យុត្ថារ៉ា ឆាន្នី សុខភាពល្អ រាងកាយ​មាំមួន រូបរាង​ស្រស់សង្ហា

“ស្នេហាមួយ” ជាភាពយន្ដ​ដំបូង​បំផុត​ដែលបាន​សាងកេរ្ដិ៍​ឈ្មោះឱ្យ​តារារូប​សង្ហា យុត្ថារ៉ា ឆាន្នី ក្លាយជា​ទីចាប់​អារម្មណ៍​របស់ អ្នកស្នេហា​វិស័យ​ភាពយន្ដ​ខ្មែរ។ ទេពកោសល្យ​សម្ដែង និងភាព​ស្រស់សង្ហា​ធ្វើឱ្យ​លោកជាប់​ជាតារា​ជួរមុខ និងទទួល​បាននូវ​ការគាំទ្រ  ។ រហូតមក​ដល់​បច្ចុប្បន្ន​នេះ លោកនៅ​តែបន្ដ​រក្សាបាន​តំណែង​ជាតារា​ឯក និងមាន​ភាពល្បីល្បាញ​កាន់តែ​ខ្លាំងឡើង​ថែមទៀត។ អ្វី ដែល​សំខាន់​ជាងគេ គឺលោកនៅ​តែរក្សា​បាននូវ​ភាពស្រស់​សង្ហាមិន​ចាញ់តារាថ្មី​ស្រករ​ក្រោយ​ឡើយ។ ចង់ដឹងថា​តើលោក យុត្ថារ៉ា ឆាន្នី មានអាថ៌​កំបាំង​ថែរក្សា​សម្រស់ និងសុខភាព​យ៉ាងណា សូមតាម​ដានការស្រាយ​បំភ្លឺរបស់​លោក​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សា​ស្បែកមុខ

ក្នុងឋានៈ​​ជាតារា​ភាពយន្ដ ត្រូវប្រឈម​មុខនឹង​កម្ដៅថ្ងៃ​រៀងរាល់​ពេលចេញ​ទៅសម្ដែង និងការ​ផាត់ម្សៅ​តុបតែង​ដែលងាយ​នឹងធ្វើឱ្យ​ស្បែកមុខ​ខូច។ ដើម្បីបញ្ចៀស​រាល់បញ្ហា​ទាំងនេះ លោកបាន​ជ្រើសរើស​យក​ផលិតផល​ជំនួយ​ឬការពារ​ស្បែកមុខ​លាបនៅ ពេលចេញ​ក្រៅផ្ទះ ឬមុនប្រើ​ម្សៅ​តុបតែង​ពេល​សម្ដែង។ ចប់ការ​សម្ដែង លោកតែង​យកផលិតផល​ទឹកម្យ៉ាង​ជ្រលក់​នឹងសំឡី រួចជូត សម្អាត​ផ្ទៃមុខ។ ក្រោយពេល​មកដល់ផ្ទះ ក៏បន្ដលុប​លាងមុខ​នឹងសាប៊ូ​ដើម្បីកម្ចាត់​ជាតិម្សៅ បំបាត់ស្នាម និងជាតិខ្លាញ់​ពីស្បែកមុខ។ សម្រាប់​ពេលយប់ លោកឆាន្នី​ក៏មានប្រើ​នូវ​ផលិតផល​ជំនួយ​ស្បែកមុខ​បន្ថែមទៀត​ផងដែរ។

ការថែរក្សា​ស្បែកខ្លួន

តាមលក្ខណៈ​ធម្មជាតិ លោកមិន​ដែលគិត​ថាចង់ឱ្យ​ស្បែកស តែក៏មិន​បណ្ដោយឱ្យ​ខ្មៅពេកដែរ។ ការសម្អាត​ខ្លួនជា​ប្រចាំ ជា រឿងធម្មតា​សម្រាប់​មនុស្ស​ទូទៅ។ ប៉ុន្ដែក្នុង​នាមជា​តារាសម្ដែង​រមែង​ទទួលរង​នូវពន្លឺថ្ងៃ។ ដូចនេះ​លោកត្រូវ​ការការ​ពារដោយ​ជ្រើស រើស​ផលិតផល​លាបការពារ​នៅពេលថ្ងៃ និងមួយ​ប្រភេទទៀត​លាបនៅពេល​យប់ដើម្បី​ជំនួយ​ស្បែក។

ការថែរក្សា​ក្លិនខ្លួន

លោកអ្នក​ប្រហែល​ជាមាន​ការចាប់​អារម្មណ៍​ចំពោះ​បញ្ហានេះ ព្រោះជារឿង​សំខាន់​ដែលមនុស្ស​គួរតែ​មានការ​ការពារ។ ញើស​ធ្វើឱ្យមាន​ក្លិនមិន​ល្អលើខ្លួន។ ដើម្បី​ដោះស្រាយ​បញ្ហានេះ លោកឆាន្នី​បានជ្រើសរើស​វិធីសម្អាត​ខ្លួនដោយ​សាប៊ូឱ្យ​ស្អាត និងប្រើផលិត ផលបាញ់​លើខ្លួនដែល​មានក្លិន​ក្រអូប​២៤ម៉ោង។

ការថែរក្សា​សក់

ទោះបីលោក​ជាតារា​ភាពយន្ដ​ល្បីល្បាញ ចំពោះ​បញ្ហាការ​ថែរក្សា​សក់ក៏មិន​ខុសអ្វីពី​មនុស្សទូទៅ​ឡើយ។ ព្រោះលោក​មិន បានចាប់​អារម្មណ៍លើ​ខ្លួនឯងថា​ត្រូវតែ​ថែរក្សា​សក់ឱ្យបាន​ស្រស់ស្អាត​អ្វីនោះទេ។ ប៉ុន្ដែលោក​បានជ្រើសរើស​ផលិតផល​ពីរប្រភេទ​សម្រាប់​កក់សក់ និងលាង​បន្ទន់សក់។ ម្យ៉ាងទៀត​ពេលចេញ​ក្រៅ ឬចេញ​ទៅសម្ដែង លោកបាន​ប្រើផលិត​ផលលាប​សក់ឱ្យទន់ និងភ្លឺ​រលោង តែ​ប៉ុណ្ណោះ។

សុខភាព​មាត់ធ្មេញ

ក្លិនមាត់​មិនល្អ​អាចបណ្ដាល​មកពី​បញ្ហាក្រពះ ឬពោះវៀន ដូចនេះ​លោកតែងតែ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហានេះ។ ចំ ពោះការ​សម្អាត​ធ្មេញ លោកធ្វើ​ជាប្រចាំ​យ៉ាងតិច​៣ដង​ក្នុងមួយថ្ងៃ ជាពិសេស​ក្រោយពេល​ទទួលទាន​អាហារ និងមុនពេល​ចេញទៅ សម្ដែង។ បន្ថែមពី​លើនោះ ក៏មានប្រើ​ផលិតផល​ទឹកខ្ពុរមាត់ ដើម្បី​សម្អាតកាក​សំណល់​ដែលជាប់​នឹងធ្មេញ។ ពេលខ្លះ​លោកទំពារ​ស្ករ កៅស៊ូ​ជំនួយ​ក្នុងការ​បំបាត់ក្លិន​មាត់ផងដែរ។ ជាញឹកញាប់ លោក​តែងតែ​ទៅគ្លីនិក​ធ្មេញដើម្បី​ធ្វើការ​ពិនិត្យ ព្យាបាល​ធ្មេញ និងពិគ្រោះ យោបល់​ជាមួយ​ទន្ដបណ្ឌិត​ជំនាញក្នុង​ការ​ថែរក្សាធ្មេញ និងក្លិន​មាត់។

ការថែរក្សា​ភ្នែក

រាល់ការ​ចេញ​សម្ដែង ភ្នែក​តែងតែ​ទទួលរង​នូវពន្លឺ ឬកម្ដៅពី​ព្រះអាទិត្យ។ ដើម្បី​ការពារ​ភ្នែកពី​កម្ដៅថ្ងៃ លោកបាន​ជ្រើស រើសការ​ពាក់វ៉ែនតា​ពណ៌ខ្មៅ និងទឹកថ្នាំ​លាងភ្នែក។ ពេលថ្មីៗនេះ លោកបាន​ប្រើប្រាស់​នូវវ៉ែនតា​សម្រាប់ការ​ពារកម្ដៅ ឬពន្លឺ​ថ្ងៃផង និងធ្វើ​ចំណាំង​ផ្លាតផង។

ការទទួលទាន​ចំណី​អាហារ

ដោយមាន​ភាព​មមាញឹក​ច្រើនក្នុង​ការសម្ដែង ធ្វើឱ្យលោក​ទទួលទាន​ចំណីអាហារ​មិនទៀងទាត់​ពេលវេលា​ឡើយ។ ប៉ុន្ដែ ទោះជា​យ៉ាងណា​ក៏លោក​មានទម្លាប់​ទទួលទាន​ច្បាស់លាស់​ដែរ លោកទទួល​ទានសាច់​ត្រី៩០%។ ព្រោះលោក​យល់ថាត្រី​សម្បូរទៅ ដោយប្រូតេអ៊ីន​មិនអាច​ធ្វើឱ្យធាត់ និងក៏ជា​ចំណូលចិត្ដ​របស់លោក​ផងដែរ។

ការទទួលទាន​ដំណេក

ការសម្ដែង​មិនត្រឹមតែ​ធ្វើឱ្យ​ការទទួល​ទានអាហារ​មិនទៀង​ទាត់នោះទេ ការទទួលទាន​ដំណេកក៏​មិនបាន​គ្រប់គ្រាន់ និងមិន ទៀងទាត់​ផងដែរ។ ប៉ុន្ដែទោះ​ជាយ៉ាងណា ក៏លោក​មានទម្លាប់​ទទួលទាន​ដំណេកឱ្យ​បានពី៥​ទៅ៨ម៉ោង ដោយមិន​គិតថា​ជាពេល​វេលា ណាមួយ​នោះឡើយ។ ពេលខ្លះ​លោកទទួល​ទានដំណេក​នៅពេល​ទំនេរដើម្បី​សងបង្គ្រប់ ធ្វើបែប​នេះប្រយោជន៍​ឱ្យមាន​សុខភាពល្អ និង មាន​អារម្មណ៍​ជ្រះថ្លា។

ការហាត់​កីឡា

ការហាត់​កីឡាផ្ដល់​នូវគុណ​សម្បត្ដិ​ច្រើនប្រការ ក្រៅពីធ្វើ​ឱ្យមាន​សុខភាពល្អ ក៏អាចធ្វើ​ឱ្យមាន​រូបរាង​ស្រស់ស្អាត​ថែមទៀត ផង។ លោកឆាន្នី​ជ្រើសរើស​កីឡា ដូចជាហែលទឹក រត់លើម៉ាស៊ីន វាយប៉េងប៉ុង​ជាដើម។ ប៉ុន្ដែ​ប្រភេទ​កីឡាដែល​លោកចូល​ចិត្ដជាងគេ គឺការលើក​ដុំដែក​ដើម្បីមាន​សាច់ដុំ​ដើមទ្រូង និងដៃ។

បណ្ដាំផ្ញើរបស់​យុត្ថារ៉ា ឆាន្នី

ស្រស់ស្អាត​មិនអាស្រ័យ​លើមាន​រូបរាង​ស្រស់សង្ហា​នោះទេ ប្រការ​សំខាន់ គឺត្រូវមាន​សុខភាព​ល្អរាងកាយ​មាំមួន។ ដូចនេះ សូមលោក​អ្នកថែរក្សា​សុខភាពឱ្យ​បានល្អ ដោយទទួល​ទានអាហារ​គ្រប់គ្រាន់ និងមាន​អនាម័យ។ ការហាត់​កីឡាក៏អាច​ជួយឱ្យ​លោក អ្នកមាន​កាយសម្បទា​រឹងមាំ​ផងដែរ។ ប្រការ​សំខាន់ សូមកុំ​សេពគ្រឿង​ស្រវឹង គ្រឿងញៀន​ជាដើម ដែលអាច​ធ្វើឱ្យប៉ះពាល់​ដល់សុខ ភាព​រាងកាយ និងបាត់បង់​អនាគត​ថែមទៀត​ផង។

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះពិត​​ ៖ ព្រាប នី
  • ឈ្មោះក្នុងសិល្បៈ ៖ យុត្ថារ៉ា ឆាន្នី
  • អាយុ ៖ ៣៤ឆ្នាំ
  • កម្ពស់ ៖ ១,៧៩ ម៉ែត្រ
  • ទម្ងន់ ៖ ៧៤គីឡូក្រាម
  • ចាប់អាជីពការងារ ៖ ១៩៩០
  • អាជីព ៖ តារាសម្ដែង
  • ស្ថានភាពគ្រួសារ ៖ រៀបការរួច

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *