ស្រីស្អាតដែលមានរាងតូចច្រឡឹង សម្បុរសជ្រះ ឯម គុណកល្យា ជាពិធីការិនីឆ្នើមមួយរូបប្រចាំស្ថានីយទូរទស្សន៍ប៉ុសិ៍្ដ លេខ៥។ ក្រៅពីមានសម្លេងស្រួយស្រទន់ពីរោះ កល្យាមានរូបសម្ផស្សស្រស់ស្អាតមិនចាញ់តារាសម្ដែងដ៏ទៃទៀតឡើយ។ ក្នុងអាជីព ជាពិធីការិនី និងជាអ្នកដឹកនាំកម្មវិធីជាច្រើនផងនោះ កល្យាមានភាពមមាញឹកជាខ្លាំង។ ទោះបីជាយ៉ាងនេះក្ដី កល្យាមិនភ្លេចថែរក្សា សុខភាព និងសម្រស់របស់កញ្ញាឡើយ ព្រោះកល្យាយល់ឃើញថាមានសុខភាពល្អទើបមានអ្វីៗទាំងអស់តាមក្រោយ។
កល្យាពេញចិត្ដនឹងប្រគល់អាថ៌កំបាំងនៃការថែរក្សាសម្ផស្ស សុខភាពនិងរឿងរ៉ាវផ្សេងៗដែលទាក់ទងនឹងអាជីពជាអ្នក សិល្បៈជូនប្រិយមិត្ដអ្នកអានតាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនឈានចូលដល់វិស័យសិល្បៈ
ថ្វីត្បិតតែពេលនេះ កល្យាក្លាយជាតារាដ៏ស្រស់ប្រិមប្រិយនិងក្លាយជាអ្នកដឹកនាំកម្មវិធីប្រកបដោយទេពកោសល្យឈាន ដល់ថ្ងៃនេះ កល្យាមានការតស៊ូឆ្លងកាត់ការលំបាកយ៉ាងច្រើន។ ឪពុកម្ដាយរបស់កល្យាបានបែកបាក់គ្នាតាំងពីកល្យាអាយុបានជាង មួយឆ្នាំម្ល៉េះ។ ដោយសារបញ្ហាជីវភាព កល្យាត្រូវបានម្ដាយបញ្ជូនឱ្យទៅរស់នៅជាមួយម្ដាយធំ។ ក្នុងការរស់នៅជាមួយអ្នកដ៏ទៃមិន មានភាពងាយស្រួលទេ នាងត្រូវទទួលភារៈជាអ្នកមើលថែប្អូនៗ និងខំសិក្សាផង។ ឈានចូលដល់ពេញវ័យបានមករស់នៅជាមួយអ្នក ម្ដាយវិញ ប៉ុន្ដែកល្យាត្រូវឆ្លៀតពេលប្រកបរបរបន្ដិចបន្ដួច ដូចជាចាក់នំនិងស៊ីឈ្នួលកាត់ក្បាលត្រីលក់នៅពេលទំនេរពីការសិក្សា ដើ ម្បីយកប្រាក់មកចិញ្ចឹមប្អូនៗព្រោះថាម្ដាយរបស់នាងត្រូវបំពេញការងារនៅឯខេត្ដឆ្ងាយ។
នៅឆ្នាំ១៩៩៩ ក្នុងវ័យអាយុ១៧ឆ្នាំ កល្យាសិក្សានៅវិទ្យាល័យយុគន្ធរថ្នាក់ទី១២ ស្របពេលជាមួយគ្នានោះមានការប្រ កាសជ្រើសរើសបវរកញ្ញាឯកនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ផងដែរ។ ក្រោមការជំរុញពីបងស្រីកល្យាបានដាក់ពាក្យប្រឡងបាន ជាប់ចំណាត់ថ្នាក់លេខ១០ក្នុងចំណោមបេក្ខនារីជាច្រើន។ នាពេលនោះស្ថានីយទូរទស្សន៍ប៉ុសិ៍្ដលេខ៥បានធ្វើការជ្រើសរើសបុគ្គលិក។ ដូច្នេះកល្យាត្រូវបានជ្រើសរើសជាបុគ្គលិកពេញសិទ្ធិ។ កល្យាឆ្លៀតពេលសិក្សាបន្ថែមនៅពេលយប់ ដើម្បីទទួលបានបរិញ្ញាប័ត្រផ្នែក ព័ត៌មានវិទ្យា។
ការថែរក្សាសម្ផស្ស
កល្យាតែងតែគិតថាសុខភាព និងសម្រស់ចាំបាច់ត្រូវដើរទន្ទឹមគ្នាមិនអាចខ្វះមួយណាបានទេ។ ហេតុនេះហើយទើបកល្យា តែងតែខិតខំធ្វើយ៉ាងណាដើម្បីរក្សាភាពស្រស់ស្អាតនិងសុខភាពល្អក្នុងពេលតែមួយដោយបែងចែកជាវិធីថែរក្សាដោយឡែកពីគ្នា។
1. ការថែរក្សាសក់ ៖ ក្នុងអាជីពជាពិធីការិនី កល្យាតែងប្រឈមមុខជាមួយនឹងការធ្វើសក់ញឹកញាប់មានទាំងគាបសក់ ផ្លុំសក់ ឬប៉ះកម្ដៅថ្ងៃជាញឹកញាប់ ជាហេតុនាំឱ្យសរសៃសក់របស់កល្យាងាយនឹងខូចបាន។ ដើម្បីទប់ទល់ជាមួយការខូចសក់ដោយប្រ ការទាំងនោះ កល្យាយកចិត្ដទុកដាក់ជាខ្លាំងក្នុងការថែទាំសក់ដោយធ្វើការអប់សក់រាល់មួយសប្ដាហ៍ម្ដង និងកក់សក់រាល់ពីរថ្ងៃម្ដង។ លើសពីនេះរាល់ពេលកក់សក់ កល្យាតែងប្រើសាប៊ូកក់សក់ការពារសក់ជ្រុះនិងលាបប្រេងបន្ទន់សក់ឱ្យទន់រលោងល្អ បន្ទាប់ពីកក់សក់ហើយកល្យាប្រើប្រេងជំនួយសរសៃសក់ទៀតដើម្បីកុំឱ្យសរសៃសក់ខូចខ្លាំង។
2. ការថែរក្សារោមចិញ្ចើម រោមភ្នែក និងបបូរមាត់ ៖ កល្យាស្រឡាញ់រោមចិញ្ចើមក្រាស់បែបធម្មជាតិ។ ចិញ្ចើមរបស់ នាងដែលកោរហើយកម្រនឹងដុះឡើងវិញណាស់។ ចំណែកឯការលាបម៉ាស្ការ៉ាលើត្របកភ្នែកច្រើនធ្វើឱ្យរោមភ្នែកងាយនឹងជ្រុះ។ ដូ ច្នេះកល្យាជ្រើសរើសយកការពាក់ត្របកភ្នែកជំនួសឱ្យការពត់ត្របកភ្នែកព្រោះកល្យាយល់ថាការពាក់ត្របកភ្នែកធ្វើឱ្យរោមភ្នែកមាន រាងងខ្ពស់ស្អាត ធ្វើឱ្យសម្រស់ភ្នែកមើលទៅគួរឱ្យទាក់ទាញនិងមិនប៉ះពាល់ដល់រោមភ្នែកទៀតផង។ បបូរមាត់ជារឿងសំខាន់បំផុតព្រោះជាទីកន្លែងផ្ដល់នូវស្នាមញញឹមធ្វើឱ្យសម្រស់ផ្ទៃមុខកាន់តែស្រស់ស្អាតមួយកម្រិត។ កល្យាមិនចូលចិត្ដលាបក្រែមដែលមានពណ៌ ដិតខ្លាំងទេ គឺប្រើពណ៌ស្រាលៗព្រោះខ្លាចបបូរមាត់ប្រែពណ៌ទៅជាខ្មៅស្រអាប់បាន។
3. ការថែរក្សាស្បែក ៖ ការតុបតែងញឹកញាប់ធ្វើឱ្យស្បែកមុខកល្យាប្រឈមមុខនឹងឡើងមុនដោយសារមានប្រតិកម្មជា មួយម្សៅ។ ដើម្បីចៀសវាងការខូចផ្ទៃមុខ កល្យាជ្រើសរើសផលិតផលជំនួយដែលត្រូវជាមួយស្បែកមុខហើយព្យាយាមប្រើផលិត ផលនោះរហូតមិនផ្លាស់ប្ដូរឡើយ និងមានម្សៅសម្រាប់ប្រើជាទ្រនាប់ទៀតផង។ ជាពិសេសកល្យាមានថ្នាំលាបដើមី្បបំបាត់ការចេញ មុននៅពេលមានរដូវ និងស្នាមសម្លាកផ្សេងៗនៅលើស្បែក។ រាល់ចេញត្រូវកម្ដៅថ្ងៃនៅពេលឡើងឆាកធ្វើជាពិធីករ កល្យាតែងលាប ឡេការពារកម្ដៅថ្ងៃនៅលើដងខ្លួនដើម្បីអាចជួយការពារចំណាំងផ្លាតរបស់ពន្លឺហ្វារដែលចាំងមកលើស្បែក។ លើសពីនេះកល្យាលាប ឡេម្យ៉ាងដែលមានលក្ខណៈភ្លឺរលើបរលោង និងមានក្លិនក្រអូបដើម្បីឱ្យស្បែកមានក្លិនក្រអូប និងភ្លឺរលោង។
ការថែរក្សាសុខភាពរាងកាយ
កល្យាមានទម្ងន់រាងកាយ៤៦គីឡូក្រាម។ ការរក្សាបាននូវទម្ងន់នេះបានយ៉ាងល្អដោយសារនាងប្រកាន់បាននូវរបបអា ហារមួយទៀងទាត់ ដោយសម្រាកនិងទទួលទានទឹកគ្រប់់គ្រាន់។ ប្រសិនបើនាងត្រូវទៅធ្វើការប្រគុំតន្ដ្រីនៅតាមបណ្ដាខេត្ដ នាងពុំមាន ពេលគ្រប់គ្រាន់ដើម្បីទទួលទានដំណេកទេ។ កល្យាតែងឆ្លៀតពេលសម្រាកនៅពេលណាដែលនាងអាចសម្រាកបាន ដើម្បីជំនួសពេល ដែលបាត់បង់។ ដោយសារការងារមមាញឹកកល្យាជ្រើសរើសយកការហាត់ប្រាណនៅផ្ទះជាមួយបទភ្លេងទៅតាមពេលវេលាដែល អាចធ្វើទៅបាន។ កល្យាតែងតែពិនិត្យសុខភាពមួយឆ្នាំម្ដងទោះបីជានាងមិនមានជម្ងឺអ្វីក៏ដោយ។ ចំណែកឯមាត់ធ្មេញក៏ដូចគ្នាដែរ នាងទៅឱ្យពេទ្យពិនិត្យរៀងរាល់៦ខែម្ដង។ ចំពោះចំណីអាហារ កល្យាចូលចិត្ដទទួលទានសាច់ត្រី និងបន្លែ។
គោលបំណងទៅអនាគត
សព្វថ្ងៃកល្យាមានការងារជាច្រើនក្នុងនោះមានតួនាទីជាពិធីការិនី និងជាអ្នកដឹកនាំកម្មវិធីប្រចាំស្ថានីយទូរទស្សន៍ប៉ុសិ៍្ដលេខ ៥ ដូចជាកម្មវិធីសង្គម និងសិល្បៈ កម្មវិធីរាត្រីអស្ចារ្យ កម្មវិធីស្ពានតារានិងត្រៀមរៀបចំកម្មវិធីថ្មីមួយទៀតដែលមានឈ្មោះថា ហ៊ាន ត្រូវតែឈ្នះ។ នាងពេញចិត្ដជាមួយនឹងការងារទាំងនេះជាខ្លាំង។ ប៉ុន្ដែទោះបីជាយ៉ាងណានាងនៅតែយល់ថាការងារទាំងនេះមិនអាច ឋិតនៅស្ថេររហូតទេ ដូចនេះពិធីការិនីស្រស់ស្អាតរូបនេះបានរំពឹងគិតថានឹងបង្កើតជំនួញតូចមួយទៅថ្ងៃអនាគត។ ប៉ុន្ដែនាងនៅពុំទាន់ ដឹងនៅឡើយទេថាជាជំនួញអ្វី។
បណ្ដាំផ្ញើរបស់ ឯម គុណកល្យា
សូមស្ដ្រីទាំងឡាយយកចិត្ដទុកដាក់ក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់ខ្លួនជាពិសេសគឺត្រូវមានសុខភាពល្អជាមុន សិន ទើបអ្វីៗមានជាក្រោយ។ ជាពិសេសលោកស្រីអ្នកនាងត្រូវផ្ដល់នូវក្ដីស្រឡាញ់ និងភាពកក់ក្ដៅដល់ក្រុមគ្រួសារព្រមទាំងជួយថែ រក្សាសុខភាពស្វាមី កូន និងឪពុកម្ដាយ ដោយត្រូវជួយផ្ដល់កម្លាំងចិត្ដដល់ពួកគេព្រោះវាជាឥទ្ធិពលមួយសំខាន់ជួយឱ្យក្រុមគ្រួសារ លោកស្រីអ្នកនាងមានភាពកក់ក្ដៅ។
ប្រវត្ដិរូបសង្ខេប
ឈ្មោះ ៖ ឯម គុណកល្យា
អាយុ ៖ ២៥ឆ្នាំ
ទំហំទាំងបី ៖ ៣៣, ២៥, ៣៤
ទម្ងន់ ៖ ៤៦គីឡូក្រាម
មានបងប្អូន ៖ ៥នាក់ (ជាកូនទី៣)
ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយឪពុកម្ដាយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧
Leave a Reply