សប្បាយអាចក្លាយជាទុក្ខ។ នៅពេលមានពិធីបុណ្យម្តងៗតែងតែមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជាច្រើនករណី។ នៅឆ្នាំនេះអាចមានគ្រោះធម្មជាតិកើតឡើងចំពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលស្អែកនេះ។ គេហទំព័រ សុខភាពកម្ពុជា សូមចូលរួមអំពាវនាវនិងសូមឲ្យប្រជាពលរដ្ឋខ្មែរមានសេចក្តីសុខ សប្បាយរីករាយ និងសុវត្ថិភាព។
កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសមួយ ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ និងអាជ្ញាធរដែនដី។ សេចក្តីជូនពត៌មាននោះ មានខ្លឹមសារថា បន្ទាប់ពីធ្វើការសង្កេត តាមដានជាប់ជាប្រចាំលើស្ថានភាពអាកាសធាតុរួចមក ឃើញថានៅក្នុងរយៈពេល ៤ថ្ងៃ ចាប់តាំងពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១២នេះ ស្ថានភាពអាកាសធាតុនឹងមានការប្រែប្រួលលឿន ដែលបង្កើតឲ្យមានបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់បោកបក់កន្ទ្រាក់ខ្លាំង (Thunderstorm) ជាពិសេសនៅពេលរសៀល និងពេលយប់។ បាតុភូតនេះអាចកើតមានច្រើននៅតំបន់មាត់សមុទ្រ (ខេត្តកោះកុង កែប កំពត និងខេត្តព្រះសីហនុ) តំបន់ភាគឦសាន (ខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី) និងតំបន់ទំនាបកណ្តាលភាគខាងកើត (ខេត្តស្វាយរៀង ខេត្តព្រៃវែង)។
សេចក្តីប្រកាសបានក្រើនរំលឹកទៀតថា ក្រុមហ៊ុនទេសចរណ៍ និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាជ្ញាធរខេត្តទាំង៤នៅតាមឆ្នេរសមុទ្រ ត្រូវមានវិធានការណ៍ម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់រាល់ការធ្វើដំណើរតាមសមុទ្រនៅពេលរសៀល និងយប់ចាប់ពីម៉ោង២រសៀល រហូតដល់ម៉ោង៥ព្រឹក។ គួររំលឹកផងដែរថា នៅលើពិភពលោកយើងនេះ មានគ្រោះធម្មជាតិជាច្រើនដែលតែងតែកើតមានឥតឈប់ឈរ ដូចជា ព្យុះរលករញ្ជួយដីស៊ូណាមិ ដែលបានកើតមាន និងបានសម្លាប់មនុស្សនៅតាមបណ្តាប្រទេសមួយចំនួន និងបានបំផ្លាញទ្រពសម្បត្តិអស់ជាច្រើនកាលពីឆ្នាំ២០០៤ និង គ្រោះធម្មជាតិធំមួយទៀតពីខ្យល់ព្យុះនេះផងដែរកាលពីឆ្នាំ២០១១ទៅលើប្រទេសជប៉ុនជាដើម។ សូមបញ្ជាក់ផងដែរថា គ្រោះធម្មជាតិអាចកើតមានជាយថាហេតុ ដោយលោកអ្នកពុំអាចដឹងបានមុននោះទេ។ ដូច្នេះដើម្បីសុវត្ថិភាព លោក អ្នកនាងកញ្ញា ដែលធ្វើដំណើរទៅកម្សាន្តនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល ដែលដូចមានជម្រាបជូនខាងលើ សូមរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចៀសវាងគ្រោះអាសន្ន និងគ្រោះថ្នាក់ផ្សេងៗកើតមានឡើង។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ១២ មេសា ឆ្នាំ ២០១២
Leave a Reply