ច័ន្ទ សុផានី ជាពិធីការិនីមួយដួងដែលមានរូបសម្ផស្សដ៏ស្រស់សោភានិងមានកេរ្ដិ៍ឈ្មោះល្បីល្បាញគួរសមនៅស្ថានីយ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ រូបសម្រស់របស់សុផានី មិនចាញ់តារាសម្ដែងដទៃទៀតឡើយ។ ក្រៅពីធ្វើជាពិធីការិនីសុផានីក៏ជាអ្នកដឹក នាំកម្មវិធីដ៏ច្រើនផងដែរ ជាហេតុធ្វើឱ្យសុផានីមានការមមាញឹកខ្លាំង។ ភាពហត់នឿយទាំងនេះមិនបានធ្វើឱ្យសុផានីមានការធ្វេស ប្រហែសក្នុងការថែទាំសុខភាពរាងកាយ ក៏ដូចជាការថែរក្សាសម្រស់របស់កញ្ញាឡើយ។
សុផានីមានភាពរីករាយខ្លាំងណាស់ក្នុងការទម្លាយអាថ៌កំបាំង ពីការថែរក្សាសុខភាពរាងកាយក៏ដូចជាការថែរក្សាសម្រស់ ជូនប្រិយមិត្ដអ្នកអានឱ្យបានដឹងតាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនឈានជើងចូលសិល្បៈ
ដំបូងឡើយសុផានីជាសិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យច្បារអំពៅរួចក៏បានបន្ដការសិក្សានៅសាកលវិទ្យាល័យជាតិ គ្រប់គ្រង។ ស្របពេលកំពុងតែសិក្សា ក៏បានធ្វើការនៅក្នុងក្រុមហ៊ុនធានារ៉ាប់រងឥណ្ឌូចិន។ សុផានីបានធ្វើការនៅក្រុមហ៊ុន និងបានធ្វើ ការជាអ្នកថតខ្សែភាពយន្ដឱ្យមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា។ ដោយសារការងាររបស់សុផានីយ៉ាងសកម្មក៏បានធ្វើឱ្យខាងស្ថានីយ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥មានការចាប់អារម្មណ៍មកលើសុផានី។ បច្ចុប្បន្ននេះសុផានីជាពិធីការិនីនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥។
ការថែរក្សារូបសម្រស់
- ការថែរក្សាសក់ ៖ រាល់ពេលទំនេរ សុផានីបានយកពងមាន់ដោយយកតែផ្នែកសមកលាយជាមួយស្រាបៀរមកអប់សក់ ក្រោយពីកក់សក់រួច។ ដោយផ្អាប់ទុក១៥នាទី បន្ទាប់មកទើបលាងសម្អាតសក់វិញ។ ក្នុងរយៈពេល៣ថ្ងៃសុផានីត្រូវកក់សក់ម្ដង ដោយជ្រើសរើសយកសាប៊ូដែលត្រូវជាមួយសរសៃសក់ និងស្បែកក្បាល។
- ការថែរក្សាភ្នែក ៖ រាល់ពេលចេញទៅខាងក្រៅ សុផានីត្រូវពាក់វ៉ែនតាខ្មៅដើម្បីការពារភ្នែកពីពន្លឺថ្ងៃនិងការពារភ្នែក ពីធូលីដី ព្រោះខ្លាចភ្នែកមានបញ្ហា។ សុផានីយល់ថាសុខភាពភ្នែកសំខាន់ណាស់សម្រាប់មើលឃើញរបស់វត្ថុអ្វីមួយនៅជិត ឬនៅ ឆ្ងាយ។
- ការថែរក្សារោមចិញ្ចើម រោមភ្នែក និងបបូរមាត់ ៖ នៅពេលចូលកម្មវិធី សុផានីមិនកោររោមចិញ្ចើមទេ ព្រោះសុផានីស្រឡាញ់រោមចិញ្ចើមក្រាស់ គ្រាន់តែយកប្រដាប់គូសមកគូសតុបតែងលើចិញ្ចើមតែប៉ុណ្ណោះ។ ចំពោះរោមភ្នែកសុផានីក៏ ស្រឡាញ់រោមភ្នែកវែងង ហើយក្រាស់ដែរ។ នៅពេលឡើងឆាក ឬចូលកម្មវិធីសុផានីយកម៉ាស្ការ៉ាមកលាបពីលើរោមភ្នែកហើយ ពត់ឱ្យង។ នៅពេលត្រឡប់មកពីកម្មវិធីវិញ សុផានីត្រូវយកសំឡីជ្រលក់ទឹកមកជូតរោមភ្នែកថ្នមៗព្រោះខ្លាចរោមភ្នែកជ្រុះច្រើន។ រីឯបបូរមាត់ សុផានីយកក្រែមដែលមានជាតិរលោងមកលាបរាល់ពេលទំនេរ និងពេលឡើងឆាកដើម្បីកុំឱ្យបបូរមាត់ប្រេះ និងស្ងួត។
- ការថែរក្សាធ្មេញ ៖ សុផានីយកចិត្ដទុកដាក់ខ្លាំងណាស់ ចំពោះការអនាម័យធ្មេញ។ សុផានីយល់ថាបើមានមាត់ធ្មេញ មិនល្អ ធ្វើឱ្យខ្លួនឯងមិនមានសេចក្ដីសុខ ហើយមានអារម្មណ៍ខ្មាសអ្នកដទៃនិងពិបាកធ្វើការប្រាស្រ័យទំនាក់ទំនងការងារ។ ក្នុង១ថ្ងៃ សុផានីត្រូវសម្អាតធ្មេញ៣ដង ហើយរយៈពេល៦ខែសុផានីត្រូវទៅមន្ទីរពេទ្យពិនិត្យសុខភាពមាត់ធ្មេញម្ដងព្រោះខ្លាចធ្មេញមាន បញ្ហា។
- ការថែរក្សាស្បែកមុខ ៖ នៅពេលទំនេរ សុផានីមិនដែលប្រើផលិតផលអ្វីលាបនៅលើផ្ទៃមុខទេព្រោះសុផានីចូលចិត្ដបែបធម្មជាតិ ហើយស្បែកមុខរបស់សុផានីមានជាតិសំណើមពីធម្មជាតិ។ សុផានីតុបតែងមុខនៅពេលណាដែលឡើងឆាកឬចូល រួមក្នុងវិធីផ្សេងៗតែប៉ុណ្ណោះ។ ស្បែកមុខរបស់សុផានីមិនដែលមានប្រតិកម្មអ្វីឡើយ ព្រោះនៅពេលចប់កម្មវិធីសុផានីតែងតែលុប លាងសម្អាតមុខចេញភ្លាម ព្រោះសុផានីមិនចូលចិត្ដទុកម្សៅនៅលើផ្ទៃមុខយូរទេ។
- ការថែរក្សាស្បែកដងខ្លួន ៖ នៅពេលទំនេរ សុផានីចូលចិត្ដស្ទីមខ្លួន ដើម្បីជួយឱ្យស្បែកស្អាត។ ជួនកាលសុផានីខាត់ស្បែក ដោយប្រើម្នាស់មកខាត់ឱ្យសព្វនៅលើរាងកាយ ដោយប្រើរយៈពេល១៥នាទី ទើបលាងជម្រះសម្អាតខ្លួន។ សុផានីចូលចិត្ដថែទាំ ស្បែកតាមបែបធម្មជាតិ ដោយកម្រនឹងប្រើប្រាស់ផលិតផលគីមីណាស់។
- ការថែរក្សាក្រចកដៃជើង ៖ ដោយមានការមមាញឹកនឹងការងារច្រើនធ្វើឱ្យសុផានីពុំមានពេលថែរក្សាក្រចកដៃជើងទេ។ ជាហេតុធ្វើឱ្យសុផានីត្រូវកាត់ក្រចកដៃជើងឱ្យខ្លី ហើយនៅពេលដែលចូលកម្មវិធីសុផានីក៏មិនពាក់ក្រចកសិប្បនិម្មិតដែរ។ សុផានី មិនចូលចិត្ដលាបពណ៌ក្រចក ឬគូសជាម៉ូតផ្កានៅលើក្រចកឡើយ។
ការថែរក្សាសុខភាពរាងកាយ
ក្នុងអាជីពជាពិធីការិនី និងជាអ្នកដឹកនាំកម្មវិធីជាច្រើននៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥បានធ្វើឱ្យសុផានីមានការហត់ នឿយយ៉ាងច្រើន។ ជាហេតុធ្វើឱ្យសុផានីមានការព្រួយបារម្ភចំពោះសុខភាព និងសម្រស់ ខ្លាចធ្លាក់ចុះ។ ទោះបីជាមមាញឹកជុំវិញ អាជីពការងារខ្លាំងយ៉ាងណាក្ដី ក៏សុផានីត្រូវតែមានការព្យាយាមថែទាំសុខភាព និងសម្រស់ដែរ។ សុផានីមិនបណ្ដោយឱ្យសម្រស់ បាត់បង់ទៅតាមអាយុកាលទេ។ សុផានីញ៉ាំបាយទៀងទាត់៣ដងក្នុង១ថ្ងៃនិងទទួលទានអាហារដែលមានជាតិវីតាមីនគ្រប់គ្រាន់ ដើម្បីជួយបំប៉នដល់រាងកាយមាំមួន។
បំណងទៅថ្ងៃអនាគត
អាជីពជាពិធីការិនី និងជាអ្នកដឹកនាំកម្មវិធី ពិតជាធ្វើឱ្យមានការហត់នឿយខ្លាំងណាស់។ ភាពមមាញឹកទាំងនេះមិនបានធ្វើឱ្យសុផានីចង់ឃ្លាតឆ្ងាយពីសិល្បៈឡើយទៅថ្ងៃអនាគត ព្រោះវិស័យសិល្បៈគឺជាបំណងមួយរបស់សុផានីកញ្ញានៅតែបន្ដអាជីព នេះរហូត ប្រសិនមានទស្សនិកជនច្រើនគាំទ្រ។ ចំពោះពេលអនាគត សុផានីចង់មានមុខរបរធ្វើជំនួញមួយទៀតប៉ុន្ដែនៅពេលនេះ សុផានីសុំលាក់ទុកសិន។
បណ្ដាំផ្ញើរបស់សុផានី
ទោះជាលោកអ្នករវល់នឹងការងារច្រើនយ៉ាងណាក្ដី លោកអ្នកគួរឆ្លៀតពេលលៃលកថែទាំសុខភាពផងទើបអ្វីៗចាប់ផ្ដើម ដំណើរការជាក្រោយ។ សម្រាប់សុភាពនារី ដែលចង់បានសម្រស់ស្រស់សោភាមិនឱ្យវិវត្ដន៍ទៅតាមអាយុកាលនោះដំបូងក៏ត្រូវថែទាំ សុខភាពឱ្យបានមាំមួនជាមុនដែរ ទើបសម្រស់មិនធ្លាក់ចុះ។ រីឯប្អូនៗកុមារាកុមារីកំពុងសិក្សាគប្បីយកចិត្ដទុកដាក់រៀនសូត្រ ព្រោះ ប្អូនៗគឺជាសសរទ្រូងរបស់ប្រទេសជាតិ។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងជាការអនុវត្ដរបស់កញ្ញា ច័ន្ទ សុផានីតែប៉ុណ្ណោះ។ សូមលោកស្រី អ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ច័ន្ទ សុផានី
- អាយុ ៖ ២៥ឆ្នាំ
- ទម្ងន់ ៖ ៤៥គីឡូក្រាម
- ទំហំទាំងបី ៖ ៣៦, ២៧, ៣៦
- កម្ពស់ ៖ ១,៦១ម៉ែត្រ
- មានបងប្អូន ៖ ៣នាក់(ជាកូនទី១)
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- អាជីពបច្ចុប្បន្ន ៖ ជាពិធីការិនីនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥
- កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply