សាច់​គោ​ឫស្សី​មាស

រូបភាពទស្សនាវដ្ដីសុខភាពយើង
  • បរិ​មាណ​មនុស្ស ៖ ២នាក់
  • រយៈពេល​រៀបចំ​គ្រឿង​ផ្សំ ៖ ១០​នាទី
  • រយៈពេល​ចម្អិន ៖ ១៥​នាទី

គ្រឿង​ផ្សំ

  • សាច់​គោល្អ ២ខាំ
  • ​ប៊ីចេង ១ស្លាប​ព្រាកាហ្វេ
  • ប្រេងឆា ប្រេង​ម្ទេស
  • ស្ករស ២ស្លាប​ព្រាកាហ្វេ
  • ម្ទេស​ដៃនាង ៣គ្រាប់
  • អំបិល ១ស្លាប​ព្រាកាហ្វេ
  • ខ្ញី
  • ខ្ទឹម​ក្រហម ៣​កំពឹស
  • ជីវ៉ាន់​ស៊ុយ ៥សន្លឹក
  • ក្រូចឆ្មារ
  • គល់ខ្ទឹម
  • ស្លឹក​ឫស្សី
  • គ្រឿង​បុក មាន​រំដេង គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច​សើច រមៀត ខ្ជាយ និងខ្ទឹមស (បុកចូល​គ្នាឱ្យ​ម៉ត់)

របៀប​រៀបចំ​គ្រឿង​ផ្សំ

  • សាច់គោ​លាងទឹក​ឱ្យស្អាត រួចហាន់​ជាចំ​ណិត​ស្ដើងៗ រួច​ប្រឡាក់​ជាមួយ​អំបិល ប៊ី​ចេង ស្ករស និង​គ្រឿងបុក​ទើបស្រូប​ប្រេង​ម្ទេស បន្ដិច​ច្របល់​ចូលគ្នា​ឱ្យចូល​ជាតិ ហើយ​ផ្អាប់ទុក​រយៈពេល​២នាទី
  • គល់ខ្ទឹម​លាងទឹក​ឱ្យស្អាត រួចយក​សាច់គោ​ដែលផ្អាប់​ទុកមក​រុំជុំ​វិញគល់​ខ្ទឹម
  • ខ្ញីលាង​ទឹកឱ្យ​ស្អាត រួចហាន់​ជាចង្វា​មូល
  • ជីវ៉ាន់​ស៊ុយ លាងទឹក​ឱ្យស្អាត
  • ក្រូច​ឆ្មារ ច្របាច់​យកទឹក​ដាក់ចាន

    រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ធ្វើ

  • សាច់គោ​រុំគល់​ខ្ទឹមយក​ទៅចំ​ហុយឱ្យ​ឆ្អិន រួច​សម្រិត​យកទឹក​ទុកមួយ​ឡែក
  • ដាក់ខ្ទះ​នៅលើ​ចង្ក្រាន​រួចចាក់​ប្រេងឆា​ឱ្យក្ដៅ​បន្ដិច ទើបចាក់​គ្រឿង​បុកចូល​និងទឹក​ដែល​សម្រិត​ពីសាច់​គោ​ចំហុយ​ច្របល់​ចូលគ្នា​មួយ សន្ទុះ រួចស្រូប​ពីលើ​សាច់គោ ហើយ​ស្រូបទឹក​ក្រូច​ឆ្មារ ឱ្យមាន​រសជាតិ​ជូរ​បន្ដិច រួចរាល់​ជាការ​ស្រេច។

ចំណាំ មុខ​ម្ហូបនេះ អាច​ទទួល​ទាន​ជាមួយ​បាយក៏​បាន ធ្វើជា​គ្រឿងក្លែម​ក៏បាន។ នៅពេល​រៀបចំ​បរិភោគ​ដំបូង​ត្រូវរៀប​ស្លឹក​ឫស្សី នៅពី​ក្រោម បន្ទាប់​មកដាក់​សាច់គោ​តម្រៀប​ឱ្យស្អាត​នៅលើ​ស្លឹក​ឫស្សី រួចចាក់​ទឹកស្រូប​គ្រឿង​បុក និងដាក់​ស្លឹកជី​ខ្ញីនៅ​ពីលើ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *