រលូតកូនជាពាក្យមួយឃ្លាដែលស្ដ្រីមានផ្ទៃពោះទាំងអស់មិនចង់ឱ្យកើតមានចំពោះខ្លួន និងកូនក្នុងផ្ទៃរបស់ខ្លួនឡើយ។ ទាំង នេះមិនអាចកំណត់បានឡើយព្រោះមានស្ដ្រីមួយចំនួនមានសរីរាង្គបន្ដពូជរបស់គាត់មិនអាចអនុញ្ញាតឱ្យទារករីកលូតលាស់បាន។ ក្រៅពីនេះក៏មានបញ្ហាដែលទាក់ទងទៅនឹងសុខភាពក៏ដូចជាឥរិយាបថរបស់ស្ដ្រីមានផ្ទៃពោះនោះផ្ទាល់តែម្ដង។ ការរលូតកូននោះ ទៀតសោតមិនមែនបច្ច័យល្អសម្រាប់ឱកាសជាម្ដាយទៅថ្ងៃក្រោយនោះដែរ។
បញ្ហាដែលទាក់ទិននឹងការរលូតនេះ លោកអ្នកជាពិសេសសុភាពនារីទាំងឡាយនឹងបានជ្រាបកាន់តែច្បាស់អំពីផលប៉ះពាល់ ក៏ជាមូលហេតុរបស់វាតាមរយៈការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិត ប៉ែន រិកស៊ី អ្នកឯកទេសរោគស្ដ្រីនិងសម្ភពនៃមន្ទីរពេទ្យមិត្ដ ភាពខ្មែរសូវៀត ជាមួយទស្សនាវដ្ដី សុខភាពយើង។
ដូចម្ដេចដែលហៅថាការរលូតកូន?
ជាធម្មតាគ្រប់ស្ដ្រីមានផ្ទៃពោះត្រូវពពោះរយៈពេលយ៉ាងតិច៣៧សប្ដាហ៍ទើបសម្រាល ប៉ុន្ដែមានស្ដ្រីមួយចំនួនអាចសម្រាល មុនរយៈពេលនេះ។ ការសម្រាលមុនចែកចេញជាពីរដំណាក់កាលគឺការសម្រាលមុនសប្ដាហ៍ទី២៤ហៅថាការរលូតនិងការសម្រាល ក្រោយសប្ដាហ៍ទី២៤ហៅថាការសម្រាលកូនមិនគ្រប់ខែ។
សញ្ញាណបញ្ជាក់ថាមានការរលូតកូន
ស្ដ្រីមានផ្ទៃពោះចាប់តាំងពីសប្ដាហ៍ទីមួយរហូតដល់សប្ដាហ៍ទី២៤ សូមចាប់អារម្មណ៍នូវសញ្ញាណមួយចំនួនដែលអាចបញ្ជាក់ ថាកូនរបស់លោកស្រីអ្នកនាងកំពុងគំរាមរលូត ដែលមានដូចជាការធ្លាក់ឈាមតិចៗ ក្ដៅខ្លួនឈឺអាងត្រគាកបែបធ្ងន់ចុះមកក្រោម ឈឺ ចង្កេះ អស់កម្លាំងល្ហិតល្ហៃជាដើម។ មានករណីខ្លះអ្នកម្ដាយមិនបានចាប់អារម្មណ៍ពីបម្រែបម្រួលទាំងនេះទេ ហើយទុកទាល់តែទារក បាត់បង់ជីវិតនៅក្នុងពោះ ហៅថាកូនស្លាប់ក្នុងពោះ ដែលអាចបង្កគ្រោះថ្នាក់ដល់ស្ដ្រីជាម្ដាយបាន។
មូលហេតុនៃការរលូតកូន
មានមូលហេតុច្រើនយ៉ាងដែលអាចបណ្ដាលឱ្យស្ដ្រីអាចរលូតកូនបាន។
- ស្ដ្រីដែលមានកស្បូនខ្លីពីកំណើត មិនផ្ដល់លទ្ធភាពឱ្យទារកធំធាត់បានរហូតដល់ពេលសម្រាល។ ស្ដ្រីដែលមានលក្ខណៈ បែបនេះមិនមានសមត្ថភាពពពោះអស់មួយជីវិត
- ស្ដ្រីដែលធ្លាប់មានប្រវត្ដិរលាកដៃស្បូនរ៉ាំរ៉ៃ រលាកអាងត្រគាកនិងរលាកតួស្បួនដែលមិនបានព្យាបាលឱ្យជាសះស្បើយ ទាន់ពេលវេលា
- ស្ដ្រីដែលមានផ្ទៃពោះធ្វើការហួសកម្លាំងជាហេតុធ្វើឱ្យស្ដ្រីនោះមិនមានថាមពលគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់ ទារក
- ស្ដ្រីដែលមានផ្ទៃពោះទទួលការប៉ះទង្គិច ដូចជាដួលធ្ងន់ធ្ងរក៏ធ្វើឱ្យមានការរលូតកូនដែរ
- ស្ដ្រីដែលមិនមានអាហារូបត្ថម្ភគ្រប់គ្រាន់ ធ្វើឱ្យទារកមិនអាចលូតលាស់បាន
- ការប្រើប្រាស់ថ្នាំមួយចំនួនដែលគ្មានវេជ្ជបញ្ជាក៏អាចធ្វើឱ្យទារករលូតបានដែរ។
ផលវិបាកនៃការរលូតកូន
ការរលូតកូនអាចបង្កគ្រោះថ្នាក់នៅពេលដែលស្ដ្រីធ្លាក់ឈាមច្រើន នាំឱ្យស្ដ្រីមានការបាត់បង់ឈាមច្រើនពេករហូតធ្វើឱ្យស្ដ្រី ស្លេកស្លាំង បើករណីធ្ងន់ធ្ងរអាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតទៀតផង។
វិធីបង្ការការរលូតកូន
វិធីដ៏មានប្រសិទ្ធភាពសម្រាប់ទប់ស្កាត់ការរលូតកូននោះ គឺការតាមដានគភ៌ជាប្រចាំ។ ចាប់តាំងពីពេលដែលដឹងថាមានផ្ទៃ ពោះ(បាត់រដូវ) សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដើម្បីពិគ្រោះពិភាក្សាអំពីប្រកាគួរប្រតិបត្ដិមួយចំនួនរបស់ស្ដ្រីមានផ្ទៃពោះ រហូតដល់ពេលសម្រាល។ អ្នកម្ដាយទាំងឡាយគប្បីដឹងថាជីវិតរបស់ទារកក្នុងផ្ទៃត្រូវពឹងផ្អែកទាំងស្រុងទៅលើអ្នកជាម្ដាយ។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើស្ដ្រីទាំងឡាយចង់បានកូនដែលកើតមកប្រកបដោយសុខភាពល្អ និងមានប្រាជ្ញាលោកស្រីអ្នកនាងចាំបាច់ត្រូវថែ ទាំសុខភាពដោយការទៅពិនិត្យផ្ទៃពោះជាទៀងទាត់ យ៉ាងហោចណាស់ឱ្យបាន៤ដងនិងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ សម្រាប់ការលូតលាស់របស់កូន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧
Leave a Reply