បច្ចុប្បន្នសូដានីតាជាតារាចម្រៀង តារាសម្ដែង និងជាពិធីការិនីមួយដួងដែលមានទឹកដមសម្លេងយ៉ាងក្រអួននិងកាយ វិការរស់រវើក រួមផ្សំរូបសម្ជស្សដ៏ស្រស់សោភាប្រចាំនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍បាយ័ន។ ចំណុចទាំងនេះបានធ្វើឱ្យនីតាទទួលនូវការគាំ ទ្រពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ សព្វថ្ងៃនីតាហត់នឿយនឹងការងារជាច្រើនរបស់នាង។ តែទោះបីជានីតាមមាញឹកនឹងការងារច្រើន យ៉ាងណាក្ដី នីតាក៏មិនដែលធ្វេសប្រហែសក្នុងការថែទាំសុខភាព និងសម្រស់ឡើយ។
នីតាបានស្ម័គ្រចិត្ដទម្លាយអាថ៌កំបាំងក្នុងការថែរក្សាសុខភាពក៏ដូចជាការថែរក្សារូបសម្រស់ជូនប្រិយមិត្ដអ្នកអានឱ្យបាន ដឹង តាមរយៈការសម្ភាសជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនឈានជើងចូលវិស័យសិល្បៈ
ដើមឡើយសូដានីតាជាសិស្សរៀននៅវិទ្យាល័យបាក់ទូកថ្នាក់ទី១១។ ដោយចិត្ដស្រឡាញ់ខាងវិស័យសិល្បៈនីតាក៏បោះបង់ ចោលការសិក្សា ហើយស្រវាយកអាជីពសិល្បៈនៅឆ្នាំ២០០០។ ពេលចាប់ផ្ដើមចូលសិល្បៈដំបូងនីតាបានធ្វើពិធីករក្នុងកម្មវិធី “នាទី ចុងក្រោយ”នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា។ ក្រោយមកក៏មានផលិតកម្មនានាបានសម្លឹងឃើញរូបសម្ផស្សនិងទឹកដមសម្លេងរបស់ នីតាបានផ្ដល់ឱកាសឱ្យនីតាទៅច្រៀង និងសម្ដែងខារ៉ាអូខេហើយសព្វថ្ងៃនេះកញ្ញាបានក្លាយជាពិធីការិនីប្រចាំនៅស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍បាយ័ន។
វិធីថែរក្សាសម្រស់
ទោះបីជានីតារវល់នឹងការងារច្រើនយ៉ាងណាក៏ដោយ ក៏នាងមិនដែលភ្លេចការថែទាំសម្រស់នោះទេ។ នៅពេលទំនេរពី ការងារ នីតាតែងតែប្រើផលិតផលដើម្បីជួយសម្រស់ឱ្យស្រស់ស្អាតជាប្រចាំតាមបែបធម្មជាតិ។
- ការថែរក្សាសក់ ៖ សក់នីតាតែងតែទទួលរងការគាប ឬតុបតែងធ្វើជាម៉ូដជារៀងរាល់ថ្ងៃជាហេតុធ្វើឱ្យសក់នីតាស្រួយ មិនសូវមានសំណើម។ ដូចនេះក្នុងមួយសបា្ដហ៍ ឬប្រាំថ្ងៃ នីតាត្រូវអប់សក់ម្ដង ដើម្បីឱ្យសក់ទន់រលោងស្អាតហើយមានសំណើមឡើង វិញ រួមផ្សំនឹងការជ្រើសរើសសាប៊ូកក់សក់ឱ្យត្រូវជាមួយសរសៃសក់ និងស្បែកក្បាល។ រយៈពេលពីរថ្ងៃនីតាត្រូវកក់សក់ម្ដង ដោយ ប្រើសាប៊ូដែលមានសារធាតុជួយបន្ទន់សក់ជាប្រចាំ។
- ការថែរក្សាស្បែកមុខ ៖ នៅពេលងូតទឹក នីតាយកសាប៊ូដុសសម្អាតមុខ ដើម្បីកុំឱ្យក្អែលកាន់នៅលើស្បែកមុខ។ ពេល សម្រាកពីការងារ នីតាមិនចូលចិត្ដតុបតែងមុខឡើយ។ នៅពេលចេញទៅថតឬមានកម្មវិធីអ្វីមួយនីតាគ្រាន់តែផាត់ម្សៅដើម្បីឱ្យ ស្បែកមុខទ្រាំទ្រនឹងពន្លឺភ្លើងហ្វារបាន។
- ការថែរក្សាស្បែកដងខ្លួន ៖ នីតាមិនបណ្ដោយឱ្យស្បែកខ្លួនយារជ្រីវជ្រួញទៅតាមអាយុកាលឡើយ។ នីតាតែងប្រើឡេ ដែលជួយឱ្យស្បែកសជាប្រចាំ ក្រោយពេលងូតទឹកហើយ។ នៅពេលចេញទៅថតខាងក្រៅ ប្រើឡេការពារកម្ដៅថ្ងៃដើម្បីការពារ ស្បែកមានប្រតិកម្មជាមួយកម្ដៅ។
- ការថែរក្សាភ្នែក ៖ នៅពេលចេញសម្ដែងនៅខាងក្រៅ នីតាចាំបាច់ត្រូវពាក់វ៉ែនតាការពារពន្លឺថ្ងៃ។ ម្យ៉ាងទៀតនីតាតែង តែឧស្សាហ៍ទៅលាងសម្អាតគ្រាប់ភ្នែកជាប្រចាំ ដើម្បីកុំឱ្យភ្នែករកាំ។
- ការថែរក្សារោមចិញ្ចើម រោមភ្នែក បបូរមាត់ ៖ នីតាចូលចិត្ដរោមចិញ្ចើមមិនក្រាស់ពេកទេព្រោះសមនឹងទម្រង់មុខ។ ដោយឡែកនៅពេលចេញសម្ដែង ទើបនីតាគូសតុបតែងលើចិញ្ចើម។ ចំពោះរោមភ្នែកនីតាស្រឡាញ់រោមភ្នែកក្រាស់វែង ហើយង។ ដូចនេះនាងតែងតែយកម៉ាស្ការ៉ាពណ៌ខ្មៅមកលាប និងពត់រោមភ្នែកដើម្បីឱ្យរោមភ្នែកក្រាស់នៅពេលចេញសម្ដែង ឬកម្មវិធីផ្សេងៗ។ នៅពេលទំនេរពីការងារ នីតាមិនចូលចិត្ដយកក្រែមលាបបបូរមាត់ទេ តែនៅពេលចេញថតឬមានកម្មវិធីផ្សេងៗ នាងប្រើក្រែមពណ៌ ស្រាល ដើម្បីការពារបបូរមាត់មិនឱ្យប្រេះ។
- ការថែរក្សាធ្មេញ ៖ អាជីពរបស់នីតាត្រូវធ្វើការទំនាក់ទំនងជាមួយអ្នកដទៃដូចនេះនីតាតែងតែសម្អាតធ្មេញក្នុងមួយ ថ្ងៃ៣ទៅ៤ដងយ៉ាងតិច ក្រោយពេលទទួលទានចំណីអាហាររួច និងមុនពេលចេញទៅថតនីតាត្រូវសម្អាតធ្មេញម្ដងទៀតដើម្បីចៀស វាងមានក្លិនមាត់មិនល្អ ធ្វើឱ្យពិបាកទំនាក់ទំនងការងារ។
- ការថែរក្សាក្រចកដៃជើង ៖ នីតាចូលចិត្ដទុកក្រចកដៃជើងឱ្យវែងដើម្បីជួយលើកស្ទួយប្រអប់ដៃជើងឱ្យស្រឡូនដែរ។ ពេលមានកម្មវិធី នីតាចូលចិត្ដលាបថ្នាំក្រចកដៃជើងដែលមានពណ៌ដូច ឬស្រដៀងគ្នានឹងសម្លៀកបំពាក់។
ការថែរក្សាសុខភាពរាងកាយ
ទោះបីជារវល់នឹងការងារច្រើនយ៉ាងណាក្ដី ក៏នីតាមានការប្រុងប្រយ័ត្នជានិច្ចចំពោះការថែរក្សាសុខភាពមិនបណ្ដោយឱ្យ ទ្រុឌទ្រោមឡើយ។ ព្រោះនីតាយល់ថា បើសុខភាពល្អនឹងនាំឱ្យសម្រស់ស្រស់ស្អាតតែបើសុខភាពមិនល្អនាំឱ្យមានផលប៉ះពាល់ច្រើន ដល់ការងារ និងកត្ដាផ្សេងៗទៀត។ នីតាទទួលទានអាហារ៣ដងក្នុង១ថ្ងៃជាទៀងទាត់ដោយរបបអាហារជាបន្លែច្រើនជាងសាច់ និងចូលចិត្ដញ៉ាំផ្លែឈើដែលសម្បូរទៅដោយវីតាមីន។ នីតាតែងតែទទួលទានទឹកក្រូច១កែវជារៀងរាល់ព្រឹក។
បំណងសម្រាប់ថ្ងៃអនាគត
សព្វថ្ងៃ នីតាមានអាជីពក្នុងសិល្បៈច្រើនក៏ដោយ អាជីពទាំងនោះគ្រាន់តែជាបំណងប្រាថ្នាមួយផ្នែកតែប៉ុណ្ណោះ។ ប្រសិនបើ មានលទ្ធភាព នីតានឹងចាប់យកនូវមុខរបរមួយផ្សេងទៀត ព្រោះនីតាយល់ថា សម្លេង និងសម្រស់មិនអាចឋិតឋេរឡើយ។ ទោះបីជា យ៉ាងណា អាជីពសិល្បៈនីតាក៏មិនបោះបង់ចោលដែរ នៅតែស្រឡាញ់និងបន្ដទៅមុខទៀតឱ្យតែមានលទ្ធភាព។
បណ្ដាំផ្ញើរបស់សូដានីតា
ទោះបីលោកអ្នកមានការមមាញឹក និងការងារច្រើនយ៉ាងណាក្ដីគួរលោកអ្នកគប្បីលៃលកពេលវេលាថែទាំសុខភាពផង។ ព្រោះសុខភាពសំខាន់ណាស់ដែលមិនអាចធ្វេសប្រហែសបានឡើយ ជាពិសេសសម្រាប់ស្ដ្រីគប្បីយកចិត្ដទុកដាក់ថែរក្សាសម្ជស្សផង កុំបណ្ដោយឱ្យស្បែកយារជ្រីវជ្រួញទៅតាមអាយុកាល ដោយឧស្សាហ៍ស្ពុងនិងប្រើផលិតផលដែលមានតុល្យភាព ដើម្បីឱ្យស្បែកសភ្លឺ រលោងស្អាត។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងជាការអនុវត្ដផ្ទាល់របស់កញ្ញាសូដានីតាតែប៉ុណ្ណោះ។ សូមលោកស្រី អ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ សូដានីតា
- កម្ពស់ ៖ ១,៦៧ ម៉ែត្រ
- អាយុ ៖ ២៥ឆ្នាំ
- ទំហំទាំងបី ៖ ៣៦, ២៥, ៣៦
- មានបងប្អូន ៖ ៦នាក់ (ជាកូនទី៣)
- អាជីពបច្ចុប្បន្ន ៖ ជាតារាចម្រៀង តារាសម្ដែង និងជាពិធីការិនីនៅទូរទស្សន៍បាយ័ន
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧
Leave a Reply