ការនិយមរក្សាស្បែកឱ្យស្អាតសភ្លឺចែងចាំង បង្អន់ភាពជ្រីវជ្រួញក្មេងជាងវ័យ គឺគ្មានថ្ងៃសាបរលាបពីក្នុងចិត្ដរបស់សុភាពនា រីនោះទេ ព្រោះនរណាៗក៏ចង់ឱ្យសម្រស់នៅក្មេងបានយូរ។ ដូច្នេះទើបផលិតផលរក្សាស្បែកលក់ដាច់ខ្លាំងណាស់នៅលើទីផ្សារ។ ផលិតផលខ្លះមានប្រយោជន៍ រីឯផលិតផលខ្លះទៀតបានបំផ្លាញស្បែកទៅវិញ។
ថ្វីត្បិតតែមានផលិតផលច្រើនប្រភេទមែន ក៏ប៉ុន្ដែមិនមែននរណាក៏ចេះតែជ្រើសរើសបាននូវផលិតផលដែលសក្ដិសមនឹង ស្បែករបស់ខ្លួននោះទេ។ ដើម្បីជាជំនួយដល់សុភាពនារីក្នុងការជ្រើសរើសផលិតផលរក្សាស្បែកឱ្យសមស្រប មិនខាតពេលវេលា និង ថវិកា ទស្សនាវដ្ដី សុខភាពយើង សូមលើកយកវិធីក្នុងការជ្រើសរើសផលិតផលរក្សាស្បែកមកជម្រាបជូន។
ផលិតផលរក្សាស្បែក ជាអ្វី?
ផលិតផលរក្សាស្បែក គីជាផលិតផលប្រើសម្រាប់ជំនួយដល់ស្បែកឱ្យស្រស់ស្អាតតាមតម្រូវការរបស់អ្នកប្រើប្រាស់។ ផលិត ផលរក្សាស្បែកភាគច្រើននិយមប្រើវាជាម្សៅឡេ ឬក្រែមសម្រាប់លាបលើស្បែក។ ការលាបម្សៅឡេ ឬក្រែមទាំងនេះបានជោគជ័យ ត្រូវពឹងផ្អែកទៅលើប្រភេទស្បែក និងការជ្រើសរើសម្សៅក្រែម ឬឡេឱ្យសក្ដិសម។
ស្បែកស្ងួត
សុភាពនារីដែលមានស្បែកស្ងួតត្រូវការម្សៅក្រែម ឬឡេដែលមានសារធាតុវីតាមីនច្រើនសម្រាប់បំប៉នស្បែកឱ្យមានសំណើម ឡើងវិញ។ ក៏ប៉ុន្ដែគប្បីត្រូវប្រយ័ត្នផងដែរ ព្រោះអ្នកដែលមានស្បែកស្ងួតងាយចាញ់ផលិតផលណាស់។ ចៀសវាងការងូតទឹកក្ដៅ និងត្រូវ ពន្លឺថ្ងៃរយៈពេលយូរ ព្រោះវាអាចធ្វើស្បែកកាន់តែស្ងួត។
ស្បែកខ្លាញ់
អ្នកនាងកញ្ញាដែលមានស្បែកប្រភេទនេះ ជាប្រភេទស្បែកដ៏យ៉ាប់យ៉ឺនបង្គួរ។ ស្បែកខ្លាញ់ ឬស្បែកមានជាតិខ្លាញ់ ងាយប្រឡាក់ធូលីដែលធ្វើឱ្យស្បែកឡើងស្អិតៗដូចកាវខាប់ ប្រសិនបើមិនសម្អាតឱ្យត្រឹមត្រូវ អាចបង្កស្នាមខ្មៅតូចៗនៅលើស្បែក។ ស្បែក ខ្លាញ់គួរតែជ្រើសរើសយកម្សៅក្រែម ឬឡេដែលមានជាតិខ្លាញ់តិចបំផុត ទើបមើលទៅមិនឃើញស្បែករងើម។
ស្បែកធម្មតា
បើសិនជាស្បែកអ្នកនាងកញ្ញាស្ថិតក្នុងប្រភេទនេះ ពិតជាការប្រសើរណាស់ មិនចាំបាច់គិតច្រើនទេ ព្រោះផលិតផលណាក៏អាច ប្រើបានដែរ។ ចំណុចដែលបានលើកមកជម្រាបជូននេះ សម្រាប់ជាជំនួយដល់សុភាពនារីទាំងឡាយ មុនជ្រើសរើសទិញផលិតផលច្រើនសន្ធឹក សន្ធាប់ទាំងនេះ។ ហើយប្រការសំខាន់ គឺត្រូវសមប្រកបជាមួយស្បែកផងដែរ។ បើប្រើយូរៗទៅ វាអាចធ្វើឱ្យស្បែកកាន់តែល្អ នោះសុភាពនារីនឹងប្រាកដក្នុងចិត្ដថាផលិតផលនោះហើយគួរតែប្រើវាជារៀងរហូត។ ប៉ុន្ដែនៅពេលដែលទិញផលិតផល មិនគួរភ្លេចមើលនូវកាលបរិច្ឆេទ និងការកំណត់នៃអាយុផលិតផលអស់ទាំងនោះឡើយ។
ដំបូន្មានអ្នកជំនាញ
ផលិតផលរក្សាស្បែកអាចជំនួយឱ្យស្បែកស្រស់ស្អាតបាន ហើយក៏អាចបំផ្លាញស្បែកយើងផងដែរ។ សូមជ្រើសរើសផលិតផល ណាដែលមានគុណភាពសម្រាប់ស្បែក។ ក្រៅពីនេះ ក៏គួររក្សាស្បែកតាមរយៈការទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply