ទឹកមុខស្រទន់ ញញឹមប្រិមប្រិយ ស្រីស្រស់សម្បុរស សម្លេងពីរោះ រាងតូចច្រឡឹង ផូ មុន្នីពៅដែលជាពិធីការិនីលេចធ្លោមួយដួងក្នុងកម្មវិធីជាច្រើននៅស្ថានីយទូរទស្សន៍ស៊ីធីអិន។ សព្វថ្ងៃ មុន្នីពៅកំពុងតែមានការពេញនិយមនិងទទួលនូវការគាំទ្រពី មហាជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។ ទោះបីជាមុន្នីពៅមានការហត់នឿយជាពិធីការិនីក្នុងកម្មវិធីជាច្រើនមែន ប៉ុន្ដែភាពមមាញឹកទាំងនោះមិនបានធ្វើឱ្យមុន្នីពៅភ្លេចក្នុងការថែទាំសុខភាពរាងកាយក៏ដូចជាសម្រស់របស់នាងឡើយ។
មុន្នីពៅមានភាពរីករាយណាស់ក្នុងការទម្លាយអាថ៌កំបាំងថែទាំសុខភាពក៏ដូចជាសម្រស់របស់នាងមកជូនមិត្ដអ្នកអានឱ្យបានដឹងតាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនឈានជើងចូលវិស័យសិល្បៈ
កាលពីដំបូងឡើយ មុន្នីពៅជាសិស្សរៀននៅវិទ្យាល័យនៅខេត្ដកំពង់ចាម។ ស្របពេលនោះក៏មានកម្មវិធីជ្រើសរើសស្រី ស្អាតប្រុសស្អាត នាងក៏បានសម្រេចចិត្ដចូលប្រកួតប្រជែងក្នុងកម្មវិធីនោះហើយមុន្នីពៅក៏បានលេខ១ខាងទឹកមុខមានប្រជាប្រិយ។ បន្ទាប់មកទូរទស្សន៍ប៉ុស្ដិ៍លេខ៣ បានជ្រើសរើសមុន្នីពៅឱ្យធ្វើពិធីការិនីក្នុងកម្មវិធីជាច្រើនដូចជាកម្មវិធីចង់ដឹងត្រូវមើល កម្មវិធីស្នាដៃច្នៃប្រឌិត កម្មវិធីហ្វម៉ូសជាដើម ដោយឆ្លងកាត់ការធ្វើតេស្ដសម្លេង។ សព្វថ្ងៃនេះមុន្នីពៅបានក្លាយទៅជាពិធីការិនីមួយដួងដែល លេចធ្លោនៅស្ថានីយទូរទស្សន៍ស៊ីធីអិន។
ការថែរក្សាសម្រស់
បច្ចុប្បន្ន ផូ មុន្នីពៅ ជាពិធីការិនីដ៏ឆ្នើមមួយរូបក្នុងកម្មវិធីជាច្រើននៅស្ថានីយទូរទស្សន៍ ស៊ីធីអិន។ ការងារជាពិធីការិនីកាន់កម្មវិធីច្រើនបែបនេះ បានធ្វើឱ្យមុន្នីពៅម្រឈមមុខនឹងការហត់នឿយ។ ប៉ុន្ដែចំពោះការថែរក្សាសម្រស់មុន្នីពៅមិនដែលមានការធ្វេស ប្រហែសឡើយ ព្រោះនាងមិនអាចបណ្ដោយឱ្យសម្រស់បាត់បង់ទៅតាមអាយុកាលនោះទេ។
- ការថែរក្សាសក់ ៖ សក់របស់មុន្នីពៅ ត្រូវបានតុបតែងធ្វើជាម៉ូតជារៀងរាល់ថ្ងៃមិនដែលខានទេជាហេតុបណ្ដាលឱ្យសក់ស្រួយ និងបែកចុង។ ហេតុនេះ ធ្វើឱ្យមុន្នីពៅមានការព្រួយបារម្ភចំពោះសក់ព្រោះម្យ៉ាងទៀតសក់របស់មុន្នីពៅមានចំនួនតិចស្រាប់ ផងនោះ ទើបនាងបានជ្រើសរើសយកសាប៊ូដែលត្រូវជាមួយស្បែកក្បាល និងសរសៃសក់ដោយកក់សក់រយៈពេល២ឬ៣ថ្ងៃម្ដង និង ប្រើសារធាតុជួយបន្ទន់សក់ឱ្យទន់។
- ការថែរក្សាស្បែកមុខ ៖ ស្បែកមុខមុន្នីពៅឆាប់មានប្រតិកម្មណាស់ ធ្វើឱ្យមុខមុន្នីពៅទៅជាមានមុនឬមានអាចម៍រុយទៀតផង។ នៅពេលដែលចូលរួមក្នុងកម្មវិធី មុន្នីពៅប្រើម្សៅទឹកមកលាបជាទ្រនាប់ទើបយកម្សៅផាត់មកផាត់ពីលើបន្ថែមដើម្បីឱ្យ ស្បែកមុខត្រជាក់ និងមិនមានប្រតិកម្ម។ តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីត្រឡប់ក្នុងកម្មវិធីវិញមុន្នីពៅត្រូវលុបលាងសម្អាតមុខ ភ្លាមដោយមិនទុកឱ្យយូរទេ ព្រោះខ្លាចស្បែកមុខរោល ឬកើតមុនគ្រើមតូចៗ។
- ការថែរក្សាស្បែកដងខ្លួន ៖ នៅពេលយប់ មុន្នីពៅមិនប្រើឡេលាបស្បែកជាប្រចាំទេ។ ក្នុងមួយសប្ដាហ៍មុន្នីពៅប្រើឡេលាបស្បែកតែ៣ ឬ៤ថ្ងៃតែប៉ុណ្ណោះ ដោយប្រើឡេលាយជាមួយម្សៅ។ នៅពេលចេញទៅខាងក្រៅមុន្នីពៅប្រើឡេការពារកម្ដៅថ្ងៃដើម្បីកុំឱ្យស្បែកស្ងួត និងឆាប់ជ្រីវជ្រួញ។
- ការថែរក្សាភ្នែក រោមភ្នែក និងរោមចិញ្ចើម ៖ ភ្នែកមុន្នីពៅស្រស់ស្អាតពីធម្មជាតិ មិនដែលមានបញ្ហាអ្វីឡើយ។ ចំណែក ឯរោមភ្នែកវិញ មុន្នីពៅស្រឡាញ់រោមភ្នែកវែងក្រាស់ហើយង។ នៅពេលដែលចេញទៅខាងក្រៅឬចូលរួមក្នុងកម្មវិធីធំៗ មុន្នីពៅ តែងតែយកម៉ាស្ការ៉ាពណ៌ខ្មៅមកលាបរោមភ្នែកវែង រួចពត់ឱ្យង។ មុន្នីពៅស្រឡាញ់រោមចិញ្ចើមក្រាស់ហើយធំតាមធម្មជាតិដែលបាន ផ្ដល់ឱ្យ។ ទោះជាចូលរួមក្នុងកម្មវិធីណាក៏ដោយ មុន្នីពៅមិនដែលកោររោមចិញ្ចើមឡើយគ្រាន់តែយកប្រដាប់គូសចិញ្ចើមមកគូសតុប តែងតែប៉ុណោ្ណះ។
- ការថែរក្សាបបូរមាត់ ៖ នៅពេលសម្រាកពីការងារ មុន្នីពៅមិនប្រើក្រែមមកលាបបបូរមាត់ទេព្រោះកាលណាលាបញឹក ញាប់ពេកធ្វើឱ្យបបូរមាត់ខ្មៅ។ មុន្នីពៅ មិនចូលចិត្ដប្រើក្រែមដែលមានពណ៌ឆើតឡើយតែចូលចិត្ដពណ៌ស្រាលស្លេកបែបធម្មជាតិ ជាពិសេសក្រែមដែលមានជាតិរលោងមកលាបនៅពេលទៅកម្មវិធី ដើម្បីកុំឱ្យបបូរមាត់ស្ងួត។
- ការថែរក្សាធ្មេញ ៖ មុន្នីពៅព្រួយខ្លាចបំផុតចំពោះសុខភាពមាត់ធ្មេញព្រោះខ្លាចមានក្លិនមិនល្អនាំឱ្យខ្លួនឯងនៅមិនសុខ និងពិបាកប្រាស្រ័យទំនាក់ទំនងគ្នា។ ហេតុនេះក្នុង១ថ្ងៃ មុន្នីពៅត្រូវសម្អាតធ្មេញ២ដងឡើងទៅ។ ក្នុងមួយសប្ដាហ៍មុន្នីពៅតែងតែយកក្រដាសស្ទីកក័រមកបិទនៅលើធ្មេញដើម្បីកាត់ក្អែលធ្មេញ ហើយជួយឱ្យធ្មេញស។
- ការថែរក្សាក្រចកដៃជើង ៖ មុន្នីពៅមិនស្រឡាញ់ក្រចកដៃជើងវែងពេក ឬខ្លីពេកទេ។ មុន្នីពៅស្រលាញ់តែថ្នាំក្រចក ដែលមានពណ៌ស ដោយលាបនៅចុងក្រចក ទើបយកទឹករលោងមកលាបពីលើក្រចកបន្ថែម។
ការថែរក្សាសុខភាពរាងកាយ
ការងារជាពិធីការិនីកាន់កម្មវិធីច្រើនក៏ពិតមែន ប៉ុន្ដែមុន្នីពៅមានការប្រុងប្រយ័ត្នជានិច្ចចំពោះសុខភាពរាងកាយ។ រាល់ថ្ងៃមុន្នីពៅបានបែងចែកកាលវិភាគយ៉ាងច្បាស់លាស់។ នៅពេលចេញពីធ្វើការរៀងរាល់ពេលល្ងាចមុន្នីពៅហាត់ប្រាណគ្រប់បែបរូបភាព។ ចំណែកចំណីអាហារមុន្នីពៅទទួលទាន៣ដងក្នុងមួយថ្ងៃជាប្រចាំ។ មុន្នីពៅមិនចូលចិត្ដអាហារណាដែលមានជាតិខ្លាញ់ឡើយ មុន្នីពៅ ចូលចិត្ដអាហារដែលមានបន្លែច្រើន និងចូលចិត្ដទទួលទានផ្លែឈើ។ ក្នុងរយៈពេល៦ខែមុន្នីពៅតែងទៅមន្ទីរពេទ្យម្ដងដើម្បីពិនិត្យ សុខភាព ព្រោះខ្លាចសុខភាពមានបញ្ហា។
បំណងសម្រាប់ថ្ងៃអនាគត
មុន្នីពៅមិនពឹងផ្អែកទៅលើអាជីពជាអ្នកសិល្បៈរហូតដល់ថ្ងៃអនាគតឡើយ។ មុន្នីពៅកំពុងតែមានគម្រោងចង់ធ្វើជំនួញផ្ទាល់ខ្លួនហើយជំនួញនោះមុន្នីពៅបានគិតទុកជាយូរមកហើយថាជាជំនួញអ្វីគ្រាន់តែនៅពេលនេះមុន្នីពៅសុំលាក់ទុកសិន។ ម្យ៉ាងវិញទៀតមុន្នីពៅកំពុងតែសន្សំថវិកាឱ្យបានច្រើន ដើម្បីធ្វើជំនួញសម្រាប់ថ្ងៃអនាគត។
បណ្ដាំផ្ញើរបស់ ផូ មុន្នីពៅ
ម្នាក់ៗសុទ្ធតែមមាញឹកដូចគ្នា ប៉ុន្ដែសូមងាកមើលពីសុខភាពផង ដោយឆ្លៀតពេលហាត់ប្រាណ ទទួលទានអាហារនិងទទួលទានដំណេកឱ្យបានទៀងទាត់។ ជាពិសេសសម្រាប់សុភាពនារី បន្ទាប់ពីមានការថែទាំសុខភាពរាងកាយហើយគួរយកចិត្ដទុកដាក់ បន្ថែមពីសម្រស់ផង កុំបណ្ដោយឱ្យឆាប់ចាស់ទៅតាមអាយុកាល។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ផូ មុន្នីពៅ
- អាយុ ៖ ២៤ឆ្នាំ
- កម្ពស់ ៖ ១,៥៨ម៉ែត្រ
- ទម្ងន់ ៖ ៤៧ គីឡូក្រាម
- ទំហំទាំងបី ៖ ៣៤ ២៥ ៣៤
- បងប្អូន ៖ ៥នាក់ (ជាកូនទី៥)
- កម្រិតវប្បធម៌ ៖ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារឆ្នាំទី៣
- អាជីពបច្ចុប្បន្ន ៖ ជាតារាសម្ដែង ពិធីការិនីនៅស្ថានីយទូរទស្សន៍ ស៊ីធីអិន
- ទីកន្លែងកំណើត ៖ ខេត្ដកំពង់ចាម
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply