ការតុបតែងមុខប្រៀបដូចជាការគូរគំនូរមួយអញ្ចឹង ទាមទារឱ្យមានសិល្បៈ និងផ្ចិតផ្ចង់យកចិត្ដទុកដាក់ទើបអាចស្រស់ ស្អាតបាន។ ការតុបតែងមិនត្រឹមត្រូវ វាមិនត្រឹមតែមិនអាចធ្វើឱ្យមុខរបស់សុភាពនារីស្រស់ស្អាតទេថែមទាំងធ្វើឱ្យរិតតែអាក្រក់លើសមុនទៅទៀត។សុភាពនារីមួយចំនួនមានការច្របូកច្របល់នៅពេលតុបតែងមុខព្រោះមិនដឹងថាត្រូវធ្វើយ៉ាងណាឱ្យបានស្អាត ក្នុងក្រសែភ្នែកអ្នកទាំងពួង។ តើការខុសឆ្គងទាំងនោះមានអ្វីខ្លះ? មានវិធីកែខៃដើម្បីធ្វើឱ្យបានប្រសើរដែរឬទេ?
ចម្លើយទាំងអស់នេះ មិត្ដអ្នកអានអាចស្វែងយល់បានជាមួយការបកស្រាយរបស់លោកស្រី សាពណ៌នាយិកានៃសាលាបង្រៀនកែសម្ផស្សសាពណ៌ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ប្រការល្អគួរយល់ដឹងនៅពេលតុបតែងមុខ
មុនចាប់ផ្ដើមតុបតែងមុខ គួរតែមានការរៀបចំឧបករណ៍សម្រាប់តុបតែងឱ្យបានសព្វគ្រប់ទាំងអស់។ ការតុបតែងមុខក៏ តម្រូវទៅលើពន្លឺផងដែរ ដូច្នេះស្ដ្រីទាំងឡាយគួរជ្រើសរើសកន្លែងតុបតែងណាដែលមានពន្លឺគ្រប់គ្រាន់ មិនងងឹតពេកដើម្បីងាយស្រួលក្នុងការតុបតែងចៀសវាងលាបទៅមើលឃើញស ឬក្រាស់ពេក។
កំហុសឆ្គងគួរចៀសវាងនៅពេលតុបតែងមុខ
នៅរាល់ពេលតុបតែងមុខម្ដងៗ មានស្ដ្រីមួយចំនួនមិនបានដឹងថា ត្រូវលាបពីណាទៅណាមុននោះទេដោយគ្រាន់តែលាបឱ្យតែបានៗ ដែលធ្វើឱ្យការតុបតែងនោះមើលទៅមិនស្រស់ស្អាត។ ប្រការខុសនេះមិនសូវមានច្រើនប៉ុន្មានទេគ្រាន់តែមួយផ្នែកតូចតែ ប៉ុណ្ណោះ ដែលចំណុចទាំងនេះសុភាពស្ដ្រីទាំងឡាយគួរកែលំអទើបប្រសើរ។
1 . ការលាបម្សៅ ៖ ស្ដ្រីមួយចំនួនមិនសូវមានការថែរក្សាស្បែកមុខបានល្អទេ ដោយមិនមានការទៅម៉ាស្សាឬលាបឡេថែ ទាំស្បែកដែលធ្វើឱ្យស្បែកមិនទន់ហើយគ្រើម។ នៅពេលលាបម្សៅម្ដងៗ មិនសូវចូលឬលាបទៅឃើញម្សៅនៅលើគោក។ សុភាព នារីគួរជ្រើសរើសទីតាំងដែលមានពន្លឺគ្រប់គ្រាន់ដើម្បីកុំឱ្យលាបទៅឃើញក្រាស់ពេកមិនសមនឹងស្បែកក ដែលយើងច្រើននិយាយថា មុខសកខ្មៅនោះ។
2 . ការគូសចិញ្ចើម ៖ ចិញ្ចើមគឺជាចំណុចទាក់ទាញមួយប៉ុន្ដែមានស្ដ្រីមួយចំនួននៅតែមិនទាន់ចេះគូសឱ្យបានប្រសើរនៅ ឡើយទេ។ មានស្ដ្រីខ្លះគូសទៅធំម្ខាងតូចម្ខាង ឬមិនសក្ដិសមទៅនឹងទម្រង់មុខរបស់ខ្លួន។
3 . ការគូសខ្ទង់ច្រមុះ និងបបូរមាត់ ៖ សុភាពនារីមួយចំនួននៅមិនទាន់ចេះគូសបង្កើនខ្ទង់ច្រមុះនិងវិធីគូសយ៉ាងណាដើម្បី កែទម្រង់មុខឬមាត់ឱ្យមើលទៅមានភាពស្រស់ស្អាតដោយប្រែក្លាយពីគុណវិបត្ដិ្ដឱ្យទៅជាគុណសម្បត្ដិវិញនោះនៅឡើយទេ។
សុភាពនារីគួរមានការត្រួតពិនិត្យឱ្យបានម៉ត់ចត់នៅពេលតុបតែងរួច។ ប្រសិនបើមើលទៅឃើញថាមិនបានល្អគ្រប់កន្លែង ទោះតិចតួចក្ដីគួរកែលំអឱ្យបានប្រសើរឡើងវិញ។ បើមើលទៅខុសច្រើនពេក ហើយមានការលំបាកក្នុងការកែលំអគួរលុបចោលទាំង អស់តែម្ដងរួចចាប់ផ្ដើមតុបតែងសារជាថ្មី។
ដំបូន្មានអ្នកប្រឹក្សា
ប្រសិនបើសុភាពនារីដែលនៅមិនទាន់ចេះពីការតុបតែងមុខឱ្យស្រស់ស្អាត និងត្រឹមត្រូវនោះទេគួរតែទៅសិក្សានូវចំណេះ ដឹងទាំងអស់នេះនៅកន្លែងកែសម្ផស្សដែលមានគ្រូជំនាញត្រឹមត្រូវ។ ចៀសវាងការតុបតែងមិនស្អាតព្រោះភាពស្រស់ស្អាតមានសារៈ សំខាន់ណាស់ចំពោះស្ដ្រី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply