តាមរយៈរឿង “អ្វីៗខ្ញុំធ្វើដើម្បីស្នេហា”បានជំរុញឱ្យលោក ថៃ នរៈពិទូមានឱកាសសាងកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញនៅក្នុង ពិភពសិល្បៈ។ ទេពកោសល្យ និងភាពស្រស់សង្ហារបស់លោកបានធ្វើឱ្យមានការទទួលស្គាល់និងគាំទ្រពីទស្សនិកជនជាច្រើនមិនចាញ់ តារាសម្ដែងជើងចាស់ប៉ុន្មានឡើយ។ ទោះបីជាមានការមមាញឹកនឹងការសម្ដែងយ៉ាងណាក៏លោកនៅតែមានសុខភាពមាំមួន និងរាង កាយស្រស់សង្ហាដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ពីអាថ៌កំបាំងនៃការថែរក្សាសុខភាព និងរូបរាងរបស់លោក។
តារាសម្ដែង ថៃ នរៈពិទូ បានពេញចិត្ដចេញមកស្រាយបំភ្លឺប្រាប់ពីអាថ៌កំបាំងនៃការថែរក្សាសម្រស់និងសុខភាពជូនមិត្ដអ្នក អានទាំងអស់តាមរយៈទស្សនាវដ្ដី សុខភាពយើង ទុកជាការស្វែងយល់និងសម្រាប់ជ្រើសរើសវិធីណាល្អៗដើម្បីថែរក្សាសុខភាព និង សម្រស់ឱ្យនៅតែមានភាពស្រស់សង្ហាដូចលោក។
ប្រវត្ដិមុនចូលសិល្បៈ
ក្នុងពេលបច្ចុប្បន្ននេះ លោកអ្នកបានស្គាល់តារាចម្រៀង និងសម្ដែង ថៃ នរៈពិទូ រួចមកហើយ។ មុនពេលក្លាយខ្លួនជាតារា សម្ដែងដែលមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃនេះពិទូគឺជាយុវជនម្នាក់ដែលរស់នៅក្នុងគ្រួសារមួយមានជីវភាពធូរធាដោយមានឪពុក ជាមន្ដ្រីនៅក្នុងរាជរដ្ឋាភិបាល និងម្ដាយជានាយិកាមជ្ឈមណ្ឌលកែសម្ផស្សមួយនៅក្រុងភ្នំពេញ។ នៅឆ្នាំ២០០៥ ពិទូជាសិស្សរៀនថ្នាក់ ទី១២ នៅវិទ្យាល័យបាក់ទូក។ ដោយមានការជំរុញលើកទឹកចិត្ដពីប្អូនៗ និងមិត្ដភក្ដិផងនោះពិទូបានដាក់ពាក្យប្រលងនៅក្នុងកម្មវិធី ស្រីស្អាតប្រុសស្អាតឆ្នាំ២០០៦ ហើយទទួលបានចំណាត់ថ្នាក់លេខ១។ នៅឆ្នាំដដែល ពិទូត្រូវបានផលិតកម្មរស្មីស្ទឹងសង្កែជ្រើសរើសជា តារាចម្រៀងប្រចាំផលិតកម្ម។ ក្រោយមកលោកស្រី ពាន់ភួងបុប្ផាបានជ្រើសរើសលោកឱ្យចូលសម្ដែងជាតួឯកនៅរឿងភាគ“អ្វីៗខ្ញុំ ធ្វើដើម្បីស្នេហា” ដែលបញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN។ ជាមួយគ្នានេះដែរ លោក ថៃ នរៈពិទូ ក៏បានសម្ដែងជាតួឯកនៅក្នុង រឿង“បំពេព្រលឹង”។
ការថែរក្សាសម្រស់
សម្រស់គឺជាផ្នែកមួយដែលសំខាន់បំផុតក្នុងការទាក់ទាញអារម្មណ៍ពីអ្នកដទៃ។ ជាពិសេសជាតារាសម្ដែងត្រូវតែមានរូប សម្រស់ស្អាត និងសង្ហាជានិច្ច។
- ការថែរក្សាស្បែកមុខ ៖ ក្នុងនាមជាតារាសម្ដែង ត្រូវប្រឈមទៅនឹងកម្ដៅថ្ងៃ និងការផាត់មុខដោយផលិតផលជាច្រើនប្រភេទដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់សុខភាពស្បែក។ ដូច្នេះហើយនៅពេលចេញក្រៅឬសម្ដែងលោកតែងតែប្រើនូវ ផលិតផលម្យ៉ាងដែលអាចជួយការពារ និងថែរក្សាស្បែកមុខរបស់លោកមុនពេលតុបតែងមុខ។ ចប់ការសម្ដែងពិទូយកផលិតផលទឹក ម្យ៉ាងជ្រលក់នឹងសំឡី រួចជូតសម្អាតផ្ទៃមុខ។ លុះត្រឡប់ដល់ផ្ទះលោកលុបមុខជាមួយសាប៊ូដើម្បីបំបាត់ស្នាមម្សៅដែលនៅជាប់ និង កម្ចាត់ជាតិខ្លាញ់នៅលើស្បែកមុខ។ មុនពេលចូលដំណេកពិទូក៏មានលាបនូវផលិតផលដែលជំនួយដល់ស្បែកមុខផងដែរ។
- ការថែរក្សាស្បែកដងខ្លួន ៖ ភាពស្រស់ស្អាតនៃរាងកាយរបស់ពិទូ គឺជាលក្ខណៈពីធម្មជាតិ។ ពេលនៅផ្ទះលោកមិនដែល លាបឡេ ឬផលិតផលធ្វើឱ្យស្បែកសនោះទេ តែក៏មិនបណ្ដោយឱ្យខ្មៅដែរ។ ប៉ុន្ដែក្នុងនាមជាអ្នកសម្ដែងតែងតែប្រឈមទៅនឹងកម្ដៅ ថ្ងៃ ដូច្នេះលោកបានជ្រើសរើសនូវឡេលាបស្បែកម្យ៉ាងដើម្បីការពារកុំឱ្យស្បែកខូច និងផ្ដល់សំណើមដល់ស្បែក។
- ការថែរក្សាសក់ ៖ ចំពោះការថែទាំសក់វិញ ទោះបីលោកជាតារាសម្ដែងក្ដីតែរបៀបនៃការថែរក្សាសក់គឺមិនខុសពីមនុស្សទូទៅឡើយ។ ព្រោះលោកមិនដែលចាប់អារម្មណ៍ទៅលើការថែសក់នោះទេ។ ប៉ុន្ដែនៅពេលចេញទៅសម្ដែងឬចូលរួមនៅក្នុង ពិធីផ្សេងៗ លោកគ្រាន់តែប្រើផលិតផលធ្វើឱ្យសក់រឹង និងរលោងប៉ុណ្ណោះជាការស្រេច។
- ការថែរក្សាភ្នែក ៖ ពន្លឺ ឬកម្ដៅថ្ងៃ ធូលី ផ្សែង សុទ្ធតែអាចធ្វើឱ្យមានការប៉ះពាល់ដល់កែវភ្នែក។ ដើម្បីបញ្ចៀសនូវបញ្ហា នេះ លោកបានជ្រើសរើសវ៉ែនតាការពារកែវភ្នែក ប្រើនៅពេលចេញទៅក្រៅ ឬចេញទៅសម្ដែង។
ការថែរក្សាសុខភាព
សម្រស់មានសារះសំខាន់ណាស់ចំពោះមនុស្សគ្រប់រូប តែសុខភាពរឹតតែមានសារះសំខាន់ទៅទៀត។ រាល់ថ្ងៃពិទូតែងតែយក ចិត្ដទុកដាក់ទៅលើបញ្ហាសុខភាពជាសំខាន់។
- ការទទួលទានអាហារ ៖ ក្នុងអាជីពជាអ្នកសម្ដែង ការទទួលទានអាហារពុំបានសូវទៀងទាត់ទេដែលជាហេតុបង្កឱ្យមាន ជម្ងឺឈឺក្រពះយ៉ាងងាយ។ ដូចនេះហើយលោកបានជ្រើសរើសនូវអាហារណាដែលមានប្រយោជន៍ដល់សុខភាពនិងរាងកាយ ព្រមទាំង អាចជំនួយដល់ស្បែក។
- ការថែរក្សាសុខភាពមាត់ធ្មេញ ៖ ក្លិនមាត់មិនល្អ គឺជាបញ្ហាសំខាន់បំផុតក្នុងការទំនាក់ទំនងផ្សេងៗ។ ដូចនេះហើយ លោកតែងមានការប្រុងប្រយ័ត្នចំពោះបញ្ហាទាំងនេះ។ ជារៀងរាល់ថ្ងៃលោកតែងតែធ្វើការសម្អាតមាត់ធ្មេញយ៉ាងតិចបីដងក្នុងមួយ ថ្ងៃ។ លើសពីនេះទៅទៀត លោកមានប្រើទឹកខ្ពុរមាត់ដើម្បីកម្ចាត់កម្ទេចចំណីអាហារដែលនៅជាប់ធ្មេញ។ ពេលទំនេរ លោកចូលចិត្ដ ទំពាស្ករកៅស៊ូ ដើម្បីជួយសម្អាតធ្មេញ និងមានក្លិនមាត់ល្អ។
- ការហាត់កីឡា ៖ ពេលទំនេរបន្ទាប់ពីការថតលោកពិទូបានយកចិត្ដទុកដាក់លើការថែរក្សាសុខភាពដោយការហាត់ កីឡាក្នុងមួយថ្ងៃ១ម៉ោង ដូចជាលើកដុំដែក រត់ចម្ងាយ និងលេងបាល់ទាត់ជាដើម ដើម្បីឱ្យរាងកាយមាំមួនល្អ។
- ការទទួលទានដំណេក ៖ ដោយជាប់រវល់នឹងការថតពេកបណ្ដាលឱ្យការទទួលទានដំណេកមិនសូវបានគ្រប់គ្រាន់ទេ ជួន កាលថតដល់យប់ជ្រៅ ជួនកាលដល់ទាបភ្លឺក៏មាន។ ប៉ុន្ដែលោកតែងតែមានទម្លាប់ទទួលទានឱ្យបានយ៉ាងតិច៥ម៉ោងក្នុងមួយថ្ងៃមិនថា ពេលណាទេ ឱ្យតែទំនេរពីការងារ។
បណ្ដាំផ្ញើរបស់លោក ថៃ នរៈពិទូ
ភាពស្រស់ស្អាតមិនអាស្រ័យទៅលើរាងសង្ហានោះទេ សំខាន់គឺសុខភាពល្អ រាងកាយមាំមួន។ ដូច្នេះសូមប្រិយមិត្ដអ្នកអាន ទាំងអស់ត្រូវយកចិត្ដទុកដាក់ថែទាំសុខភាពឱ្យបានល្អ ត្រូវព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំនិងបរិភោគអាហារណាដែលមាន អនាម័យ។ ជាពិសេសយុវវ័យទាំងអស់ត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ថៃ នរៈពិទូ
- អាយុ ៖ ២០ឆ្នាំ
- កម្ពស់ ៖ ១,៧៥ ម៉ែត្រ
- ទម្ងន់ ៖ ៦៣ គីឡូក្រាម
- បងប្អូន ៖ ៣នាក់ ស្រី១ (ជាកូនច្បងក្នុងគ្រួសារ)
- ឪពុកឈ្មោះ ៖ ថៃ នរៈសត្យា
- ម្ដាយឈ្មោះ ៖ ងិន ម៉ានីយ៉ា
- បច្ចុប្បន្ន ៖ ជានិស្សិតនៅសកលវិទ្យាល័យជាតិគ្រប់គ្រង
- ស្ថានភាពគ្រួសារ ៖ នៅលីវ(រស់នៅជាមួយឪពុកម្ដាយ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧
Leave a Reply