតែផលិតផលរបស់ក្រុមហ៊ុនធំៗពីរតែប៉ុណ្ណោះដែលបានចរាចនៅលើទីផ្សារពិភពលោក ហើយត្រូវបានគេទទួល ស្គាល់។ សម្រាប់នៅក្នុងស្រុក កែវជ័របិតលើភ្នែកនេះមានត្រឹមតែពីរប្រភេទប៉ុណ្ណោះ គឺមានដឺក្រេឥតពណ៌ និងឥតដឺក្រេមានពណ៌។ កែវជ័របិតលើភ្នែកមានដឺក្រេ ជាទូទៅវាមានអាយុសម្រាប់ប្រើប្រាស់ទៅតាមគុណភាព និងតម្លៃ ដូចជាអាចប្រើបានមួយថ្ងៃ ពីរ សប្ដាហ៍ មួយខែ មួយឆ្នាំជាដើម និងកែវជ័រឥតដឺក្រេមានពណ៌ ជាទូទៅប្រើសម្រាប់រយៈប្រាំមួយខែ។
អត្ថប្រយោជន៍កែវជ័របិតលើភ្នែក
- កែវជ័របិតលើភ្នែកមានដឺក្រេឥតពណ៌ ៖ ជាធម្មតាវាមានពណ៌រាងខៀវបន្ដិច មិនមែនមានពណ៌សសុទ្ធ ឬឥតពណ៌នោះទេ ព្រោះគេផលិតឡើងដើម្បីងាយស្រួលនៅក្នុងការរុករកនៅពេលដែលវាជ្រុះ ឬធ្លាក់ពីភ្នែក។ វាមានទម្ងន់ស្រាល ហើយមានរូបរាងតូច គេប្រើសម្រាប់សម្លឹងមើលឃើញច្បាស់ដូចកញ្ចក់វែនតាមានដឺក្រេ ជាពិសេសនៅពេលដែលភ្នែកមានបញ្ហាលើការមើលជិត ឬឆ្ងាយ។ វាមានការងាយស្រួលនៅក្នុងការពាក់មើល និងមានគ្រប់ដឺក្រេ។ លក្ខណៈពិសេសរបស់វា គឺមើលទៅដូចជាកែវភ្នែកធម្មជាតិ ព្រោះវា អាចបិទបាំងនូវទ្រង់ទ្រាយរបស់វាបានស្ទើរតែទាំងស្រុង បើសិនជាមិនបានពិនិត្យឱ្យល្អិតល្អន់ ទោះបីជាស្ថិតនៅជិតគ្នាចំងាយ១ម៉ែត្រ ក៏ដោយ។ ការប្រើខុនថាក់ឡែន ភ្នែកអាចមើលឃើញរហូតដល់១៨០អង្សា មិនមានការទើសដូចពាក់វែនតាទេ។
- កែវជ័របិតលើភ្នែកឥតដឺក្រេមានពណ៌ ៖ គេប្រើដើម្បីប្ដូរពណ៌ប្រស្រីភ្នែក និងដើម្បីឱ្យមានសោភ័ណភាព។ ជាទូទៅវា មានប្រហែលជា៥ពណ៌ គឺមានពណ៌ខៀវ បៃតង ស្វាយ ត្នោត និងពណ៌ទឹកប្រាក់។ បច្ចុប្បន្ននេះ ពណ៌ដែលពេញនិយមជាងគេ គឺពណ៌ ស្វាយ។ វាអាចប្រើបាន៦ខែ ហើយមានបីប្រភេទ គឺពណ៌មួយជាន់ ពីរជាន់ និងបីជាន់។ វាអាចប្រើជាជំនួយនៅក្នុងការតែងភ្នែកឱ្យស៊ី គ្នាជាមួយនឹងម៉ូដសក់ ឬពណ៌មុខដែលបានតែងនៅពេលចូលរួមពិធីផ្សេងៗ។ បច្ចុប្បន្ននៅបរទេសកែវជ័របិតលើភ្នែកមានពណ៌នេះ ក៏ អាចមានដឺក្រេដែរ តែសម្រាប់អ្នកនៅក្នុងស្រុកត្រូវចំណាយពេលរហូតដល់ទៅ៣សប្ដាហ៍ សម្រាប់ការបញ្ជាទិញបន្ទាប់ពីបានធ្វើការ វាស់នូវកម្រិតដឺក្រេភ្នែក។
ប្រការគួរប្រើកែវជ័របិតលើភ្នែក
ជាទូទៅកែវជ័របិតលើភ្នែក គេប្រើដើម្បីពាក់ការពារកែវភ្នែក និងឱ្យមានសោភ័ណភាព។ គួរទទួលនូវការពិនិត្យ ឬវាស់ជា មុនពីអ្នកជំនាញដើម្បីរើសនូវប្រភេទលក្ខខ័ណ្ឌដែលសមស្របនឹងភ្នែកយើង។ តាមការណែនាំរបស់អ្នកជំនាញ កែវជ័របិតលើភ្នែកនេះ ប្រើសម្រាប់តែអ្នកដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ព្រោះពួកគេអាចរក្សាអនាម័យ និងសុវត្ថិភាពភ្នែកដោយខ្លួនឯងបានល្អ។ គួរ មានការប្រើប្រាស់ត្រឹមតែ១២ម៉ោងក្នុងមួយថ្ងៃ ពោលគឺចាប់ពីពេលព្រឹករហូតដល់ពេលល្ងាច ព្រោះពេលយប់វាជាពេលដែលភ្នែក បញ្ចេញនូវជាតិកម្អែល(អាចម៍ភ្នែក)មួយចំនួន ដែលអាចបណ្ដាលឱ្យកែវជ័រស្រអាប់។ សម្រាប់អ្នកដែលគិតថាវែនតារំខាន ឬមានការ ទើស មិនអាចមើលគ្រប់ទិស វែនតាធ្ងន់ពេក វែនតាមិនសូវស្អាត ដឺក្រេភ្នែកខ្ពស់ កែវជ័របិតលើភ្នែកមានដឺក្រេអាចជាជំនួយដ៏ប្រសើរ បំផុតសម្រាប់គាត់។ អ្នកលេងកីឡាបាល់ទាត់ ឬរត់ប្រណាំងជាដើម កែវជ័របិតលើភ្នែកមានដឺក្រេនេះមានប្រយោជន៍ណាស់ ព្រោះវា ងាយស្រួលពាក់ មិនសូវធ្ងន់ និងមិនងាយជ្រុះដូចពាក់វែនតា។ នារីភាគច្រើនចូលចិត្ដពាក់កែវជ័របិតលើភ្នែកមានពណ៌ដើម្បីទាក់ទាញ សម្រស់។ អ្នកប្រើប្រាស់ប្រហែល១០%បានជ្រើសរើសយកកែវជ័របិតលើភ្នែកមានដឺក្រេជាជំនួយជំនួសវែនតាម្ញ៉ូប។ ភាគច្រើនពួក គាត់ប្រើនៅពេលមានពិធី ឬករណីពិសេសណាមួយ។ អ្នកប្រើប្រាស់គួរគោរពវិធីប្រើប្រាស់មួយចំនួន ដូចជាដៃត្រូវស្អាតជានិច្ចដើម្បីធា នាសុវត្ថភាពនៅរាល់ការដោះ ឬដាក់វាចូលក្នុងភ្នែក។ ក្រចកដៃខ្លីធានានូវការចាក់រុកចូលទៅក្នុងគ្រាប់ភ្នែកជាយថាហេតុ។ រាល់ការ ប្រើប្រាស់មិនមែនមានន័យថាអ្នកប្រើពាក់រហូតដោយមិនដោះចេញនោះទេ តែត្រូវថែរក្សាត្រាំទុក និងលាងសម្អាតជារៀងរាល់ថ្ងៃជា មួយនឹងទឹកសូលុយស្យុងសម្រាប់សម្អាតវា។ បើមិនមានការលាងសម្អាត ឬត្រាំ និងប្ដូរទឹកសូលុយស្យុងឱ្យបានត្រឹមត្រូវទេ វានាំឱ្យកែវ ជ័របិតលើភ្នែកនេះប្រែប្រួលលក្ខណៈដើម។ ជាធម្មតា អ្នកប្រើត្រូវប្ដូរទឹកជារៀងរាល់២៤ម៉ោងម្ដង ករណីត្រាំទុកមិនបានប្រើ និងគួរ លាងឱ្យស្អាតជានិច្ចនៅមុនពេលពាក់វា។ បើករណីអ្នកប្រើប្រាស់ចង់ប្រើតែកែវជ័របិតលើភ្នែក គួរមានពីរគូជាប់ជាមួយដើម្បីត្រៀម នៅពេលដែលជ្រុះបាត់មួយ ឬគួរមានវែនតាត្រៀមជំនួសនៅពេលជ្រុះបាត់វា។
ប្រការមិនគួរប្រើកែវជ័របិតលើភ្នែក
មិនគួរប្រើកែវជ័របិតលើភ្នែកនៅពេលងូតទឹកទេ ព្រោះវាអាចងាយជ្រុះតាមរយៈទឹកដែលងូត ឬដុសសាប៊ូ។ ចាំបាច់ត្រូវតែ ដោះចេញ ឬទុកដោយមានការលាងសម្អាត ឬត្រាំជាមួយនឹងទឹកសូលុយស្យុងដែលប្រើសម្រាប់លាងសម្អាត ទោះបីជាទទួលទាន ដំណេកត្រឹមតែ១០ ឬ១៥នាទីក្ដី រាល់ពេលទទួលទានដំណេកក្ដី។ មិនគួរប្រើបន្ដទៀតទេករណីហួសកាលបរិច្ឆេទប្រើប្រាស់ ឬខូចទ្រង់ ទ្រាយ ព្រោះកែវជ័របិតលើភ្នែកនឹងប្ដូរទ្រង់ទ្រាយទៅជារាងរឹង មើលមិនសូវច្បាស់ ពណ៌រាងលឿង ពាក់ទៅរាងរកាំភ្នែក រាងស្រអាប់ ភ្នែក រមាស់ភ្នែក និងអាចងាយទាក់ទាញនូវមេរោគមកពីក្រៅ។ ជាទូទៅក្រោយពេលបើកកែវជ័របិតលើភ្នែកពីក្នុងប្រអប់ កាលបរិច្ឆេ ទកំណត់ឈប់ប្រើប្រាស់ ត្រូវបានគិតចាប់ពីថ្ងៃហែក។ នៅពេលដែលគាត់មានអារម្មណ៍ថាភ្នែកក្រហម ហូរទឹកភ្នែកច្រើន(គួរបន្ដក់ ទឹកភ្នែកសិប្បនិមិត្ដ) ឬអាការប្រតិកម្ម(អាឡែកហ្សី) គួរទៅជួបជាមួយនឹងអ្នកជំនាញខាងភ្នែកដើម្បីទទួលការប្រឹក្សា និងព្យាបាល ជាបន្ទាន់។ នៅពេលជ្រុះ ធ្លាក់ ប្រឡាក់ ឬខូច គួរធ្វើអនាម័យឱ្យបានត្រឹមត្រូវមុនពេលពាក់ចូលក្នុងភ្នែក ព្រោះវាអាចនាំឱ្យមេរោគ ងាយជ្រាបចូល។ សំខាន់បំផុត ត្រូវចាំថ្ងៃផុតកំណត់ដោយរាប់ចាប់ពីថ្ងៃដែលបានហែកចេញពីប្រអប់។
ផលប៉ះពាល់នៃការប្រើប្រាស់កែវជ័របិតលើភ្នែក
តាមការសិក្សាស្រាវជ្រាវ ការប្រើកែវជ័របិតលើភ្នែកអាចបណ្ដាលឱ្យដុះផ្សិតក្នុងកែវភ្នែក ក្ដៅភ្នែក ហៀរទឹកភ្នែក រលាក ភ្នែកជាដើម ករណីដែលអ្នកប្រើប្រាស់មិនបានគោរពតាមគោលការណ៍រក្សាអនាម័យ ឬកំហុសខាងផ្នែកបច្ចេកទេសនៃការផលិតកែវ ជ័របិតលើភ្នែក។ តាមការពិសោធន៍ ការប្រើប្រាស់កែវជ័រពាក់ជាប់រយៈពេលយូរពេកលើសពី៨ម៉ោងក្នុងមួយថ្ងៃ តែងតែនាំឱ្យរកាំ ភ្នែក កកិតភ្នែក ឬក្ដៅភ្នែកជាដើម។ អាចមានកំហុសដោយចៃនដ្យដែរ ករណីដែលកែវជ័របិតលើភ្នែកមិនមានលក្ខខ័ណ្ឌគ្រប់កំណត់ តាមស្ដង់ដានៃការប្រើប្រាស់ ដូចជាមានភាពលម្អៀងខាងកម្រិតបច្ចេកទេស ឬទឹកសូលុយស្យុងសម្រាប់លាងកែវជ័រមានបញ្ហាជាដើម នាំឱ្យកម្រិតនៃការមើលដោយកែវជ័របិតលើភ្នែកមានបញ្ហា។
ដំបូន្មានអ្នកជំនាញ
ពេលបើកបរម៉ូតូ គួរតែពាក់វែនតាខ្មៅ ឬពាក់មួកការពារបន្ថែមដើម្បីការពារនូវធូលីដីចូលភ្នែក។ សូមកុំបារម្ភថាកែវជ័រ បិតលើភ្នែកមានការប៉ះពាល់ដល់ភ្នែកចំពោះការពាក់បិតលើភ្នែក ព្រោះវាមិនមានមហន្ដរាយអ្វីដល់ភ្នែកទេ ប្រសិនជាគោរពនូវវិធីប្រើ ប្រាស់បានល្អ។ បើមានការព្រួយបារម្ភពីការឡើងដឺក្រេនៃភ្នែក ដែលត្រូវពាក់វែនតាធ្ងន់ ហើយក្រាស់ កែវជ័របិតលើភ្នែកនេះ អាច ជួយបាន និងសាកសមបំផុត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply