តារាសម្ដែងរូបស្រស់សង្ហាដែលមានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ជាពិសេសគឺយុវវ័យនោះ គឺលោក រ៉ាយុទ្ធ ដែលបានប្រឡូកចូលនៅក្នុងវិស័យសិល្បៈជាង៦ឆ្នាំមកហើយ។ សព្វថ្ងៃនេះរ៉ាយុទ្ធកំពុងតែមានការមមាញឹកច្រើន ទាំងការសម្ដែង ក៏ដូចរកស៊ីផងដែរ។
លោក គង់ រ៉ាយុទ្ធ បានចូលខ្លួនមកបកស្រាយពីការថែរក្សាសម្រស់ និងសុខភាពរបស់លោកផ្ទាល់ជូនដល់ប្រិយមិត្ដអ្នកអាន ទាំងអស់ ពិសេសប្រិយមិត្ដដែលមានការគាំទ្រចំពោះរូបលោកទទួលជ្រាបតាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនចូលសិល្បៈ
រ៉ាយុទ្ធបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៦។ គួររម្លឹកផងដែរថា នៅក្នុងឆ្នាំ២០០៤ រ៉ាយុទ្ធធ្លាប់បានប្រឡងចម្រៀងនៅស្ថានីយទូរទស្សន៍ប៊ុ៏ស្ដលេខ៣ ប៉ុន្ដែមិនជាប់នោះទេ បែរជាជាប់ជាតារាសម្ដែងទៅវិញ។ រ៉ាយុទ្ធបានប្រឡូកចូលក្នុងវិស័យសិល្បៈដំបូង គឺលោកបានថតឱ្យផលិតកម្ម KH ជាផលិតកម្មដំបូងគេបង្អស់។ ហើយបទចម្រៀងដែលលោក សម្ដែងនោះ គឺបទ ទោះឈឺចាប់ក៏សុំក្បែរ របស់កញ្ញា សុខ ពិសី បន្ទាប់មកទៀតគឺសម្ដែងបទ លង់ចិត្ដ របស់កញ្ញា សុខ ស្រីនាង និងបទ ពេលណាអូនស្មោះជាដើម។ បន្ទាប់ពីថតឱ្យផលតិកម្ម KH ហើយលោកក៏បានថតឱ្យផលិតកម្មជាច្រើន ដូចជាស្ទឹងសង្កែ ហង្សមាស សាន់ដេ អ៊ឹម យូធូ និងផលិតកម្មផ្សេងៗជាច្រើនទៀត។ ក្រៅពីសម្ដែងជាខារ៉ាអូខេហើយ រ៉ាយុទ្ធក៏បានថតជាខ្សែភាពយន្ដដែរ គឺថតឱ្យផលិតកម្ម្សភីនោះ គឺរឿងបង្កួយស៊ីមនុស្ស រឿងភូមិខ្ញុំស្រស់ឆើតឆាយ សម្រាប់ស្ថានីយទូរទស្សន៍បាយ័ន ដោយលោកសម្ដែងជាតួមិត្ដរបស់តួឯកប្រុស។ ក្រៅពីអាជីពជាតារាសម្ដែង រ៉ាយុទ្ធក៏បានបើករបររកស៊ីផ្ទាល់ខ្លួនផងដែរ។
ការថែរក្សាសម្រស់
សព្វថ្ងៃតារាសម្ដែងរ៉ាយុទ្ធកំពុងតែមានការមមាញឹកនឹងការងារជាច្រើន ទាំងការសម្ដែងជាខ្សែភាពយន្ដ និងសម្ដែង ជាខារ៉ាអូខេ និងរបររកស៊ីជាដើម។ ប៉ុន្ដែទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយ រ៉ាយុទ្ធមិនភ្លេចពីការថែទាំសុខភាពរបស់ខ្លួននោះទេ។ ខាងក្រោមជាវិធីនៃការថែរក្សាសម្រស់ និងសុខភាពរបស់តារាសម្ដែងរ៉ាយុទ្ធ។
– ការថែរក្សាសក់ ៖ សក់គឺជាផ្នែកមួយដ៏សំខាន់សម្រាប់រ៉ាយុទ្ធ នៅក្នុងមួយថ្ងៃរ៉ាយុទ្ធកក់សក់១ដង។ នៅពេលដែលរ៉ាយុទ្ធ ចេញទៅសម្ដែងម្ដងៗតែងតែធ្វើសក់ និងបាញ់ស្ប្រៃយ៍ខ្លះៗដែរ។ ដូចនេះនៅពេលដែលសម្ដែងចប់ឬក៏មានអារម្មណ៍ថាសក់មានបញ្ហា ដូចជាស្ងួតឬក៏ឡើងប្រេងច្រើន រ៉ាយុទ្ធតែងតែកក់សក់ ហើយនិងអប់សក់ជាមួយផលិតផលដែលមានគុណភាពល្អ។
– ការថែរក្សាស្បែកមុខ ៖ នៅក្នុងអាជីពជាអ្នកសិល្បៈ រ៉ាយុទ្ធតែងតែធ្វើការតុបតែងមុខនៅពេលដែលសម្ដែងម្ដងៗ។ នៅក្រោយពេលសម្ដែងចប់ រ៉ាយុទ្ធតែងតែធ្វើការលុបលាងមុខជាមួយផលិតផលដែលល្អ និងជួយការពារស្បែកមុខ។ នៅពេល ចេញទៅណាមកណាម្ដងៗ លោកតែងតែប្រើឡេការពារកម្ដៅថ្ងៃជានិច្ច។
– ការថែរក្សាស្បែកដងខ្លួន ៖ រ៉ាយុទ្ធមិនមានអ្វីឱ្យប្លែកនោះទេ គឺគ្រាន់តែសម្អាតបាក់តេរីនៅដងខ្លួនឱ្យបានស្អាតជាមួយ សាប៊ូ និងស្បៃដុសខ្លួនជារៀងរាល់ពេលដែលងូតទឹក។ យ៉ាងណាម៉ិញ រ៉ាយុទ្ធក៏ឧស្សាហ៍ទទួលទានទឹកបានច្រើន ព្រោះរ៉ាយុទ្ធយល់ថា ទទួលទានទឹកបានច្រើនអាចជួយបង្កើនសំណើមដល់ស្បែក និងធ្វើឱ្យមានសុខភាពល្អផងដែរ។ នៅពេលចេញក្រៅម្ដងៗ រ៉ាយុទ្ធតែងតែ ប្រើឡេការពារកម្ដៅថ្ងៃជានិច្ច។
– ការថែរក្សាភ្នែក ៖ រ៉ាយុទ្ធយកចិត្ដទុកដាក់បំផុតនៅក្នុងការថែរក្សាភ្នែក។ នៅពេលដែលដើរក្រោមពន្លឺថ្ងៃ រ៉ាយុទ្ធតែងតែ ពាក់វ៉ែនតាការពារពន្លឺថ្ងៃ។ ជាពិសេសរ៉ាយុទ្ធបានប្រើទឹកថ្នាំសម្រាប់លាងសម្អាតធូលីដី ដែលមាននៅក្នុងភ្នែករាល់ពេលដែលមាន អារម្មណ៍ថាភ្នែកមានបញ្ហា។
– ការថែរក្សាធ្មេញ ៖ សុខភាពមាត់ធ្មេញជារឿងដ៏សំខាន់ ដូចនេះរ៉ាយុទ្ធតែងតែធ្វើការសម្អាតធ្មេញនៅក្នុងមួយថ្ងៃបីដង។ នៅក្រោយពេលដែលទទួលទានអាហារហើយ រ៉ាយុទ្ធតែងតែប្រើសរសៃអំបោះសម្រាប់សម្អាតធ្មេញ និងមានទឹកសម្រាប់ខ្ពុរមាត់ផង ដែរ។
ការថែទាំសុខភាពរាងកាយ
– ការទទួលទានដំណេក ៖ រ៉ាយុទ្ធតែងតែយកចិត្ដទុកដាក់នៅក្នុងការទទួលទានដំណេក ព្រោះរ៉ាយុទ្ធយល់ថាការទទួលទាន ដំណេកបានច្រើនអាចធ្វើឱ្យសុខភាពរឹងមាំ ស្រស់ស្រាយជាដើម។
– ការទទួលទានអាហារ ៖ រ៉ាយុទ្ធមិនដែលធ្វេសប្រហែសនោះទេ ចំពោះការទទួលទានអាហារ។ រ៉ាយុទ្ធតែងតែទទួលទាន បន្លែ និងផ្លែឈើច្រើន ដើម្បីសុខភាពរឹងមាំ និងមានជីវជាតិបំប៉នដល់រាងកាយ។
– លំហាត់ប្រាណ ៖ ចំពោះការហាត់ប្រាណ រ៉ាយុទ្ធតែងតែធ្វើជាប្រចាំនៅក្នុងមួយថ្ងៃគឺ២ម៉ោង ជាពិសេសគឺនៅពេលព្រឹក។
បំណងទៅថ្ងៃអនាគត
ការងារជាអ្នកសិល្បៈសព្វថ្ងៃនេះ រ៉ាយុទ្ធបានទទួលជោគជ័យច្រើន ហើយក៏ជាការងារដែលរ៉ាយុទ្ធស្រឡាញ់ផងដែរ។ ដូចនេះបើសិនជាទស្សនិកជននៅតែគាំទ្ររ៉ាយុទ្ធនៅតែបន្ដអាជីពដដែល។ ក្រៅពីនេះរ៉ាយុទ្ធក៏នៅមានបំណងទៅថ្ងៃអនាគតដែរ គឺចង់បើកជាក្រុមហ៊ុនផ្ទាល់ខ្លួនហើយលោកក៏មានបំណងចង់បម្រើការងាររដ្ឋផងដែរ។
បណ្ដាំផ្ញើរបស់លោក គង់ រ៉ាយុទ្ធ
សម្រាប់យុវជនក៏ដូចជាយុវនារីទាំងអស់ នៅពេលទំនេរមិនត្រូវដើរលេងច្រើនពេកនោះទេ គួរតែឆ្លៀតពេលសិក្សាឱ្យបាន ច្រើន។ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនអាចបំផ្លាញអនាគតរបស់មនុស្សយើងគ្រប់គ្នា។ បើមានពេល ទំនេរច្រើនគួរតែចេះប្រើពេលវេលាឱ្យមានតម្លៃ និងគួរតែឆ្លៀតពេលលេងកីឡាឱ្យបានច្រើន ដើម្បីសុខភាពល្អ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ : គង់ រ៉ាយុទ្ធ
- អាយុ : ២៦ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត : ១៩៨៤
- ទីកន្លែងកំណើត : ភ្នំពេញ
- កម្ពស់ : ១,៧៣ម៉ែត្រ
- ទម្ងន់ : ៦៥គីឡូក្រាម
- បងប្អូន : ៤នាក់ ប្រុស៤(ជាកូនច្បង)
- អាជីពនាពេលបច្ចុប្បន្ន : ជាតារាសម្ដែង
- ស្ថានភាពគ្រួសារ : នៅលីវ
Leave a Reply