របបអាហារ​សម្រាប់​ស្ដ្រី​អស់រដូវ

ដំណើរ​អស់រដូវ​ជារឿង​ធម្មជាតិ​សម្រាប់ស្ដ្រី​នៅពេល​ឈានដល់​វ័យ​ចំណាស់។ ទន្ទឹមនឹង​ការវិវត្ដន៍​នេះស្ដ្រី​ចាំបាច់​ត្រូវរក្សា សុខភាព​ឱ្យបាន​រឹងមាំ។ ការទទួល​ទាន​អាហារ​មានសារៈ​សំខាន់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ស្ដ្រី​ដែល​ទាមទារ​ឱ្យមាន​របប​អាហារ​មួយប្រកប​ដោយ​តុល្យភាព​ព្រោះមាន​អាហារ​ប្រភេទ​ខ្លះអាច​ធ្វើឱ្យ​ស្ដ្រីមាន​ការប៉ះពាល់​ដល់សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ក៏មាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទាក់ទង​នឹងបញ្ហា​របបអាហារ​សម្រាប់ស្ដ្រី​នៅពេល​អស់រដូវ​នេះ លោកអ្នក​ជាពិសេស​ស្ដ្រីទាំងអស់​នឹងបាន​ទទួលជ្រាប​យ៉ាង​ក្បោះក្បាយ​តាមរយៈ​ការ​បកស្រាយ​របស់លោក​សាស្ដ្រចារ្យ លៀង ច័ន្ទរិទ្ធ អនុប្រធាន​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត។

ស្ថានភាពពេល​អស់រដូវ​របស់ស្ដ្រី

ស្ដ្រីចាប់ផ្ដើម​មានការ​បម្រែ​បម្រួល​រាងកាយ​ទាក់ទង​ទៅនឹង​រដូវនេះ​នៅវ័យ​ប្រមាណ​ជា៥០ឆ្នាំ។ ក្នុងដំណាក់​កាលនេះ ស្ដ្រី​តែងតែ​មានអាការ​មួយចំនួន​លេចឡើង ដូចជាការ​ឈឺចាប់​តាមសន្លាក់ ជម្ងឺបេះដូង ជម្ងឺលើសឈាម ទឹកនោមផ្អែម​ជាដើម។ ដោយសារ​បញ្ហាទាំងនេះ​ហើយទើប​ស្ដ្រីនៅ​ពេលឈាន​ដល់ពេល​អស់រដូវត្រូវ​មានការ​ថែរក្សា​រាងកាយ​យ៉ាងពិសេស​ដើម្បីឱ្យ​មាន​សុខភាព​ល្អ។

អាហារស​ម្រាប់ស្ដ្រី​នៅពេល​អស់រដូវ

ការបរិភោគ​អាហារ​មានប្រយោជន៍​ក្នុងការ​ចិញ្ចឹម​រាងកាយ និងទ្រទ្រង់​ជីវិត ប៉ុន្ដែចំណី​អាហារ​ដែលយើង​បរិភោគ​អាចផ្ដល់ ជាគុណសម្បត្ដិ​និងគុណវិបត្ដិ​ផងដែរ។ ដើម្បី​សុខភាព ស្ដ្រីនៅ​វ័យចំណាស់​គួរតែ​បរិភោគ​អាហារ​ដែលបង្ក​ការប៉ះពាល់​ដល់សុខភាព​តិចបំផុត។ អាហារ​ដែលមាន​តុល្យភាព​សម្រាប់​រាងកាយ​នៅក្នុង​វ័យនេះ ដូចជា​អាហារ​សម្បូរទៅ​ដោយវីតាមីន​គ្រប់ប្រភេទ កាល់ស្យូម កម្រិតជាតិ​កូលេស្ដេរ៉ូល​ទាប និងសូដ្យូម​ឱ្យបាន​គ្រប់គ្រាន់​ជាដើម។ ជាពិសេស​គួរចៀសវាង​នូវរសជាតិ​អាហារ​មួយចំនួន។

  • អាហារដែលមានរស​ជាតិប្រៃពេក ព្រោះអាច​ធ្វើឱ្យ​លោកស្រី​ប្រឈមមុខ​នឹងជម្ងឺ​លើស​ឈាម។ លោកស្រី​ត្រូវចង​ចាំថា រាងកាយ​របស់លោកស្រី​ត្រូវការ​ជាតិប្រៃ​តែបន្ដិច​បន្ដួចតែ​ប៉ុណ្ណោះ។ ដូចនេះ​លោកស្រី​ត្រូវទទួលទាន​អំបិល​ក្នុងបរិមាណ​មួយភាគបួន នៃស្លាប​ព្រាកាហ្វេ។ លោកស្រី​ក៏ត្រូវ​ប្រយ័ត្ន​ប្រយែង​អំពីបរិមាណ​អំបិល​ដែលត្រូវ​ដាក់ក្នុង​ម្ហូបអាហារ​នៅពេល​លោកអ្នក​ដាំស្ល​ផងដែរ ។ ចំណែក​នៅពេល​ដែលអ្នក​បរិភោគ​អាហារ​នៅក្រៅផ្ទះ សូមប្រាប់គេ​ឱ្យដាក់​អំបិល​តិចតួច​ចំពោះ​អាហារ​ដែលអ្នក​ត្រូវការ។
  • អាហារដែលមានរសជាតិ​ផ្អែមពេក ៖ ព្រោះអាច​ធ្វើឱ្យ​មានជម្ងឺ​ទឹកនោមផ្អែម។ សូមជ្រើសរើស​ចំណីអាហារ​ដែលមាន អត្រាជាតិ​ស្ករទាប​ដែលមាន​ក្នុងបន្លែ និងផ្លែឈើ​មួយចំនួន ដូចជាប៉ោម សារី ស្វាយ ចេក​ជាដើម។
  • អាហារដែលមានជាតិ​ខ្លាញ់ច្រើន ៖ វាជាការ​ពិតរាងកាយ​របស់យើង​ត្រូវការ​ជាតិខ្លាញ់​ដើម្បីផ្ដល់​ថាមពល ដើម្បី​ជួយដល់​ការស្រូប​យកជាតិ​វីតាមីន​ទៅក្នុងខ្លួន​របស់យើង។ គួរចៀសវាង​អាហារ​ដែលសម្បូរ​ទៅដោយ​ខ្លាញ់សត្វ​គ្រប់ប្រភេទ ព្រោះការ​បរិភោគ​លើសកម្រិត​ធ្វើឱ្យ​រាងកាយ​ប្រឈមមុខ​នឹងជម្ងឺ​បេះដូង​ជាពិសេស​សរសៃ​អាកទែរ។ ដូច្នេះលោកស្រី​ត្រូវជ្រើសរើស​អាហារ​ដែលមាន ជាតិខ្លាញ់តិច ហើយឱ្យត្រូវ​តាមប្រភេទ​ខ្លាញ់នីមួយ។ លោកស្រី​ក៏ត្រូវប្រយ័ត្ន​ផងដែរ​អំពីជាតិ​កូលេស្ដេរ៉ូល​ដែលមាន​នៅក្នុង​អាហារ គ្រប់ប្រភេទ ចាប់តាំង​ពីសាច់សត្វ និងស្នូលពណ៌លឿង​របស់ស៊ុត ព្រមទាំង​ទឹកដោះគោ។
  • អាហារសាច់សត្វ​ច្រើនពេក ការទទួលទាន​ជាតិសាច់​ក៏មិនអាច​ទទួលទាន​តាមចិត្ដ​នឹកឃើញ​នោះដែរ ព្រោះសាច់សត្វ មួយចំនួន​ដូចជាពួក​សាច់ពណ៌​ក្រហម​ជាដើម​អាចធ្វើ​ឱ្យរាងកាយ​របស់លោកស្រី​ធាត់លើស​ទម្ងន់់ដែល​ធ្វើឱ្យ​លោកស្រី​ជួបផល​វិបាក​មួយចំនួន​ដូចជា​ឈឺជង្គង់​ជាដើម​ព្រោះមិន​អាចទ្រទ្រង់​ទម្ងន់ខ្លួន​ដ៏ធ្ងន់បាន។

ដំបូន្មានអ្នក​ជំនាញ

សម្រាប់គ្រប់​ស្ដ្រីទាំងអស់ នៅពេល​អស់រដូវ​ជាពេល​វេលាដែល​ត្រូវមាន​ការថែរក្សា​សុខភាពឱ្យ​បានល្អ ជាពិសេសត្រូវ​ទៅ ពិនិត្យ​សុខភាព​ជាប្រចាំ​ពិនិត្យរក​មើលជម្ងឺ​ពុកឆ្អឹង ជម្ងឺមហារីក​មាត់ស្បូន ជម្ងឺលើសឈាម ជាតិខ្លាញ់ ជាតិស្ករ​ជាដើម។ ហើយនិងត្រូវ អនុវត្ដតាម​វេជ្ជបញ្ជា​របស់គ្រូពេទ្យ​ជំនាញ​ចៀសវាង​ការប្រើថ្នាំ​ដោយខ្លួនឯង ជាពិសេសថ្នាំ​សម្រាប់ពន្យារ​នូវការ​មករដូវ ព្រោះអាច បង្កនូវ​គ្រោះថ្នាក់​ដែលមិន​អាចប្រហែស​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *