យកកូន​ចេញអាច​បង្កការ​ធ្លុះ ឬធ្លាយ​ស្បូន

នៅពេល​មានផ្ទៃ​ពោះ ស្ដ្រីគ្រប់​រូបអាច​ពើប​ប្រទះនឹង​បាតុភាព​គ្រោះថ្នាក់​ជាច្រើន ទាំងនៅ​ពេល​ពពោះ និងនៅ​ពេល​សម្រាល។ ដោយសារ​ប្រការ​អស់ទាំង​នេះហើយ ទើបនៅ​ពេលមាន​ផ្ទៃពោះ​ក្រសួង​សុខាភិ​បាល​ទទូច​ឱ្យស្ដ្រី​ទាំងអស់​ទៅ​ពិនិត្យ​ពោះ និង​សម្រាល​កូននៅ​មន្ទីរពេទ្យ។ ប្រការ​គ្រោះថ្នាក់​អាចកើត​ឡើងពី​ការធ្វេស​ប្រហែស​របស់ស្ដ្រី​ខ្លួនឯង​ផ្ទាល់ ឬក៏​គ្រូពេទ្យ​តួយ៉ាង ដូចជា​បញ្ហាធ្លុះ ឬធ្លាយ​ស្បូនដែល​អាច​បណ្ដាល​ឱ្យស្ដ្រី​ជាម្ដាយ និងកូន​បាត់បង់​ជីវិត​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជម្រាប​ជូនលោក​អ្នកក៏​ដូចជា​ស្ដ្រីមាន​ផ្ទៃឱ្យ​មានការ​ប្រុង​ប្រយ័ត្នពី​បញ្ហាធ្លុះ ឬធ្លាយ​ស្បូននេះ​សូម​ស្វែងយល់​តាមរយៈ កិច្ច​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត ថៃហ្វា វីហ្គង់ ឯកទេស​សម្ភព និងរោគ​ស្ដ្រីនៅ​មន្ទីរពេទ្យ​ព្រះកុ​សមៈ​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។

ធ្លុះឬ​ធ្លាយ​ស្បូន គឺជា​អ្វី?

ជា​ទូទៅ​បញ្ហាធ្លុះ​ស្បូននេះ​គឺកើត​មានពី​២ទៅ​៥ភាគ​រយ ជាផល​វិបាក​មួយដែល​គេជួប​ប្រទះនៅ​ពេលមាន​ការបឺត​ឬកាយ សម្អាត​ក្នុងស្បូន​ដែល​ប្រព្រឹត្ដ​ទៅនៅ​ពេល​រំលូត​កូន ពេល​រលូត​កូន ពេលធ្លាក់​ឈាមខ្លាំង​ឬពេល​សង្ស័យថា​មានដុំ​មហារីក​របស់​ស្រទាប់ រដូវ។ មាន​មធ្យោ​បាយពីរ​ដែលគេ​ប្រើពេល​សម្អាត​ស្បូន គឺការ​ប្រើ​បំពង់​បឺត និងការ​ប្រើ​ក្រវ៉ា​កាយ។ ប្រដាប់​ទាំងពីរ​នេះអាច​ធ្វើឱ្យ ធ្លុះស្បូន​ដូចគ្នា ដែលអាច​កើតឡើង គឺ​អាស្រ័យ​នឹង​ស្ថានភាព​ស្បូន ស្ថានភាព​មាត់ស្បូន​និងបទ​ពិសោធ​របស់​គ្រូពេទ្យ។

រោគ​សញ្ញានៃ​ការធ្លុះ ឬធ្លាយ​ស្បូន

រោគ​សញ្ញា​ដែលធ្វើ​ឱ្យយើង​គិតដល់​ធ្លុះឬ​ធ្លាយ​ស្បូន គឺអ្នក​ជម្ងឺឈឺ​ខ្លាំងនិង​មាន​ស្ថានភាព​ឡេះឡះ​ឈាម​ហូរចេញ​មកក្រៅ កាន់តែ​ច្រើន សម្ពាធ​ឈាម​របស់អ្នក​ជម្ងឺកាន់​តែទាប រីឯ​ចង្វាក់​បេះដូង​កាន់តែ​ញាប់​ហើយ​បំពង់​បឺតឬ​ក្រវ៉ា​កាយអាច​រុលចូល​កាន់តែ ជ្រៅទៅ​ក្នុងស្បូន។ បើសិន​ជាពិនិត្យ​អេកូ​សាស្ដ្រ​អាចធ្វើ​ឱ្យការ​ធ្វើរោគ​វិនិច្ឆ័យ​កាន់តែ​ច្បាស់​ដោយ​បង្ហាញពី​ទឹកឬ​ឈាមនៅ​ក្នុងពោះ និងឃើញ​ប្រដាប់​ប្រដា​បឺតឬ​កាយរបស់​គ្រូពេទ្យ​ចេញផុត​ពីស្បូន​ចូលទៅ​ក្នុងពោះ។ អេកូ​សាស្ដ្រ​អាចឱ្យ​គ្រូពេទ្យ​បន្ដការ​បឺតឬ​កាយនូវ​អ្វី ដែលនៅ​ក្នុងស្បូន​បន្ដទៀត ដោយជួយ​កំណត់​ទីតាំង​នៃកន្លែង​ធ្លាយ​និង​កន្លែង​ដែល​ចាំបាច់​ត្រូវ​បឺត ឬកាយ។

ក្នុង​ករណី​ដែលគ្មាន​អេកូ​សាស្ដ្រ ការបឺត​ឬកាយ​ត្រូវតែ​បញ្ឈប់​នៅពេល​សង្ស័យថា​មានធ្លុះ ឬធ្លាយ​ស្បូន។ នៅពេល​នោះគឺ​មានបញ្ហា​ពីរ​ដែលកើត​ឡើងគឺ​ការហូរ​ឈាមនៅ​ខាងក្នុង​ស្បូន​និងការ​សល់ខាង​ក្នុងស្បូន​នូវអ្វី​ដែលគ្រូ​ពេទ្យចង់​បឺតឬ​កាយយក​ចេញនៅ មុនពេល​ដែលស្បូន​មិនទាន់​ធ្លុះធ្លាយ។

ការព្យា​បាល​បញ្ហា​ធ្លុះ ឬធ្លាយ​ស្បូន

គ្រប់​ករណី​ធ្លុះឬ​ធ្លាយស្បូន អ្នកជម្ងឺ​មិន​ប្រាកដ​ថាត្រូវ​តែ​ទទួល​ការវះ​កាត់​ដើម្បី​ដេរភ្ជិត​ស្បូនវិញ​ទេ។ បើសិន​ជាស្ថាន​ភាពអ្នក ជម្ងឺ​នៅល្អ អ្នកជម្ងឺ​ត្រូវនៅ​សម្រាក​ពេទ្យពី​២ទៅ​៣ថ្ងៃ ដើម្បី​ទទួលការ​ព្យាបាល​និងតាម​ដានក្នុង​បំណង​ចៀសវាង​ការហូរ​ឈាម និង មេរោគ​រាតត្បាត​ចូលទៅ​ក្នុងពោះ។ ផ្ទុយទៅ​វិញបើ​សិនជា​ស្ថានភាព​អ្នកជម្ងឺ​បង្ហាញ​ថាមាន​បន្ដការ​ហូរឈាម​នៅខាង​ក្នុងពោះ ឬចេញ មកខាង​ក្រៅស្បូន អ្នកជម្ងឺ​ត្រូវ​ទទួល​ការវះ​កាត់ជា​បន្ទាន់។ ការវះ​កាត់អាច​ត្រឹមតែ​រកមើល​ក្រែងមាន​ធ្លុះ​សរីរាង្គ​ណាផ្សេង​ទៀត ដូចជា​ប្លោក​នោម ឬពោះ​វៀន ដើម្បី​ដេរភ្ជិត​កន្លែង​ដែលធ្លុះ​ឬក៏​អាចឈាន​ទៅដល់​ការកាត់​ស្បូន​ចោល ដើម្បី​ឃាត់​ឈាម។

ដំ​បូន្មាន​អ្នក​ជំនាញ

ដូចនេះ​រាល់ការ​បឺតឬ​កាយកូន ឬ​សម្អាត​ស្បូនដែល​មានដាក់​ប្រដាប់​ប្រដា​ចូលទៅ​ក្នុងស្បូន​សូម​លោកស្រី​អ្នកនាង​ទាំងអស់ មេត្ដា​ជ្រើស​រើសរក​ទីកន្លែង និងគ្រូ​ពេទ្យដែល​មាន​សមត្ថ​ភាព​ទើបអាច​ដោះ​ស្រាយ​បាននៅ​ពេលដែល​បញ្ហាធ្លុះ​ឬធ្លាយ​ស្បូន​មកដល់។ ការទៅ​រកគ្រូ​ពេទ្យដែល​មិនមាន​ជំនាញ​ហាក់បី​ដូចជា​លោកស្រី​អ្នកនាង​ទៅរក​ភាពគ្រោះ​ថ្នាក់ដូ​ច្នេះដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨

Categories: , , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *