ផាន់ ម៉ូនីកា តារាចម្រៀងដែលមានទឹកដមសម្លេងពីរោះរណ្ដំចិត្ដ និងទទួលបានការគ្រាំទ្រយ៉ាងច្រើនពីស្រទាប់យុវវ័យ ជាពិសេសពីសំណាក់មហាជនទាំងនៅក្នុងស្រុកក៏ដូចជានៅក្រៅស្រុកផងដែរ។ នីកាបានប្រឡូកចូលសិល្បៈជាង៣ឆ្នាំមកហើយ ឥឡូវ នេះនីកាកំពុងតែមានការមមាញឹកនឹងការងារជាច្រើននៅក្នុងវិស័យសិល្បៈ។ ប៉ុន្ដែទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយ ក៏ នីកាមិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ និងសុខភាពរបស់ខ្លួន។
នីកាបានចូលមកបកស្រាយអំពីការថែរក្សាសម្រស់ជាមួយនឹងទស្សនាវដ្ដី សុខភាពយើង ដើម្បីប្រាប់ពីវិធីសាស្ដ្រថែរក្សា សម្រស់ និងការថែរក្សាសុខភាពរាងកាយរបស់ខ្លួនជូនប្រិយមិត្ដទាំងអស់ ពិសេសគឺមិត្ដនារីទាំងឡាយឱ្យបានជ្រាបផងដែរ។
ប្រវត្ដិសិល្បៈ
មុនពេលចូលសិល្បៈនីកាធ្លាប់ជាសិស្សដែលសិក្សានៅវិទ្យាល័យហ៊ុនសែនកោះដាច់។ នៅចុងឆ្នាំ២០០៦ នីកាបានដាក់ពាក្យ ចូលច្រៀងនៅផលិតកម្មសាន់ដេ ដោយសារតែទឹកដមសម្លេងរបស់នីកាពីរោះ ម្ចាស់ផលិតកម្មសាន់ដេក៏បានឱ្យនីកាចូលច្រៀងប្រចាំ ផលិតកម្មតែម្ដងរហូតមកដល់សព្វថ្ងៃនេះ។ មកដល់ពេលនេះចម្រៀងដែលនីកាច្រៀង គឺមានជាច្រើនបទនៅក្នុងផលិតកម្មសាន់ដេ។ គួររម្លឹកផងដែរថា ចំពោះបទចម្រៀងដែលល្បីដំបូងគេ ហើយធ្វើឱ្យទស្សនិកជនចាប់ផ្ដើមស្គាល់នីកានោះគឺបទ“រំចង់ស្រែកែខ្លួន” “លើកស្នេហ៍ជូនបង” “សង្គ្រាមស្នេហ៍ និងវណ្ណៈ” ដែលបទទាំងនេះធ្វើឱ្យទស្សនិកជនមានការគាំទ្រយ៉ាងច្រើន លើសពីការស្មានរបស់ នីកាទៅទៀត។ នីកាលើកឡើងថាត្រូវបានផលិតកម្មមួយចំនួនទាក់ទងឱ្យច្រៀង ប៉ុន្ដែនីកាមិនយល់ព្រមនោះទេ។ សព្វថ្ងៃនេះនីកា មានការមមាញឹកយ៉ាងខ្លាំងក្នុងការងារសិល្បៈ ទាំងការសម្ដែងជាខារ៉ាអូខេ និងថតបទចម្រៀងថ្មីៗផងដែរ។
វិធីថែរក្សាសម្រស់
សព្វថ្ងៃនេះកញ្ញា ផាន់ ម៉ូនីកា មានការមមាញឹកច្រើននឹងការងារ តែទោះបីជាមានការមមាញឹកច្រើនយ៉ាងណាក៏ដោយ ក៏នីកាមិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ក៏ដូចជាការថែរក្សាសុខភាពរបស់ខ្លួនផងដែរ។ ខាងក្រោមនេះគឺជាវិធីក្នុងការថែរក្សា សម្រស់ និងសុខភាពរបស់កញ្ញា ផាន់ ម៉ូនីកា ដែលបានអនុវត្ដជាប្រចាំ។
– ការថែរក្សាសក់ : ក្នុងនាមជាអ្នកសិល្បៈមួយរូប នីកាតែងតែធ្វើម៉ូតសក់ជាប្រចាំ ជាពិសេសក្នុងពេលសម្ដែង។ នីកា បានជ្រើសរើសប្រភេទសាប៊ូកក់សក់ ដែលត្រូវជាមួយនឹងសរសៃសក់ និងស្បែកក្បាលរបស់នីកា។ នៅក្នុងរយៈពេលមួយសប្ដាហ៍ នីកាតែងតែអប់សក់២ដង ហើយជារៀងរាល់ពេលកក់សក់ នីកាតែងតែប្រើក្រែមបន្ទន់សក់ជាប្រចាំ និងអប់សក់១ដងនៅក្នុងមួយសប្ដាហ៍។
– ការថែរក្សាស្បែកមុខ : ចំពោះស្បែកមុខ នីកាតែងតែប្រឈមមុខនឹងការផាត់មុខច្រើនដង។ ដូច្នេះក្រោយពីការសម្រាក ពីការងារ នីកាបានធ្វើការលាងសម្អាតស្បែកមុខចេញជាមួយនឹងហ្វូមលាងមុខ។ នីកាបានជ្រើសរើសម្សៅផាត់មុខដែលមានគុណភាព ល្អមិនធ្វើឱ្យមានបញ្ហាចំពោះស្បែកមុខ។ នៅពេលយប់នីកាតែងតែប្រើឡេដែលផ្ដល់សំណើមដល់ស្បែកមុខ ហើយនៅពេលដែលចេញ ទៅក្រៅម្ដងៗ នីកាតែងតែប្រើឡេការពារកម្ដៅថ្ងៃជានិច្ច។
– ការថែរក្សាស្បែកដងខ្លួន : នីកាតែងតែប្រើឡេដែលមានកម្រិតខ្ពស់ដើម្បីការពារពន្លឺព្រះអាទិត្យ។ ហើយពេលយប់ នីកាលាបឡេការពារ និងផ្ដល់សំណើមដល់ស្បែក។ នីកាតែងតែប្រើសាប៊ូដុសខ្លួនដែលមានក្លិនក្រអូប និងផ្ដល់សំណើមដល់ស្បែក ជាពិសេសសាប៊ូកម្ចាត់មេរោគ។ អ្វីដែលពិសេសជាងនេះនីកាតែងតែទទួលទានចំណីអាហារ ដែលសម្បូរទៅដោយវីតាមីន ដើម្បីជំនួយ ដល់ស្បែកជានិច្ច។
– ការថែរក្សាធ្មេញ : ចំពោះសុខភាពមាត់ធ្មេញនីកាតែងតែយកចិត្ដទុកដាក់ខ្លាំងបំផុត ប៉ុន្ដែធ្មេញរបស់នីកាមិនដែលមាន បញ្ហានោះទេ ព្រោះនីកាតែងតែធ្វើការថែរក្សាយ៉ាងយកចិត្ដទុកដាក់បំផុត។ នីកាបានធ្វើការសម្អាតធ្មេញនៅក្នុង១ថ្ងៃ២ដង។ ជារៀងរាល់១ខែម្ដង នីកាតែងតែទៅមន្ទីរពេទ្យធ្មេញដើម្បីសម្អាតធ្មេញជានិច្ច។
– ការថែរក្សាភ្នែក : ចំពោះសុខភាពភ្នែកនីកាមិនសូវជាយកចិត្ដទុកដាក់ប៉ុន្មាននោះទេនៅក្នុងការថែរក្សា ព្រោះភ្នែក របស់នីកាមិនដែលមានបញ្ហានោះទេ។ ទោះបីជាមិនបានធ្វើការថែរក្សាឱ្យបានដិតដល់ ក៏នីកាមិនដែលធ្វេសប្រហែសដែរ គឺនីកាតែងតែ ទទួលទានផ្លែឈើជំនួយដល់ភ្នែកជានិច្ចជាពិសេសគឺផ្លែទទឹម។
– ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ : ការថែរក្សារោមភ្នែក ភាគច្រើននីកាតែងតែប្រើម៉ាស្ការ៉ាថែរក្សារោមភ្នែក និងបណ្ដុះរោមភ្នែកជានិច្ច។ ចំពោះចិញ្ចើមវិញ នីកាចូលចិត្ដទុកចិញ្ចើមធម្មជាតិមិនសូវជាចូលចិត្ដកោរនោះទេ។ ចំណែកឯបបូរមាត់ វិញ នីកាចូលចិត្ដលាបក្រេមដែលមិនធ្វើឱ្យមានបញ្ហាចំពោះបបូរមាត់ ហើយគឺជាក្រេមដែលអាចថែរក្សាបបូរមាត់កុំឱ្យប្រេះ។
– ការថែរក្សាក្រចកដៃ ក្រចកជើង : ក្រចកដៃក្រចកជើងគឺធម្មតា ជារៀងរាល់ពីរសប្ដាហ៍នីកាតែងតែទៅហាងដើម្បីលាង សម្អាតម្ដង។ នៅពេលដែលទៅចូលរួមពិធីអ្វីមួយនីកាតែងតែលាបពណ៌ក្រចកទៅតាមសម្លៀកបំពាក់ជានិច្ច។
ការថែរក្សាសុខភាពរាងកាយ
នីកាមិនដែលធ្វេសប្រហែសឡើយនៅក្នុងការថែរក្សាសុខភាពរាងកាយ ជាពិសេសគឺការធ្វើលំហាត់ប្រាណតែម្ដង។ ជារៀង រាល់ថ្ងៃនីកាតែងតែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់គឺ១៥ទៅ២០នាទី ដើម្បីសុខភាពរបស់នីការឹងមាំល្អ។ ចំពោះអាហារនីកាមិន សូវជាចូលចិត្ដចំពោះអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ និងប៊ឺរច្រើននោះទេ។ សម្រាប់ការទទួលទានដំណេកវិញ នីកាមិនដែល ធ្វេសប្រហែសឡើយ។
គោលបំណងទៅថ្ងៃអនាគត
ក្រៅពីសិល្បៈ នីកាមិនទាន់មានគម្រោងគិតគូរទៅថ្ងៃអនាគតនៅឡើយនោះទេ ព្រោះនៅពេលនេះ នីកាស្រឡាញ់អាជីព ជាអ្នកសិល្បៈខ្លាំងណាស់ នីកានៅតែចង់ច្រៀងបំពេអារម្មណ៍របស់ទស្សនិកជនជានិច្ច។
បណ្ដាំផ្ញើរបស់កញ្ញា ផាន់ ម៉ូនីកា
ចុងក្រោយនីកាសូមថ្លែងអំណរគុណដល់ប្រជាជនខ្មែរទាំងចាស់ក្មេង និងយុវវ័យគ្រប់ស្រទាប់វណ្ណៈ ដែលតែងតែចូលចិត្ដនិង គាំទ្រស្រឡាញ់រាប់អាននីកា។ សូមជូនពរឱ្យប្រជាជាតិខ្មែរទាំងអស់ រកស៊ីមានបាន មានសុខភាព មានសេចក្ដីសុខសុភមង្គលគ្រប់ៗ គ្រួសារ។ លើសពីនេះលោកអ្នកនាងកញ្ញាគ្រប់រូបគួរតែឆ្លៀតពេលនៅក្នុងការថែរក្សាសុខភាព និងសម្រស់ឱ្យបានល្អ ហើយត្រូវតែធ្វើ លំហាត់ប្រាណជានិច្ច យ៉ាងហោចណាស់គួរតែធ្វើលំហាត់ប្រាណ១៥នាទីនៅក្នុងមួយថ្ងៃ។
ខាងលើនេះគឺជាការយល់ឃើញ និងជាការអនុវត្ដន៍ផ្ទាល់របស់កញ្ញា ផាន់ ម៉ូនីកា តែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញា ជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាត្រឹមត្រូវសម្រាប់អនុវត្ដន៍បានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ផាន់ ម៉ូនីកា
- អាយុ ៖ ២២ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត ៖ ០៦ ០៩ ១៩៨៩
- កម្ពស់ ៖ ១.៦០ម៉ែត្រ
- ទម្ងន់ ៖ ៥២គីឡូក្រាម
- ទំហំទាំងបី ៖ ៣៤ ២៨ ៣៩
- ទីកន្លែងកំណើត ៖ កណ្ដាល
- បងប្អូន ៖ ៧នាក់ ប្រុស៣ ស្រី៤(ជាកូនពៅ)
- អាជីពនាពេលបច្ចុប្បន្ន ៖ តារាចម្រៀង
- ស្ថានភាពគ្រួសារ ៖ នៅលីវ
Leave a Reply