ថ្វីត្បិតតែមុនប្រភេទខ្លះកើតទ្បើងដោយឯកឯងពិបាកទប់ស្កាត់ តែក៏មានមុនប្រភេទខ្លះអាចការពារបាន។ មានវិធីងាយៗ ជាច្រើនដែលអាចកាត់បន្ថយ ក៏ដូចជាទប់ស្កាត់ការចេញមុនលើមុខបានដែរ។ ការការពារអាចធ្វើទៅបានជោគជ័យអាស្រ័យទៅលើ ការប្រតិបត្ដិរបស់លោកអ្នកទាំងស្រុង។
កាលពីការចេញផ្សាយរបស់ទស្សនាវដ្ដី សុខភាពយើង លេខមុន លោកអ្នកបានទទួលជ្រាបខ្លះៗរួចមកហើយពីជម្ងឺមុន ជាពិសេសពីមូលហេតុកើតមុន។ សម្រាប់លេខនេះ សូមជ្រាបជាបន្ដទៀតនូវប្រធានបទស្ដីពីវិធីបង្ការជម្ងឺមុន ដោយការចូលរួមបកស្រាយ របស់លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ។
វិធីបង្ការរោគមុន
មិនមានវិធានការណាមួយដើម្បីបង្ការមិនឱ្យកើតមុនទេ តែអាចកាត់បន្ថយនូវលទ្ធភាពវិវឌ្ឍន៍ទៅធ្ងន់ធ្ងរ ឬចំនួនគ្រាប់មុន ដែលកើតមាន។ វិធីបង្ការ គឺទប់ស្កាត់ ឬបង្ការទៅតាមមូលហេតុនីមួយៗដែលនាំឱ្យកើតមុន ឬរាលដាល ដោយប្រើវិធីមួយចំនួន។
- គួរលុបលាងសម្អាតមុខឱ្យបានទៀងទាត់ ដោយប្រើសាប៊ូលាងមុខ ឬហ្វូម ដែលសក្ដិសមសម្រាប់លោកអ្នក។ ការលាង សម្អាតមុខ គួរតែមានកាលវិភាគច្បាស់លាស់ តែមិនគួរប្រើសាប៊ូ ឬហ្វូមញឹកញាប់ពេកទេ ដែលនាំឱ្យស្បែកស្ដើង ឬកាត់បន្ថយលទ្ធភាពវិជ្ជមាននៃបាក់តេរីដែលមានតួនាទីការពារស្បែក។
- ផ្អាកលាបគ្រឿងសម្អាងដែលមានប្រតិកម្មជាមួយស្បែក។ បើលោកអ្នកទម្លាប់លាបម្សៅលាយ គួរតែចៀសវាងប្រើ ព្រោះវានាំឱ្យអ្នកកើតមុន ស្បែកជ្រីវជ្រួញ សពេក ឬខ្មៅពេកជាដើម។
- ករណីឡើងមុនពេលមករដូវ លោកស្រីអ្នកនាងគួរទៅជួបគ្រូពេទ្យដើម្បីទទួលថ្នាំលាប ឬលេបតាមវេជ្ជបញ្ជា។
- អាចប្រើវិធីបូមមុនដើម្បីកាត់បន្ថយខ្លះ តែសូមចាំថាមុនមិនមែនជាសះស្បើយទាំងស្រុងទេ ពេលដែលមិនបានយកចិត្ដ ទុកដាក់ថែទាំវាឱ្យបានត្រឹមត្រូវទេនោះ មុនអាចងើបរើឡើងវិញ។
- គួរពាក់មួកដើម្បីការពារកម្ដៅថ្ងៃ ឬប្រើឡេការពារកម្ដៅថ្ងៃ(ជាពិសេសម៉ោង១២ថ្ងៃត្រង់) ចៀសវាងការនៅហាលថ្ងៃ ដែលនាំឱ្យបែកញើស នាំឱ្យចេញខ្លាញ់។ បើសិនជាមុខរបស់លោកអ្នកមិនទាន់ព្យាបាលមុនជាទេ យកល្អគួរតែសម្រាកនៅក្នុងផ្ទះ កំឡុងពេលដែលព្យាបាលនោះ។
- កម្ដៅថ្ងៃស្រទន់ចាប់ពីម៉ោង៨ដល់ម៉ោង១០ អាចនាំឱ្យរបកផ្នែកដែលជាឧបសគ្គនៃជាតិខ្លាញ់ដែលស្ទះចេញក្រៅបាន។
- មិនត្រូវញេចមុនផ្ដេសផ្ដាស ហើយត្រូវរក្សាអនាម័យជានិច្ច។ ការញេចដោយឧបករណ៍មិនស្អាត ឬមិនមានបច្ចេកទេស អាចនាំឱ្យមុនក្លាយទៅជាខ្ទុះដោយសារមេរោគខាងក្រៅ ឬមានស្នាមជាំខ្មៅៗ ប្រហោងធំ មុខខ្មូតនៅថ្ងៃក្រោយ ក្នុងករណីដែលលោក អ្នកមិនមានជំនាញនៅក្នុងការញេចនោះទេ។
- សារធាតុវីតាមីនមួយចំនួនដែលមាននៅក្នុងផ្លែឈើ ក៏អាចជួយការពារការកើតមុនដែរ តែមិនគួរដាក់បំពោកលើមុខញឹក ញាប់ពេកទេ ព្រោះវានាំឱ្យមុខសខ្លាំង។
- គួរទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ព្រោះជាធម្មតាស្បែកតែងតែផ្លាស់ប្ដូរកោសិកាទៅតាមកម្លាំងកាយរបស់យើង។ បើគេងមិនបានគ្រប់គ្រាន់ វាអាចបង្កឱ្យស្បែកមានបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះសូមព្យាយាមទទួលទានដំណេកឱ្យបាន៨ម៉ោងក្នុងមួយ ថ្ងៃ និងចូលគេងឱ្យបានមុនម៉ោង១២យប់ កណ្ដាលអធ្រាត្រ។
- អារម្មណ៍មិនល្អ ស្ដ្រេស្ស ពិបាកចិត្ដខ្លាំង ឬគិតច្រើន អាចធ្វើឱ្យមុនដែលមាននៅលើមុខស្រាប់ កាន់តែធ្ងន់ធ្ងរ ព្រោះអ័រ ម៉ូននៅក្នុងខ្លួនធ្វើការខុសប្រក្រតី នាំឱ្យមានជាតិខ្លាញ់ហួសកម្រិត។ ដូច្នេះការដែលធ្វើឱ្យអារម្មណ៍រីករាយ គឺជាថ្នាំបង្ការមុនយ៉ាងល្អ។
- លោកអ្នកអាចទៅជួបអ្នកជំនាញដើម្បីទទួលការណែនាំពីរបៀបថែរក្សា និងគ្រប់គ្រងខ្លួនពីការឡើងមុន រាប់ទាំងការ ទទួលទានអ្វីមួយដែលមានប្រតិកម្មជាមួយស្បែក។
ប្រការត្រូវធ្វើ ពេលកើតមុន
នៅពេលកើតមុន លោកអ្នកគួរតែមានការយកចិត្ដទុកដាក់។
- ត្រូវលាងមុខជាមួយនឹងទឹកស្អាត សាប៊ូ ឬសារធាតុលាងមុខ ដើម្បីជួយកាត់បន្ថយជាតិខ្លាញ់ឱ្យបានច្រើន ព្រោះវាអាច ជួយឱ្យមុនអន់បាន។
- ការកេះ ឬញេចមុន ព្រោះតែខ្នាញ់ពេក ឬធ្វើតម្រាប់តាមគ្រូពេទ្យធ្លាប់ធ្វើ គ្រាន់តែអាចឱ្យធូរអារម្មណ៍បន្ដិចតែប៉ុណ្ណោះ។ ការមិនរក្សាអនាម័យជាមួយឧបករណ៍ញេចមុន ឬមិនមានបច្ចេកទេសត្រឹមត្រូវ អាចធ្វើឱ្យមុនក្លាយ។ បើទើសខ្លាំង គួរតែញេច ឬកេះ ពេលមុនទុំ ហើយបើកមុខ។ មានតែអ្នកជំនាញទេដែលដឹងអំពីមុន និងការញេចមុន ថាតើមុនណាគួរញេចមុនណាមិនគួរញេច និងវិធី ញេចត្រឹមត្រូវ ជាពិសេសពេលវាស៊ីរូងជ្រៅពេក បើមិនចេះញេច មិនអាចញេចអស់បានទេ។
- ការប្រើគ្រឿងសម្អាងដែលបង្កើនជាតិខ្លាញ់ អាចនាំឱ្យមុខកាន់តែមានខ្លាញ់ មុនអាចកើនកាន់តែច្រើន ដូច្នេះសូមបញ្ឈប់ ការប្រើប្រាស់ផលិតផលដែលនាំឱ្យចេញមុន ឬមានប្រតិកម្មភ្លាម។
- ការម៉ាស្សាមុខ គឺគេប្រើសារធាតុម្យ៉ាងមកលាប ដុសខាត់ ឬលុញនៅលើស្បែកមុខ ប្រសិនបើសារធាតុដែលប្រើវាមាន ប្រតិកម្មជាមួយនឹងស្បែកអ្នកនោះ នាំឱ្យងាយឡើងមុនដែរ។ ការម៉ាស្សាមុខគ្រាន់តែជួយឱ្យស្បែកមានអារម្មណ៍ថាទន់ប៉ុណ្ណោះ វាមិន មែនជាការព្យាបាលមុនទេ។
- តាមក្បួនវេជ្ជសាស្ដ្រ គ្មានភស្ដុតាងណាមួយដែលត្រូវហាម ឬតមមិនឱ្យពិសាចំណីអាហារណាមួយដែលអះអាងថានាំឱ្យ កើតមុននោះទេ។ តែបើសិនជាបុគ្គលខ្លួនឯងកត់សម្គាល់ថាមានទាស់ ឬប្រតិកម្មនឹងអ្វីមួយ សូមប្រយ័ត្នប្រយែងនឹងអាហារនោះ។ ជាក់ស្ដែងដូចជាប្រភេទមុនខ្លះ ត្រូវតមចំណីអាហារដែលហិរ មានខ្លាញ់ មានជាតិអាល់កុលជាដើម ប៉ុន្ដែអាស្រ័យទៅតាមបុគ្គលម្នាក់ៗ ប៉ុណ្ណោះ។
ដំបូន្មានអ្នកជំនាញ
ការពារប្រសើរជាងព្យាបាល ព្រោះបើផ្ទៃមុនកើតមុនហើយ ពិបាកនឹងត្រទ្បប់មកដូចដើមវិញណាស់។ សូមព្យាយាមអនុវត្ដតាមវិធីខាងលើនេះ លោកអ្នកនឹងទទួលបាននូវផ្ទៃមុខស្រស់ស្អាត គួរឱ្យចង់គយគន់មិនខានទ្បើយ ជាពិសេសសម្រាប់សុភាពនារី។
សូមរង់ចាំអានអំពីវិធីព្យាបាលមុននៅលេខក្រោយដោយអនុគ្រោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply