លោកហេង ប៊ុនលាភ ជាតារាចម្រៀងមួយដួងដែលមានការពេញនិយមនិងទទួលស្គាល់ពីទស្សនិកជនគ្រប់ស្រទាប់។ មិន តែប៉ុណ្ណោះដោយសារភាពស្រស់សង្ហារបស់លោកទើបធ្វើឱ្យមានការចាប់អារម្មណ៍ពីម្ចាស់ផលិតកម្មជាច្រើនបានអញ្ជើញរូបលោក ទៅថតជាខ្សែភាពយន្ដ។ ភាពប៉ិនប្រសព្វ និងសេចក្ដីក្លាហានក្នុងការសម្ដែងបានធ្វើឱ្យ ហេងប៊ុនលាភមានភាពល្បីល្បាញដូចសព្វថ្ងៃ នេះ។ ទស្សនិកជនពិតជាចង់ដឹងពីវិធីថែរក្សារូបរាងកាយនិងសម្រស់របស់លោកជាមិនខាន។
ដើម្បីបំបាត់ចម្ងល់របស់ទស្សនិកជន លោកហេង ប៊ុនលាភបានចូលខ្លួនបកស្រាយជូនមិត្ដអ្នកអានឱ្យបានជ្រាបតាមរយៈ ជួបសម្ភាសជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនចូលវិស័យសិល្បៈ
ហេង ប៊ុនលាភ ជាកូនកសិករមួយរូបរស់នៅខេត្ដបាត់ដំបង។ ក្រោយពីប្រឡងជាប់មធ្យមសិក្សាទុតិយភូមិលោកបានធ្វើ ដំណើរចាកចេញពីខេត្ដបាត់ដំបងមករស់នៅជាមួយបងធម៌ស្ថិតនៅស្រុកកៀនស្វាយខេត្ដកណ្ដាល។ ដោយសារលោកមានសំនៀងពី រោះនិងភាពស្រស់សង្ហាបានធ្វើឱ្យក្រុមគ្រួសារក៏ដូចជាមិត្ដភក្ដិជំរុញឱ្យទៅច្រៀងនៅតាមភោជនីយដ្ឋាន វង់តន្ដ្រីនានាក្នុងទីក្រុងភ្នំ ពេញនិងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីបុរសឯកនារីឯកនៅស្ថានីយទូរទស្សន៍អប្សរា។ លោកក៏បានសម្រេចចិត្ដចូលរួមប្រឡងតាម ការជំរុញរបស់មិត្ដភក្ដិ និងក្រុមគ្រួសារ។ ការចូលរួមប្រឡងអស់រយៈពេលជាច្រើនខែ រូបលោកទទួលបានជ័យលាភីលេខ២ប្រចាំស្ថា នីយទូរទស្សន៍អប្សរាក្នុងឆ្នាំ២០០១។ ក្រោយពីបានប្រឡងជាប់ លោកបានបន្ដអាជីពជាអ្នកចម្រៀង និងជាតារាសម្ដែងរហូតមកដល់ សព្វថ្ងៃ។
វិធីថែរក្សាសម្រស់
លោកហេង ប៊ុនលាភ មានរូបរាងស្រស់សង្ហាតាំងពីកំណើត។ ហេតុដូចនេះហើយលោកមិនចូលចិត្ដប្រើផលិតផលអ្វីច្រើន នោះទេ។ ខាងក្រោមនេះ គ្រាន់តែជាការអនុវត្ដប្រចាំថ្ងៃរបស់លោក។
- ការថែរក្សាធ្មេញ ៖ រយៈពេលពី៦ខែទៅ១ឆ្នាំ លោកទៅពិនិត្យធ្មេញម្ដងដើម្បីចង់ដឹងថាធ្មេញរបស់លោកមានបញ្ហា ឬ យ៉ាងណា។ ទន្ទឹមនឹងនោះផងដែរ លោកមិនចូលចិត្ដប្រើទឹកថ្នាំខ្ពុរមាត់ទេព្រោះលោកមានអារម្មណ៍ថាពិបាកទ្រាំនៅពេលខ្ពុរ។
- ការថែរក្សាសក់ ៖ សក់របស់លោកប៊ុនលាភមានសុខភាពល្អកម្រជ្រុះណាស់ជាពិសេសលោកមិនដែលប្រើផលិតផលអ្វី ដើម្បីជំនួយសក់ឡើយ។ លោកគ្រាន់តែកក់សក់ជាមួយសាប៊ូដែលជាជំនួយសរសៃសក់អោយទន់រលោងតែប៉ុណ្ណោះ។
- ការថែរក្សាភ្នែក ៖ ប៊ុនលាភកម្រពាក់វ៉ែនតាណាស់ ព្រោះលោកគិតថាពេលពាក់ទៅមិនស្រស់ស្អាតដូចយុវវ័យ។ ប៉ុន្ដែ នៅពេលបើកឡានផ្លូវឆ្ងាយ ទើបលោកពាក់ម្ដងកាល ដើម្បីការពារពន្លឺថ្ងៃ។
- ការថែរក្សាស្បែកមុខ និងស្បែកខ្លួន ៖ នៅពេលងូតទឹក លោកតែងតែដុសសាប៊ូ ដើម្បីបំបាត់ជាតិក្អែលនិងបំបាត់ជាតិ ខ្លាញ់លើស្បែក។ លោកមិនប្រើឡេការពារកម្ដៅថ្ងៃ និងផលិតផលផ្សេងៗទៀតនោះទេព្រោះខ្លាចមានប្រតិកម្មដល់ស្បែក។
វិធីថែរក្សាសុខភាពរាងកាយ
លោកហេង ប៊ុនលាភ មួយថ្ងៃទទួលទានអាហារ៣ពេលជាទៀងទាត់។ លោកមិនរើសចំណីឡើយអាហារដែលអ្នកដទៃ ញ៉ាំបាន លោកក៏អាចញ៉ាំបានដែរ ហើយលោកចូលចិត្ដទទួលទានប្រហុកជាងគេ។ មុនពេលឡើងឆាកលោកតែងតែថែរក្សាសម្លេង រយៈពេល២ថ្ងៃ ដោយតមនូវចំណីអាហារមួយចំនួន។ ទោះបីជាលោកមានការមមាញឹកយ៉ាងណាក្ដីក៏លោកត្រូវតែគេងឱ្យបានគ្រប់ គ្រាន់ក្នុងមួយថ្ងៃប្រាំបីម៉ោង។ ដោយឡែកការហាត់ប្រាណនៅផ្ទះលោកចូលចិត្ដកាយវិការគ្រប់រូបភាព សំខាន់ឱ្យតែអាចជួយសម្រួល ដល់សព៌ាង្គកាយ។ លោកចូលចិត្ដហាត់កីឡានៅពេលទំនេរពីការងារដូចជាកីឡាវាយប៉េងប៉ុង លើកដុំដែកជាដើម។ ជាធម្មតារយៈ ពេល៦ខែទៅ១ឆ្នាំ លោកអញ្ជើញទៅពិនិត្យសុខភាពម្ដង។
បំណងសម្រាប់ថ្ងៃអនាគត
លោកហេង ប៊ុនលាភបានប្រកបអាជីពជាអ្នកចម្រៀង និងតារាសម្ដែងមានរយៈពេលយូរឆ្នាំមកហើយ។ ប៉ុន្ដែទោះជា យ៉ាងណាក៏ដោយសម្រាប់ថ្ងៃអនាគតលោកមិនអាចបន្ដអាជីពជាអ្នកសិល្បៈរហូតបានឡើយ។ ទន្ទឹមនឹងនោះថ្ងៃអនាគតលោកមាន គម្រោងចង់បើកអាជីវកម្មដោយខ្លួនឯង តែលោកមិនទាន់កំណត់ច្បាស់ថាអាជីវកម្មបែបណានោះទេព្រោះមិនទាន់មានថវិកាគ្រប់ គ្រាន់នៅឡើយទេ។
បណ្ដាំផ្ញើរបស់ហេង ប៊ុនលាភ
គ្មាននរណាម្នាក់មានពេលគ្រប់គ្រាន់សម្រាប់ថែរក្សារូបរាងកាយនោះទេ ព្រោះម្នាក់ៗសុទ្ធតែរវល់។ ទោះបីជាមិនសូវមាន ពេលវេលាយ៉ាងណាក៏ដោយ លោកអ្នកត្រូវគិតពីសុខភាពជាសំខាន់។ លោកអ្នកគប្បីឆ្លៀតពេលខ្លះថែរក្សាសុខភាពរូបរាងកាយ ដើម្បី ចៀសផុតពីជម្ងឺបៀតបៀន ព្រោះសុខភាពជាកត្ដាចម្បងក្នុងការរស់នៅប្រចាំថ្ងៃ។ ប្រការសំខាន់ជាងគេគឺមិនត្រូវប្រើគ្រឿងញៀន និង ទទួលទានជាតិសុរាហួសហេតុនោះទេ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ហេង ប៊ុនលាភ
- អាយុ ៖ ២៨ឆ្នាំ
- កម្ពស់ ៖ ១,៧៦ ម៉ែត្រ
- ទម្ងន់ខ្លួន ៖ ៧៥ គីឡូក្រាម
- បងប្អូន ៖ ៤នាក់ ប្រុស៣ ស្រី១ (ជាកូនទី១)
- កម្រិតវប្បធម៌ ៖ បញ្ចប់មធ្យមសិក្សាទុតិយភូមិ
- ទីកន្លែងកំណើត ៖ ខេត្ដបាត់ដំបង
- ស្ថានភាពគ្រួសារ៖ រស់នៅជាមួយក្រុមគ្រួសា
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply