បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យតាមបែបសាសនាព្រះពុទ្ធដ៏ធំមួយ ដែលប្រារឰធ្វើទ្បើងជារៀងរាល់ឆ្នាំ ដោយចាប់ផ្ដើមពីថ្ងៃទី១ រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤រោច ខែភទ្របទ ដែលប្រជាពលរដ្ឋយើងនិយមហៅថាដាក់បិណ្ឌ និងថ្ងៃទី១៥រោច ខែភទ្របទជា ថ្ងៃភ្ជុំធំ។ សម្រាប់ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា មិនដែលខកខានក្នុងការចូលរួមពិធីបុណ្យនេះទ្បើយ។ ទោះបីជាមិនបាន យកចង្ហាន់ទៅប្រគេនព្រះសង្ឃឱ្យបានប្រាំពីរវត្ដតាមក្បួននៃពិធីក៏ដោយ ក៏ឆ្លៀតឱកាសទៅបាន១ ឬ២វត្ដយ៉ាងតិច។ មានជំនឿថាបើ ញ្ញាតិមិត្ដដែលចែកឋានទៅហើយក្លាយជាប្រេតត្រូវបានគេដោះលែងនៅពេលភ្ជុំបិណ្ឌនេះ ដើម្បីមកទទួលយកចំណីអាហារផ្សេងៗ ដែលអ្នកនៅរស់បញ្ជូនទៅឱ្យ។ បើប្រេតទាំងនោះដើររកបងប្អូនគ្រប់ប្រាំពីរវត្ដហើយ នៅតែមិនឃើញប្រាកដជាដាក់បណ្ដាសារមិនខានទ្បើយ។
សម្រាប់ឱកាសបុណ្យភ្ជុំបិណ្យនេះ ទស្សនាវដ្ដីសុខភាពយើង បានជួបសម្ភាសន៍ជាមួយតារាសម្ដែង និងតារាចម្រៀងមួយចំនួនដើម្បីជូនមិត្ដអ្នកអានបានដឹងពីការយល់ឃើញ និងគម្រោងរបស់ពួកគាត់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
លោកស្រី ហ៊ឹម ស៊ីវន
អ្នកចម្រៀងជើងចាស់ម្នាក់នេះ បានបញ្ជាក់ប្រាប់ទស្សនាវដ្ដីសុខភាពយើង ថានៅពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកស្រី មិនបានធ្វើដំណើរទៅកាន់ស្រុកកំណើតទេ ព្រោះលោកស្រីមានការរវល់ច្រើន។ ទោះបីជាយ៉ាងណា ក៏លោកស្រីឆ្លៀតពេលដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃឱ្យបានប្រាំពីរវត្ដនៅរាជធានីភ្នំពេញដែរ។ លោកស្រីយល់ថាបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏សំខាន់មួយសម្រាប់ ប្រជាពលរដ្ឋខ្មែរដែលគោរពព្រះពុទ្ធសាសនា ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ឧទ្ទិសកុសលដល់ញ្ញាតិមិត្ដដែលចែកឋានទៅហើយ ។
អ្នកនាង យុគ ចិន្ដា
លោកអ្នកបានទទួលជ្រាបហើយថាអ្នកនាងមានការមមាញឹកនឹងការងារប្រចាំថ្ងៃខ្លាំងណាស់។ ទោះបីជាយ៉ាងណា ក៏នៅ ពេលបុណ្យភ្ជុំបិណ្ឌ អ្នកនាងមិនដែលខកខានក្នុងការទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្ដស្វាយរៀងជាមួយញាត្ដិមិត្ដ និងបងប្អូនដែរ។ ដោយទ្បែកសម្រាប់ថ្ងៃដាក់បិណ្ឌ អ្នកនាងមានវត្ដមួយដែលតែងតែទៅជារៀងរាល់ឆ្នាំ មិនដែលខាននោះ គឺវត្ដស្វាយផ្អែមនៅក្នុងស្រុក អង្គស្នួលខេត្ដកណ្ដាល ក្បែររាជាធានីភ្នំពេញ។ គ្រប់យ៉ាងវាអាស្រ័យទៅលើពេលវេលា បើមានពេលច្រើនអ្នកនាងនឹងទៅវត្ដឱ្យបាន ច្រើន តែបើមិនមានពេល អ្នកនាងទៅតែ២ ឬ៣វត្ដតែប៉ុណ្ណោះ។
លោកស្រី គង់ សុជាតិ
ពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ ជាពេលវេលាពិសេសសម្រាប់ក្រុមគ្រួសាររបស់លោកស្រីផ្ទាល់តែម្ដង។ ធម្មតា ដោយ សារគ្រួសាររបស់លោកស្រីរវល់ការងាររៀងៗខ្លួន ឯកូនរវល់ទៅសាលា លោកស្រីត្រូវតែឆ្លៀតឱកាសពេលនេះដើម្បីទៅវត្ដរួមគ្នា ទៅលេងផ្ទះម្ដាយក្មេក ឬបងប្អូនសាច់ថ្លៃ ក៏ដូចជាឪពុកម្ដាយបងប្អូនបង្កើត ដោយនាំទៅជាមួយនូវម្ហូបអាហារនំចំណី សម្លៀកបំពាក់ លុយកាក់ជាដើម ដើម្បីជូនពួកគាត់។ រៀងរាល់ឆ្នាំ លោកស្រីតែងតែទៅវត្ដចំនួនប្រាំពីរមិនដែលខានទ្បើយ។ ដោយទ្បែកសម្រាប់ឆ្នាំ នេះ លោកស្រីបញ្ជាក់ថាអាស្រ័យទៅលើពេលវេលា មិនដឹងថាមានគ្រប់គ្រាន់ឬអត់។ ក្រៅពីទៅវត្ដយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលរួចហើយ លោកស្រីនឹងឆ្លៀតឱកាសនាំកូនៗទៅលេងនៅក្រុងព្រះសីហនុទៀត សម្រាប់ឆ្នាំនេះ។
លោក ប៉ែន ចំរុង
ថ្វីត្បិតតែលោកមានវ័យក្មេងក៏ពិតមែន តែលោកបានយល់ច្បាស់ពីសារៈសំខាន់នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ទោះបីជាលោក រវល់យ៉ាងណា ក៏លោកត្រូវតែត្រទ្បប់ទៅកាន់ស្រុកកំណើតនៅឯខេត្ដបាត់ដំបង ដើម្បីជួបជុំញ្ញាតិមិត្ដ ហើយនាំគ្នាយកចង្ហាន់ទៅវត្ដ ប្រគេនព្រះសង្ឃឱ្យបានពីរ ឬបីវត្ដដែរ។
កញ្ញា កែវ ពេជ្រពិសី
ស្រីស្រស់រូបនេះពិតជាបានយល់ច្បាស់ពីពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាច្រើន។ សម្រាប់ពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ កញ្ញាប្រាប់ថានាងមិនឱ្យខកខានក្នុងការយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្ដជាមួយឪពុកម្ដាយ និងបងប្អូនទេ។ ទោះបីជានាងមិន មានស្រុកកំណើតនៅតាមបណ្ដាខេត្ដក៏ដោយ ក៏ពិសីព្យាយាមទៅវត្ដដែលនៅជុំវិញរាជធានីភ្នំពេញដែរ។
លោក ទេព រិន្ទដារ៉ូ
សម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក៏មិនខុសពីឆ្នាំមុនដែរ លោកតែងតែរួមដំណើរជាមួយអ្នកម្ដាយរបស់លោកទៅកាន់ស្រុក កំណើតរបស់ម្ដាយលោកឯខេត្ដកណ្ដាល។ លោករួមជាមួយញ្ញាតិមិត្ដបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្ដ ជាពិសេសសម្រាប់ ថ្ងៃភ្ជុំធំកម្រខកខានណាស់។
លោកស្រី ឌី សាវ៉េត
ពិតមែនតែលោកស្រីយល់ថាបុណ្យភ្ជុំបិណ្ឌជាបុណ្យសំខាន់មួយ តែលោកស្រីមិនអាចមានពេលវេលាគ្រប់គ្រាន់ច្រើនសម្រាប់ទៅវត្ដឱ្យបានច្រើនទេ។ ជារៀងរាល់ឆ្នាំ លោកស្រីបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃបានត្រឹមតែពីរវត្ដតែប៉ុណ្ណោះ។ ទោះបីជាយ៉ាង ណា ក៏លោកស្រីតែងតែព្យាយាមធ្វើបុណ្យក្រៅវត្ដ ដូចជាជួយដល់ទុរគត៌ជន ជួយបង្ហាត់បង្ហាញដល់ក្មេងជំនាន់ក្រោយ ជួយយកអាសារអ្នកដទៃជាដើម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply