សុខ ពិសី មមាញឹក តែគួរ​ថែ​សុខភាព

កញ្ញា សុខ ពិសី ជាតារា​ចម្រៀង​វ័យក្មេង​មួយរូប​ដែល​មាន​ការពេញ​និយម​សម្រាប់​ស្រទាប់​យុវវ័យ។ រូប​សម្រស់​ដ៏ស្រស់ ត្រកាល​និង​សម្លេង​ក្រអួន​ក្រអៅ​របស់​នាង​បានធ្វើឱ្យ​មានការ​ចាប់​អារម្មណ៍​ពីសំណាក់​ទស្សនិកជន និងម្ចាស់​ផលិត​កម្មនានា។ ភាព ស្រស់​ស្អាតបែបនេះ​ហើយ​ទើបធ្វើ​ឱ្យយុវតី​មួយ​ចំនួន​មាន​បំណង​ស្រមៃចង់​បានដូច​ជារូប​នាងដែរ។ តើនាង​មានវិធី​ថែរក្សា​សម្រស់ យ៉ាង​ដូចម្ដេច​ទើប​អាចរក្សា​សម្រស់​របស់​នាងឱ្យ​ស្រស់​ស្អាត​បែប​នេះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​បើកក​កាយ​អាថ៌កំបាំង​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​តារាចម្រៀង​ដ៏ស្រស់​ស្អាត កញ្ញា សុខ ពិសី ទស្សនា វដ្ដី​សុខភាពយើង បានទៅ​ជួបសម្ភាសន៍​ជាមួយ​នាងផ្ទាល់។

ប្រវត្ដិ​មុនចូល​ក្នុងវិស័យ​សិល្បៈ

មុនចូល​ក្នុងវិស័យ​សិល្បៈ កញ្ញា សុខ ពិសី កំពុង​សិក្សានៅ​ថ្នាក់​ទី៩ នៃសាលា​ឯកជន​មួយនៅ​ទីរួម​ខេត្ដ​កណ្ដាល​(តាខ្មៅ)។ ពេលនោះ​ពិសី​បានចាប់​អារម្មណ៍​កម្មវិធី​ប្រឡង​នៅសាលា​ប្រជានុ​ភាពផ្នែក​ចម្រៀង​សម័យ។ ពិសី​បានសម្រេច​ចិត្ដចូល​រួមប្រកួត​ប្រជែង ក្នុង​ចំណោម​បេក្ខជន​៦៨នាក់ ពិសី​គ្មាន​សង្ឃឹម​ជាប់​ចំណាត់​ថ្នាក់ឡើយ។ ព្រោះ​ពេលនោះ​មានបេក្ខ​ជនចូល​រួមជា​ច្រើន មាន​សមត្ថភាព ប្រហាក់​ប្រហែល​គ្នាទៀត​ផង។ ប៉ុន្ដែ​ដោយសារ​ទេព​កោសល្យ​នៃការ​ច្រៀង កាយ​វិការ​សម្ដែង ព្រមទាំង​រូបសម្រស់​ដ៏ស្រស់​សោភា របស់​ពិសី​ទើបធ្វើ​ឱ្យនាង​បានជាប់​ចំណាត់​ថ្នាក់​លេខ១​ក្នុងចំណោម​បេក្ខជន​៦៨នាក់។ ការទទួល​បាន​ចំណាត់​ថ្នាក់ដ៏​ល្អនេះ​ហើយ ទើប សព្វថ្ងៃ​ពិសី​មានអាជីព​ជាអ្នក​ចម្រៀង​មួយរូប​ពិតប្រាកដ។ ពេលនេះ​ពិសី​ជាសិស្ស​កំពុងសិក្សា​នៅថ្នាក់ទី​១២។

វិធី​ថែរក្សា​សម្រស់

ពិសី​ជានារី​មួយរូប​ដែលស្រឡាញ់​រូបសម្ផស្ស​ខ្លាំងណាស់ ទោះបី​ជាមិនទាន់​ចូលប្រឡូក​ក្នុងវិស័យ​សិល្បៈ​យ៉ាងណាក្ដី។ ហេតុ​នេះហើយ​ទើបពិសី​បានខិត​ខំព្យាយាម​ប្រតិបត្ដិ​តាមការ​ប្រើ​ផលិតផល​ជំនួយ និងវិធី​ធម្មជាតិ​ជាច្រើន។

  • ការថែ​រក្សា​សក់ សរសៃ​សក់​ពិសី​មានបញ្ហា​ច្រើន ព្រោះ​នាង​ត្រូវការ​តុបតែង​សក់​ស្ទើរតែ​រាល់ថ្ងៃ ឧស្សាហ៍​គាប ដែលជា​ហេតុ​ធ្វើឱ្យ​សរសៃ​សក់​ឆាប់ខូច ដោយសារ​រងនូវ​កម្ដៅ​ភ្លើង​អគ្គិសនី និងកម្លាំង​ទាញ។ ដូចនេះ​ហើយទើប​ពិសី​ត្រូវការ​ជ្រើសរើស​សាប៊ូ​កក់សក់​ដែលជួយ​បន្ទន់​សរសៃ​សក់ និងជួយ​ការពារ​សរសៃ​សក់​មិនឱ្យ​ជ្រុះ។ ចំពោះ​ការកក់​សក់វិញ ២ថ្ងៃ​ទើប​ពិសី​កក់ម្ដង ហើយអប់ សក់១​សប្ដាហ៍​ម្ដង។ ការ​មមាញឹក​នឹង​ការងារ ពិសី​មិនអាច​មានពេល​ធ្វើខ្លួន​ឯង ហេតុនេះ​នាងតែង​តែទៅ​ហាងកែ​សម្ផស្ស ដើម្បី​ឱ្យអ្នក ជំនាញ​តុបតែង។
  • ការថែ​រក្សា​រោម​ចិញ្ចើម រោមភ្នែក និងភ្នែក ៖ អ្នក​សិល្បៈ​ភាគច្រើន​មានបញ្ហា​ជ្រុះ​រោមភ្នែក និងដុះ​លូតលាស់​មិនល្អ​ព្រោះការ​តុបតែង​រោមភ្នែក​ជាញឹក​ញាប់​ធ្វើឱ្យ​មានផល​ប៉ះពាល់។ ដោយសារ​មានបញ្ហា​ទាំងនេះ​ហើយ​បានជា​ពិសី​ប្រើម៉ា​ស្ការ៉ា​បណ្ដុះ រោមភ្នែក​នៅពេល​មាន​កម្មវិធី។ ចំពោះ​រោម​ចិញ្ចើម ពិសី​ស្រឡាញ់​រោម​ចិញ្ចើម​បែប​ធម្មជាតិ ដោយមិន​ចូលចិត្ដ​កោរ​ឡើយ។ ជា ពិសេស​ទៅទៀត​នោះ​នាងមាន​កែវភ្នែក​ស្រស់ថ្លា​ស្អាតពី​កំណើត ហើយ​យកចិត្ដ​ទុកដាក់​ថែទាំ​មិនឱ្យ​មានបញ្ហា​ដល់កែវ​ភ្នែក​របស់នាង ឡើយ។ ពិសី​ប្រើ​វ៉ែនតា​ការពារ​កម្ដៅ​និង​ការពារ​ពន្លឺ​នៅពេល​ចេញ​ដើរទៅ​ខាងក្រៅ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

 

  • ការថែ​រក្សា​បបូរ​មាត់ ពិសី​លាប​ក្រែម​រលោង​ការពារ​បបូរ​មាត់​ជារៀង​រាល់ថ្ងៃ ដើម្បី​ចៀសវាង​ការប្រេះ​បបូរមាត់។ នៅពេល​ឡើង​ច្រៀង​ឬថត ពិសី​លាប​បបូរ​មាត់ឱ្យ​សមទៅ​នឹង​សម្លៀក​បំពាក់​របស់នាង។
  • ការថែ​រក្សា​ធ្មេញ ជារៀង​រាល់​៦ខែ ឬ១ឆ្នាំ ពិសី​ទៅ​ពិនិត្យ​សុខភាព​ធ្មេញម្ដង ដោយឡែក​ចំពោះការ​សម្អាត​ធ្មេញយក​ជាតិ​កំណក​កំបោរ​ធ្វើជា​ទៀងទាត់​រៀងរាល់​៣ខែ​ទៅម្ដង កម្រ​ខកខាន​ណាស់។ ពិសី​ជ្រើសរើស​ថ្នាំដុស​ធ្មេញ​ប្រភេទ​ណាដែល​មានគុណ ភាពល្អ​និងមិន​មានផល​ប៉ះពាល់​ដល់​ធ្មេញ។
  • ការថែ​រក្សា​ស្បែក ភាព​រវល់​នឹងការងារ ពិសី​គ្មានពេល​ទំនេរ​ថែរក្សា​ស្បែកមុខ​ឱ្យបាន​ឋិតថេរ​ឡើយ ទើបនាង​បានរើស​យកឡេ​ការពារ​ស្បែកមុខ​យកមក​លាប ដើម្បី​ចៀសវាង​ផ្ទៃមុខ​ខ្មៅ និងស្នាម​អាចម៍​រុយ។ មុនចូល​ដំណេក​ពិសី​ដុស​សាប៊ូ​កម្ចាត់​ជាតិ ក្អែល​និង​បំបាត់​ជាតិ​ខ្លាញ់ពី​ផ្ទៃមុខ។ ពេល​ក្រោកពី​ដំណេក ពិសី​លុបលាង​មុខ​ជាមួយ​ទឹកក្ដៅ ឬទឹក​ត្រជាក់ រួចយក​កន្សែង​មក​ជូតមុខ ជាការ​ស្រេច។ ស្បែក​ខ្លួនពិសី​ថែរក្សា​បែប​ធម្មជាតិ ដោយ​យក​អំពិលទុំ ទឹកដោះ​គោះឆៅ ទឹកឃ្មុំ មក​លាយ​បញ្ចូល​គ្នាឱ្យ​សព្វជាតិ រួច​ហើយ​យកមក​ខាត់ស្បែក​ក្នុង១​សប្ដាហ៍​ម្ដងជា​ទៀងទាត់ ទោះបីជា​មានការ​មមាញឹក​យ៉ាងណា​ក៏ដោយ​ក៏នាង​មិនដែល​ភ្លេចឡើយ។
  • ការថែ​រក្សា​ក្រចក​ដៃជើង ៖ ក្រចក​ដៃជើង ជាផ្នែក​មួយ​ក្នុងការ​ជួយលើក​សម្រស់​រូបរាង​កាយ។ ពិសី​មិន​បណ្ដោយ​ឱ្យ​ក្រចក​កខ្វក់​ឡើយ​ព្រោះ​នាងមិន​ចូលចិត្ដ។ ពេល​នៅផ្ទះ​និងថត​ក្នុង​ស្ទីឌីយោ នាងទុក​ក្រចក​ធម្មតា​(ធម្មជាតិ)​មិនលាប​អ្វីទាំង​អស់។ សម្រាប់​ពេលថត​ចម្រៀង​ខារ៉ាអូខេ​ឬ​ចូលរួម​កម្មវិធី​ផ្សេងៗ នាង​ចូលចិត្ដ​លាប​ក្រចកស​ចុងតែ​ប៉ុណ្ណោះ។

វិធី​ថែរក្សា​រូបរាង​កាយ

មួយឆ្នាំ​ឬ៦ខែ ពិសី​ទៅ​ពិនិត្យ​សុខភាព​ម្ដង ដើម្បី​ទប់ស្កាត់​ជម្ងឺ​ផ្សេងៗ។ ពិសី​ទទួល​ទាន​អាហារ​មួយថ្ងៃ​៣ដង ដោយ បរិមាណ​ត្រឹមត្រូវ​មិនមែន​បរិភោគ​តាមការ​ឃ្លាន​ឡើយ ដោយ​សារ​ខ្លាចខូច​សុខភាព និង​ធ្វើឱ្យ​ឡើង​ទម្ងន់​ដងខ្លួន។ ពិសី​ទទួលទាន មិនសូវ​តម​ប៉ុន្មានទេ​តែ​ចូលចិត្ដ​ទទួល​ទាន​បន្លែ​ច្រើនជាង​សាច់។ រីឯ​ការ​ទទួល​ទាន​ដំណេក ទោះបីជា​មានការ​មមាញឹក​យ៉ាងណាក៏ ដោយ​មួយថ្ងៃ​នាងត្រូវ​គេងឱ្យ​បានពី​៧ម៉ោង​ទៅ១០​ម៉ោង​យ៉ាងតិច ដើម្បី​ការពារ​សម្រស់​និង​សុខភាព​រាងកាយ​ឱ្យមាំមួន។ ពិសី​ចូលចិត្ដ​ហាត់ប្រាណ​នៅផ្ទះ​ជាមួយ​ម៉ាស៊ីន​រត់រក្សា​រាងកាយ​មិនឱ្យ​ឡើង​ទម្ងន់។ ក្រៅពី​នេះ នាង​ចូលចិត្ដ​លោត​អន្ទាក់ និងលេង​តេន្នីស​ពេល សម្រាក​ទំនេរ​នៅផ្ទះ។

បំណង​សម្រាប់​ថ្ងៃអនាគត

សព្វថ្ងៃ​ពិសី​ជាតារា​វ័យក្មេង​ដ៏ស្រស់​ស្អាត​មួយដួង​ដែលជា​ទីចាប់​អារម្មណ៍​របស់​ទស្សនិកជន​ផ្នែក​ចម្រៀង​សម័យថ្មី។ ទោះជា​យ៉ាងណា​ក្ដី​សម្រាប់​បំណង​ទៅថ្ងៃ​អនាគត កញ្ញា​ចង់មាន​មុខរបរ​អាជីវ​កម្មមួយ​ច្បាស់លាស់​ទុក​សម្រាប់​ទំនុក​បម្រុង​ក្រុម​គ្រួសារ និង ខ្លួនឯង​បន្ថែមទៀត។ ប៉ុន្ដែ​បើ​ទស្សនិកជន​នៅតែ​គាំទ្រ រូបនាង​នឹងបន្ដ​អាជីព​ជាអ្នក​ចម្រៀង​រហូត។

បណ្ដាំ​ផ្ញើរបស់​សុខ ពិសី

ការ​មមាញឹក​នឹង​ការងារ​អ្នកណា​ក៏ចៀស​មិនរួច​ដែរ តែសូម​លោកអ្នក​ជាពិសេស​សុភាព​នារីគួរ​ថែរក្សា​សុខភាព​ឱ្យល្អ ដើម្បី​រូបរាង​កាយ​មាំមួន​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ។ ស្បែកជា​កត្ដា​មួយដ៏​សំខាន់​សម្រាប់​ធ្វើឱ្យ​លោកអ្នក​នៅក្មេង​បានយូរ ដូចនេះ​គប្បី​យកចិត្ដ​ទុកដាក់​សម្អាត​ស្បែកឱ្យ​ស្រស់ថ្លា ដើម្បី​ជួយលើក​សម្រស់ និងចៀស​វាងការ​មានជម្ងឺ។

ចំណុច​ដែល​លើកមក​ជម្រាប​ជូនខាង​លើនេះ​ជាការ​យល់ឃើញ និងអនុវត្ដន៍​របស់​កញ្ញា សុខ ពិសី។ សូម​លោកស្រី​អ្នកនាង​កញ្ញា​ជ្រើសរើស​យកទៅ​អនុវត្ដ​តាមនូវ​ចំណុច​ណាដែល​យល់ឃើញ​ថាល្អ​ត្រឹមត្រូវ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ សុខ ពិសី
  • អាយុ ៖ ១៨ឆ្នាំ
  • កម្ពស់ ៖ ១,៦៧ ម៉ែត្រ
  • ទម្ងន់ ៖ ៤៨ គីឡូ
  • ទំហំ​ទាំងបី ៖ ៣៤, ២៨, ៣៦
  • បងប្អូន ៖ ៣នាក់ ជាកូន​ទី២​(ស្រី១)
  • ស្រុក​កំណើត ៖ នៅទី​រួមខេត្ដ​កណ្ដាល ទួល​ក្រសាំង

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *