ស្នាមញញឹមដ៏ស្រស់ស្អាត គឺអាស្រ័យលើធ្មេញរបស់លោកអ្នកក្នុងការបញ្ចេញឱ្យអ្នកដទៃបានឃើញ។ ធ្មេញទន្សាយគឺជាធ្មេញមួយប្រភេទដែលយុវវ័យកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ ប៉ុន្ដែមិនមែនមានន័យថា យុវវ័យណាក៏សុទ្ធតែតធ្មេញទន្សាយបាន ស្រស់ស្អាតនោះទេគឺវាអាស្រ័យលើបច្ចេកទេសទំនើបរបស់គ្រូពេទ្យជំនាញខាងធ្មេញ។ តើមានវិធីសាស្ដ្របែបណាក្នុងការតធ្មេញ ទន្សាយឱ្យមានភាពស្រស់ស្អាត?
ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីវិធីតធ្មេញទន្សាយ ទស្សនាវដ្ដី សុខភាពយើង សូមធ្វើការបកស្រាយអំពីបញ្ហាទាំងនេះតាមរយៈបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ហោ អូន ប្រធានពេទ្យធ្មេញចតុមុខសម្រាប់ឱ្យមិត្ដអ្នកអានស្វែងយល់ពីគុណប្រយោជន៍ និងផលប៉ះពាល់។
តធ្មេញទន្សាយជួយលើកសម្រស់
ការតធ្មេញទន្សាយមិនមែនចេះតែតនោះទេ វាអាស្រ័យលើទម្រង់មុខ។ ទម្រង់មុខខ្លី និងទម្រង់មុខធំពេកនៅពេលតធ្មេញទៅក៏មិនសក្ដិសមដូចទម្រង់មុខទ្រវែងឡើយ។ ម្យ៉ាងទៀតយុវវ័យមួយចំនួនតធ្មេញមិនដើម្បីភាពស្រស់ស្អាតនោះទេ ប៉ុន្ដែអាច បណ្ដាលមកពីធ្មេញកំណើតខ្លីទើបទៅតឱ្យរាងវែង ជួនកាលតធ្មេញដើម្បីបិតប្រហោងចន្លោះកណ្ដាលធ្មេញឱ្យជិត។ ការតធ្មេញ ទន្សាយសក្ដិសមសម្រាប់យុវវ័យដែលភាគច្រើនជានារីមានរហូតដល់ទៅ៨០ភាគរយ។
វិធីតធ្មេញទន្សាយ
ការតធ្មេញទន្សាយត្រូវចំណាយពេលប្រហែលជា១ម៉ោង៣០នាទីទៅ២ម៉ោង។ ដោយជាដំបូងចាំបាច់ត្រូវពិនិត្យលើទម្រង់ មុខតើពេលតហើយស្អាត ឬអត់។ ម្យ៉ាងទៀតត្រូវពិនិត្យលើស្ថានភាពសុខភាពធ្មេញរឹងមាំដល់កម្រិតណា ដើម្បីងាយស្រួលនៅពេល រ៉។ បើធ្មេញរឹងមាំរ៉រាងខ្លាំងបន្ដិច តែបើធ្មេញរាងពុក ត្រូវរ៉ក្នុងលក្ខណៈធម្មតា។ ប្រសិនបើធ្មេញកំណើតធំ ត្រូវចំណាយពេលរ៉ឱ្យរាង តូចបន្ដិច ព្រោះធ្មេញធំពេកពិបាកតបើតហើយមិនសូវស្អាតដូចធ្មេញតូចទេ។ បន្ទាប់ពីពិនិត្យសុខភាពធ្មេញ និងឈូសឆាបរួចរាល់ ហើយទើបឈានចូលដល់វិធីភ្ជាប់ធ្មេញទន្សាយជាមួយធ្មេញកំណើតដោយប្រើបច្ចេកទេសរបស់ពេទ្យធ្មេញ។ ធ្មេញទន្សាយពេលត ចប់សព្វគ្រប់ធ្មេញនោះមានលក្ខណៈដូចជាធ្មេញកំណើតដែរមិនមានឃើញស្នាមអ្វីឡើយ ថែមទាំងអាចជួយទៅភ្ជិតរន្ធធ្មេញដែលមាន ចន្លោះទៀតផង។ ធ្មេញទន្សាយដែលតភ្ជាប់ជាមួយធ្មេញកំណើតមានប្រវែងប្រហែលជា២មីលីម៉ែត្រទៅ៣មីលីម៉ែត្រ ផលិតចេញពី សារធាតុម្យ៉ាងដែលជាពណ៌ប្រហាក់ប្រហែលទៅនឹងធ្មេញកំណើត។
ផលប៉ះពាល់នៃការតធ្មេញទន្សាយ
ពេលរ៉ចៀសមិនផុតទេនូវការប៉ះទង្គិចរវាងសាច់អញ្ចាញជាមួយនឹងឧបករណ៍ធ្វើធ្មេញ។ ក្នុងករណីតធ្មេញទន្សាយមិនតាមក្បួនខ្នាតត្រឹមត្រូវឬពេទ្យធ្មេញដែលគ្មានជំនាញ ធ្វើឱ្យធ្មេញដែលតឆាប់ស្រៀវនៅពេលប៉ះទឹកក្ដៅទឹកត្រជាក់ ឬប៉ះកម្ទេចចំណី អាហារ។ ម្យ៉ាងទៀតនៅពេលដែលដកធ្មេញទន្សាយចេញឃើញធ្មេញកំណើតខ្លីហើយតូច និងមិនសមជាមួយធ្មេញដទៃទៀតទេ។ នៅពេលទទួលទានអាហារមិនអាចទំពាធ្មេញមុខបានទេ ព្រោះអាចធ្វើឱ្យធ្មេញបែក និងធ្វើឱ្យឈឺទៀតផង។ ករណីមួយចំនួនបន្ទាប់ពី តបាន១ ឬ២សប្ដាហ៍ អាចធ្វើឱ្យអញ្ចាញហើម ហើយឡើងក្រហមទៀតផង។ ករណីនេះបើមិនទៅជួបអ្នកជំនាញទាន់ពេលទេ ប្រាកដ ជាកើតជាខ្ទុះ ឬក៏ដំបៅបាន។
វិធីថែរក្សាធ្មេញទន្សាយ
សូមលោកអ្នកសម្អាតធ្មេញជាប្រចាំក្នុងមួយថ្ងៃ២ទៅ៣ដង ជាពិសេសនៅក្រោយពេលទទួលទានអាហារ និងក្រោកពី ដំណេកដើម្បីចៀសវាងធ្មេញខ្មៅ និងធ្មេញលឿង។ សូមជ្រើសរើសថ្នាំដុសធ្មេញ ទឹកខ្ពុរមាត់ដែលមានគុណភាពល្អមកប្រើប្រាស់។ ចំពោះការទំពាអាហារគួរទំពាថ្នមៗ ប្រសិនបើចង់ទំពាធ្មេញមុខ សូមកុំខាំចំណីអាហាររឹងៗចំធ្មេញដែលត។ គប្បីឧស្សាហ៍ទៅពិនិត្យ សុខភាពធ្មេញ និងជួបអ្នកជំនាញប្រសិនបើមានបញ្ហាអ្វីកើតឡើងចំពោះធ្មេញ ឬអញ្ចាញ ចៀសវាងការប្រើថ្នាំមិនត្រឹមត្រូវតាម វេជ្ជបញ្ជា។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកដែលមានសម្រស់ស្អាតស្រាប់ហើយនោះ មិនគួរទៅតធ្មេញបន្ថែមទៀតឡើយ ព្រោះធ្មេញនេះមិនអាចតបានជា រៀងរហូតទេនៅពេលដែលដល់កំណត់ ដាច់ខាតត្រូវទៅផ្លាស់ប្ដូរចេញ។ លោកអ្នកត្រូវថែរក្សាធ្មេញស្អាតបែបធម្មជាតិវិញល្អជាង។ សូមស្វែងយល់ថាការតធ្មញទន្សាយមិនមានអ្វីពិសេសជាងធ្មេញកំណើតយើងឡើយ។ ម្យ៉ាងទៀតសូមលោកអ្នកតោងដឹងថានៅពេលដកចេញនោះមិនស្អាតដូចធ្មេញកំណើតទេដូចជាធ្វើឱ្យមានស្នាម ប្រហោង ធ្មេញខ្លី ឬតូចជាងមុន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply