យោធា​ម្នាក់នាំ​សង្សារទៅ​ដើរលេង តែ​បែរជាចាក់​សម្លាប់​ប្លន់យក​ម៉ូតូសង្សារ​ទៅវិញ

ឃាតកម្មប្លន់សម្លាប់តែងកើតមានជា​ហូរហែនៅក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ។ ការប្លន់ពីសំណាក់ជនមិនស្គាល់មុខវាគឺមិនសូវជាបញ្ហាក្តៅគគុកប៉ុន្មាននោះទេសម្រាប់សង្គមកម្ពុជា ពីព្រោះគេសឹងតែបានដឹងឮករណីទាំងនោះជារឿយៗរួចមកហើយ។ តែករណីលួចប្លន់ ហើយចាក់សម្លាប់សង្សាររបស់ខ្លួន ទើបជាហេតុការណ៍ដ៏គួរឲ្យសាហាវ និងជាបទពិសោធន៍មួយសម្រាប់ប្រជាជនខ្មែរត្រិះរិះគិតពិចារណាការទុកចិត្តចំពោះមនុស្សណាម្នាក់។

រូបភាពគេហទំព័រសុខភាពកម្ពុជា

មន្ត្រី​យោធាម្នាក់​ត្រូវ​​នគរបាល​​ប៉ុស្តិ៍​ទឹក​ល្អក់ទី៣ ចាប់​ខ្លួន​កាលពី​​វេលា​ម៉ោង​១០ព្រឹក​ ថ្ងៃទី​៤​ មេសា​​ នៅ​ផ្ទះ​កុង​ស៊ី​បញ្ចាំ​លេខ​៧AE0 ផ្លូវ​លេខ១៨៦ សង្កាត់​ទឹក​ល្អក់ទី៣ ខណ្ឌ​ទួល​គោក ភ្នំពេញ បន្ទាប់ពី​ធ្វើ​សកម្មភាពនាំ​សង្សារ​ទៅ​ចាក់​សម្លាប់​​នៅ​តាម​ផ្លូវ​លេខ​៥៩៨ ខណ្ឌ​ឫស្សីកែវ​ ប្លន់​យក​ម៉ូតូ​ម៉ាក​​គុប​សេ​៥០ ពណ៌ទឹក​ប៊ិច​១គ្រឿងទៅ​ដាក់​បញ្ចាំ​ ។​ នេះ​បើ​យោង​តាមការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌មាន​កោះសន្តិភាព។

ក្នុង​​សកម្មភាព​ដែល​ត្រូវ​ចោទ​ថាប្លន់​នោះ​ គឺបន្ទាប់​ពី​មន្រ្តី​យោធារូបនេះ​បាន​ប្រើ​កាំ​បិត​ចុង​ស្រួច​ចាក់​ទៅ​លើ​នាង​ជាសង្សារ​របស់​ខ្លួន​​ចំនួន​៤​កាំ​បិត​នៅ​កណ្តាល​ដី​ឡូត៍​មួយកន្លែង​ ហើយ​ស្មាន​តែស្លាប់​ក៏​យក​ម៉ូតូ​​ជិះគេច​ខ្លួន​​ តែ​ក្រោយ​​មក​ស្ត្រី​ជា​សង្សារ​​បាន​មក​ដាក់​ពាក្យ​ប្តឹង​​ ទើប​ឈាន​​ដល់ការ​ចាប់​ឃាត់​ខ្លួន​តែ​ម្តង​ ។ នៅ​ក្នុង​ការ​ចាប់​​ខ្លួន​នេះសមត្ថកិច្ច​​ក៏​បានឃាត់​ខ្លួនបុរសម្នាក់​ទៀត ដែល​​ជា​អ្នក​ជូន​ទៅ​យក​ប្រាក់​ពី​កុង​ស៊ី​ផងដែរ ។​

ជន​សង្ស័យ​ចាក់​សម្លាប់​សង្សារ​ប្លន់​យក​ម៉ូតូ​នោះ​ឈ្មោះ​ ម៉ន ច័ន្ទដា​រ៉ា អាយុ​២៤ឆ្នាំ  ជាមន្ត្រី​យោធាសក្តិ​១ មាន​ទីលំនៅ​ផ្ទះលេខ​៣៦៥ ផ្លូវ​លេខ​៩៣ សង្កាត់​អូរឫស្សីទី៤ ​ខណ្ឌ​៧មករា ភ្នំពេញ។ ចំណែក​ស្រ្តី​ជាសង្សារ​​ឈ្មោះ ហុក សុលក្ខិណា​​ អាយុ​២២ឆ្នាំ ជាអ្នក​លក់​ថ្នាំពេទ្យ​​នៅ​ផ្សារ​តា​ប៉ាង​ស្នាក់នៅ​ផ្ទះ​ជួល​ ផ្លូវ​លេខ​២៦១ សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួលគោក​ ភ្នំពេញ រង​របួស​ចំនួន​៤​កាំបិត​​​ប៉ុន្តែសំណាងល្អ​​ត្រូវ​បាន​សង្គ្រោះ​ទាន់​ពេល​បាន​រួចជីវិត។

តាម​​ប្រភពព័ត៌មាន​ឱ្យ​ដឹងថា​ ទាក់ទិន​នឹង​ការ​ចាក់​សម្លាប់​ស្រ្តី​ជា​សង្សារ​ប្លន់យក​ម៉ូតូ​នេះ ទំនង​ជាមាន​លាយឡំ​ដោយគំនុំ​ផងដែរ ។​ បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន ម៉ូតូ​​ម៉ាក​គុប​១គ្រឿង​ត្រូវ​​បាន​សមត្ថកិច្ច​​​​ដក​ហូត​បាន​មក​វិញ ។ តាម​ព័ត៌មាន​​បានឱ្យដឹងថា ​កាលពី​វេលា​ម៉ោង​១០យប់​​ថ្ងៃទី​​៣ មេសា​​ ជន​សង្ស័យ​ឈ្មោះ ម៉ន ច័ន្ទដារ៉ា​​​ បាន​នាំ​សង្សារ​ឈ្មោះ ហុក​ សុលក្ខិណា​ ដើរ​លេង​ហើយ​​នាំ​ទៅ​កន្លែង​ស្ងាត់​តាម​ផ្លូវលេខ​​៥៩៨ ក្នុង​ខណ្ឌ​ឫស្សីកែវ ​រួចបាន​ធ្វើ​សកម្មភាព​​ចាក់​សម្លាប់​ប្លន់​​យក​ម៉ូតូ​ជិះ​គេច​ខ្លួនតែម្តង ។ លុះ​ក្រោយ​មក​​ ជន​រង​គ្រោះ​បាន​ដឹង​ខ្លួនវិញ ឱ្យ​អ្នករត់​ម៉ូតូ​ឌុប​ជួយដឹកទៅកាន់​មន្ទីរពេទ្យ​​សន្តិភាព​នៅ​សង្កាត់​ស្វាយប៉ាក ព្យាបាល​របួស​ហើយ​បាន​ប្តឹង​ប៉ូលិស​​​ខណ្ឌ​ទួលគោក ។

តាម​ព័ត៌មាន​បន្តទៀតថា ​បន្ទាប់​ពី​ទទួល​ព័ត៌មាន​​ ប៉ូលិស​​ខណ្ឌទួល​គោក​​បាន​ទាក់ទង​ទៅ​ប៉ុស្តិ៍​ទឹក​ល្អក់​ទី៣ ដើម្បី​ត្រួត​ពិនិត្យ​តាម​កុង​ស៊ី ទើប​ឈាន​ទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ​ដែល​យក​ម៉ូតូ​​​​ជនរងគ្រោះទៅ​ដាក់​បញ្ចាំ​តម្លៃ​​២៥០ដុល្លារ ​នៅវេលា​ម៉ោង​៧ព្រឹក​ថ្ងៃទី​៤ មេសា ​។ លុះ​​ដល់​ម៉ោង​ប្រមាណ​១០ព្រឹក​ជន​នោះបាន​ឱ្យ​ម៉ូតូ​ឌុប​ទៅ​យក​ប្រាក់​​បន្ថែម​៥០ដុល្លារ​ទៀត​ ក៏ត្រូវ​​ប៉ូលិស​ប៉ុស្តិ៍​ទឹក​ល្អក់ទី៣ ចាប់ខ្លួន​​បាន​តែ​ម្តង​​ ព្រមទាំង​​ដក​ហូត​​បាន​ម៉ូតូ​ត្រឡប់​មក​វិញ ។

តាម​ស្ត្រី​រង​គ្រោះ​បាន​ឱ្យ​ដឹងថា​ ខ្លួន​មាន​ទំនាក់​ទំនង​ជា​មួយ​ជ​​ន​សង្ស័យ​​រយៈ​ពេល​ប្រមាណ​២​ឆ្នាំ​មក​ហើយ​​ដោយ​ជន​នោះ​ស្រ​ឡាញ់​​​​នាង​​តែ​នាង​ពុំ​ស្រឡាញ់ឡើយ គ្រាន់​តែ​រាប់​អាន​គ្នា​​តែ​​ប៉ុណ្ណោះ ។ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣ មេសា​ ជន​សង្ស័យ​ឈ្មោះ​ម៉ន ច័ន្ទ​ដារ៉ា បាន​ទូរស័ព្ទ​បបួល​នាង​ទៅ​ញ៉ាំ​អាហារ លុះ​ដល់​វេលា​ម៉ោង​ប្រមាណ​៨​យប់​​នាង​បាន​ជិះ​ម៉ូតូ​​គុប​ទៅ​ឌុប​ជន​នោះ​នៅ​សង្កាត់​បឹង​ត្របែក ហើយ​ជិះ​ម៉ូតូ​ដើរ​លេង​នៅ​កោះ​ពេជ្រ​ និង​នាំ​គ្នា​ទៅ​ហូប​​សាច់​គោ​អាំងនៅ​ទួល​គោក​រហូតដល់​ម៉ោង​ប្រមាណ​​១០​យប់​ក៏បាន​ជិះម៉ូតូ​ដើរ​លេង​តាម​ផ្លូវ​លេខ​៥៩៨ ហើយ​​​ចូលទៅក្នុង​ដី​ឡូត៍មួយ​ដោយ​ប្រាប់​នាងថា​ចូល​បត់​ជើង ។

ស្រី្តរងគ្រោះបន្តទៀតថា នៅ​ពេល​នោះ​ឈ្មោះ​ម៉ន ច័ន្ទ​ដារ៉ា បាន​ចាប់​នាង​សួរ​ថា​ស្រឡាញ់គេ​ឬ​ទេ និង​សុំ​ថើប​​តែ​នាង​បដិសេធ ។ ភ្លាម​នោះ​ជន​នោះ​បាន​ចាប់​នាង​ផ្តួល​លើ​ដី​​រួចទាញ​​កូន​កាំ​បិត​ចាក់​នាងចំនួន​៣​កាំ​បិត​ នាងក៏​ធ្វើ​ពុតជា​ស្លាប់​ តែជន​នោះ​​សង្ស័យបានយក​ដៃ​បើក​ភ្នែក​​ និង​ស្តាប់​ដង្ហើម​ច្រមុះនាង ។ ក្រោយ​ម​ក​គេបាន​ចាក់​នាងមួយ​កាំ​បិត​ទៀត​រួច​​យ​ក​ទូ​រស័ព្ទ​ម៉ាក Hello ស៊ីម​២​មួយ​គ្រឿង​របស់នាង​ និង​ទាញ​ម៉ូតូជិះ​គេច​ខ្លួន​បាត់។ បន្ទាប់​ពី​ជន​នោះ​ទៅ​បាត់​នាង​បាន​​ក្រោក​ងើប​ដោះ​​អាវ​ខ្ទប់​ឈាម​ដើរ​ចេញ​មក​ក្រៅ​ហៅ​ម៉ូតូ​ឌុប​​ជិះ​ទៅ​មន្ទីរ​​ពេទ្យ​ឯក​ជន​សន្តិភាព​ដើម្បី​ព្យាបាល​​របួស​ ។​ ពេល​ត្រឡប់​មក​ដល់​ផ្ទះ​ក៏​បាន​ដាក់ពាក្យ​បណ្តឹង​​នៅ​ប៉ុស្តិ៍​ ក្រោយ​​មក​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​​ខ្លួន​ជននោះ​តែ​ម្តង ។ ​

តាម​ព័ត៌មាន​បន្ត​ទៀត​ថា នៅ​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​ ជន​សង្ស័យ​បាន​ទូរស័ព្ទ​​ទៅ​ម្តាយ​​ស្រ្តី​រង​គ្រោះ​ប្រាប់​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរគេនឹង​​ឱ្យ​ឪពុក​ម្តាយ​ចូល​ទៅ​ស្តី​ដណ្តឹង​កូនស្រីគាត់តាម​ច្បាប់​ មិន​នឹកស្មាន​ថា ​គេហៅ​ស្រី្តដែល​ខ្លួន​ស្រឡាញ់​​ទៅ​ដើរ​លេង​ បែរជានាំ​ទៅ​ចាក់​សម្លាប់​ប្លន់​​យកម៉ូតូបែប​នេះទេ ៕

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ៦ មេសា ឆ្នាំ​ ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *