មាស ម៉ូលីណា ៖ ហាត់​ប្រាណ​សំខាន់​សម្រាប់​សុខភាព និង​សម្រស់

អ្នកនាង មាស ម៉ូលីណា​ជាពិធី​ការិនី​ដ៏ស្រស់​សោភា​មួយរូប​ដែល​កំពុង​តែមាន​ឈ្មោះ​បោះ​សម្លេង​នៅស្ថានីយ​ទូរទស្សន៍ រាជធានី​ភ្នំពេញ​ប៉ុស្ដិ៍​លេខ៣។ ទោះបី​ជា​អ្នកនាង​មាន​ស្វាមី​ហើយ​ក៏ពិត​មែន​តែ​សម្រស់​របស់​អ្នកនាង​មិនចាញ់​តារា​សម្ដែង និង ពិធីការិនី​ស្រករ​ក្រោយ​ឡើយ។ ភាពល្បី​របស់​អ្នក​នាង​បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ២០០២​នៅ​ក្នុង​កម្មវិធី​ប្រឡង​ស្រីស្អាត​ប្រុស​ស្អាត ដោយ ជាប់​ចំណាត់​ថ្នាក់​លេខ៣​ក្នុង​ចំណោម​បេក្ខជន​ជាច្រើន​នាក់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យកាន់​តែជ្រាប​ច្បាស់​ពីអាថ៌​កំបាំង​នៃការ​ថែរក្សា​រូប​សម្ផស្ស​ក៏ដូចជា​ប្រវត្ដិ​មុន​ចូល​វិស័យ​សិល្បៈ ទស្សនាវដ្ដី​សុខភាព យើង បាន​ជួប​សម្ភាស​ជាមួយ​អ្នកនាង មាស ម៉ូលីណា ផ្ទាល់។

ប្រវត្ដិ​មុនចូល​វិស័យ​សិល្បៈ

កាល​ពីដំបូង​អ្នកនាង​ម៉ូលី​ណា​ជាសិស្ស​បញ្ចប់​មធ្យម​សិក្សា​ទុតិ​យភូមិ​នៅ​សាលា​វិទ្យាល័យ​សន្ធ​រមុខ ហើយ​ត្រៀម​ខ្លួន​ប្រឡង​ចូលរៀន​នៅ​មហា​វិទ្យា​ល័យ។ ស្រប​ពេល​នោះ​មាន​កម្មវិធី​ជ្រើស​រើស​ស្រីស្អាត​ប្រុស​ស្អាត។ អ្នក​នាង​ក៏សម្រេច​ចិត្ដចូល​ប្រកួត ប្រជែង​នៅក្នុង​កម្មវិធី​ស្រីស្អាត​ប្រុស​ស្អាត​តាមការ​ជំរុញ​របស់​មិត្ដ​ភក្ដិ។ បន្ទាប់​ពីមាន​ការ​ចូលរួម​ប្រកួត​ប្រជែង​អស់រយៈ​ពេល​ជាច្រើន ខែ អ្នកនាង​ជាប់​ចំណាត់​ថ្នាក់​ស្រីស្អាត​លេខ៣​ប្រចាំ​កម្មវិធី​នោះ។ ក្រោយ​បញ្ចប់​កិច្ច​សន្យា​ជាមួយ​ម្ចាស់​ក្រុម​ហ៊ុន​អស់​រយៈ​ពេល​មួយឆ្នាំ មក អ្នកនាង​ក៏មាន​ឱកាស​ចាប់​យក​តំណែង​ជាពិធី​ការិនី​រហូត​មកដល់​សព្វថ្ងៃ​នេះ។

ការថែ​រក្សា​សម្ផស្ស

ទោះបី​ជាមាន​សម្រស់​ស្អាត​ពីធម្មជាតិ​យ៉ាង​ណាក្ដី អ្នកនាង​ម៉ូលីណា​មិន​បណ្ដោយ​ឱ្យបាត់​បង់​ភាព​ស្រស់​ស្អាត​ទៅតាម​អាយុកាល​ឡើយ ទើប​អ្នកនាង​តែងតែ​ប្រើ​ផលិតផល​ជំនួយ និង​អនុវត្ដ​តាម​បែប​ធម្មជាតិ​ជា​ប្រចាំ។

  • ការថែ​រក្សា​សក់ ដោយ​សារ​តែសក់​របស់​អ្នកនាង​ម៉ូលីណា​ឧស្សាហ៍​តុបតែង​ជាញឹក​ញាប់​ទើប​ធ្វើឱ្យ​សក់​របស់​អ្នកនាង ប្រឈម​មុខនឹង​បញ្ហា ដូចជា​សក់​ស្រួយ ស្ងួត ជ្រុះ​ជាដើម។ ហេតុនេះ​ទើប​អ្នកនាង​ជ្រើស​រើស​ប្រភេទ​សាប៊ូ​ជំនួយ​សក់ ដើម្បី​ជួយទប់ ស្កាត់​បញ្ហា​ទាំងនេះ ហើយ​អប់​សក់​មួយ​សប្ដាហ៍​ម្ដងជា​ប្រចាំមិន​ដែល​ខាន​ឡើយ។ អ្នកនាង​ម៉ូលីណា​តែង​តែតុប​តែង​សក់​ទៅតាម​កម្មវិធី ដែល​ភាគ​ច្រើន​ឱ្យកូន​ជាងក្នុង​ហាង​របស់​អ្នកនាង​ជាអ្នក​រៀបចំ​ឱ្យ។
  • ការថែ​រក្សា​ស្បែក​មុខ ថ្វីត្បិត​ផ្ទៃមុខ​របស់​ម៉ូលីណា​ស្រស់​ស្អាត​បែប​ធម្មជាតិ​ក៏ពិត​មែន​តែ​មិនអាច​ទ្រាំទ្រ​នឹងការ​ផាត់ ម្សៅ ឬពន្លឺ​ភ្លើង​ហ្វារ​បាន​ឡើយ ទើប​ធ្វើឱ្យ​អ្នកនាង​មាន​បញ្ហា​បន្ដិច​បន្ដួច​នៅលើ​ផ្ទៃមុខ ដូចជា​រមាស់ កន្ទួល​ជាដើម។ ដើម្បី​សម្រាល បញ្ហា​ទាំង​នេះ​អ្នកនាង​បាន​ជ្រើស​រើស​យក​ផលិតផល​ម្យ៉ាង​ដែល​មាន​សារជាតិ​ជំនួយ​ស្បែកមុខ​លាប​នៅពេល​យប់ ចំណែក​ពេល​ថ្ងៃគឺ លាបឡេ​ការពារ​កម្ដៅ​ថ្ងៃ​ធម្មតា។
  • ការថែ​រក្សា​ស្បែក​ខ្លួន ជារៀងរាល់​ខែអ្នក​នាង​តែងតែ​ឆ្ពុង​ក្រោយ​ពេល​មក​រដូវរួច។ វត្ថុធាតុ​ដែល​អ្នកនាង​យក​មកឆ្ពុង នោះ​មានដូច​ជា​ប្រេង​ដូង ស្លឹកគ្រៃ ល្មៀតកិន​ម៉ត់​លាយ​បញ្ចូលគ្នា​ជាមួយ​ទឹកឃ្មុំ​ជាដើម។ ដោយ​ឡែក​នៅពេល​យប់​គឺអ្នក​នាង​លាបឡេ ដែល​ជួយឱ្យ​ស្បែកស​ជាប្រចាំ។ នៅពេល​ថ្ងៃអ្នក​នាង​លាបឡេ​ការពារ​កម្ដៅថ្ងៃ​ជានិច្ច​ដើម្បី​ការពា​រមិនឱ្យ​ស្បែក​ប្រែពណ៌​ទៅជា​ខ្មៅ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង
  • ការថែ​រក្សា​ភ្នែក រោមភ្នែក និង​រោម​ចិញ្ចើម ការ​ថែរក្សា​ភ្នែក​អ្នកនាង​មិនសូវ​យក​ចិត្ដទុក​ដាក់​ប៉ុន្មាន​ឡើយ​ព្រោះអ្នក នាងមាន​ភ្នែក​ស្រស់​ស្អាត​ពី​ធម្មជាតិ។ ចំពោះ​រោមភ្នែក អ្នកនាង​ចូលចិត្ដ​លាប​ផលិតផល​សម្រាប់​ការពារ​មិន​ឱ្យជ្រុះ​ហើយ​ពេល​មាន កម្មវិធី​ធំៗ ទើបអ្នក​នាងពាក់​រោមភ្នែក​ដើម្បី​ចៀសវាង​ការជ្រុះ​រោម​ភ្នែក។ អ្នកនាង​មាន​ទម្លាប់​កោររោម​ចិញ្ចើម​ជាញឹក​ញាប់ និង អ្នកនាង​ចូលចិត្ដ​សិត​ចិញ្ចើម​ជាង​គូស។
  • ការថែ​រក្សា​បបូរ​មាត់ នៅផ្ទះ ឬពេល​ទំនេរ អ្នកនាង​ម៉ូលីណា​មិន​ទម្លាប់​លាប​ក្រែម​ពណ៌ទេ​តែចូលចិត្ដ​លាប​ក្រែម ការពារ​បបូរ​មាត់​មិនឱ្យ​ប្រេះ។
  • ការថែ​រក្សា​ធ្មេញ អ្នកនាង​ជាពិធី​ការិនី ដែល​ឧស្សាហ៍​ឡើង​ឆាកជា​ញឹក​ញាប់។ អ្នកនាង​ដុស​ធ្មេញ​មួយ​ថ្ងៃ២​ទៅ៣ដង ដោយ​ប្រើទឹក​ខ្ពុរមាត់​ជាប្រចាំ ព្រោះ​អាចធ្វើ​ឱ្យក្លិន​មាត់​ក្រអូប​ងាយ​ស្រួល​ទំនាក់​ទំនង​ការ​ងារ។ រាល់​ពេល​៦ខែ​អ្នកនាង​ទៅពិនិត្យ​សុខ ភាព​ធ្មេញ និង​លាង​សម្អាត​ធ្មេញ​ម្ដង មិន​ដែល​ខាន។
  • ការថែ​រក្សា​ក្រចក​ដៃជើង ម៉ូលី​ណា​ចូលចិត្ដ​ទុក​ក្រចក​ខ្លី​ព្រោះ​អ្នកនាង​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុងការ​ថែរក្សា ក្រចក​ឡើយ។ ពេល​មានកម្ម​វិធីទើប​អ្នកនាង​ពាក់​ក្រចក ពេលចប់​ក៏ដោះ​ក្រចក​ចេញ​វិញ។ ចំណែក​ក្រចក​ជើង​របស់​អ្នកនាង​តែងតែ ទុកខ្លី​ជានិច្ច និងលាប​ថ្នាំ​ក្រចក​ពណ៌​ស្រាលៗ។

ការថែ​រក្សារូប​រាង​កាយ

អ្នកនាង​ទទួល​ទាន​ធម្មតា​មិនតម​ឡើយ មួយ​ថ្ងៃ៣ដង​ដោយ​កំណត់​របប​អាហារ​យ៉ាង​ត្រឹម​ត្រូវ​និងទៀង​ទាត់​ពេល​វេលា។ ទោះបីជា​មានការ​មមាញឹក​យ៉ាង​ណាក្ដី អ្នកនាង​ឆ្លៀត​ទទួល​ទាន​ដំណេក​បាន​គ្រប់​គ្រាន់​ព្រោះ​អាច​ជួយ​ឱ្យផ្ទៃ​មុខ​ស្រស់ថ្លា​ក្មេង​ជាងវ័យ។ រីឯការ​ហាត់​ប្រាណ​របស់​អ្នកនាង​ម៉ូលី​ណា​គឺជា​សកម្មភាព​ធ្វើការ​ងារក្នុង​ផ្ទះ​ដោយ​មិនគិត​ពីកាយ​វិការណា​មួយឱ្យ​បាន​ច្បាស់ លាស់ទេ។ អ្នក​នាង​តែងតែ​ពិនិត្យ​សុខភាព​ក្នុងរវាង​ពី៣ខែ​ទៅ​៦ខែម្ដង។

បំណង​ទៅថ្ងៃ​អនាគត

សព្វថ្ងៃ​អ្នកនាង​មាន​តួនាទី​ជាពិធី​ការិនី ហើយ​ក៏ជាម្ចាស់​ហាង​អ៊ុត​សក់​ផងដែរ​ទាំងនេះ​ជាជោគ​ជ័យ​របស់​អ្នកនាង​មួយ​ចំណែក​នៅក្នុង​ឆាក​ជីវិត។ ទោះជា​យ៉ាង​នេះក្ដី អ្នកនាង​ក៏មិន​ទាន់​ប្រាកដ​ថា​សម្រាប់​ថ្ងៃ​អនាគត​នឹង​ចាប់​យកអ្វី​ឱ្យបាន​ច្បាស់​លាស់​នោះ ទេ គឺអាស្រ័យ​លើពេល​វេលា និង​ថវិកា។

បណ្ដាំ​ផ្ញើរបស់ មាស ម៉ូលី​ណា

ការហាត់​ប្រាណ​មានសារៈ​សំខាន់​ណាស់​សម្រាប់​សុខភាព​រាងកាយ និង​សម្រស់។ ហេតុ​ដូច​នេះ​ទោះបី​ជា​លោកអ្នក​មិន បានទៅ​ហាត់​នៅក្លឹប ឬ​កន្លែង​ណា​ផ្សេង​នោះទេ លោកអ្នក​អាចធ្វើ​កាយ​វិការ​ដោយ​សកម្មភាព​ផ្សេងៗ​ជំនួស​បាន។ សម្រាប់​មិត្ដនារី ក៏គួរ​តែ​ឆ្លៀត​ពេលខ្លះ​សម្រាប់​តុបតែង​រាងកាយ​ឱ្យស្រស់​ស្អាត​ទៅតាម​ពេល​វេលា​ផងដែរ។

ការ​រៀបរាប់​ជូនខាង​លើនេះ ជាការ​យល់​ឃើញ និង​ជាការ​អនុវត្ដ​ផ្ទាល់​របស់​អ្នកនាង មាស ម៉ូលីណា​តែ​ប៉ុណ្ណោះ។ សូម លោកស្រី​អ្នកនាង​កញ្ញា​ជ្រើស​រើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អត្រឹម​ត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ មាស ម៉ូលីណា
  • កម្ពស់ ៖ ១,៦៥ ម៉ែត្រ
  • ទម្ងន់​ដងខ្លួន ៖ ៤៩គីឡូក្រាម
  • ទំហំទាំងបី ៖ ៣២, ២៦, ៣៦
  • បងប្អូន ៖ ៣នាក់ ស្រី២ ប្រុស១ (ជាកូន​ទីមួយ)
  • ស្ថានភាព​គ្រួសារ៖ រៀបការរួច

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *