បទពិសោធន៍​​​អ្នកជម្ងឺ​​​បូស​​​ដោះ

សុដន់ដែលមានសភាព​ហើមក្រហម និងមានការ​ឈឺចុកចាប់ នោះគឺជារោគសញ្ញា​ដែលអាចបញ្ជាក់ថា​មិត្ដនារីអាចកើត​មានជម្ងឺបូសដោះ។ ជម្ងឺបូសដោះនេះ​បានបង្កឱ្យមាន​ផលវិបាកយ៉ាងធ្ងន់ធ្ងរ​សម្រាប់ស្ដ្រី​ដែលជាអ្នកជម្ងឺ ដូចជា​ធ្វើឱ្យខូចក្រពេញទឹកដោះ​ដែលបណ្ដាល​ឱ្យមានភាពមិនប្រក្រតី​នៅក្នុងការ​ផលិតទឹកដោះ។ នៅពេលបំបៅកូន​នឹងអាចធ្វើឱ្យ​ខូចសោភ័ណភាព និងទ្រង់ ទ្រាយរបស់សុដន់​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

កាលពីលេខមុនៗ លោកអ្នកនាងកញ្ញា​បានជ្រាបអំពីបទពិសោធន៍​របស់អ្នកជម្ងឺ​ជាច្រើន​បន្ដបន្ទាប់រួចមកហើយ។ ជាមួយ គ្នានេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយកញ្ញា ស.ណ រស់នៅ​ទីក្រុងភ្នំពេញ អាយុ២៤ឆ្នាំ។ កញ្ញាបានរៀបរាប់​អំពីផលលំបាក ​នៃជម្ងឺបូសដោះ ដើម្បីឱ្យមិត្ដអ្នកអាន​បានជ្រាបកាន់តែច្បាស់​អំពីបញ្ហានេះ។

កញ្ញា ស.ណ បានរៀបរាប់​ឱ្យដឹងថា កញ្ញាមិនដឹងថាកញ្ញា​កើតមានជម្ងឺ​នេះតាំងពីពេលណា​នោះទេ។ កាលពីដើមឆ្នាំ២០០៨​ កញ្ញាមានអារម្មណ៍ថា​មានការឈឺចុកចាប់បន្ដិចបន្ដួច​​នៅនឹងសុដន់ ហើយកញ្ញាក៏បានពិនិត្យមើលឃើញ​មានសភាពហើម និងក្រហម​នៅកន្លែងដែលឈឺនោះ។ នៅពេលនោះកញ្ញាភ័យណាស់​ក៏យករឿងនេះទៅប្រាប់​ម្ដាយរបស់កញ្ញា។ ម្ដាយរបស់កញ្ញា ស.ណ ​ក៏បានយកប្រទាលកន្ទុយក្រពើ​មកបិទពីលើស្នាមក្រហមនោះ។ អាការៈនេះ​នៅតែមិនធូរស្បើយឡើយ ដោយកញ្ញាចេះតែមានការ​ឈឺ ចុកចាប់ខ្លាំងទៅៗ និងក្ដៅថែមទៀតផង។ ដោយសារតែឪពុករបស់កញ្ញា​ជាពេទ្យស្រាប់ លោកក៏បានធ្វើការពិនិត្យ​ទើបដឹងថាកញ្ញា ​កើតមានជម្ងឺបូសដោះ ហើយក៏បានធ្វើការ​វះកាត់បើកមុខបូសចេញ។ ការធ្វើការវះកាត់​នេះគឺមិនបានប្រើ​ថ្នាំស្ពឹកនោះទេ ដែលជាហេតុ ធ្វើឱ្យកញ្ញា​មានការឈឺចុកចាប់​យ៉ាងខ្លាំង។ នៅពេលដែលវះកាត់ហើយ ឪពុករបស់កញ្ញា ស.ណ បានឱ្យកញ្ញាទទួលទានថ្នាំ​តាមធម្មតា។ មិនយូរប៉ុន្មាន​កញ្ញាក៏បានជាសះស្បើយ​ឡើងវិញ។

យោបល់​របស់អ្នក​ជំនាញ

លោកវេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេសផ្នែកសម្ពព និងរោគស្ដ្រី​នៅមន្ទីរពេទ្យកាល់ម៉ែត​បានមានប្រសាសន៍​ប្រាប់ទស្សនាវដ្ដី សុខភាពយើង ថាចំពោះជម្ងឺបូសដោះស្ដ្រី​ជាទូទៅមិនអាចធ្វើការព្យាបាល​នៅផ្ទះដោយខ្លួនឯងបាននោះទេ គឺត្រូវមកជួបជាមួយ​ គ្រូពេទ្យដែលមានជំនាញ ដើម្បីឱ្យអ្នកជំនាញ​ធ្វើការព្យាបាល។ ជម្ងឺបូសដោះស្ដ្រី​គឺជាជម្ងឺមួយប្រភេទ​ដែលមានការគុំខ្ទុះ​នៅក្នុងសុដន់​ ដែលបណ្ដាលមកពីការឆ្លងរោគ​ផ្សេងៗ ឬបណ្ដាលមកពីការមានរបួសស្នាម​នៅនឹងសុដន់ ដែលកើតឡើងដោយ​ប្រការណាមួយ។ សម្រាប់ស្ដ្រីគ្រប់រូប​បើសិនជាមានអាការៈ​មិនស្រួលដូចដែលបាន​រៀបរាប់ខាងលើ ត្រូវតែប្រញាប់​មកជួបជាមួយ​អ្នកជំនាញ ដើម្បីឱ្យ ​អ្នកជំនាញពិនិត្យ និងធ្វើការព្យាបាល​ឱ្យបាន​ទាន់ពេលវេលា ចៀសវាង​កើតមានដំណាក់កាលធ្ងន់ធ្ងរ​ដែលពិបាកនៅក្នុង​ការព្យាបាល។ ដើម្បីការពារ​កុំឱ្យកើតមានជម្ងឺនេះ ស្ដ្រីគ្រប់រូបត្រូវតែ​ធ្វើការសម្អាតសុដន់​ឱ្យបានស្អាតល្អ ជាពិសេស​ចំពោះសម្លៀកបំពាក់​ខាងក្នុង​ ត្រូវតែឧស្សាហ៍ផ្លាស់ប្ដូរ ហើយនៅពេលដែលធ្វើការបោកសម្អាត​ត្រូវតែហាលឱ្យត្រូវពន្លឺថ្ងៃ​ជានិច្ច ដើម្បីការពារ​កុំឱ្យឆ្លងមេរោគ ផ្សេងៗ ជាហេតុដែលបង្កឱ្យ​កើតមានជម្ងឺនេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *