កាលពីលេខមុន លោកអ្នកអានបានជ្រាបរួចមកហើយអំពីចំណុចមួយចំនួនទាក់ទងនឹងការរួមភេទពេលមានគភ៌។ នៅលេខនេះ ការវិវឌ្ឍន៍នៃសេចក្ដីសុខផ្លូវភេទ ជម្ងឺដង្កាត់ និងផែនការផ្លូវភេទដែលអាចអនុវត្ដបាននៅពេលមានផ្ទៃពោះនឹងត្រូវលើកមកបកស្រាយបន្ដ។ សូមបន្ដស្វែងយល់តាមការគួរ។
ការវិវឌ្ឍន៍នៃសេចក្ដីសុខផ្លូវភេទ ពេលមានផ្ទៃពោះ
តម្រេកតណ្ហា សេចក្ដីសុខដល់កំពូល និងការពេញចិត្ដពេញថ្លើមខាងផ្លូវភេទ ពិតជាមានការប្រែប្រួលយ៉ាងខ្លាំងពីស្ដ្រីម្នាក់ ទៅស្ដ្រីម្នាក់ទៀត។ ស្ដ្រីមួយចំនួនមានការថយចុះនៃសេចក្ដីសុខផ្លូវភេទ រីឯអ្នកខ្លះទៀតមានអារម្មណ៍ត្រេកត្រអាលរិតតែខ្លាំងក្លា។ ស្ដ្រីខ្លះបានពោលថាខ្លួនទទួលបានសេចក្ដីសុខដល់កំពូលខាងផ្លូវភេទលើកដំបូងនៅពេលមានផ្ទៃពោះនេះតែម្ដង ជាពិសេសនៅត្រីមាស ទី៣នៃការតាំងគភ៌។ ស្ដ្រីខ្លះទៀតបានទទួលបរមសុខផ្លូវភេទដល់កំពូលនេះ នៅពេលសម្រាលបុត្រ។
ទោះបីជាសព្វថ្ងៃនេះ មិនទាន់មានមាត្រដ្ឋានណាមួយពិតប្រាកដរបស់សម្ថភាពផ្លូវភេទនេះក៏ដោយ សំខាន់បំផុតត្រូវស្វែង យល់អំពីការប្រែប្រួល ឬការវិវឌ្ឍន៍នៃធម្មជាតិ ហើយដែលមានតែគ្រូពេទ្យទេ ដែលបានស្ដាប់ឮសំណួរ និងការត្អូញត្អែររបស់អ្នកជម្ងឺ ជារៀងរាល់ថ្ងៃផ្ទាល់ត្រចៀក។ ជាដំបូន្មាន ការរួមភេទគួរតែបន្ដធ្វើជាធម្មតាប្រសិនបើជាករណីគភ៌ធម្មតា ហើយនិងមិនមានការថមថយខាងតម្រេកតណ្ហា ឬការត្រេកត្រអាល។
ករណីមានកាមរោគ និងជម្ងឺឆ្លងផ្សេងទៀត
1. មេរោគអេដស៍ និងជម្ងឺអេដស៍
ដោយសារសព្វថ្ងៃនេះ នៅកម្ពុជាមានកម្មវិធីកាត់បន្ថយការឆ្លងពីម្ដាយទៅកូន ជាឱកាសអាចឱ្យស្ដ្រីមានផ្ទុកមេរោគអេដស៍ អាចមានផ្ទៃពោះបាន។ ចំពោះស្ដ្រីដែលមានផ្ទុកមេរោគអេដស៍ ហើយដែលបានទទួលកម្មវិធីកាត់បន្ថយការឆ្លងពីម្ដាយទៅកូន កម្រិត នៃការឆ្លងមេរោគអេដស៍ពីស្ដ្រីនោះទៅកូនរបស់ខ្លួន អាចធ្លាក់នៅត្រឹមកម្រិតទាបត្រឹម៥% ឬទាបជាងនេះ។ កម្រិតឆ្លងទាបបែបនេះ លុះត្រាតែកម្មវិធីបង្ការកាត់បន្ថយការឆ្លងមានការអនុវត្ដប្រកបដោយប្រសិទ្ធភាព និងដោយក្រុមគ្រូពេទ្យជំនាញត្រឹមត្រូវ។ ចំពោះ ពេលឆ្លង និងយន្ដការនៃការឆ្លងមេរោគទៅទារក ឬកុមារ នៅតែមានចំណុចមួយចំនួនមិនទាន់មានការពន្យល់បានច្បាស់លាស់នៅ ឡើយទេ។ ដូច្នេះ បើសិនជាបុរសជាដៃគូមានផ្ទុកមេរោគអេដស៍ ឬសង្ស័យថាមានផ្ទុកមេរោគអេដស៍ សូមប្រើ និងបន្ដប្រើស្រោមអនាម័យឱ្យខាងតែបាន។ សូមទទួលយកតែការរួមភេទណាដែលមានសុវត្ថិភាព ឬបង្ការបានត្រឹមត្រូវ។
2. ជម្ងឺអែបប៉ែស ឬរើម
ករណីមានជម្ងឺអែបប៉ែស ឬរើមលើប្រដាប់ភេទថ្មីៗ មុខជាអាចមានការបង្កការចម្លងមេរោគទៅភ្នែករបស់ទារក ដែល ទើបនឹងកើតនៅពេលសម្រាល ដែលអាចបង្កជាផលវិបាកធ្ងន់ធ្ងរ ដូចជារលាកកែវភ្នែកដោយមេរោគអែបប៉ែសជាដើម។ បើមាន ករណីនេះមែន ទារកមិនអាចសម្រាលតាមទ្វារមាសបានទេ តម្រូវឱ្យធ្វើការវះកាត់យកទារកចេញ ប្រយោជន៍បញ្ចៀសការឆ្លងមេរោគ វីរុសអែបប៉ែសទៅលើភ្នែកទារក។
3. ជម្ងឺបង្កដោយមេរោគឆ្លងផ្សេងទៀត
ជម្ងឺបង្កដោយមេរោគឆ្លងធម្មតា នៅតាមផ្លូវនោម ឬតាមទ្វារមាស ហាក់ដូចជាមិនសូវកើតមានលើស្ដ្រីដែលមានការរួម ភេទពេលមានផ្ទៃពោះឡើយ។ ផ្ទុយទៅវិញ ការលេចឡើងជារោគសញ្ញាដែលបង្កជាការឆ្លងមេរោគ ដូចជាការហូរទឹកបាយ ធ្លាក់ស ក្រហាយផ្លូវនោម ឬក្រហាយទ្វារមាស តម្រូវឱ្យស្ដ្រីនោះត្រូវទៅធ្វើការព្យាបាល ឬពិគ្រោះជាមួយគ្រូពេទ្យជាដាច់ខាត។
បើចង់ស្វែងយល់លម្អិតអំពីរបៀបឆ្លង ការបង្ការ ដំបូន្មានល្អៗគួរប្រតិបត្ដិ និងផលប៉ះពាល់នៃជម្ងឺកាមរោគ សូមអានអត្ថបទ ការរួមភេទបង្កជម្ងឺកាមរោគ ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្ដីសុខភាពយើង លេខ០០២ ខែមីនា ២០០៦។
ផែនការផ្លូវភេទ ពេលមានគភ៌
ការប្រែប្រួលរូបរាងកាយដែលបង្កឡើងដោយគភ៌ ជះឥទ្ធិពលទៅលើជីវភាពផ្លូវភេទ។
1. ជីវភាពផ្លូវភេទនៅត្រីមាសទី១ ៖ ស្ដ្រីចាប់ផ្ដើមមានអាការអស់កម្លាំង ក្អួតចង្អោរ សុដន់រីកប៉ោង ហើយដែលជួនកាល មានការឈឺចាប់ទៀតផងនោះ ព្រមទាំងមានការភ័យខ្លាចការធ្លាក់កូន។ អាការទាំងនេះអាចកាត់បន្ថយតម្រេកតណ្ហា ឬកាមកិលេស។ ការភ័យខ្លាចនេះពិតជាមិនត្រឹមត្រូវទេ ពីព្រោះនៅក្នុងដំណាក់កាលនេះ ការធ្លាក់កូន ឬរលូតកូនបណ្ដាលមកពីភាពមិនប្រក្រតីនៃ ក្រូម៉ូស្យូមរបស់អំប្រ៊ីយ៉ុងឯណោះវិញទេ។
ពេលមានទំនាក់ទំនងផ្លូវភេទ ការរីកប៉ោងនៃទំហំសុដន់ដោយការមានផ្ទៃពោះ បន្ថែមទៅលើការរួមត្បៀតសរសៃឈាម ដែលបណ្ដាលមកពីការស្រើបស្រាលខាងផ្លូវភេទ បង្កបង្កើតឱ្យមានការតឹងណែនសុដន់ជាស្ថានភាពមិនសុខស្រួល ហើយជួនមានការ ឈឺចុកចាប់ទៀតផង។ បាតុភូតនេះបាត់ទៅវិញនៅត្រីមាសទី២ និងត្រីមាសទី៣ ព្រោះថានៅដំណាក់កាលនេះ សុដន់ឆ្លើយតបទៅនឹង ការស្រើបស្រាលផ្លូវភេទ។ ទោះបីជានៅត្រីមាសទីមួយនេះមិនផ្ដល់ឱកាសដល់ការរួមភេទក្ដី ក៏ការរួមភេទអាចដំណើរការបានជា ធម្មតា។
2. ជីវភាពផ្លូវភេទនៅត្រីមាសទី២ ៖ ជាដំណាក់កាលដ៏រីករាយបំផុតពេលមានគភ៌ ស្ដ្រីមានអារម្មណ៍ថាទារកកម្រើក ពោះ មិនទាន់មានទំហំធំនៅឡើយទេ។ ស្ដ្រីភាគច្រើនចាប់អារម្មណ៍ចង់ទទួលការសប្បាយរីករាយខាងផ្លូវភេទ។ ការកើនឡើងនៃចំណង់ផ្លូវភេទ ឬតម្រេកកាមតណ្ហាពេលនេះ កើតមានឡើងដោយសារការកើនឡើងនៃចរន្ដសរសៃឈាមនៅក្នុងអាងត្រគាក។ ការរួមត្បៀត សរសៃនេះ បានបង្រួមទំហំប្រហោងទ្វារមាស បង្កឱ្យកាមារម្មណ៍រិតតែពុះកញ្ជ្រោល។ ដូចនេះ ការហូរឈាមទៅច្រាលនៅក្នុងអាង ត្រគាក និងការរួមតូចនៃទ្វារមាស បង្កបង្កើនកាមារម្មណ៍ប្លែកពីធម្មតា ពេលមានការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស។
ស្ដ្រីងាយទទួលអារម្មណ៍សុខស្រួលដល់កំពូល ដោយសារការកន្ដ្រាក់របស់ស្បូន។ ការកន្ដ្រាក់នេះមានកម្រិតតិចតួចប៉ុណ្ណោះ មិនបង្កផលប៉ះពាល់ទៅដល់ទារក ឬគភ៌ក្នុងផ្ទៃដែលមានសុខភាពល្អនោះឡើយ។ ការកន្ដ្រាក់ស្បូននេះខុសគ្នាពីការកន្ដ្រាក់ស្បូនពេល ឆ្លងទន្លេ។
3. ជីវភាពផ្លូវភេទនៅត្រីមាសទី៣ ៖ ជួនកាលមិនសូវជាមានអារម្មណ៍ល្អប៉ុន្មានទេ ដោយពោះមានទំហំធំ។ ប៉ុន្ដែការរួមភេទនៅតែអាចបន្ដបានជាដដែលទេ។ បើសិនជាបណ្ដែតបណ្ដោយឱ្យទំហំពោះ និងអាការមិនស្រួលខ្លួន ដូចជាដង្ហើមដង្ហក់ ឈឺសៀត ពោះ ឈឺនៅមាត់ទ្វារមាសជាដើម ឱ្យរំខានដល់ការរួមភេទ ឬទំនាក់ទំនងផ្លូវភេទ ពិតជាមិនគួរទទួកយកដោយស្ងៀមស្ងាត់ឡើយ។ ព្រោះថាជីវភាពផ្លូវភេទរីករាយពេលមានផ្ទៃពោះ អាចកាត់បន្ថយគម្លាតឆ្ងាយពីគ្នារវាងប្ដីប្រពន្ធក្រោយពេលសម្រាល ហើយក៏មិនមានការបែកបាក់ ឬ កាត់ផ្ដាច់នៅក្នុងទំនាក់ទំនង ឬសម្ព័ន្ធភាពស្នេហាឡើយ។
រយៈពេលនេះហើយដែលតម្រូវឱ្យគូស្នេហ៍ទាំងពីរចាប់ផ្ដើមគិតគូធ្វើវិញ្ញាសារច្នៃប្រឌិត ឬផ្លាស់ប្ដូរជីវភាពផ្លូវភេទ ដូចជាថា តើត្រូវរួមភេទដោយកាយវិការក្បាច់ ឬជំហររួមភេទបែបណាទើបត្រឹមត្រូវ។ មិនត្រូវឱ្យការតានតឹងនៃចំណង់ផ្លូវភេទ ក្លាយជារបាំង កាត់ផ្ដាច់ចំណងស្នេហារបស់លោកអ្នកឡើយ។ យ៉ាងហោចណាស់ រសជាតិសប្បាយខាងផ្លូវភេទដោយការថើប ការបបោសអង្អែល នែបនិត្យ និងការថ្នាក់ថ្នមគ្នាទៅវិញទៅមក នៅតែអាចធ្វើឡើងបានគ្រប់កាលៈទេសៈ។
បណ្ដាំអ្នកនិពន្ធ
នៅទីបញ្ចប់នៃគភ៌ ពោលគឺពេលសម្រាល បុរសជាប្ដីគួរតែនៅក្បែរភរិយាឱ្យបានច្រើន។ ប៉ុន្ដែបុរសខ្លះមិនហ៊ានមើលភរិយា សម្រាលបុត្រឡើយ គួរតែមានការអនុគ្រោះដល់គាត់ផងដែរ។ តែទោះជាយ៉ាងណាក្ដី បុរសជាប្ដីត្រូវតែខំធ្វើឱ្យបានដើម្បីបង្ហាញពី សេចក្ដីស្រឡាញ់ នោះស្ដ្រីជាប្រពន្ធនឹងប្ដូរផ្ដាច់ជាមួយលោកជាប្ដី មិនបែកបែរឡើយ។ កុំឱ្យដូចពាក្យថាលោកត្រូវការតែខ្លួនប្រាណ គាត់ដើម្បីតែផ្លូវភេទតែមួយមុខប៉ុណ្ណោះ។
នៅលេខក្រោយ យើងខ្ញុំនឹងបង្ហាញអំពីក្បាច់រួមភេទពេលមានផ្ទៃពោះ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply