ល្បែង​ប្រជាប្រិយ​ខ្មែរ​លេង​ពេល​ចូល​ឆ្នាំខ្មែរ

នៅក្នុង​ប្រទេស​កម្ពុជា​មានល្បែង​កម្សាន្ដ​ប្រជាប្រិយ​ជាច្រើន​អនេក ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​លេង​កម្សាន្ដនៅ ពេល​បុណ្យ​ផ្សេងៗ ដូចជា​បុណ្យ​ចូលឆ្នាំ បុណ្យទាន​ផ្សេងៗ​ជាលក្ខណៈ​ប្រពៃណី ជួនកាល​អាចលេង​កម្សាន្ដ​នៅពេល​ទំនេរ​ពីការងារ​ជា ដើម។ ល្បែង​ប្រពៃណី​នីមួយៗ​មានវិធី​លេង​ដោយ​ឡែកៗ​ពីគ្នា ទៅតាម​ការនិយម​របស់​អ្នកស្រុក​អ្នកភូមិ​រៀងខ្លួនៗ។ ល្បែង​ដែលប្រ ជាពលរដ្ឋ​យើង​និយម​ជ្រើស​រើសយក​មកលេង​មានដូចជា​បោះអង្គញ់ ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង ឱប ត្រឡាច​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ចូលរួម​បង្កើន​បរិយាកាស​ឱ្យកាន់​តែសប្បាយ​រីករាយ​នាពេល​ចូលឆ្នាំថ្មី​ឆ្នាំរោងនេះ ទស្សនាវដ្ដី សុខភាពយើង សូមនាំមក ជូន​លោកអ្នក​នូវរបៀប​នៃការ​លេងល្បែង​ប្រជាប្រិយខ្មែរ​មួយចំនួន​របស់ខ្មែរ​យើងមក​បង្ហាញជូន។

1. ល្បែង​អង្គញ់

ពេល​លេងល្បែង​អង្គញ់ ត្រូវមាន​គ្នាចាប់ពី​ពីរនាក់​ឡើងទៅ ​ចែកចេញ​ជាពីរ​ពួកមាន​ចំនួនស្មើ​គ្នាក្រុម​ស្រីក្រុម​ប្រុស ឬចម្រុះ គ្នាក៏បាន។ អង្គញ់​ឬកោយ​ចែកចេញ​ជាពីរ​ផ្នែក គឺកោយដាំ និងកោយ​បោះ។ កោយអាច​មាន​ចំនួន​៣ ឬ៥ ក្នុងករណី​ដាំកោយ​៣ ក៏ បោះ​កោយ៣ បើដាំ​កោយ៥ ក៏បោះ​កោយ៥ តាមចំនួន​អ្នកលេង​មានគ្នា​តិច ឬច្រីន។ កន្លែងមួយ​នៅពីមុខ​កោយដាំ​ប្រមាណ​ជា៣ ឬ ៤ម៉ែត្រ​សន្មត​ហៅថា”ទី” ដែលជាទី​តាំងបោះ​តម្រង់​មកកោយ​ដាំវិញ។ អ្នកដែល​ត្រូវបាន​ទៅបោះ​មុនគេនោះ​សម្រេច​លើការ​ព្រម ព្រៀង​គ្នា ភាគច្រើន​អនុញ្ញាតឱ្យ​អ្នកខ្សោយ​ជាងមាន​សិទ្ធិ​ទៅបោះ​មុន ចាត់ទុក​ជាតទីឱ្យ។ អ្នក​ចាញ់ឈ្នះ​ជាអ្នក​បោះត្រូវ​កោយដាំ​អស់ គ្រប់​មុនគេ។ ប៉ុន្ដែ​គេច្រើន​សន្មតគ្នា​បន្ថែមឱ្យ​អ្នកចាញ់​ធ្វើ​៣ឬ៤​ក្ដារសិន​ទើប​ហៅថា“តាម”។ ដូច្នេះ​បានជាមុន​នឹងលេង​ត្រូវសន្មត​គ្នា ថាឱ្យ​តាម​ប៉ុន្មានក្ដារ? បើផុត​កំណត់​ហើយ​នៅតែមិន​បានធ្វើ​ត្រូវអស់​ទៀត​នោះទើប​ទុកជា​ចាញ់ ហើយ​ខាងអ្នក​ឈ្នះត្រូវ​ជោះខាង​អ្នក ចាញ់​តាម​ចំនួន​ដែល​សន្យាគ្នា។ ឧបមាថា​បើគេ​សន្យាថា​កោយ​មួយ​ជោះ១០ ដូច្នេះ​នរណាកាន់​កោយ​បោះមួយ​បើឈ្នះ​ត្រូវបាន​ជោះ គេ១០ តែបើ​ចាញ់​ក៏ត្រូវ​ឱ្យគេ​ជោះ​១០ដែរ។ ល្បែង​នេះមាន​ល័ក្ខខ័ណ្ឌ​តឹងរ៉ឹង​ណាស់ បើធ្វើ​ខុសបទ​វិន័យណា​មួយនឹង​ត្រូវទទួល​ពិន័យ ភ្លាម​មួយរំពេច។ ការដាក់​ពិន័យ​អាស្រ័យ​លើភាគី​ទាំងសង​ខាងកំណត់​គ្នានៅ​ពេលចាប់​ផ្ដើម​លេង។

របៀបជោះ យក​អង្គញ់​មួយផ្ទាប់​ទៅដល់​ក្បាល​ជង្គង់ ហើយ​យកអង្គញ់​មួយទៀត​វាយជោះ​ពីលើរាប់​ចំនួនតាម​ដែលគេ ត្រូវជោះ ធ្វើបែប​នេះហៅថា“ជោះបាយ​ត្រជាក់”។ មួយបែប​ទៀតហៅថា“ជោះបាយ​ក្ដៅ” របៀប​នេះគេផ្គួប​អង្គញ់​ពីរតម្រួត​គ្នា គឺមួយ ផ្ដេក មួយ​បញ្ឈរ ហើយ​ជោះខ្លាំងៗ​ទៅលើ​ក្បាល​ជង្គង់ មួយៗ​ឡើង​ក្រហមសាច់​ឬហើម​ក្បាល​ជង្គង់​តែម្ដង។ ជួនកាល​គេយក​បំពង់ ឬស្សី​មកខោក​ក្បាល​ជង្គង់​ជោះជំនួស​គ្រាប់​អង្គញ់​ក៏បាន។

2. ល្បែង​លាក់​កន្សែង

លាក់​កន្សែង​ជាល្បែង​មួយ​ប្រភេទ​ដែល​មានតាំង​ពីសម័យ​បុរាណ​សម្រាប់​កម្សាន្ដ​សប្បាយ​នៅពេល​យប់ខែ​ភ្លឺនា​រដូវចូលឆ្នាំ​ឬនៅ​ពេល​សម្រាក​ពីភាព​នឿយ​ហត់។ ការលេង​ល្បែង​លាក់កន្សែង​ចាំបាច់​ត្រូវមាន​គ្នាយ៉ាង​តិចក៏៦​ទៅ៧​នាក់ដែរ ដោយ​អ្នកលេង​ទាំង អស់​ត្រូវ​អង្គុយ​ច្រហោង​ដំកង់គ្នា​ជារង្វង់។ ដើម្បីឱ្យ​បានជា​កន្សែង​សម្រាប់​លេង​សមាជិក​ទាំងអស់​ត្រូវយក​កន្សែង ឬក្រមា​តូចមក​រុំមូរ ឆ្មូលរឹត​ឱ្យតឹង​ណែនល្អ​ដោយទុក​ជាយបន្ដិច​សម្រាប់​កាន់យួរ។ ក្នុង​ចំណោម​អ្នកលេង​ទាំងអស់ ត្រូវមាន​ម្នាក់ក្រោក​ចេញទៅ​ក្រៅវង់ ដោយ​មានកាន់​កន្សែង​ទៅជា​មួយហើយ​ដើរ​ជុំវិញ​រង្វង់​ខាងក្រោយ​ខ្នង​អ្នកលេង​យ៉ាងលឿន​ដើម្បី​កុំឱ្យ​អ្នកអង្គុយ​ដឹងខ្លួន​ថាមាន​គេលាក់​កន្សែង​នៅក្រោយ​ខ្នងអ្នក​ណាមួយ។ អ្នកលាក់​(អ្នកដែល​កាន់កន្សែង​ដើរ​ជុំវិញ)​ត្រូវរត់​ក្រឡឹង​អ្នកអង្គុយ​២ឬ៣​ជុំ ហើយ​សង្កេត​មើល នរណា​ដែល​អង្គុយ​ភ្លេចខ្លួន​គេនឹង​ដាក់កន្សែង​ក្រោយខ្នង​អ្នកនោះ​ភ្លាម រួចគេរត់​យ៉ាង​រហ័ស​ព័ទ្ធវង់​អ្នកអង្គុយ​ដើម្បី​ឱ្យឆាប់​មកដល់ កន្លែង​ដែល​គេដាក់​កន្សែង​នោះ។ បើអ្នក​អង្គុយ​ដែលគេ​ដាក់​កន្សែង​ពីក្រោយ​មិនដឹង​ខ្លួនទាល់​តែអ្នក​លាក់រត់​ក្រឡឹង​មកម្ដង​ទៀត​ហើយ យក​កន្សែង​នោះបាន​មុននេះ អ្នកលាក់​ក្លាយជា​អ្នកឈ្នះ ហើយ​មានសិទ្ធិ​អាចយក​កន្សែង​ទៅគក់​ខ្នងអ្នក​អង្គុយ។ ដូចគ្នា​នេះដែរ​បើអ្នក អង្គុយ​ដឹងខ្លួន​ហើយ​ចាប់យក​កន្សែង​នោះបាន​មុនអ្នក​លាក់រត់​មកដល់​នោះ អ្នកអង្គុយ​ជាអ្នកឈ្នះ​ហើយ​មានសិទ្ធិ​អាចដេញ​គក់អ្នក ដែល​លាក់នោះ​វិញ។ ប៉ុន្ដែ​បើក្នុង​ករណី​ដែល​អ្នក​លាក់រត់​ទៅដល់​កន្លែង​ដែល​អង្គុយ​មុន អ្នកកាន់​កន្សែង​ត្រូវរត់​ក្រឡឹង​ហើយលាក់ កន្សែង​ជាបន្ដ​ទៅទៀត។ ការលេង​ល្បែងនេះ​មាន​ត្រណម​មិនឱ្យ​អ្នកលេង​ដែល​អង្គុយងាក ឬលូកដៃ​ទៅខាង​ក្រោយខ្នង​ឡើយ។ បើ អ្នកណា​ហ៊ាន​ល្មើស​អ្នកលាក់​(អ្នកដែល​កាន់កន្សែង​ដើរជុំវិញ)​មាន​អំណាច​អាចដាក់​ពិន័យ​ដោយ​ប្រការណា​មួយ​ទៅតាម​ការសន្មត​ពីដើមទី។

រូបភាពទស្សនាវដ្តីសុខភាពយើង

3. ល្បែង​ឈូង

ជាល្បែង​មួយ​ប្រភេទ​អាចលេង​បានគ្រប់វ័យ​ដែល​និយម​លេងនៅ​ពេល​បុណ្យ​ចូលឆ្នាំ។ ដើម្បី​លេងឈូង​បានចាំបាច់​អ្នកលេង ត្រូវ​មាន​គ្នា​ច្រើននាក់​ហើយ​ចែក​ជាពីរ​ក្រុម មានប្រុស​មានស្រី​ចំនួន​ពី១០ទៅ​២០នាក់​ក្នុងមួយ​ក្រុមឈរ​ទល់មុខ​ឃ្លាតពី​គ្នាចម្ងាយ​ពី៨ ទៅ១០​ម៉ែត្រ។ គេច្រីន​យក​កន្សែង​ឬក្រមា​តូច​មករុំ​មូរឆ្មូល​រឹតឱ្យ​តឹងណែនល្អ​ដោយ​ទុកជាយ​បន្ដិច​សម្រាប់​កាន់យួរ​ដែល​ហៅថា​ឈូង សម្រាប់​កាន់បោះ ឬចោល​ទៅរកគ្នា។ ល្បែង​ឈូងមាន​របៀប​លេងពីរ​បែប ដែលអ្នក​លេងអាច​ជ្រើសរើស​យកមួយ​ណា​ក៏បាន សម្រេច លើការ​សន្មតគ្នា​មុនលេង។

  • របៀប​លេង​ទីមួយ ជាប្រភេទ​ឈូង​ច្រៀងរាំ​ដែលចាប់​ផ្ដើម​លេងជា​ដំបូង​ខាងប្រុស​បោះឈូង​ទៅឱ្យ​ខាងស្រី​ចាប់​ដោយ មិនឱ្យ​ធ្លាក់ដល់ដី បើធ្លាក់​គេចាត់​ទុកថា​ស្អុយ ហើយ​ចាប់ផ្ដើម​បោះឱ្យ​ទៅខាង​ប្រុសវិញ​មិនឱ្យ​ធ្លាក់​ដូចគ្នា។ កាល​បើចាប់​បាន​ហើយ​ខាង ប្រុស​ត្រូវចោល​សំដៅ​ទៅខាង​ស្រី គឺសំដៅ​ទៅ​នរណាម្នាក់​ក៏បាន​តាម​តែការ​ពេញចិត្ដ។ បើចោល​ខុសចាត់​ទុកថា​ស្អុយ រួចចាប់​ផ្ដើមបោះ សារជាថ្មី​ទៀត តែបើ​ចោលត្រូវ​ស្ដ្រីណា​ម្នាក់ ស្ដ្រីនោះ​ត្រូវច្រៀងរាំ​យកឈូង​ទៅឱ្យ​ខាងប្រុស​ហៅថា​ច្រៀងរាំ​ជូនឈូង។ ចំពោះ​ខាង ប្រុស​បើចាញ់​ក៏ធ្វើដូច​គ្នានេះ​ដែរ។
  • របៀប​លេងទីពីរ ជាប្រភេទ​ឈូង​លោះខ្ញុំ​ដោយ​ដើម​ដំបូងខាង​ប្រុសគេ​ចាប់ផ្ដើម​ច្រៀង១​ទំនុក​ជាមុន។ ឯទំនុក​ច្រៀង មានច្រើន​បែប​ប្លែកៗ​ទៅតាម​ការ​នឹកឃើញ​និងនិយម​របស់​តំបន់។ ពេល​ច្រៀងចប់​គេស្រែក​ប្រាប់ថា ឈូង អឺយឈូង! ហើយ​ក៏បោះ ទៅលើ​ខាងស្រីៗ​ឱ្យពួក​គេចាប់។ បើខាងស្រី​ចាប់ឈូង​បាន គេត្រូវ​ចោល​សំដៅទៅ​ប្រុសណា​មួយក្នុង​ចំណោម​អ្នកលេង​ទាំងអស់។ បើ ចោល​មិនត្រូវ​ទេនោះ ខាងប្រុស​ចាប់បាន​ចោល​មកវិញ ហើយ​បើខាង​ប្រុសចោល​ត្រូវនោះ ប្រុស​ដែលខាង​ស្រីចាប់​យកទៅ​ទុកកាល ពីពេល​មុនត្រូវ​បានរួចខ្លួន។ ផ្ទុយ​ទៅវិញ​បើខាង​ប្រុសចោល​មិនត្រូវទេ ប្រុសម្នាក់​នោះត្រូវនៅ​ខាងស្រី​ដដែល។ ការលេង​របៀប​នេះ បើខាង​ណាពូកែ​គេចោល​យក​សមាជិក​ក្រុមម្ខាង​ទៀតទាល់​តែអស់ លុះបើ​អស់ហើយ​គេចាប់​ផ្ដើម​លេង​សារជាថ្មី​ដោយឱ្យ​ខាងស្រីបោះ ឈូង​ទៅឱ្យ​ខាងប្រុស​មុនវិញ។

4. ល្បែង​ទាញ​ព្រ័ត្រ

ទាញ​ព្រ័ត្រ​ជាល្បែង​កម្សាន្ដ​របស់ខ្មែរ ជាពិសេស​កំលោះ​ក្រមុំ​នារដូវ​ចូលឆ្នាំ​នៅក្នុង​ទីធ្លាវត្ដ​អារាម ព្រោះមាន​ទីវាល​ធំទូ លាយ​សម្រាប់​លេងល្បែង​នេះ។ សមាសភាព​នៃអ្នក​លេងល្បែង​នេះគេ​ចែកចេញ​ជាពីរ​ក្រុម ម្ខាង​យ៉ាងតិច​ក៏៥នាក់​ដែរ ម្ខាង​ប្រុស​ម្ខាង ស្រី ប៉ុន្ដែ​ដោយ​គេយល់ថា​ស្ដ្រីភេទ​មានកម្លាំង​ខ្សោយ​ទើបគេ​តែងតែ​ឱ្យខាង​ស្ដ្រីមាន​ចំនួនច្រើន​ជាងខាង​ប្រុសយ៉ាង​ហោច​ណាស់ក៏២ នាក់ដែរ។ ដើម្បី​លេងបាន មុនដំបូង​គេត្រូវ​រកប្រុសម្នាក់​ស្រីម្នាក់​ដែលមាន​មាឌធំស្មា​កាងជា​អ្នកឈរ​កាន់ចុង​ព្រ័ត្រ​ម្ខាងម្នាក់ ហើយពីរ នាក់ទៀត​មាន​មាឌធំ​ដូចគ្នា​ឈរ​កណ្ដាល​ព្រ័ត្រ ចំណែក​ឯអ្នក​មានមាឌតូច​ត្រូវឈរ​នៅចន្លោះកណ្ដាល។ នៅពេល​ចាប់ផ្ដើម​ទាញត្រូវ មាន​មនុស្ស​ម្នាក់កាន់​សម្ភោរ ឬគងម៉ង ឬរគាំង​ត្រង់កណ្ដាល​នៅជិតអ្នក​ទាញ​ហើយ​ស្រែកឡើង​ថាយក្សអរ!ឮយ៉ាងខ្លាំង​ធ្វើសម្លេង​វែង រលាក់រលែក​យ៉ាង​គ្រលួច​ដោយ​មានសម្លេង​ហ៊ោ​របស់​អ្នកចូលរួម​ទស្សនា​ដើម្បីឱ្យ​អ្នកទាញ​កាន់តែ​ខំប្រឹងទាញ​ឡើង ហើយ​បន្ដធ្វើ​បែប នេះទាល់តែ​ឃើញ​ឈ្នះចាញ់​ម្ខាងៗ​ទើបឈប់។ ពេល​លេងម្ដងៗ​គេចំណាយ​ពេលអស់​យ៉ាងតិច​ក៏១០​នាទីដែរ ទើប​អាចមាន​លទ្ធភាព ឈ្នះចាញ់ បន្ទាប់​មកទើប​ចាប់ផ្ដើម​លេងជាថ្មី​ទៀតទាល់​តែហត់​ទើបឈប់។

នៅមាន​ល្បែង​ប្រជាប្រិយ​ជាច្រើន​ទៀត​ដែល​ប្រជាពលរដ្ឋ​យើង​និយម​លេង ហើយ​ទស្សនាវដ្ដី សុខភាពយើង នឹងលើកមក ជម្រាប​ជូននៅ​ឆ្នាំក្រោយៗ​ទៀត។ អ្វីដែល​លើក​មកជម្រាប​ជូននៅ​ពេលនេះ​សង្ឃឹម​ថា​លោកអ្នកបាន​ទទួល​ជ្រាបអំពី​របៀប​លេងខ្លះ ហើយ​ក៏ដើម្បី​ទុកសម្រាប់​យុវវ័យ​ដែល​មិនទាន់​ដឹងពី​ល្បែង​ទាំងនេះ​ស្វែងយល់​ក្នុងការ​លេង​កម្សាន្ដ​នារដូវ​ចូលឆ្នាំ​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *