យូ ឌីស្កូ ៖ សុខភាព​សំខាន់ជាង​ការតុបតែង

យូ ឌីស្កូ បានប្រឡូក​ចូលក្នុង​វិស័យ​សិល្បៈដំបូង គ្រាន់តែ​ជាអ្នករាំអម​នៅលើឆាក​មួយរូប​តែប៉ុណ្ណោះ។ បន្ទាប់​មកបានក្លាយជាពិធីករ​នៅស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ៥។ ភាព​ស្រស់សង្ហា និង​ទេពកោសល្យដ៏ប៉ិនប្រសព្វទើបធ្វើឱ្យលោកក្លាយជាតារាសម្ដែង និងជាតារា​ចម្រៀងផង។ ការបង្ហាញមុខ​តាមកញ្ចក់​ទូរទស្សន៍ ក៏ដូច​ជា​ថត​ចម្រៀង​​ខារ៉ាអូខេ​​ធ្វើឱ្យ​រូបលោក​រងនូវ​កម្ដៅថ្ងៃ​និង​ពន្លឺភ្លើង ហ្វារ។ប៉ុន្ដែ អ្វី​ដែល គួរ​ឱ្យ កត់សម្គាល់​ នោះ​គឺលោក​ នៅតែរក្សា​ បាននូវ​ភាព ស្រស់​សង្ហា​ មិនចាញ់​តារា ថ្មី​ស្រករ​ក្រោយ​ឡើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ចង់ដឹង​ថាតើលោក យូ ឌីស្កូ មានវិធី​ថែរក្សា​សម្រស់ និង​សុខភាព​យ៉ាងណា​សូមតាម​ដាន​ជាមួយ​ការស្រាយ​បំភ្លឺរបស់​លោកតាម​ទស្សនាវដ្ដី សុខភាពយើង។

ការថែរក្សា​ស្បែកមុខ

រៀងរាល់​ការចេញ​សម្ដែង ស្បែកមុខ​ត្រូវ​ប្រឈមមុខ​នឹងកម្ដៅថ្ងៃ និង​ការផាត់​ម្សៅ​តុបតែង​ដែលងាយ​ធ្វើឱ្យ​ស្បែកមុខខូច ។ ដើម្បី​បញ្ចៀស​បញ្ហាទាំង​នេះលោក​បានជ្រើសរើស​ផលិតផល​ជំនួយ​ស្បែក​ឱ្យមាន​សំណើម​ការពារ​កម្ដៅ​នៅពេល​ចេញក្រៅ ឬ​ចេញ ទៅសម្ដែង។ សម្រាប់​ពេលយប់ ឌីស្កូ​ប្រើប្រេង​ជំនួយស្បែក​នៅពេល​ណាស្បែក​មុខបែក​ស្រកា​ឬ​ស្ងួត។ ក្រៅពីនេះ​លោក​ចូលចិត្ដថែ រក្សាស្បែកមុខ​តាមធម្មជាតិ​ដូចជាការ​ទទួលទាន​ផ្លែឈើ និង​ប្រើត្រសក់​ប៉ិគក់​យកមក​បិតពី​លើមុខ​ដើម្បី​ជំនួយដល់​ស្បែក។ ចំពោះ ការ​ជ្រើសរើស​ផលិតផល​ប្រើប្រាស់​មិនចោទ​ជាបញ្ហា​ឡើយ​សំខាន់ឱ្យ​តែផលិតផល​នោះត្រូវ​ជាមួយ​ស្បែកមុខ​របស់លោក ទោះយីហោ អ្វី​ក៏ដោយ។ នៅពេល​ក្រោកពី​ដំណេក​លោកតែងតែ​លុបលាងមុខ​ជាមួយសាប៊ូ​ដែលជួយ​បំបាត់​ជាតិខ្លាញ់​លើផ្ទៃមុខ។

ការថែរក្សា​ស្បែកខ្លួន

លោកយូ ឌីស្កូ ចូលចិត្ដ​ស្បែកស្អាត​តាមលក្ខណៈ​ធម្មជាតិ​មិនទាម​ទារចង់​បានស្បែកស​ហើយ​ក៏មិន​បណ្ដោយ​ឱ្យខ្មៅ​ពេកដែរ ។ ដើម្បី​សម្អាត និង​ថែរក្សា​ស្បែកខ្លួន លោកយក​ចិត្ដទុកដាក់​ជ្រើសរើស​សាប៊ូណា​ដែលមាន​ជាតិ​សំណើម​និង​ទឹកដោះគោ ជាពិសេស ត្រូវ​ជាមួយ​ប្រភេទ​ស្បែក​របស់លោក។ ឌីស្កូ​ជ្រើសរើស​ផលិតផល​ជំនួយ​ដល់ស្បែក​បន្ថែម​សម្រាប់​លាបពេលថ្ងៃ និង​ពេលយប់ ព្រោះ ការចេញ​សម្ដែង​ត្រូវប្រឈម​នឹង​កម្ដៅថ្ងៃ។ ជាងនេះ​ទៅទៀត​ការបែក​ញើស​ពេល​សម្ដែង​ធ្វើឱ្យ​មានក្លិន​ខ្លួនមិនល្អ។ ដើម្បី​ដោះស្រាយ បញ្ហាទាំងនេះ ឌីស្កូប្រើសាប៊ូ​បំបាត់ក្លិន​ខ្លួនសម្រាប់​សម្អាត និង​ជូតឱ្យស្ងួត​ព្រមទាំង​ប្រើទឹកអប់​ដែលអាច​រក្សាក្លិន​២៤ម៉ោង។

ការថែរក្សាសក់

ទោះបីលោក​ជាតារា​សម្ដែងមែន ប៉ុន្ដែចំពោះ​ការថែ​រក្សាសក់​គឺមិនខុស​ពីមនុស្ស​ទូទៅឡើយ។ លោក​គ្រាន់តែ​ជ្រើសរើស សាប៊ូ​កក់សក់​ណាដែល​ត្រូវជា​មួយស្បែក និង​សរសៃសក់​តែប៉ុណ្ណោះ។

ការថែ​រក្សាភ្នែក

ទោះបីការថត និង​សម្ដែង​ខាងក្រៅ​ត្រូវរង​កម្ដៅថ្ងៃ​យ៉ាងណា​ក៏ដោយ ក៏ឌីស្កូ​មិនសូវ​និយម​ប្រើវ៉ែន​តាទេ។ ទាល់តែ​ពេលធ្វើ ដំណើរ​ទៅឆ្ងាយទើប​ប្រើវ៉ែនតា ព្រោះ​ឌីស្កូយល់​ថាការពាក់​វ៉ែនតា​ញឹកញាប់​អាចប៉ះពាល់​ដល់ភ្នែក។ លោក​ជ្រើសរើស​យកទឹក​ការពារ ភ្នែកម្យ៉ាង​សម្រាប់​ជំនួយ​ដល់ភ្នែក​កុំឱ្យ​ក្រហមមុន​ពេលចេញ​សម្ដែង។

ការថែ​រក្សាធ្មេញ

ចំពោះ​ការសម្អាត​ធ្មេញ លោកធ្វើ​ជាប្រចាំ​ក្នុងមួយថ្ងៃ​យ៉ាងតិច៣ដង ជាពិសេស​ក្រោយ​ពេលទទួល​ទានអាហារ​និង​មុនចេញទៅសម្ដែង។ បន្ថែម​ពីនេះទៀត ឌីស្កូ​បានជ្រើសរើស​ផលិតផល​ទឹកខ្ពុរមាត់​សម្រាប់​បំបាត់ក្លិន​មាត់​និង​ដើម្បី​សម្អាត​កាកសំណល់​ដែលជាប់នឹង​ធ្មេញ។ ពេលទំនេរ​ពីការថត ឬ​សម្ដែង លោក​ចូលចិត្ដ​ទំពារស្ករ​កៅស៊ូ​ជំនួយដល់​ក្លិនមាត់​បន្ថែម។

ការថែរក្សាសុខ​ភាពរាងកាយ

ការសម្ដែង​ធ្វើឱ្យ​ការទទួល​ទានដំណេក​មិនបាន​គ្រប់គ្រាន់ និង​មិនទៀង​ទាត់ផងដែរ។ ទោះជា​យ៉ាងណា​ក៏ដោយ​ឌីស្កូ​ចូលចិត្ដ គេងសង​បង្គ្រប់​នៅផ្ទះពេល​ទំនេរពី​ការថត និងការសម្ដែង។ ម្យ៉ាងទៀត​ពេលសម្ដែង​ធ្វើឱ្យ​ហេវហត់ អស់កម្លាំង​និង​ងងុយគេងខ្លាំង ដូចនេះ​ហើយ​លោកចូលចិត្ដ​ទទួលទាន​ភេសជ្ជៈ​ណាដែល​អាចទប់​ស្កាត់​អាការ​ទាំងនោះ ដូចជា​ទឹកក្រូច​ទឹក​ផ្លែឈើ ផ្លែឈើ​ជាដើម។ ប៉ុន្ដែ​ទោះបី​ជាមាន​ការងារ​មមាញឹក​ច្រើនយ៉ាង​ណា​ឌីស្កូ​នៅតែឆ្លៀត​ចន្លោះ​ពេល​សម្រាប់​ទទួលទាន​អាហារ​ក្នុងមួយ​ថ្ងៃចំនួន​៣​ដងយ៉ាង ទៀងទាត់ ព្រោះការ​ទទួលទាន​គ្រប់គ្រាន់ និង​ទៀងទាត់​ពេលវេលា​ធ្វើឱ្យមាន​កម្លាំង​សុខភាព​រាងកាយ​មាំមួន និង​ជាពិសេស​ផ្ទៃមុខ មានភាព​ស្រស់ស្រាយ​ជានិច្ច។ ឌីស្កូ​ទទួលទាន​មិនរើសទេ ដូចជា​បន្លែ ត្រី​សាច់ ស៊ុតជាដើម។

ការហាត់កីឡា

ការហាត់​ប្រាណ​របស់​លោកឌីស្កូ​គឺអាស្រ័យ​លើពេលវេលា ភាគច្រើន​លោកមិនសូវ​មានពេលទំនេរ​ក្នុងការ​ហាត់ទេ​ដោយ សារ​មមាញឹក​ថតសម្ដែង ពេលខ្លះ​ឌីស្កូ​ក្រោកទៅ​ថតតាំង​ពីម៉ោង​៣ទាបភ្លឺ ឬ​ពេញមួយយប់ក៏មាន។ លោក​ចូលចិត្ដ​ហាត់ប្រាណនៅ ពេលទំនេរ គឺការ​ធ្វើចលនាដង​ខ្លួនលើកដៃ ពត់ជើង។

បណ្ដាំផ្ញើ​របស់យូ ឌីស្កូ

ភាពស្រស់ស្អាត​មិនមែន​អាស្រ័យ​លើការតុប​តែងខ្លួន និង​រូបរាង​ស្រស់សង្ហា​នោះទេ​ចំណុច​ដែលសំខាន់​ជាងគេ​គឺសុខភាព រាងកាយ​មាំមួន។ ដូចនេះ​សូមលោក​អ្នកយកចិត្ដ​ទុកដាក់​ថែរក្សា​សុខភាព​ឱ្យបានល្អ ដោយទទួល​ទានអាហារ​និង​ទទួលទាន​ដំណេកឱ្យ បានត្រឹមត្រូវ និង​ទៀងទាត់ ព្រមទាំង​មានអនាម័យ​ផងដែរ។ ប្រការ​ដែលសំខាន់​សូមកុំ​សេពគ្រឿង​ស្រវឹង និង​គ្រឿងញៀន​ដែល បណ្ដាលឱ្យ​ប៉ះពាល់​ដល់សុខភាព​រាងកាយ និង​បាត់បង់​អនាគត។

ប្រវត្ដិរូបសង្ខេប

  • អាយុ ២៨ឆ្នាំ
  • កម្ពស់ ១,៧៨ ម៉ែត្រ
  • ទម្ងន់ ៧២ គីឡូក្រាម
  • ចាប់អាជីព​ការងារ ឆ្នាំ១៩៩៥
  • អាជីព តារាសម្ដែង និង​តារាចម្រៀង
  • បងប្អូន ១០នាក់ (ជាកូនទី៥)
  • ស្ថានភាពគ្រួសារ មិនទាន់រៀបការ រស់នៅ​ជាមួយ​ឪពុកម្ដាយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *