សូមស្វែងយល់ពីវិធីមួយចំនួននៃការថែរក្សាអនាម័យប្រដាប់ភេទ ក៏ដូចជាប្រដាប់បន្ដពូជរបស់ស្ដ្រីជាមួយទស្សនាវដ្ដី សុខ ភាពយើង តាមរយៈការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេសរោគស្ដ្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
លក្ខណៈទូទៅនៃប្រដាប់ភេទស្ដ្រី
ប្រដាប់ភេទ គឺជាផ្នែកមួយនៃប្រព័ន្ធបន្ដពូជ ដែលផ្នែកជីវសាស្ដ្រកំណត់ថាភេទស្រី ឬប្រុស ដោយផ្អែកលើលក្ខណៈសម្គាល់ ទៅតាមភេទនីមួយៗ។ ប្រដាប់ភេទស្ដ្រីមានលក្ខណៈស៊ាំញ៉ាំស្មុគ្រស្មាញ ហើយចែកចេញជាច្រើនផ្នែក។ ផ្នែកខាងក្រៅមានដូចជាមាត់ ទ្វារមាស សន្ទះព្រហ្មចារីជាដើម។ រីឯផ្នែកខាងក្នុងមានដូចជាមាត់ស្បូន ដៃស្បូន តួស្បូនជាដើម។ ដោយសារប្រដាប់ភេទស្ដ្រីមានជា ច្រើនផ្នែក ដែលធ្វើឱ្យស្ដ្រីងាយរងការឆ្លងមេរោគផ្សេងៗជាច្រើនតាមប្រព័ន្ធបន្ដពូជនោះ បើមិនមានការថែរក្សាអនាម័យឱ្យបានដិតដល់ទេ។
របៀបធ្វើអនាម័យប្រដាប់ភេទស្ដ្រី
ការសម្អាតប្រដាប់ភេទជារឿងសំខាន់ដែលត្រូវធ្វើជាប្រចាំ។ ដោយសារប្រព័ន្ធបន្ដពូជរបស់ស្ដ្រីមានលក្ខណៈស៊ាំញ៉ាំ ហើយ អ្វីដែលសំខាន់នោះ គឺនៅក្នុងប្រព័ន្ធបន្ដពូជរបស់ស្ដ្រីមានទំនាក់ទំនងតភ្ជាប់គ្នាទាំងអស់។ ហេតុនេះទើបបើកឱកាសឱ្យអតិសុខុមប្រាណ ដែលបង្កឱ្យកើតជម្ងឺផ្សេងៗ ជួនកាលជម្ងឺនោះអាចឆ្លងរាលដាលដល់កន្លែងដទៃទៀត ដូចជាអាងត្រគាកជាដើម។ ជាទូទៅ នៅពេល ចូលដល់វ័យដែលមានរដូវ(គ្រប់ការ) នោះរាងកាយស្ដ្រីមានការប្រែប្រួលខុសប្លែកពីពេលមុន នោះហើយដែលស្ដ្រីត្រូវយល់ដឹងពីវិធីសាស្ដ្រមួយចំនួន ដើម្បីថែរក្សាអនាម័យខ្លួនប្រាណ។ មិនមែនការថែរក្សានេះធ្វើបានចំពោះតែស្ដ្រីមានស្វាមី ឬក៏ស្ដ្រីដែលមានការរួមភេទនោះទេ។
1. ស្ដ្រីនៅក្រមុំ ឬមិនទាន់ឆ្លងកាត់ការរួមភេទ ៖ ថ្វីត្បិតតែមិនទាមទារឱ្យមានការថែរក្សាពិសេស ប៉ុន្ដែមិនមែនបានន័យថា មិនថែទាំសោះនោះទេ។ ព្រោះមានជម្ងឺមួយចំនួនអាចកើតមានទ្បើងនៅលើប្រដាប់បន្ដពូជរបស់ស្ដ្រីដែលមិនធ្លាប់ឆ្លងកាត់ការរួមភេទ ដូចជាធ្លាក់ស រលាកអវៈយវៈភេទ រមាស់ជាដើម។ ដូចនេះចំពោះស្ដ្រីនៅក្រមុំ ឬនៅលីវមិនចាំបាច់មានអ្វីច្រើនទេ ដោយគ្រាន់តែ សម្អាតប្រដាប់ភេទដោយទឹកស្អាតធម្មតារៀងរាល់ពេលបន្ទោរបង់រួច ដោយមិនត្រូវលូកសម្អាតទៅដល់ខាងក្នុងទេ ព្រោះអាចបណ្ដាល ឱ្យប៉ះពាល់ដល់សន្ទះព្រហ្មចារី ឬក៏ភ្នាសស្បូន។ ម្យ៉ាងទៀតនៅក្នុងប្រដាប់បន្ដពូជរបស់នារី តែងតែបញ្ចេញសារធាតុសម្រាប់សម្អាត ផ្នែកខាងក្នុងដោយស្វ័យប្រវត្ដិ។ ស្ដ្រីដែលនៅក្រមុំ ឬនៅលីវមិនគួរប្រើប្រាស់ទឹកអនាម័យសម្រាប់លាងសម្អាតទេ លើកលែងតែមាន វេជ្ជបញ្ជាពីគ្រូពេទ្យ។
2. ស្ដ្រីមានស្វាមី ឬឆ្លងកាត់ការរួមភេទ ៖ ក្នុងដំណាក់កាលនេះ គ្រប់ស្ដ្រីទាំងអស់ជាស្វ័យប្រវត្ដិតែងតែមានការហ្មត់ចត់ក្នុង ការធ្វើអនាម័យប្រដាប់ភេទ។ ដោយហេតុថាដើម្បីឱ្យទំនាក់ទំនងផ្លូវភេទប្រព្រឹត្ដទៅដោយរលូន អនាម័យជាប្រការមួយមិនអាច មើលរំលងបាន។ មានគូស្វាមីភរិយាមួយចំនួនរកាំរកូសគ្នាដោយការមិនយល់ពីការថែរក្សាអនាម័យក្នុងជីវភាពជាប្ដីប្រពន្ធ។ ទំនាក់ ទំនងផ្លូវភេទរវាងប្ដី និងប្រពន្ធជារឿងដែលមិនអាចខ្វះបាន។ មុនពេលរួមភេទ គ្រប់ស្ដ្រីទាំងអស់ត្រូវតែសម្អាតអវៈយវៈភេទឱ្យបានល្អ ដើម្បីបង្ការការចម្លងរោគតាមផ្លូវភេទ ក៏ដូចជាក្លាហានក្នុងការនិយាយទៅកាន់ស្វាមី ឬក៏ដៃគូរបស់ខ្លួនពីបញ្ហានេះដែរ។ បើលោក ស្រីអ្នកនាងសម្អាតតែម្នាក់ឯង ហើយភាគីម្ខាងទៀតមិនសម្អាត ជម្ងឺផ្សេងៗនៅតែអាចមានឱកាសរាតត្បាតដដែល។ ក្នុងករណីដែល មានជម្ងឺ ដែលបង្កតាមការរួមភេទ ចាំបាច់ត្រូវតែព្យាបាលទាំងពីរនាក់ ទោះបីជាភាគីខាងប្រុសមិនមានជារោគសញ្ញា ឬក៏ការឈឺចាប់ អ្វីក៏ដោយ។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងចម្លងឱ្យគ្នាទៅវិញទៅមកមិនមានថ្ងៃជាសះស្បើយឡើយ ថែមទាំងអាចបណ្ដាលឱ្យក្លាយ ទៅជាជម្ងឺផ្សេងៗទៀតជាច្រើន ហើយមានគ្រោះថ្នាក់ទៀតផង ដូចជាជម្ងឺមហារីកស្បូនជាដើម។ ការព្យាបាលជម្ងឺនោះទៀតសោត សូមមេត្ដាប្រុងប្រយ័ត្ន មិត្ដនារីទាំងអស់មិនមែនសុទ្ធតែអាចឱ្យគ្រូពេទ្យបើកស្បូនពិនិត្យបានគ្រប់ពេលនោះទេ ព្រោះអាចឆ្លងរោគតាម ឧបករណ៍សម្រាប់បើកស្បូន បើមិនមានអនាម័យគ្រប់គ្រាន់ និងជួនកាលអាចធ្វើឱ្យរលាកស្បូនទៀតផង។
ប្រការគួរប្រតិបត្ដិ ពេលព្រឹត្ដិការណ៍ពិសេស
រាងកាយស្ដ្រីតែងតែមានការប្រែប្រួលជាប្រចាំ ដូចជាពេលមានរដូវ ពេលមានផ្ទៃពោះ ពេលសម្រាលកូនជាដើម។
1. នៅពេលមានរដូវ ៖ ជាធម្មតាក្នុងមួយខែមានរយៈពេលពី៣ទៅ៧ថ្ងៃ ដែលស្ដ្រីមានធ្លាក់ឈាមរដូវ ដោយគ្រាន់តែស្ដ្រី ខ្លះ មានរដូវទៀងទាត់ និងមិនទៀងទាត់តែប៉ុណ្ណោះ។ គ្រប់ស្ដ្រីទាំងអស់ត្រូវតែរក្សាអនាម័យឱ្យបានច្រើនជាងពេលមិនមានរដូវ ព្រោះ នៅពេលនេះសរីរាង្គបន្ដពូជរបស់ស្ដ្រីខ្សោយជាងពេលធម្មតា ហើយងាយឆ្លងរោគផ្សេងៗ។ ការប្រើប្រាស់សំឡីអនាម័យនោះទៀត សោត ចាំបាច់តម្រូវឱ្យសុភាពនារីទាំងអស់ចេះជ្រើសរើសសំឡីអនាម័យដែលមានសភាពទន់ ហើយឆាប់ជក់ទឹកបានល្អ។ គប្បីប្ដូរសំឡី អនាម័យរៀងរាល់៣ ឬ៤ម៉ោងម្ដង ព្រោះថាបើទុករយៈពេលយូរ អាចធ្វើឱ្យក្ដៅ និងបង្កជាស្នាមកន្ទួលរមាស់ទៀតផង។
2. នៅពេលមានផ្ទៃពោះ ៖ កំឡុងពេលនេះ ដោយសារតែការប្រែប្រួលនៃអ័រម៉ូន ជួនកាលស្ដ្រីមានធ្លាក់នូវវត្ថុរាវពណ៌សថ្លា ចេញពីទ្វារមាសដែលទាមទារឱ្យស្ដ្រីសម្អាតឱ្យបានញឹកញាប់ យ៉ាងហោចណាស់ឱ្យបានពីរដងក្នុងមួយថ្ងៃ ប៉ុន្ដែមិនត្រូវលូកលាងទៅដល់ ផ្នែកខាងក្នុងទេ។ បើមានបញ្ហាមិនប្រក្រតីណាមួយ គប្បីត្រូវប្រញាប់រកគ្រូពេទ្យជំនាញ មិនអាចប្រើថ្នាំព្យាបាលដោយខ្លួនឯងបានទេ ព្រោះមានថ្នាំប្រភេទខ្លះអាចបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។
3. ក្រោយពេលសម្រាល ៖ ជាធម្មតាតែងតែមានធ្លាក់ឈាម ហេតុនេះគ្រប់ស្ដ្រីទាំងអស់ត្រូវសម្អាតអវៈយវៈភេទជាមួយ នឹងទឹកក្ដៅឧណ្ហៗ និងឧស្សាហ៍ផ្លាស់ប្ដូរសម្លៀកបំពាក់ ឬសំឡីអនាម័យឱ្យបានញឹកញាប់។ សម្លៀកបំពាក់ ឬឧបករណ៍ប្រើប្រាស់ ផ្សេងៗ ដែលទាក់ទងនឹងអវៈយវៈភេទ ត្រូវសម្អាតឱ្យបានហ្មត់ចត់ ព្រមជាមួយនឹងការសម្លាប់មេរោគឱ្យបានល្អ មុននឹងប្រើប្រាស់។
ការពារខ្លួនឯង ប្រសើរជាងព្យាបាល
មានតែសុភាពនារីខ្លួនឯងទេ ដែលអាចជួយខ្លួនឯងបានពីបញ្ហាអនាម័យនេះ។ ប្រការមួយចំនួនដែលសុភាពនារីចាំបាច់ត្រូវ តែដឹងរួមមាន៖
- សូមជ្រើសរើសខោទ្រនាប់ពីសាច់ក្រណាត់កូតុង និងផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ។
- ក្រោយពេលបន្ទោរបង់ ត្រូវលាងសម្អាតប្រដាប់ភេទឱ្យបានស្អាត ដោយជូតសម្អាតចាប់ពីមុខមកក្រោយ ដើម្បីកុំឱ្យមាន ការនាំយកមេរោគពីផ្នៃកចុងនៃពោះវៀនធំ(ទ្វារលាមក)មកកាន់ប្រដាប់បន្ដពូជ។
- រៀងរាល់៦ខែ ឬ១ឆ្នាំម្ដង ទោះមិនមានបញ្ហាអ្វីក៏ដោយ ក៏ស្ដ្រីត្រូវតែទៅត្រួតពិនិត្យសុខភាពឱ្យបានទៀងទាត់ ក្រែងមាន បញ្ហាមួយចំនួនដែលមិនស្ដែងចេញជារោគសញ្ញា។
- ព្យាយាមថែទាំសម្អាតអវៈយវៈភេទផ្នែកខាងក្រៅកុំឱ្យមានអាការរលាក ពីព្រោះបើមានការរលាក ហើយមិនបានថែទាំ ឱ្យបានដិតដល់នោះ នាំឱ្យបាក់តេរីវាយលុករាតត្បាតទៅស្បូន ដៃស្បូនជាដើម។
- ត្រូវមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសទឹកអនាម័យសម្រាប់សម្អាតអវៈយវៈភេទ ជាពិសេសត្រូវផ្ដោតសំខាន់ទៅលើ តុល្យភាពរវាងបាស និងអាស៊ីដ និងប្រតិកម្មផ្សេងៗ ដែលបង្កឡើងពីការប្រើប្រាស់ទឹកអនាម័យដែលគ្មានគុណភាព។
ដំបូន្មានអ្នកជំនាញ
អនាម័យអវៈយវៈភេទជារឿងដែលមិនអាចខ្វះបាន ហើយក៏មិនមានអ្នកណាអាចធ្វើជំនួសបានដែរ។ សូមព្យាយាមជួយខ្លួន ឯងក្នុងរឿងនេះ។ ធ្វេសប្រហែសតែបន្ដិច ជួនកាលឱកាសធ្វើជាម្ដាយ ក៏សុភាពនារីមិនអាចទទួលបានដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧
Leave a Reply