ឪពុក​ល្អ

គ្រួសារ​គឺជា​ក្រុម​មនុស្ស​ដែល​កើត​ចេញពី​ចំណង​អាពាហ៍​ពិពាហ៍​តាម​ប្រពៃណី ឬតាម​ការ​ស្ម័គ្រ​ចិត្ត​រូមគ្នា​ហើយ​បន្ត​ពូជ​ពង្ស​វង្ស​ជាខ្សែ​ស្រឡាយ​ជាញាតិ​សន្តាន​តៗ​គ្នា។ ដើម្បី​ទទួល​ជោគ​ជ័យ​ក្នុង​ដំណើរ​ជីវិត​គ្រួសារ​មិន​មែន​កើត​ឡើង​ដោយ​ឯក​ឯង​នោះទេ។ ក្នុង​ន័យ​នេះ​អាណា​ព្យាបាល​ទាំង​ពីរ​ជា​ពិសេស​ឪពុក​ត្រូវ​ចេះ​គ្រប់​គ្រង​និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ជាង​ម្តាយ​ក្នុង​ការ​លើក​កម្ពស់​កម្រិត​ជីវភាព និង​សេចក្តី​ថ្នៃថ្នូរ​របស់​គ្រួសារ។ មួយ​វិញ​ទៀត​ដើម្បី​សេចក្តី​សុខ​ក្នុង​គ្រួសារ​ ឪពុក​ត្រូវ​តស៊ូ​រែកពន់​គ្រប់​បែប​យ៉ាង​ដើម្បី​កូនៗ​និង​ប្រពន្ឋ​ដែល​ជាទី​ស្រឡាញ់​របស់​ខ្លួន​រស់​នៅ​ប្រកប​ដោយ​សុភ​មង្គល​នៅ​ក្នុង​សង្គម។

រូបភាពគេហទំព័រសុខភាពកម្ពុជា

ទស្សនា​វដ្តី សុខ​ភាព​យើង និង​គេហ​ទំព័រ​សុខ​ភាភ​កម្ពុជា បាន​ជួប​ជា​មួយ​ព្រះតេជ​គុណ ហោ សុខុន ជាក្រុម​មូល​ដ្ឋាន​ចុះ​ជួយ​ខេត្ត​ស្វាយ​រៀង និង​ជា​ព្រះ​គ្រូចៅ​អធិការ​វត្ត​ច្បារ​អំពៅ ពន្យល់​អំពី​គុណ​សម្បត្តិ​របស់​ឪពុក​ល្អ។ ឪពុក​ល្អត្រូវ​មាន​លក្ខណៈ​សម្បត្តិ​យ៉ាង​ណា​នោះ សូម​តាម​អាន​ជាមួយ​ទស្សនា​វដ្តី​ និង​គេហ​ទំព័រ​សុខភាព​កម្ពុជា​យើង​ខ្ញុំ​ដូច​តទៅ។

តួនាទី​ឪពុក​ល្អ​ក្នុង​ការ​ទំនាក់​ទំនង​ក្នុង​គ្រួសារ

មាន​ទំនាក់​ទំនង​ល្អ ៖ ឪពុក​ល្អត្រូវ​មាន​ទំនាក់​ទំនងល្អ​ជាមួយ​ក្រុម​គ្រួសារ សាច់​ញាតិ អ្នក​ជិត​ខាង​ដោយ​បង្កើត​បរិយា​កាស​សប្បាយ​រីក​រាយ និង​យល់​ពី​សេចក្តី​ត្រូវ​ការ​របស់​សមាជិក​គ្រប់​រូប។

ខំរក​ប្រាក់​ចូល​គ្រួសារ ៖ ឪពុក​ល្អត្រូវ​ខំរក​ប្រាក់​ចំណូល​ឲ្យបាន​គ្រប់​គ្រាន់​ដើម្បី​ទំនុក​បម្រុង​គ្រួសារ និង​ចេះ​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ឈរ​លើ​ប្រយោជន៍​រួម​នៅក្នុង​គ្រួសារ។

ធ្វើជា​គំរូល្អ ៖ ឪពុក​ល្អ​ត្រូវ​ធ្វើជា​គំរូល្អ​ដល់​គ្រួសារ​ដោយ​មិន​លេង​ល្បែង​ស៊ីសង ផឹក​គ្រឿង​ស្រវឹង​គ្រឿង​ញៀន និង​មិន​ប្រើ​អំពើ​ហិង្សា​ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រពន្ធ​កូន និង​ប៉ះពាល់​ដល់​ចំណូល​គ្រួសារ និង​សង្គម​ជាតិ។

ចេះ​ស្តាប់​ហេតុ​ផល ឪពុក​ល្អ​ត្រូវ​មាន​ការ​អត់​ធ្មត់​មិន​ប្រកាន់​ទោស​ពៃរ៏​និង​ចេះ​ត្រិះ​រិះ​ពិចារណា​ចំពោះ​កំហុស​ឆ្គង​ទាំង​ឡាយ។

មាន​អាកប្ប​កិរិយា​មាយាទ​ត្រឹម​ត្រូវ ៖ ឪពុក​ល្អ​ត្រូវ​ចេះ​គោរព​ចាស់​ទុំដើម្បី​ជា​គំរូឲ្យ​កូនៗ​ប្រតិ​បត្តិ​តាម​និង​ប្រកបរបរ​ចិញ្ចឹម​ជីវិត​តាម​កម្លាំង​ប្រាជ្ញា​ខ្លួន​ឯង​និង​ត្រូវ​មាន​ចិត្ត​មេត្តា​ចំពោះ​អ្នក​ដ៏ទៃ។

កសាង​គ្រួសារ​ឲ្យមាន​សុភមង្គល ៖ ឪពុកល្អ​ត្រួវ​ចេះ​កសាង​ក្រុម​គ្រួសារ​មួយ​ដែល​រស់នៅ​ក្នុង​សង្គម​ប្រកប​ដោយ​ភាពថ្នៃ​ថ្នូរ និង​ចូល​រួម​ចំណែក​ក្នុង​ការ​កសាង​សង្គម​ជាតិ​របស់​ខ្លួនឲ្យ​មាន​ការរីក​ចម្រើន។

តួនាទី​ឪពុក​ល្អ​ក្នុង​ការ​អប់​រំកូនៗ

បញ្ជូន​បុត្រធីតា​ទៅ​សាលា ៖ ឪពុក​ល្អ​ត្រូវ​ឲ្យកូន​រៀន​សូត្រ​ឲ្យបាន​ចេះ​ដឹង​ជ្រៅ​ជ្រះ​ដើម្បី​ឲ្យកូន​ក្លាយ​ជាកូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អនៅ​ក្នុង​សង្គម។

ហាម​បុត្រ​កុំឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់  ៖ ឪពុកល្អ​ត្រូវ​ប្រើ​ប្រាស់​គ្រប់​មធ្យោ​បាយ និង​ចំណាយ​ពេល​វេលា​ដើម្បី​អប់រំ​កូន​ឲ្យ​មាន​អាកប្ប​កិរិយា និង​សីល​ធម៌ល្អ​ដោយ​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដូចជា​កេង​ប្រវ័ញ្ច រំលោភ​បំពាន​លើសិទ្ធ​និង​ទ្រព​សម្បត្តិ​អ្នក​ដ៏ទៃ ។

ដឹកនាំ​បុត្រឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ ៖ ឪពុកល្អ​ត្រូវអប់រំ​កូនឲ្យ​កូន​ស្គាល់​ខុស​ស្គាល់​ត្រូវ និង​មាន​ចិត្ត​សន្តានល្អ​ចំពោះ​អ្នកដ៏ទៃ​និង​សង្គម​ជាតិ។

រៀបចំ​ទុកដាក់​បុត្រឲ្យ​មានគូ​ស្រករ ៖ ឪពុកល្អ​ត្រូវ​រៀបចំ​ឲ្យកូន​មាន​គ្រួសារ​ដើម្បី​បន្តពូជ​ពង្សវង្ស​ត្រកូល​ទៅថ្ងៃ​ក្រោយ។

ចែក​ទ្រពសម្បត្តិ​ឲ្យកូនៗ ៖ ឪពុកល្អ​ត្រូវចែក​ទ្រព្យ​សម្បត្តិ​ដែល​សន្សំ​ទុក​បានឲ្យ​កូនៗ​មាន​ដើមទុន​រកស៊ី​ចិញ្ចឹម​ជីវិត​ឲ្យ​បាន​ស្មើៗគ្នា​ដោយ​គ្មាន​ការរើស​អើង​ទៅតាម​លទ្ធភាព​ដែល​មាន។

តួនាទី​បុត្រា​បុត្រី​ចំពោះ​ឪពុក

ស្តាប់់​បង្គាប់  ៖ កូនៗ​ត្រូវ​ចេះ​ស្តាប់​បង្គាប់​ដំបូន្មាន​លោកអ្នក​មាន​គុណ និង​ជួយ​ធ្វើ​កិច្ច​ការងារ​របស់​លោក។

ចិញ្ចឹម​បិតា ៖ កូនៗ​ត្រូវ​តបស្នង​គុណ​ចំពោះ​លោកអ្នក​មាន​គុណ​ដោយ​ចិញ្ចឹម​មើល​ថែរ​លោកឲ្យ​ដូចគាត់​ចិញ្ចឹម​កូន​ដែរ។

ទំនុក​បម្រុង ៖ កូនៗ​ត្រូវផ្តល់​និង​ផ្គត់ផ្គង់​លោក​ទាំង​ការផ្តល់​ចំណី​អាហារ សម្លៀក​បំពាក់ ថ្នាំសង្កូវ​ពេល​លោក​ឈឺ​ថ្កាត់​ជាដើម។

មិន​ត្រូវ​ធ្វើឲ្យ​លោក​ឪពុក​ស្រក់​ទឹក​ភ្នែក ៖ កូនៗ​មិន​ត្រូវ​បង្ក​រឿង​ក្តៅ​ក្រហាយ​ឲ្យអ្នក​មាន​គុណ​មានការ​ឈឺចាប់​ដោយ​សារខ្លួន​ទេ។

ត្រូវ​ចេះ​ណែនាំ ៖ កូនៗ​ទាំង​ឡាយ​ត្រូវ​ណែនាំ​លោកអ្នក​មាន​គុណ​ទៅវត្ត រក្សាធម៌​អារ្យ​នៅពេល​គាត់​មាន​វ័យ​ចំណាស់។

ធ្វើ​បុណ្យ​ជាមួយ​មាតាបិតា ៖ កូនៗ​ត្រូវចេះ​ទៅ​ធ្វើ​បុណ្យ​ជាមួយ​អ្នក​មាន​គុណ ឬបើ​មាន​លទ្ធភាព​គួរធ្វើ​បុណ្យ​ជូន​ឪពុក​ម្តាយ​ទាន់​គាត់​នៅ​មាន​ជីវិត និង​ធ្វើ​បុណ្យ​ឧទ្ទិស​ផល​បុណ្យ​ជូន​គាត់​នៅពេល​គាត់​លាចាក​លោក​នេះ​ទៅ។

ដំបូន្មាន​អ្នក​ជំនាញ

កូន​ប្រុស​កូន​ស្រី​ត្រូវ​ដឹង​ថា លោក​ឪពុក​ខំចិញ្ចឹម​បីបាច់​ថែរក្សា​កូនៗ​តាំង​ពីបាត​ជើង​ក្រហម​រងារ មាន​ការ​លំបាក​ទាំងថ្ងៃ​ទាំង​យប់​អស់​រយៈ​ពេល​ជា​ច្រើន​ខែឆ្នាំ។ ដូច្នេះ​កូនៗ​គ្រប់​រូប​ត្រូវ​យក​ចិត្ត​ទុកដាក់​ថែទាំ​លោក​វិញ។ យើង​ត្រួវតប​ស្នង​សង​គុណ​គាត់​ដោយ​កូនៗ​គប្បី​រៀបចំ​ចំណី​អាហារ ​សម្លៀក​បំពាក់ រៀបចំ​ផ្គត់​ផ្គង់​ទឹកក្តៅ​ទឹក​ត្រជាក់ ថ្នាំ​សង្កូវ​ឲ្យបាន​ត្រឹម​ត្រូវ​ជូនគាត់ និង​ត្រូវ​ចេះ​ថែរក្សា​វង្ស​ត្រកូល​គ្រួសារ​ឲ្យ​មានវឌ្ឍន​ភាព​ខ្ពង់​ខ្ពស់​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​នៅ​ក្នុង​សង្គម។

អ្នក​ប្រឹក្សា ៖ ព្រះតេ​ជគុណ ហោ សុខុន ក្រុម​មូលដ្ឋាន​ចុះ​ជួយ​ខេត្ត​ស្វាយ​រៀង​និង​ជាព្រះ​គ្រូចៅ​អធិការ​វត្តច្បារ​អំពៅ​

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី០៧ ឧសភា ឆ្នាំ​ ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *