ស្បែករបស់មនុស្សយើងចែកចេញជាច្រើនប្រភេទខុសៗគ្នា។ ស្បែកមុខមួយប្រភេទៗមានវិធីថែទាំដោយឡែកៗពីគ្នា ដែលចាំបាច់សាមីខ្លួនត្រូវមានការយល់ដឹង ទើបអាចថែរក្សាបានប្រសើរ។ ផ្ទុយទៅវិញបើមិនមានការថែរក្សាឱ្យបានដិតដល់ទៅ តាមក្បួនខ្នាតត្រឹមត្រូវនោះសម្រស់ផ្ទៃមុខដែលជាចំណុចដំបូងនៃការផ្ដោតអារម្មណ៍សម្លឹងមើលនឹងត្រូវបាត់បង់បន្ដិចម្ដងៗ គួរឱ្យ សោកស្ដាយមិនខានឡើយ។
លោកស្រី យស់ សុល្លភា ម្ចាស់ហាងអេឡារក្សាសម្ផស្សចូលរួមបកស្រាយជម្រាបជូនលោកអ្នកជាពិសេសមិត្ដនារីទាំង ឡាយ ដែលតែងតែខ្វល់ខ្វាយអំពីបញ្ហាស្បែកមុខ ដែលពោរពេញទៅដោយខ្លាញ់ឬក៏ប្រេងតាមរយៈទស្សនាវដ្ដីសុខភាពយើង។
ប្រភេទនៃស្បែកមុខ
ជាទូទៅស្បែកមុខត្រូវបានបែងចែកជា៤ប្រភេទផ្សេងៗគ្នា គឺស្បែកធម្មតា ស្បែកស្ងួត ស្បែកខ្លាញ់និងស្បែកចម្រុះ។ ស្បែកមុខនីមួយៗមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងលក្ខខណ្ឌរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដូចជាអនាម័យការបរិភោគ ចំណីអាហារ បរិយាកាសជុំវិញ អ័រម៉ូនជាដើម។ ដោយបញ្ហាអ័រម៉ូននៅពេលដែលមនុស្សពេញវ័យធ្វើឱ្យស្បែកមានការប្រែប្រួល ហើយមានលេច ចេញជាប្រេង អាចម៍រុយ ប្រជ្រុយ មុនជាដើម។
វិធិថែរក្សាស្បែកមុខខ្លាញ់
មុននឹងជម្រាបជូនលោកអ្នកអំពីវិធីថែរក្សាស្បែកមុខខ្លាញ់ លោកអ្នកត្រូវជ្រាបជាមុនអំពីប្រភេទរបស់ស្បែកខ្លាញ់ដែល ចែកចេញជាស្បែកដែលមានជាតិខ្លាញ់តិច មធ្យម និងច្រើន។ ប្រការសំខាន់បំផុតសម្រាប់លោកអ្នកដែលមានស្បែកខ្លាញ់ ទោះ តិចឬច្រើនក្ដី ក៏ត្រូវយកចិត្ដទុកដាក់ជាចម្បងទៅលើផ្នែកអនាម័យគប្បីលាងសម្អាតឱ្យបានស្អាតជាប្រចាំតាមវិធីធម្មជាតិ ឬក៏ប្រើ ប្រាស់ផលិតផលសម្រាប់សម្អាត។ ស្បែកមុខមានខ្លាញ់គឺជាបញ្ហារំខានសម្រាប់លោកអ្នកទាំងឡាយ។ សំណើមខ្លាញ់នៅលើស្បែកមុខ ធ្វើឱ្យមានការពិបាកក្នុងការតុបតែងមុខរបស់មនុស្សស្រី។ ចំណែកមនុស្សប្រុសវិញថ្វីបើពុំចាំបាច់តុបតែងក៏អាចធ្វើឱ្យបាត់បង់មន្ដ ស្នេហ៍ដែរ បើផ្ទៃមុខសម្បូរទៅដោយជាតិខ្លាញ់នោះ។
1. ការសម្អាតតាមបែបធម្មជាតិ ៖ ពិតជាមិនពិបាកទេ ដោយគ្រាន់តែលោកអ្នកព្យាយាមលាងសម្អាតស្បែកមុខជាមួយនឹងទឹកក្ដៅឧណ្ហៗជាប្រចាំ នោះបរិមាណប្រេងឬខ្លាញ់ដែលនៅលើផ្ទែមុខនឹងបាត់ទៅបន្ដិចម្ដងៗជាមិនខាន។ ជាងនេះទៅទៀតវិធីល្អក្នុង ការថែរក្សាមុខឱ្យស្រស់ស្អាតល្អជាប្រចាំ គឺប្រើម្នាស់ជាអាហារដែលសម្បូរនៅក្នុងប្រទេសយើង។ ម្នាស់មិនត្រឹមតែជួយកម្ចាត់ជាតិ ខ្លាញ់នៅលើស្បែកមុខប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យស្បែកមុខរបស់លោកអ្នករលោងផូរផង់ប្រាសចាកស្លាកស្នាមមន្ទិលផ្សេងៗទៀត ផង។ ព័ត៌មានលម្អិតសូមអានអត្ថបទវិធីជ្រើសរើសផលិតផលរក្សាស្បែកដែលមាននៅក្នុងទស្សនាវដ្ដី សុខភាពយើង ចេញផ្សាយនៅ លេខទី០០៥ ខែមិថុនា ឆ្នាំ២០០៦។
2 . ការសម្អាតដោយប្រើសាប៊ូសម្រាប់លាង ៖ នៅពេលបច្ចុប្បន្ន ដោយសារការរីកចម្រើនផ្នែកចង្វាក់នៃការផលិត គ្រឿងសម្អាងមួយចំនួនត្រូវបានផលិតឡើងដើម្បីជំនួយដល់លោកអ្នកដែលមានការងាររវល់ច្រើន ហើយចង់ស្អាត។ ការជ្រើសរើសសាប៊ូ សម្រាប់លាងសម្អាតស្បែកមុខ លោកអ្នកត្រូវមានការប្រយ័ត្នប្រយែងព្រោះផលិតផលគ្រឿងសម្អាងនៅលើទីផ្សារកម្ពុជាសព្វថ្ងៃ ភាគច្រើនមិនសូវមានគុណភាពល្អប៉ុន្មានទេ។ ការជ្រើសរើសសាប៊ូលាងសម្អាតមុខមិនបានល្អអាចធ្វើឱ្យស្បែកមុខរបស់លោកអ្នក ជា ពិសេសសុភាពនារីទាំងឡាយមានប្រតិកម្មនាំឱ្យមានបញ្ហា ដូចជារលាកស្បែកមុខ ជាំ កើតមុនជ្រីវជ្រួញជាដើម។ ការប្រើប្រាស់ សាប៊ូលាងសម្អាតមុខត្រូវធ្វើឡើងជារៀងរាល់ថ្ងៃចំនួនបីដងក្នុងមួយថ្ងៃអាចធ្វើឱ្យផ្ទៃមុខត្រឡប់មកជាស្បែកធម្មតាវិញជាមិនខាន។ សូមជ្រើសរើសផលិតផលដែលមានការបញ្ជាក់ថាសម្រាប់អ្នកដែលមានស្បែកខ្លាញ់។
ក្រៅពីនេះប្រសិនបើសុភាពនារីទាំងឡាយមិនចង់ប្រើប្រាស់វិធីទាំងពីរខាងលើនេះទេ ឬក៏អនុវត្ដហើយតែគ្មានប្រសិទ្ធភាពលោកស្រីអ្នកនាងកញ្ញាអាចរកវិធីផ្សេងទៀតដើម្បីបិតបាំងជាតិខ្លាញ់នៅលើស្បែកមុខដោយប្រើម្សៅ ឬឡេដែលមានជាតិរលោង ខ្លាំងមករម្លស់ជាតិរលោងចេញពីស្បែកមុខខ្លះ។ ព័ត៌មានលម្អិតសូមអានអត្ថបទវិធីជ្រើសរើសគ្រឿងសម្អាងដែលមាននៅក្នុង ទស្សនាវដ្ដី សុខភាពយើង ចេញផ្សាយលេខទី០០៦ ខែកក្កដា ឆ្នាំ២០០៦។
ដំបូន្មានអ្នកប្រឹក្សា
ប្រសិនបើលោកអ្នកមិនមានភាពជឿជាក់លើខ្លួនឯងក្នុងការជ្រើសរើសផលិតផលសម្រាប់សម្អាតស្បែកមុខនោះទេសូម ទៅជួបពិគ្រោះជាមួយអ្នកជំនាញត្រឹមត្រូវ។ ក្នុងករណីដែលលោកអ្នកមិនចង់ចំណាយប្រាក់នោះសូមព្យាយាមអនុវត្ដតាមវិធី ធម្មជាតិទាំងនោះ លោកអ្នកប្រាកដជាបានទទួលជោគជ័យ ហើយមានសុវត្ថិភាពទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply