វិធីប៉ះធ្មេញបែបសម័យទំនើបគឺជាវិធីមួយដ៏ល្អ ដែលអាចធ្វើឱ្យធ្មេញរបស់លោកអ្នកមានភាពស្រស់ស្អាតឡើងវិញ និងភាពគួរឱ្យទាក់ទាញផងដែរ។ លើសពីនេះទៅទៀតការប៉ះធ្មេញក៏អាចជួយឱ្យធ្មេញរបស់លោកអ្នករឹងមាំបានល្អ ហើយមិនបាត់បង់ធ្មេញ (មានធ្មេញនៅក្នុងមាត់)។ ប៉ុន្ដែការប៉ះធ្មេញនេះក៏បានផ្ដល់នូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ បើសិនជាលោកអ្នកទៅធ្វើការព្យាបាល ជាមួយគ្រូពេទ្យដែលមិនមានជំនាញច្បាស់លាស់។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកទន្ដបណ្ឌិត ញាណ ភិរម្យ ប្រធានក្រុមគ្រូពេទ្យ នៃមន្ទីរព្យាបាលធ្មេញបស្ចិម លោកនឹងធ្វើការបកស្រាយរាល់អំពីវិធីប៉ះធ្មេញបែបសម័យទំនើប ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាបកាន់តែច្បាស់អំពីបញ្ហានេះ។
វិធីប៉ះធ្មេញ
វិធីប៉ះធ្មេញគឺជាការប៉ះបំពេញបន្ថែមធ្មេញដែលពុកឬក៏បែកឱ្យមកដូចដើមវិញ។ ការប៉ះធ្មេញនេះគឺត្រូវតែធ្វើឡើងជាមួយ ទន្ដបណ្ឌិតជំនាញ ឬអ្នកមានឯកទេសច្បាស់លាស់ បើមិនដូច្នោះទេលោកអ្នកអាចនឹងមានបញ្ហា ដូចជាការឆ្លងមេរោគជាដើម។
សារៈប្រយោជន៍នៃការប៉ះធ្មេញបែបសម័យទំនើប
ការប៉ះធ្មេញបែបសម័យទំនើបនេះវាបានផ្ដល់នូវសារៈប្រយោជន៍ជាច្រើនដូចជា :
- ចំណេញពេលវេលា
- ចំណេញថវិកា(មិនសូវអស់ថវិកាច្រើន)
- មិនទទួលរងការឈឺចាប់(បើទាន់ពេលវេលា)
– មិនបាត់បង់ធ្មេញ(មិនចាំបាច់ដកធ្មេញ)។
វិធីប៉ះធ្មេញបែបសម័យទំនើប
ជាទូទៅការប៉ះធ្មេញបែបទំនើបនេះ គឺត្រូវតែធ្វើដោយទន្ដបណ្ឌិតដែលមានឯកទេសខ្ពស់។ ហើយចំពោះការប៉ះធ្មេញបែប សម័យទំនើបនេះគឺមានន័យថាការប៉ះធ្មេញជាមួយសម្ភារៈប៉ះធ្មេញដែលទំនើប។ ហើយសម្ភារៈនៃការប៉ះនេះគឺមាន៤ប្រភេទដែល សំខាន់ៗខាងក្រោម :
– សេអ៊ី : ចំពោះសេអ៊ីនេះវាជាសម្ភារៈមួយប្រភេទដែលល្អជាងគេ ប៉ុន្ដែពណ៌របស់វាមិនដូចនឹងធ្មេញពីកំណើតនោះទេ។ ជាទូទៅធ្មេញរបស់មនុស្សមានពណ៌លឿងមិនមែនជាពណ៌សនោះទេ តែសេអ៊ីវិញវាមានពណ៌ស ប៉ុន្ដែមានភាពរឹងមាំជាង ហើយអាច កម្ចាត់មេរោគដែលមាននៅក្នុងប្រហោងធ្មេញ។ ទោះបីជាយើងសម្អាតមិនបានស្អាតក៏អាចធ្វើឱ្យមេរោគនោះងាប់ដែរ ហើយមិនអាច ធ្វើឱ្យធ្មេញពុកតទៅទៀតបាននោះទេ។
– អាម៉ាហ្គាន : កាលពីមុនគេអាចប្រើអាគីនេចមានជាតិផ្លាស្ទិច ហើយធ្វើឱ្យធុំខ្លិនមាត់ និងរលាកអញ្ចាញ។ ចំពោះ អាម៉ាហ្កានវិញ វាមានជាតិបារ៉តបណ្ដាលឱ្យប៉ះពាល់ដល់បេះដូង និងកន្លែងផ្សេងៗទៀត ហេតុនេះហើយបានជាគេមិនសូវប្រើ (ប៉ុន្ដែ នៅតែចាំបាច់នៅតែប្រើ ព្រោះមានភាពរឹងមំា)។ បច្ចុប្បន្ននេះគេនៅតែប្រើអាម៉ាហ្គានដដែល ប៉ុន្ដែប្រើបានតែធ្មេញខាងក្រោយ តែប៉ុណ្ណោះ មិនអាចប្រើបានចំពោះធ្មេញខាងមុខទេ។
- កាពូស៊ីត : ចំពោះកាពូស៊ីតវាក៏មានសារៈប្រយោជន៍ជាច្រើនផងដែរ ដូចជាធ្មេញរឹងមាំ មានសោភ័ណភាពដូចធ្មេញពី កំណើត។ សម័យបច្ចុប្បន្ននេះជាសម័យទំនើប ដូចនេះគេក៏និយមប្រើកាពូស៊ីតបំផុត ព្រោះអាចធ្វើឱ្យសម្ព័ន្ធភាពស្រស់ស្អាត ជាពិសេស វាមិនធុំក្លិនមាត់។
- កាលាស់យ៉ូម៉ែរ : ក៏ដូចជាសេអ៊ីដែរ វាមិនមានអ្វីខុសគ្នានោះទេ។
ប្រសិនបើលោកអ្នកជ្រើសរើសនូវកន្លែងប៉ះធ្មេញមិនមានសុវត្ថិភាព ឬក៏ធ្វើការប៉ះធ្មេញជាមួយគ្រូពេទ្យដែលមិនមាន ជំនាញច្បាស់លាស់នោះ លោកអ្នកនាងកញ្ញាអាចនឹងជួបនឹងផលវិបាក ដូចជាអាចធ្វើឱ្យពុកធ្មេញខាងក្រោម ជាហេតុធ្វើឱ្យប៉ះពាល់ ដល់បណ្ដូរធ្មេញ ដែលធ្វើឱ្យធ្មេញទទួលរងនូវការឈឺចាប់ ឬមានដំបៅ និងមានខ្ទុះជាដើម។ ចុងក្រោយលោកអ្នកក៏ត្រូវដកធ្មេញចេញ ដែលធ្វើឱ្យលោកអ្នកបាត់បង់ធ្មេញ និងទទួលរងនូវការឈឺចាប់ ជាពិសេសអស់ថវិកា និងខាតពេលវេលា។
វិធីការពារក្រោយពេលប៉ះធ្មេញ
នៅពេលដែលលោកអ្នកនាងកញ្ញាធ្វើការប៉ះធ្មេញហើយ លោកអ្នកត្រូវតែឧស្សាហ៍ទៅជួបជាមួយគ្រូពេទ្យធ្មេញដោយផ្ទាល់ យ៉ាងតិចឱ្យបាន២ទៅ៣ដងក្នុងមួយឆ្នាំ ដើម្បីថែរក្សាធ្មេញកុំឱ្យបញ្ហាតទៅទៀត។ យើងសង្កេតឃើញថា មានប្រជាជនខ្មែរមួយភាគ តូចនៅកន្លែងផឹកស៊ីឬកន្លែងផ្សេងៗទៀតបានយកធ្មេញខាំគាស់គម្របស្រាបៀរ កូកាកូឡា ឬរបស់ផ្សេងៗទៀតដែលរឹង ហើយទង្វើ ទាំងនេះ គឺមិនមានផលល្អសម្រាប់លោកអ្នកឡើយ។ ផ្ទុយទៅវិញការប្រើប្រាស់វិធីនេះគឺកំពុងតែបំផ្លាញធ្មេញរបស់ខ្លួនឯងហើយ។ លោកអ្នកត្រូវគិតថាធ្មេញរបស់មនុស្សមានសារៈសំខាន់ណាស់ក្នុងការជួយទំពាចំណីអាហារ ដូចនេះប្រសិនបើធ្មេញមានបញ្ហា តើការ ទំពាអាហាររបស់លោកអ្នកវាងាយស្រួលដែរឬទេ។ ក្រៅពីនេះលោកអ្នកត្រូវតែមានវិធានការការពារកុំឱ្យពុកធ្មេញ។ ដូចនេះលោក អ្នកត្រូវសម្អាតធ្មេញឱ្យបានទៀងទាត់ពេលវេលា(ដុសធ្មេញយ៉ាងតិចឱ្យបាន២ទៅ៣ដងក្នុងមួយថ្ងៃ)។ មានធ្មេញរឹងមាំប្រសើរជាង មានសម្ព័ន្ធភាពធ្មេញស្អាត ហើយធ្មេញស្អាតមានន័យថាធ្មេញដែលមើលទៅមានសភាពសស្អាត ប៉ុន្ដែមិនមានភាពរឹងមាំ។
ដំបូន្មានអ្នកជំនាញ
ការប៉ះធ្មេញគឺមានសារៈសំខាន់បំផុតសម្រាប់លោកអ្នកដែលមានជម្ងឺពុកធ្មេញ ឬប្រេះបែកធ្មេញ។ លោកអ្នកត្រូវដឹងថា បើសិនជាលោកអ្នកមិនបានមកធ្វើការព្យាបាលធ្មេញឱ្យបានទាន់ពេលវេលាទេនោះ លោកអ្នកអាចនឹងមានបញ្ហាធ្មេញធ្ងន់ធ្ងរជាងនេះ ដែលអាចឈានទៅដល់ការដកធ្មេញចេញ។ មុននឹងលោកអ្នកនាងកញ្ញាទៅធ្វើការព្យាបាលធ្មេញ លោកអ្នកត្រូវតែគិតទៅដល់សុវត្ថិ ភាពនៃការព្យាបាលធ្មេញជាមុនសិន បើមិនដូច្នេះទេធ្មេញរបស់លោកអ្នកអាចនឹងមានបញ្ហាទៅថ្ងៃក្រោយទៀតជាមិនខាន។ ដូចនេះ អ្វីដែលសំខាន់បំផុតនោះ លោកអ្នកត្រូវតែស្វែងរកកន្លែងដែលមានជំនាញច្បាស់លាស់ និងមានសុវត្ថិភាពជានិច្ច។
Leave a Reply