ការតុបតែងនៅលើផ្ទៃមុខឱ្យមានសម្ជស្សស្រស់ស្អាត ជាកត្ដាចម្បងរបស់សុភាពបុរស និងសុភាពនារីទាំងឡាយ។ បច្ចុប្បន្ននេះឧបករណ៍ទំនើបដែលមានលក្ខណៈបច្ចេកទេសខ្ពស់សម្រាប់សាក់នៅលើរង្វង់ភ្នែកត្រូវបានបង្កើតឡើង។ ដើម្បីជួយឱ្យភ្នែកមាន ទម្រង់ស្អាត និងជួយលើកតម្កើងផ្ទៃមុខឱ្យមានសម្រស់គួរឱ្យគយគន់ ហើយទាក់ទាញអារម្មណ៍ពីអ្នកដទៃការសាក់រង្វង់ភ្នែកជាវិធី មួយដែលគួរយល់ដឹង។
សម្រាប់លេខនេះ ទស្សនាវដ្ដី សុខភាពយើងសូមលើកយកប្រធានបទស្ដីអំពីវិធីសាក់រង្វង់ភ្នែកមកជូនមិត្ដអ្នកអានឱ្យបានជ្រាបតាមរយៈការជួបសម្ភាសជាមួយលោកស្រី ហេង ជាន អ្នកជំនាញនិងជាម្ចាស់ហាងមជ្ឈមណ្ឌលថែរក្សាសម្ជស្សប៊ីប៊ី។
វិធីសាក់រង្វង់ភ្នែក
ការសាក់រង្វង់ភ្នែក គឺសំដៅទៅលើការធ្វើឱ្យរង្វង់ភ្នែកដែលមានពណ៌ស្រស់ស្អាតនៅជាប់រង្វង់ភ្នែកបានយូរហើយជួយលើកតម្កើងទម្រង់មុខឱ្យមានសម្ជស្សមួយកម្រិតថែមទៀត។
ចំពោះវិធីសាក់រង្វង់ភ្នែក មុនដំបូងលោកអ្នកត្រូវលាងសម្អាតនៅលើផ្ទៃមុខសិន រួចបន្ទាប់មកទើបយកសំឡីនិងអាល់កុលមកជូតឱ្យស្អាត ជាពិសេសជូតត្រង់ត្របកភ្នែកទាំងខាងលើនិងខាងក្រោមដែលជាកន្លែងត្រូវសាក់។ ជំហ៊ានបន្ទាប់មកទៀតគឺប្រើថ្នាំ ស្ពឹកចាក់នៅត្រង់ត្របកភ្នែក ដើម្បីកាត់បន្ថយការឈឺចាប់នៅពេលសាក់។ បន្ទាប់មកទើបយកម៉ាស៊ីនដែលមានម្ជុលមុខតូច ហើយ ចាក់ទឹកថ្នាំសាក់ដែលលោកអ្នកជ្រើសរើសពណ៌ដែលចូលចិត្ដចូលទៅក្នុងម្ជុលម៉ាស៊ីនរួចសាក់ចូលទៅក្នុងសាច់ត្របកភ្នែក ទើបចាប់ អូសម៉ាស៊ីនតាមសាច់ត្របកភ្នែក ដោយប្រើថេរវេលា២នាទីតែប៉ុណ្ណោះជាការស្រេច។
អត្ថប្រយោជន៍នៃការសាក់រង្វង់ភ្នែក
បន្ទាប់ពីបានសាក់រង្វង់ភ្នែករួចរាល់ហើយ លោកស្រីអ្នកនាងកញ្ញាមានរង្វង់ភ្នែកស្រស់ស្អាតទៅតាមពណ៌ដែលចង់បាន។ ការសាក់រង្វង់ភ្នែកគឺថេររហូតហើយពុំហើរពណ៌ ងាយស្រួលដល់សុភាពនារីដែលមមាញឹកនឹងការងារមិនចាំបាច់គូសរាល់ថ្ងៃ។ ជាង នេះទៅទៀតការសាក់រង្វង់ភ្នែកអាចជួយលើកតម្កើងទម្រង់មុខសុភាពនារីឱ្យមានសម្ជស្សស្រស់មួយកម្រិតហើយមិនបណ្ដាលឱ្យ រោមភ្នែកសុភាពនារីទាំងឡាយជ្រុះឡើយ។
ផលប៉ះពាល់នៃការសាក់រង្វង់ភ្នែក
លោកស្រីអ្នកនាងកញ្ញាជ្រើសរើសកន្លែងដែលមិនមានសេវាកម្មល្អ គ្មានអ្នកជំនាញពិតប្រាកដនោះប្រាកដជាមានផលប៉ះពាល់ដូចជាធ្វើឱ្យសាច់ត្របកភ្នែកហើម ឬរលាកសាច់ត្របកភ្នែកនៅជើងរោម មានផ្លែសាច់និងអាចធ្វើឱ្យភ្នែកសុភាពនារីមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះទៅទៀត។ ព្រោះការសាក់រង្វង់ភ្នែកនេះកម្រមានផលប៉ះពាល់ណាស់បើសិនសុភាពនារីជ្រើសរើសកន្លែងមាន សេវាកម្មល្អ ហើយមានជំនាញពិតប្រាកដ។
ដំបូន្មានអ្នកជំនាញ
បើចង់សាក់រង្វង់ភ្នែកដើម្បីជួយលើកតម្កើងសម្រស់ផ្ទៃមុខ សុភាពនារីត្រូវតែជ្រើសកន្លែងណាដែលមានសេវាកម្មល្អមាន បទពិសោធច្បាស់លាស់ និងជំនាញពិតប្រាកដ ចៀសវាងការសាក់រង្វង់ភ្នែកមានផលវិបាកអាក្រក់កើតឡើង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply