បច្ចុប្បន្ននេះធាត់កំពុងតែរីករាលដាលជាខ្លាំងសម្រាប់សុខភាពសាធារណៈ។ លោកអ្នកដែលកើតជម្ងឺធាត់តែងតែប្រឈមមុខជាមួយជម្ងឺជាច្រើន ជាពិសេសគឺជម្ងឺរ៉ាំរ៉ៃតែម្ដង ដូចជាជម្ងឺបេះដូង ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម លើសពីនេះធាត់ក៏អាចបង្កឱ្យមានផលប៉ះពាល់ដែលទាក់ទងជាមួយនឹងសុខភាពផ្លូវភេទផងដែរ។
ទស្សនាវដ្ដី សុខភាពយើង ជួបសម្ភាសលោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យព្យាបាលជម្ងឺទូទៅ និងផ្នែកសុខភាពបុរស នៃសមាគមកម្ពុជា ហៅកាត់ថា“រ៉ាក់” នឹងធ្វើការពន្យល់អំពីបុរសធាត់ និងសុខភាពផ្លូវភេទនេះជូនមិត្ដអ្នកអានដូចតទៅ។
ធាត់ ឬមិនធាត់?
ដើម្បីឱ្យដឹងច្បាស់ថាលោកអ្នកកើតមានជម្ងឺធាត់ឬមិនធាត់នោះ គឺត្រូវគិតទៅតាមអំពី វាជាខ្នាតអន្ដរជាតិមួយដែល អាចបញ្ជាក់បានយ៉ាងច្បាស់អំពីភាពធាត់នេះ ដែលមានដូចជា ៖
BMI ស្មើទម្ងន់ខ្លួនគិតជាគីឡូក្រាម ចែកជាមួយកម្ពស់គិតជាម៉ែត្រលើកជាការេ។
BMI = ទម្ងន់(គក)
(កម្ពស់)² |
ដើម្បីយល់កាន់តែច្បាស់ សូមលោកអ្នកក្រឡេកមើលឧទាហរណ៍ខាងក្រោមនេះ ៖
BMI = Weight (Kg)/ (H)²
W = 80Kg
H = 1.58m
BMI = 80/(1.58)2 = 32.06
BMI = 32.06 ធាត់ដំណាក់កាលទី១
– BMI ទាបជា១៨.៥ទម្ងន់ក្រោមធម្មតា
– BMI ១៨.៥ ទៅដល់ ២៤.៩ ទម្ងន់ធម្មតា
– BMI ចន្លោះពី២៥ទៅដល់២៩.៩ លើសទម្ងន់
– BMI ចាប់ពី៣០ទៅដល់៣៤.៩ ធាត់ដំណាក់កាលទី១
– BMI ចន្លោះពី៣៥ទៅដល់៣៩.៩ ធាត់ដំណាក់កាលទី២
– BMI លើសពី៤០ធាត់ខ្លាំង ឬក៏ធាត់ដំណាក់កាលទី៣
មូលហេតុដែលបណ្ដាលឱ្យកើតជម្ងឺធាត់លើសទម្ងន់
ចំពោះមូលហេតុដែលបណ្ដាលឱ្យកើតមានជម្ងឺធាត់លើសទម្ងន់នេះមានច្រើនកត្ដាដូចជា :
– បុគ្គលដែលចូលចិត្ដទទួលទានអាហារច្រើន ឬក៏ទទួលទានញឹកញាប់ ឬក៏ទទួលទានមិនឈប់
– បុគ្គលដែលចូលចិត្ដទទួលទានអាហារបំប៉នច្រើន
– បុគ្គលដែលចូលចិត្ដទទួលទានអាហារដែលសម្បូរទៅដោយជាតិសាច់ហើយនឹងខ្លាញ់
– បុគ្គលដែលផ្ដាច់ការជក់បារី(ប៉ុន្ដែមិនមែនលើកទឹកចិត្ដបុគ្គលទាំងនេះឱ្យបន្ដការជក់បារីវិញនោះទេ)
- បុគ្គលដែលជាពីជម្ងឺ
- បុគ្គលដែលមិនសូវធ្វើពលកម្មបញ្ចេញញើស។
ទំនាក់ទំនងបញ្ហាធាត់ជាមួយសុខភាពផ្លូវភេទបុរស
នៅពេលដែលបុគ្គលកើតជម្ងឺធាត់លើសទម្ងន់ សុខភាពផ្លូវភេទអាចមិនប្រកតីដូចបុគ្គលដែលមានទម្ងន់ខ្លួនធម្មតានោះទេ។ ព្រោះបុរសដែលធាតុលើសទម្ងន់អាចឆាប់ហត់នៅពេលដែលរួមភេទជាមួយដៃគូ នេះជាហេតុដែលធ្វើឱ្យបុគ្គលប្រភេទនេះមិនសូវជា ចូលចិត្ដការរួមភេទនោះទេ។ ប៉ុន្ដែបញ្ហាអន់ថយចំពោះសុខភាពផ្លូវភេទនេះ ក៏មិនអាចបញ្ជាក់ថា បណ្ដាលមកពីបញ្ហាធាត់លើស ទម្ងន់តែមួយមុខនោះទេ វាអាចបណ្ដាលមកពីការរួមផ្សំជាមួយនឹងកត្ដាជាច្រើន ដែលបណ្ដាលមកពីជម្ងឺធាត់នេះ ដែលមានដូចជា ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ជម្ងឺសន្លាក់ ជម្ងឺបេះដូង និងជម្ងឺលើសជាតិខ្លាញ់ជាដើម។
វិធីព្យាបាលបុរសធាត់ហើយមានបញ្ហាផ្លូវភេទ
ប្រសិនបើបុគ្គលដែលធាត់លើសទម្ងន់ ហើយមានការថយចុះនូវសមត្ថភាពផ្លូវភេទ បុគ្គលប្រភេទនេះគួរតែទៅពិភាក្សា ជាមួយគ្រូពេទ្យឯកទេស ដើម្បីស្វែងរកជម្ងឺផ្សេងក្រៅពីជម្ងឺធាត់នេះ។ ប្រសិនបើពិនិត្យឃើញថា លោកអ្នកកើតមានជម្ងឺផ្សេងៗទៀត ដែលបណ្ដាលមកពីជម្ងឺធាត់នេះ ឬក៏បណ្ដាលមកពីកត្ដាផ្សេងៗ គ្រូពេទ្យនឹងធ្វើការព្យាបាលទៅតាមអាការរោគរបស់អ្នកជម្ងឺ ក្រោយពី ការព្យាបាលនេះហើយ គឺអាចដោះស្រាយបញ្ហាសមត្ថភាពផ្លូវភេទបាន។ ប្រសិនបើរកមូលហេតុមិនឃើញក្រៅពីភាពធាត់លើសទម្ងន់ នេះ គឺត្រូវព្យាបាលដោយការបញ្ចុះទម្ងន់ឱ្យចុះទម្ងន់មកធម្មតាវិញ ទាំងនេះគឺអាចជាការព្យាបាលសមត្ថភាពផ្លូវភេទបាន។
ផលប៉ះពាល់នៃបុរសដែលកើតមានរោគធាត់
ជម្ងឺធាត់បង្កផលប៉ះពាល់ជាច្រើន ដែលលោកអ្នកមួយចំនួនកំពុងតែព្រួយបារម្ភជាខ្លាំង ព្រោះជម្ងឺធាត់ធ្វើឱ្យបាត់បង់នូវ សោភ័ណភាពនៃរូបរាង បង្កឱ្យមានជម្ងឺសរសៃឈាមបេះដូង ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ដែលជាជម្ងឺរ៉ាំរ៉ៃអាចបណ្ដាលឱ្យអ្នក ជម្ងឺបាត់បង់នូវសមត្ថភាពផ្លូវភេទរួមទាំងជីវិតថែមទៀតផង។
វិធីការពារដើម្បីកុំឱ្យកើតមានបញ្ហាធាត់ ហើយចុះខ្សោយនូវសមត្ថភាពផ្លូវភេទ
ដើម្បីការពារកុំឱ្យកើតមានជម្ងឺធាត់លើសទម្ងន់ ហើយបង្កឱ្យកើតមាននូវបញ្ហាផ្លូវភេទនេះ លោកអ្នកត្រូវតែធ្វើការកំណត់ នូវពេលវេលាឱ្យបានច្បាស់លាស់នៅក្នុងការទទួលទានអាហារ ហើយមិនគួរទទួលទានទៅតាមចិត្ដចង់នោះទេ។ ជាពិសេសត្រូវចៀស វាងចំពោះអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ ជាតិស្ករ អាហារដែលសម្បូរទៅដោយសារជាតិបំប៉ន និងប៊ឺរខ្លាំងពេក ព្រោះអាហារ ទាំងនេះអាចបង្កឱ្យឡើងទម្ងន់យ៉ាងឆាប់រហ័ស។ ត្រូវចៀសវាងចំពោះការទទួលទានគ្រឿងស្រវឹង ព្រោះគ្រឿងស្រវឹងក៏អាចធ្វើឱ្យ លោកអ្នកដុះក្បាលពោះ អ្វីដែលល្អបំផុតនោះគឺត្រូវធ្វើការហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីការពារកុំឱ្យកើតមានជម្ងឺផ្សេងៗ ជាពិសេសជម្ងឺធាត់។
ដំបូន្មានអ្នកជំនាញ
ប្រជាពលរដ្ឋទូទៅគួរតែការពារខ្លួន ធ្វើយ៉ាងណាកុំឱ្យកើតមានជម្ងឺធាត់ ព្រោះជម្ងឺធាត់នេះបង្កឱ្យកើតមានជម្ងឺជាច្រើនផ្សេង ទៀត ភាគច្រើនសុទ្ធតែជាជម្ងឺដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលត្រូវចំណាយពេលនៅក្នុងការព្យាបាលយូរ ដែលធ្វើឱ្យខាតបង់ទាំងថវិកា និងពេលវេលាផងដែរ។ ប្រសិនបើលោកអ្នកមានឪពុកម្ដាយបងប្អូនកើតមានជម្ងឺធាត់នេះ ឬក៏មានជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ជម្ងឺលើសជាតិខ្លាញ់ លោកអ្នកគួរតែមានវិធីបង្ការការពារ ដើម្បីកុំឱ្យកើតមានជម្ងឺទាំងនេះ អ្វីដែលសំខាន់បំផុតនោះគឺត្រូវតែ ចៀសវាងការកើតមានបញ្ហាធាត់។
Leave a Reply