ជម្ងឺ​មហា​រីក​បំពង់​ក

បច្ចុប្បន្ន​មាន​ប្រមាណ​ជា៧២​ភាគរយ​នៃអ្នក​កើត​ជម្ងឺ​មហារីក​បំពង់​កបាន​មក​ពិគ្រោះ និង​ព្យាបាល​ជម្ងឺនៅ​ដំណាក់​កាល ធ្ងន់​ធ្ងរ។ ដោយ​សារតែ​មាន​ការធ្វេស​ប្រហែស​ពី​បញ្ហា​សុខភាព​ទើបធ្វើ​ឱ្យ​អត្រា​អ្នក​ស្លាប់​ដោយ​សារ​ជម្ងឺ​មហា​រីក​បំពង់​កមាន​ចំនួន​កើន ឡើង​ជារៀង​រាល់​ឆ្នាំ។ ជម្ងឺ​មហា​រីក​បំពង់​កជា​ប្រភេទ​ជម្ងឺ​មួយក្នុង​ចំណោម​ជម្ងឺ​កាច​សាហាវ​ជាងគេ​ចំនួន​៣​ដែល​បច្ចុប្បន្ន​កំពុង​រាត ត្បាត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ឱកាស​ជាសះ​ស្បើយ​មានតិច​តួច​បំផុត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកវេជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជម្ងឺ​មហា​រីកនៃ​មន្ទីរ​ពេទ្យ​មិត្ដ​ភាព ចូលខ្លួន​មកបក​ស្រាយ​នូវ​ចម្ងល់់​ដែល​ទាក់ ទងនឹង​ជម្ងឺ​មហារីក​បំពង់​កជូន​ប្រិយ​មិត្ដអ្នក​អាន​តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

ជម្ងឺ​មហា​រីក​បំពង់ក

ជម្ងឺ​មហា​រីក​បំពង់​ក​សំដៅ​ដល់ដុំ​សាច់​មួយ​នៅក្នុង​បំពង់ក ដែល​រាល​ដាល​ធំឡើង​យ៉ាង​លឿន​ដោយ​មិនមាន​ការ​គ្រប់គ្រង​ពី ប្រព័ន្ធ​សរីរាង្គ។ ជម្ងឺ​នេះមិន​កើត​នៅតែ​មួយ​កន្លែង​នោះទេ វាអាច​រាលដាល​ទៅ​សរីរាង្គ​ផ្សេងៗ​ទៀត​ដូចជា​ពី​បំពង់​ខ្យល់ទៅ​សួត ខួរ​ក្បាល ថ្លើម ឆ្អឹង​ជាដើម រហូត​ដល់ធ្វើ​ឱ្យ​លោកអ្នក​បាត់បង់​ជីវិត​ប្រសិន​បើមិន​មានការ​ព្យាបាល​ទាន់​ពេល​វេលា។

ការ​រីក​រាលដាល​នៃ​ជម្ងឺ​មហា​រីក​បំពង់​ក

លោកអ្នក​គួរចង​ចាំថា ប្រសិន​បើជម្ងឺ​មហា​រីក​បំពង់​កនេះ​រីករាល​ដាលទៅ​ដល់​កោ​សិកា​ផ្សេងៗ​ហើយ​នោះ​ពាក្យថា​ព្យា​បាលជា​សម្រាប់​ជម្ងឺនេះ​មិនមាន​ទៀត​ឡើយ គឺមាន​តែរង់​ចាំ​សេចក្ដី​ស្លាប់តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​បើជម្ងឺ​នេះទើប​តែ​កើត​ឬកើត​ត្រឹម តែ​រាលដាល​ដល់កូន​កណ្ដុរ​អាច​ព្យា​បាល​បាន មិន​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ​ការ​ចំណាយ​ប្រាក់​កាសក៏​អស់តិច​តួចដែរ។

  • ប្រព័ន្ធ​ទឹក​រងៃ នៅពេល​ដែល​លោកអ្នក​មាន​របួស ឬ​ដំបៅ​ផ្សេងៗ​តែងតែ​ឃើញ​មានទឹក​ថ្លាៗ​ចេញមក​ខាងក្រៅ​ដែល ហៅថា​ទឹក​រងៃ។ ចំពោះ​ការ​រាលដាល​ជម្ងឺ​មហា​រីក​បំពង់​កដោយ​សារទឹក​រងៃ បង្ក​ឡើង​ទៅជា​កូន​កណ្ដុរ​នៅ​បរិវេណ​ករបស់​លោក អ្នក។
  • ចរន្ដ​ឈាម មាន​សរសៃ​ឈាម​តូចៗ​ជាច្រើន​ទៅ​ចិញ្ចឹម​ដុំ​មហា​រីក​បំពង់​ក​ដែល​ធ្វើឱ្យ​កោសិ​កានៃ​មហា​រីកដាច់​តាម​ចរន្ដ ឈាម​ចូលទៅ​ក្នុង​សរសៃ​ឈាម​ទាំងនោះ ហើយ​បង្កឱ្យ​សាយ​ភាយ​ទៅ​សរីរាង្គ​ផ្សេងៗ​ទៀត។ កន្លែង​ដែល​ងាយ​រាលដាល​មុនគេ​នោះ គឺនៅ​សួត ព្រោះ​ចរន្ដ​ឈាម​បរិវេណ​សួតដើរ​យឺត​ជាងគេ​ដែល​ងាយ​ធ្វើឱ្យ​កោសិ​កា​មហា​រីក​ជាប់​នៅបាន​យ៉ាង​ស្រួល។ បន្ទាប់​មកវា​អាច រាលដាល​ទៅខួរ​ក្បាល ឆ្អឹង ឬ​សរីរាង្គ​ដទៃ​ទៀត។

វិធី​សាស្ដ្រ​ធ្វើរោគ​វិនិច្ឆ័យ

ប្រសិន​បើ​លោកអ្នក​សង្ស័យ​ពីជម្ងឺ​មហា​រីក​បំពង់​ក គួរតែ​ទៅធ្វើ​ការ​ពិនិត្យ​នៅមន្ទីរ​ពេទ្យ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ឱ្យគ្រូ​ពេទ្យ ជំនាញ​ច្រឹប​សាច់​ដែល​ដុះនោះ​ពិនិត្យ​នៅឯ​មន្ទីរ​ពិសោធន៍ ថាមាន​ជម្ងឺ​មហា​រីក​បំពង់ក​ប្រភេទ​ណា។ ជម្ងឺនេះ​មាន​ចំនួន​៥​ប្រភេទ​ខុសៗ គ្នា ក្នុងនោះ​មាន៩០​ភាគរយ​ជា​ប្រភេទ​ជម្ងឺ​មហារីក​បំពង់​ក កាស៊ី​ណូម​អេឌែម​ម៉ូអ៊ីន។ បន្ទាប់​ពីរក​ប្រភេទ​ជម្ងឺរួច​គ្រូពេទ្យ​ត្រូវ​ពិនិត្យ សរីរាង្គ​កាយ ដើម្បី​ដឹងពី​ដំណើរ ឬ​ដំណាក់​កាលនៃ​ជម្ងឺ ថាតើ​វាស្ថិត​នៅ​ដំណាក់​កាល​ធ្ងន់ធ្ងរ ឬស្រាល។

រោគ​សញ្ញា​ជម្ងឺ​មហា​រីក​បំពង់​ក  

ជម្ងឺ​មហា​រីក​បំពង់​កនៅ​ដំណាក់​កាល​ដំបូង គឺស្ទើរ​តែមិន​មាន​រោគ​សញ្ញា​ទាល់តែ​សោះ​សូម្បី​តែ​គ្រូពេទ្យ​ជំនាញ​ក៏​ដោយ។ លុះដល់​ពេល​មាន​អាការ​ធ្ងន់ធ្ងរ​បន្ដិច ទើប​អាចដឹង​ពីរោគ​សញ្ញា​ខ្លះៗ ដូចជា​មានដុះ​សាច់នៅ​បំពង់​ក​ដែល​អាចធ្វើ​ឱ្យកើត​ជាកូន​កណ្ដុរ ភាគច្រើន​មិនមាន​ការ​ឈឺចាប់​ដូចកូន​កណ្ដុរ​ដែល​បង្កពី​ជម្ងឺ​ដទៃ​ទៀតទេ។ ជម្ងឺ​នេះក៏​អាចធ្វើ​ឱ្យពេល​ខាក​កំហាក​មាន​លាយ​ឈាម ហូរ ឈាម​តាម​ច្រមុះ ជួនកាល​មានដុំ​សាច់នៅ​ក្បែរ​បំពង់​សម្លេង ធ្វើឱ្យ​ស្អកៗ ឬ​និយាយ​មិនចេញ​និង​ញ៉ាំ​ចំណី​អាហារ​រាង​ទើសៗ។

មូល​ហេតុ​បង្ក​ជម្ងឺ​មហា​រីក​បំពង់​ក

ជម្ងឺ​មហា​រីក​បំពង់​កអាច​កើត​ឡើង​ដោយ​សារតែ​ការគ្មាន​អនាម័យ​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ និងខ្វះ​ការយល់​ដឹងពី​អត្ថប្រ  យោជន៍ ឬគុណ​វិបត្ដិ​នៃ​ចំណី​អាហារ។

  • ការ​ទម្លាប់​ហូបចុក​ផ្ដេស​ផ្ដាស ភាគ​ច្រើន​ចាស់ៗ​នៅតាម​ជនបទ​តែងយល់​ឃើញ​ថា​ការជក់​បារី​ពិតជា​មានផល​ប៉ះពាល់ ដល់សុខ​ភាពរាង​កាយ​ពិតមែន។ តែ​ចំពោះ​ការជក់​ថ្នាំជក់​ដែល​មូល​ជាមួយ​ក្រដាស​ឬ​ជាមួយ​ស្លឹក​សង្កែ​មិនមាន​ប៉ះពាល់​ដល់​សុខភាព ឡើយ ការ​យល់​បែបនេះ​គឺខុស​ទាំង​ស្រុង។ ការ​ប្រើប្រាស់​ថ្នាំជក់​បែបនេះ​មាន​គ្រោះថ្នាក់​ជាង​ការជក់​បារី​ទៅទៀត ព្រោះ​គ្មាន​កន្ទុយ ស្នោ​ដែលជា​តម្រង​ទប់ស្កាត់​សារធាតុ​ជ័រនៃ​ថ្នាំ​ពោលការ​ប្រើប្រាស់​ថ្នាំជក់​គ្រប់​ប្រភេទ​សុទ្ធតែ​ធ្វើឱ្យ​កើត​ជម្ងឺ​មហា​រីក​បំពង់​ក។ មិន​ត្រឹម តែថ្នាំ​ជក់នោះ​ទេ សូម្បី​តែស្រា មិនថា​ជាស្រា​ថ្លៃ ថោក​ឬស្រា​ជាន់ធាង​ផ្អៀងខ្លួន​(ទឹកត្នោត​ជូរ)គឺ​សុទ្ធតែ​អាចធ្វើ​ឱ្យ​លោកអ្នក​ប្រឈម នឹង​ជម្ងឺ​មហា​រីក​បំពង់​ក​ទាំងអស់។ ប្រសិន​បើលោក​អ្នក​ប្រព្រឹត្ដ​ទាំងថ្នាំ​ជក់​និងស្រា កាន់តែ​ធ្វើឱ្យ​លោកអ្នក​មានគ្រោះ​ថ្នាក់ជាង​អ្នក ដែល​មិនបាន​ប្រព្រឹត្ដ​រហូត​ដល់​២០ដង។
  • ការខ្វះ​អនាម័យ​មាត់​ធ្មេញ បច្ចុប្បន្ន​ការ​សម្អាត​មាត់ធ្មេញ​មានច្រើន​តែនៅ​តាមទី​ក្រុង​និងទី​ប្រជុំ​ជនមួយ​ចំនួន​តែប៉ុ ណ្ណោះ ចំណែក​ឯនៅ​តាមជន​បទខ្លះ មិនសូវ​មានការ​សម្អាត​មាត់​ធ្មេញ​បាន​ប្រសើរ​ទេ។ ខណៈ​ដែល​លោកអ្នក​មិនមាន​អនាម័យ​មាត់ ធ្មេញ​ល្អ អាចធ្វើ​ឱ្យ​មេរោគ​ម្យ៉ាង​ឈ្មោះ​អេប​ស្ដែន​បាវៃ​រើស (បែស​តេិន​បារ​រ្វិរុស) ដែល​ចូលចិត្ដ​រស់នៅ​ក្នុងមាត់​និង​ក្រពេញ​ទឹក មាត់​យូរៗ​ទៅអាច​ធ្វើឱ្យ​រលាក​បំពង់ក ហើយ​អាច​ឈាន​ទៅកើត​ជម្ងឺ​មហា​រីក​បំពង់​កបាន​យ៉ាង​ងាយ។
  • ការ​បង្ក​ដោយ​តំណ​ពូជ ប្រសិន​បើ​លោកអ្នក​មាន​ឪពុក​ម្ដាយ​មាន​ជម្ងឺ​មហា​រីក​បំពង់​ក​អាចធ្វើ​ឱ្យ​លោកអ្នក​ប្រឈម​នឹង ជម្ងឺ​នេះ​គ្រាន់តែ​ក្នុង​អត្រា​ត្រឹមតែ​៥ភាគ​រយ​ប៉ុណ្ណោះ។

ការ​ព្យាបាល​ជម្ងឺ​មហា​រីក​បំពង់​ក

គ្រូពេទ្យ​ជំនាញ​មាន​វិធី​បីយ៉ាង ដើម្បី​ព្យាបាល​ជម្ងឺ​មហា​រីក​បំពង់​ក ដោយ​ការ​ប្រើ​វិធី​វះកាត់ ការស្អំ​ដោយ​កាំ​រស្មី​និងប្រើ ប្រាស់​ថ្នាំ​គីមី។ មាន​ករណី​ខ្លះការ​ព្យាបាល​អាច​ប្រើ​វិធី​ទាំងនេះ​ក្នុងពេល​តែមួយ​បាន អា​ស្រ័យ​លើ​ស្ថាន​ភាព​ជម្ងឺ​និង​ទីតាំង​ដែល​ដុំសាច់ ដុះ។ មាន​ករណី​ខ្លះមិន​អាច​ប្រើ​វិធី​វះកាត់​បានទេ ព្រោះ​អ្នក​ជម្ងឺ​មាន​កើតកូន​កណ្ដុរ​ច្រើន​ពេក​ឬ​ដុំសាច់​ដុះនៅ​ខាងក្នុង​កន្លើត។ លោក អ្នកគួរ​ចងចាំ​ថា បើនៅ​ក្នុង​ដំណាក់​កាល​ដំបូង​ជម្ងឺ​មហា​រីក​បំពង់​កអាច​ព្យាបាល​ជាដោយ​ប្រើ​វិធី​វះកាត់យក​ដុំសាច់​ចេញ។ បើក្នុង ដំណាក់​កាល​ធ្ងន់ធ្ងរ​ពិបាក​ព្យាបាល ភាគច្រើន​អ្នក​ជម្ងឺ​អាចមាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។

ប្រការ​គួរ​ប្រតិ​បត្ដិ​នៅពេល​កើត​ជម្ងឺ​មហា​រីក​បំពង់​ក

លោកអ្នក​គួរចៀស​វាងការ​ព្យាបាល​ដោយ​ថ្នាំ​បុរាណ​ផ្សេងៗ ព្រោះ​ធ្វើឱ្យ​ជម្ងឺ​នៅក្នុង​ដំណាក់​កាល​ដំបូង​ទៅជា​ធ្ងន់ធ្ងរ​រហូត មិនអាច​ជួយ​សង្គ្រោះ​បាន។ ត្រូវ​បំបាត់​មូល​ហេតុ​ដែលបង្ក​ឱ្យកើត​ជម្ងឺ​មហា​រីក​បំពង់​ក ដូចជា​បញ្ឈប់​ការជក់​បារី​និងការ​ទទួល​ទាន ស្រាជា​ដើម។ មិនត្រូវ​តម​អាហារ ដូចជា​ប្រភេទ​សាច់​សត្វគោ ទា ឬគ្រឿង​សមុទ្រ​នោះទេ​ព្រោះ​ធ្វើឱ្យ​រាងកាយ​របស់​លោកអ្នក​កាន់ តែចុះ​ខ្សោយ ដែលអាច​ជា​ឱកាស​មួយ​សម្រាប់​ការ​វិវត្ដន៍​ជម្ងឺ​មហា​រីក​បំពង់​កបាន​លឿន​ជា​ពិសេស​គួរតែ​អនុវត្ដ​តាមការ​ណែនាំ​ពីការ ទទួល​ទាន​អាហារ និងការ​ព្យាបាល​របស់​គ្រូពេទ្យ។

វិធី​ការពារ​ជម្ងឺ​មហា​រីក​បំពង់​ក

ជម្ងឺ​មហា​រីក​បំពង់​កមិន​មានវ៉ាក់​សាំង​ការពារ​ទេ តែ​លោកអ្នក​អាច​ការពារ​ជម្ងឺនេះ​បាន​តាមរយៈ​ការ​បំបាត់​មូល​ហេតុ​ទាំង អស់​ដែល​បង្ក​ជម្ងឺ។ ចំពោះ​លោកអ្នក​មាន​ឪពុក​ម្ដាយ​កើត​ជម្ងឺ​មហា​រីក​បំពង់​ក គួរ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យបាន​ខ្ជាប់ខ្ជួន​ដោយ​ឧស្សាហ៍ ទៅឱ្យ​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​មើល​បំពង់​ក​ក្រែង​មាន​រោគ​សញ្ញា​បញ្ជាក់​ថាមាន​កើត​ជម្ងឺ​មហា​រីក​បំពង់​កនៅ​ដំណាក់​កាល​ដំបូង ដើម្បី​រក វិធី​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​គួរតែ​ជ្រើស​រើស​មន្ទីរ​ពេទ្យ​ជាកន្លែង​ទីមួយ ដើម្បី​ព្យាបាល​ជម្ងឺ​ផ្សេងៗ មុននឹង​ទៅរក​សេវា​កម្មថ្នាំ​បុរាណ​ឬតាម ជំនឿ​អរូបី​ផ្សេងៗ។ ប្រសិន​បើនៅ​បរិវេណ​ករបស់​លោកអ្នក​មានឡើង​កូន​កណ្ដុរ ឬដុំ​សាច់នៅ​បំពង់​ក​គួរ​ប្រញាប់​ទៅ​ពិគ្រោះ​សុខភាព ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ កុំ​បណ្ដែត​បណ្ដោយ​យូរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *