លោក អេ ភូថង គឺជាកីឡាករប្រដាល់ក្បាច់ខ្មែរបុរាណមួយរូបដែលមានកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុ ជាហើយក៏ជាអ្នកប្រដាល់ដែលត្រូវបានមហាជនទទួលស្គាល់ និងផ្ដល់រហ័សនាមថាអធិរាជកែងឆេះ ជង្គង់ហោះ។ ជាមួយនឹងកេរ្ដិ៍ ឈ្មោះដ៏ល្បីល្បាញនេះ លោកអេ ភូថង គឺជាកីឡាករមួយរូបដែលធ្លាប់មានបទពិសោធន៍ក្នុងការប្រកួតអស់រយៈពេលជាច្រើនឆ្នាំ និង ជាច្រើនប្រកួតទាំងការប្រកួតជាលក្ខណៈជាតិ និងអន្ដរជាតិ។ ភាពជោគជ័យទាំងនេះ គឺអាស្រ័យទៅលើការខិតខំប្រឹងប្រែង ពិសេស គឺកត្ដាសុខភាព និងការថែទាំ។
ដើម្បីឆ្លើយតបនឹងការចាប់អារម្មណ៍របស់អ្នកស្នេហាវិស័យកីឡាប្រដាល់ ក៏ដូចជាមិត្ដអ្នកអានទាំងឡាយ លោក អេ ភូថងបានបកស្រាយយ៉ាងក្បោះក្បាយជាមួយនឹងទស្សនាវដ្ដី សុខភាពយើង អំពីប្រការដែលទាក់ទងនឹងការរក្សាសុខភាពរបស់លោក។
ការទទួលទានអាហារ
ក្នុងឋានៈជាកីឡាករមួយរូបដែលល្បីល្បាញ និងមានសុខភាពល្អ លោក អេ ភូថង មានរបបទទួលទាន និងមានការជ្រើសរើសអាហារសម្រាប់ការទទួលទានប្រចាំថ្ងៃយ៉ាងត្រឹមត្រូវ និងទៀងទាត់ពេលវេលា។ ក្នុងការរក្សាសុខភាពឱ្យបានល្អ និងរឹងមាំ លោកបានជ្រើសរើសទទួលទានអាហារដែលមានបន្លែច្រើន។ ឯការទទួលទានសាច់ គឺជាការចាំបាច់បំផុតសម្រាប់លោក ព្រោះជាអាហារ សម្រាប់ទ្រទ្រង់រាងកាយនិងផ្ដល់ថាមពលដែលមានផលប្រយោជន៍ច្រើនសម្រាប់ការហ្វឹកហាត់ ពិសេសសាច់ត្រី និងសាច់គោ។
ការរក្សាទម្ងន់ខ្លួន
ភូថងជាកីឡាករប្រដាល់ប្រភេទទម្ងន់៧៥គីឡូក្រាម ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ក្នុងកំឡុងពេលនេះដែរ លោកបានរក្សាទម្ងន់ខ្លួនរបស់លោកឱ្យនៅឋេរជានិច្ច។ ទាក់ទងនឹងការរក្សាទម្ងន់ខ្លួនទទួលបានជោគជ័យបែបនេះ គឺលោកត្រូវតែធ្វើការ ហាត់ប្រាណឱ្យបានទៀងទាត់និងក្នុងមួយថ្ងៃចំនួនពីរដង គឺពេលព្រឹក និងពេលល្ងាច។ ការហាត់ប្រាណ គឺដើម្បីបញ្ចេញញើស និងជាតិ ពុលដែលមាននៅក្នុងខ្លួន។
ការហ្វឹកហាត់
ការហ្វឹកហាត់ គឺជារឿងសំខាន់ណាស់សម្រាប់កីឡាករគ្រប់រូប ព្រោះការហ្វឹកហាត់ត្រូវប្រព្រឹត្ដឡើងដោយត្រឹមត្រូវ និង សមស្រប។ ប្រសិនបើការហ្វឹកហាត់ដែលពុំបានរៀបចំ និងបែងចែកមិនត្រឹមតែមិនផ្ដល់ផលប្រយោជន៍សម្រាប់ភាពជាកីឡាករ ប៉ុណ្ណោះទេ ផ្ទុយទៅវិញវាអាចមានគុណវិបត្ដិសម្រាប់សុខភាពទៅវិញ។ ដូចនេះដើម្បីឱ្យមានលក្ខណៈល្អប្រសើរសម្រាប់អាជីពប្រ ដាល់និងដើម្បីរក្សាសុខភាពឱ្យមានភាពមាំមួនល្អលោកបានបែងចែកការហ្វឹកហាត់យ៉ាងត្រឹមត្រូវ និងទៀងទាត់ពេលវេលា។ លោក ធ្វើការហ្វឹកហាត់ក្នុងមួយថ្ងៃពីរដង ពេលព្រឹក និងពេលល្ងាចហើយក្នុងម្ដងៗចំនួនបីម៉ោង ពិសេសគឺត្រូវធ្វើជារៀងរាល់ថ្ងៃ។ ចំណែកឯបច្ចេកទេសក្នុងការហ្វឹកហាត់របស់លោកមានដូចជាការរត់ដើម្បីឱ្យមានភាពអំណត់ និងកុំឱ្យមានការហត់ខ្លាំងក្នុងពេលមានការប្រកួត ម្ដងៗ។ ក្រៅពីនេះ លោកនៅមានការហាត់ជាច្រើនទៀត ដូចជាការហាត់វ៉ៃទាត់បាវខ្សាច់និងការហាត់ស្វែងរកពីរបៀប ឬយុទ្ធ សាស្ដ្រថ្មីៗជាដើម។
ការរក្សាសុខភាពនៅមុនពេលឡើងប្រកួត
នៅរាល់មុនពេលប្រកួតម្ដងៗ លោកតែងតែយកចិត្ដទុកដាក់ជាពិសេសចំពោះសុខភាព គឺលោកតែងតែសម្រាកឱ្យបាន ច្រើននិងទទួលទានទៀងទាត់ពេលវេលាមិនខកខាន ពិសេសគឺត្រូវទទួលទានគ្រប់គ្រាន់ ប្រយោជន៍រក្សាកម្លាំងឱ្យបានល្អ និងដើម្បីកុំឱ្យមានបញ្ហាប៉ះពាល់ចំពោះសុខភាព។ ជាមួយគ្នានេះដែរ លោកមិនទទួលទានគ្រឿងស្រវឹង ដូចជាស្រាជាដើមឡើយ។
ការទទួលទានដំណេក
លោក អេ ភូថង គឺជាកីឡាករម្នាក់ដែលមានសុខភាពល្អ និងរឹងមាំ ទាំងនេះគឺអាស្រ័យដោយលោកមានរបៀបនៃការថែរក្សាសុខភាពយ៉ាងត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ដើម្បីឱ្យសុខភាពកាន់តែមានលក្ខណៈល្អប្រសើរឡើង ពិសេសគឺមានកម្លាំងគ្រប់គ្រាន់ជាមួយនឹងការទទួលទានដំណេក លោកតែងតែសម្រាក៨ម៉ោងក្នុងមួយថ្ងៃ យ៉ាងទៀងទាត់។ ជាងនេះទៀតដើម្បីឱ្យរាងកាយរឹងមាំ កម្លាំងគ្រប់គ្រាន់លោកតែងតែបន្ថែមការសម្រាកនៅពេលថ្ងៃប្រមាណជាពីរម៉ោងទៅពីរម៉ោងកន្លះទៀត។
ការថែរក្សាសុខភាពមាត់ធ្មេញ
បញ្ហាមាត់ធ្មេញជារឿងសំខាន់ដែលមនុស្សគួរយកចិត្ដទុកដាក់។ ភូថងក៏ចាប់អារម្មណ៍ជាពិសេសចំពោះបញ្ហានេះដែរ។ ដើម្បីថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អ លោកតែងតែធ្វើការសម្អាតជាប្រចាំយ៉ាងហោចណាស់ បីដងក្នុងមួយថ្ងៃ ពិសេសនៅក្រោយ ពេលទទួលទានអាហារនិងមុនពេលចូលសម្រាក។
បញ្ហាសុខភាពផ្លូវភេទ
ទាក់ទងនឹងសុខភាពផ្លូវភេទ ភូថងបានបង្ហើបប្រាប់ថា វាជារឿងសំខាន់ព្រោះទាក់ទងនឹងសុខភាពមុនពេលឡើងប្រកួតរបស់កីឡាករគ្រប់រូប។ មិនខុសពីកីឡាករល្បីៗដទៃទៀតឡើយ ភូថងតែងមិនធ្វើការរួមភេទ ក្នុងរយៈពេលពីបីសបា្ដហ៍ទៅមួយខែ មុនការឡើងប្រកួតទោះបីជាលោកមានការជឿជាក់ថាអាចទទួលជ័យជំនះលើគូប្រកួតមួយរយភាគរយក៏ដោយ។ ការតមមិនរួមភេទនៅមុនពេលប្រកួតប្រយោជន៍ដើម្បីរក្សាកម្លាំង និងសុខភាព ចៀសវាងប៉ះពាល់ដោយប្រការណាមួយដែលនឹងអាចកើតមាន ឡើង។
ដំបូន្មានរបស់លោក អេ ភូថង
ក្នុងនាមជាកីឡាករមួយរូបដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា លោកអេភូថងសូមធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកដែលស្នេហាវិស័យកីឡាប្រដាល់ ពិសេសអ្នកដែលចង់ក្លាយខ្លួនជាកីឡាករមួយរូបដែលមានកេរ្ដិ៍ឈ្មោះ និងខ្លាំងពូកែ សូមប្អូនៗយកចិត្ដទុកដាក់ក្នុងការហ្វឹកហាត់ គឺត្រូវធ្វើការហ្វឹកហាត់ឱ្យបានទៀងទាត់ពេលវេលា និងជាប្រចាំ។ ម្យ៉ាងទៀតដើម្បីជាជំនួយ ក្នុងការហាត់សំខាន់ត្រូវគិតគូរដល់សុខភាពជាអាទិការថែរក្សាសុខភាព ការទទួលទានគ្រប់គ្រាន់ និងការជ្រើសរើសអាហារដែល មានគុណប្រយោជន៍សម្រាប់សុខភាព។ គួរកុំពិសារបារី ស្រានិងគ្រឿងស្រវឹងផ្សេងៗដែលអាចមានផលប៉ះពាល់ដល់សុខភាព។
ប្រវត្ដិសង្ខេប
- ឈ្មោះ ៖ អេ ភូថង
- អាយុ ៖ ៣៦ឆ្នាំ
- កម្ពស់ ៖ ១.៧៩ម៉ែត្រ
- ទម្ងន់ ៖ ៧៥គីឡូក្រាម
- ទីកន្លែងកំណើត ៖ ខេត្ដកោះកុង
- បងប្អូនបង្កើត ៖ ៣នាក់ (ប្រុស២នាក់ ស្រី១នាក់)
- ស្ថានភាពគ្រួសារ ៖ រៀបការរួច (មានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់)
- ធ្លាប់ប្រកួត ៖ ចំនួន១៣២ដង ឈ្នះ១២៨ដង ចាញ់៤ដង និងស្មើ២ដង(គិតត្រឹមខែសីហា ២០០៦)
- អនាគត ៖ ចង់ក្លាយជាគ្រូបង្ហាត់
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply