រូបរាងសង្ហា សម្បុរស សម្រស់មានមន្ដស្នេហ៍ ឃុំ ប៉ុណ្ណាដែត ដែលជាតារាចម្រៀងមួយដួងហើយមានទឹកដមសម្លេងយ៉ាង ក្រអួន និងមានកេរ្ដិ៍ឈ្មោះល្បីល្បាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃនេះប៉ុណ្ណាដែតបានទទួលការពេញនិយម និងការគាំទ្រ យ៉ាងខ្លាំងពីទស្សនិកជនគ្រប់មជ្ឈដ្ឋានមិនចាញ់រៀមច្បងប៉ុន្មានឡើយ។ រាល់ថ្ងៃប៉ុណ្ណាដែតមានការមមាញឹកយ៉ាងច្រើនក្នុងការច្រៀង ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។ ទោះបីជាប៉ុណ្ណាដែតប្រឈមមុខនឹងការងារច្រើនក៏ពិតមែន តែរូបរាងកាយរបស់លោកនៅតែ សង្ហាជានិច្ច។
ប៉ុណ្ណាដែតពេញចិត្ដនិងរីករាយចូលខ្លួនទម្លាយអាថ៌កំបាំងពីការថែរក្សាសុខភាពរាងកាយ ក៏ដូចជាការថែរក្សាសម្រស់របស់លោកដើម្បីបំបាត់ភាពចម្ងល់របស់ទស្សនិកជន តាមរយៈការជួបសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនឈានជើងចូលវិស័យសិល្បៈ
មុនបោះជើងចូលសិល្បៈ ដំបូងប៉ុណ្ណាដែតបានស្គាល់បងស្រីម្នាក់ដែលចេះនិពន្ធបទចម្រៀងហើយបានសម្លឹងឃើញរូប លោកមានទេពកោសល្យក្នុងការច្រៀង និងមានរូបរាងស្រស់សង្ហាក៏បានណែនាំរូបលោកឱ្យចូលច្រៀងនៅក្នុងក្រុមអ៊ីវីនៅឆ្នាំ១៩៩៨ ដែលមានសមាជិកក្នុងក្រុម៤រូប។ បន្ទាប់មកទើបរូបលោកបានច្រៀងឱ្យផលិតកម្មរស្មីស្ទឹងសង្កែវិញដោយសារតែម្នាក់ៗនៅក្នុងក្រុម អ៊ីវីមានការរវល់រៀងៗខ្លួន ទើបសម្រេចចិត្ដបំបែកក្រុម។ សព្វថ្ងៃនេះប៉ុណ្ណាដែតជាតារាចម្រៀងមួយដួងកាន់តែមានភាពល្បីល្បាញ និងច្រៀងឱ្យផលិតកម្ម អេសអេសប៊ីដែលបានធ្វើឱ្យរូបលោកទទួលបានការពេញនិយមពីទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។
ការថែរក្សាសម្រស់
ថ្វីត្បិតតែប៉ុណ្ណាដែតបានរៀបការរួចហើយ ទើបត្រូវរវល់កាន់តែច្រើនទាំងការងារនៅក្នុងក្រុមគ្រួសារនិងការងារខាងក្រៅ យ៉ាងច្រើន ប៉ុន្ដែភាពស្រស់សង្ហារបស់ប៉ុណ្ណាដែតមិនទ្រុឌទ្រោមទៅតាមអាយុកាលទេ។ ប៉ុណ្ណាដែតមិនដែលភ្លេចការថែរក្សាសម្រស់ របស់លោកឡើយ។ ព្រោះប៉ុណ្ណាដែតយល់ថាសម្រស់ជាផ្នែកមួយនៃសោភ័ណភាពដែលធ្វើឱ្យមានការទាក់ទាញនិងការចាប់អារម្មណ៍ ពីអ្នកដទៃ។
- ការថែរក្សាសក់ ៖ ប៉ុណ្ណាដែតមិនចូលចិត្ដប្រើស្ព្រាយលាបសក់ច្រើនទេព្រោះខ្លាចធ្វើឱ្យសក់ស្រួយផុយហើយឆាប់បែក ចុង។ រៀងរាល់ពីឬបីថ្ងៃ ប៉ុណ្ណាដែតត្រូវកក់សក់ម្ដង ដោយជ្រើសរើសសាប៊ូដែលត្រូវជាមួយស្បែកក្បាលនិងសរសៃសក់។ បន្ទាប់មក ប៉ុណ្ណាដែតប្រើផលិតផលជំនួយសរសៃសក់ដែលមានសារធាតុជួយបន្ទន់សក់។
- ការថែរក្សាស្បែកមុខ ៖ នៅពេលសម្រាកពីការងារប៉ុណ្ណាដែតមិនបានប្រើផលិតផលអ្វីមកលាបនៅលើស្បែកមុខឡើយ។ ប៉ុណ្ណាដែតប្រើឡេលាបសម្រាប់ថែរក្សាស្បែកមុខនៅពេលដែលចេញទៅថតនៅខាងក្រៅតែប៉ុណ្ណោះដើម្បីកុំឱ្យស្បែកមុខ ក្រៀមស្ងួតខ្លាំងពេក។
- ការថែរក្សាស្បែកដងខ្លួន ៖ រាល់ពេលងូតទឹក ប៉ុណ្ណាដែតប្រើសាប៊ូដុសខ្លួនជាប្រចាំដើម្បីជម្រះក្អែលឱ្យអស់កុំឱ្យជាប់ ស្បែក ហើយប្រើសាប៊ូដែលត្រូវជាមួយស្បែកខ្លួន ដើម្បីកុំឱ្យស្បែកមានប្រតិកម្មចេញកន្ទួលរមាស់។
- ការថែរក្សាធ្មេញ ៖ ប៉ុណ្ណាដែតសម្អាតធ្មេញបីដងឡើងទៅក្នុងមួយថ្ងៃ ពេលក្រោកពីដំណេកនៅពេលព្រឹក ពេលទទួលទានអាហាររួច និងពេលយប់មុនចូលគេង។ មិនតែប៉ុណ្ណោះ ប៉ុណ្ណាដែតឧស្សាហ៍ទៅពិនិត្យមាត់ធ្មេញព្រោះខ្លាចធ្មេញមាន បញ្ហា។ ទន្ទឹមនឹងនោះដែរ ប៉ុណ្ណាដែតក៏ប្រើថ្នាំខ្ពុរមាត់ដែរ ព្រោះដើម្បីជួយបំបាត់ក្លិនមាត់ហើយមានភាពងាយស្រួលក្នុងការ ប្រាស្រ័យទាក់ទងគ្នា។
- ការថែរក្សាភ្នែក ៖ ភ្នែកសំខាន់ណាស់សម្រាប់ប៉ុណ្ណាដែត ព្រោះការមើលវត្ថុអ្វីមួយដែលស្អាត ឬមិនស្អាតនៅជិតឬនៅឆ្ងាយគឺអាស្រ័យទៅលើភ្នែក។ ដូចនេះនៅពេលសម្រាកពីការងារ ប៉ុណ្ណាដែតតែងតែលាងគ្រាប់ភ្នែកដើម្បីកុំឱ្យភ្នែករកាំ។
ការថែរក្សាសុខភាពរាងកាយ
ទោះបីជាសព្វថ្ងៃនេះ ប៉ុណ្ណាដែតមានការមមាញឹកនៅក្នុងក្រុមគ្រួសារក៏ដូចជាការងារនៅខាងក្រៅច្រើនក៏ពិតមែនតែប៉ុណ្ណាដែតមិនដែលធ្វេសប្រហែសឱ្យសុខភាពរបស់ខ្លួនទ្រុឌទ្រោមឡើយ។ ហេតុនេះហើយ ប៉ុណ្ណាដែតត្រូវទទួលទានដំណេកនិងទទួល ទានចំណីអាហារយ៉ាងទៀងទាត់ជាប្រចាំ។ ប៉ុណ្ណាដែតចូលចិត្ដបរិភោគផ្លែឈើនិងអាហារដែលមានវីតាមីនគ្រប់គ្រាន់ជួយដល់សារ ពាង្គកាយឱ្យរឹងមាំ។ ព្រោះប៉ុណ្ណាដែតយល់ឃើញថា បើសុខភាពរឹងមាំ ក៏នាំឱ្យសម្រស់ស្រស់ស្អាតដែរ។ តែបើសុខភាពមិនរឹងមាំទេ នោះ នាំឱ្យមានការរាំងស្ទះដល់ការងារច្រើន។ ដូចនេះប៉ុណ្ណាដែតមានការប្រុងប្រយ័ត្នជានិច្ចចំពោះសុខភាព ហើយរួមផ្សំនឹងការហាត់ ប្រាណជាញឹកញាប់ស្របពេលដែលប៉ុណ្ណាដែតទំនេរ។ មិនតែប៉ុណ្ណោះប៉ុណ្ណាដែតតែងតែទៅមន្ទីរពេទ្យជាញឹកញាប់ ដើម្បីពិនិត្យសុខ ភាព ព្រោះខ្លាចសុខភាពមានជម្ងឺ។
បំណងសម្រាប់ថ្ងៃអនាគត
ក្នុងពិភពវិស័យសិល្បៈគឺជាបំណងមួយនៅក្នុងជីវិតរបស់ប៉ុណ្ណាដែត ហើយប៉ុណ្ណាដែតនៅតែស្រឡាញ់និងនៅតែបន្ដទៅ មុខទៀតក្នុងការច្រៀង ដើម្បីបម្រើអារម្មណ៍ទស្សនិកជនដោយមិនបោះបង់ឡើយ ប្រសិនបើមានការគាំទ្រនិងទទួលការពេញនិយម ពីមហាជន។ ទោះបីជាយ៉ាងណាក្ដី ក៏ប៉ុណ្ណាដែតយល់ច្បាស់ថាសម្លេងមិនអាចរក្សាឱ្យនៅឋិតថេរគង់វង្សជាអមតៈទេ។ ដូចនេះ សម្រាប់ថ្ងៃអនាគត ប៉ុណ្ណាដែតមានគម្រោងចង់បង្កើតមុខជំនួញណាមួយពិតប្រាកដដើម្បីជួយសម្រួលដល់ក្រុមគ្រួសារ។
បណ្ដាំផ្ញើរបស់ឃុំ ប៉ុណ្ណាដែត
គ្មាននរណាម្នាក់ចង់បានសុខភាពទ្រុឌទ្រោមឡើយ។ ហេតុនេះទោះបីជាលោកអ្នកមានការមមាញឹកនឹងការងារច្រើនយ៉ាងណាក្ដី លោកអ្នកគួរគប្បីយកចិត្ដទុកដាក់ថែទាំសុខភាពរបស់ខ្លួនផង។ ព្រោះសុខភាពសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗក្នុងការ រស់នៅប្រចាំថ្ងៃ ហើយមិនត្រូវបណ្ដោយឱ្យសុខភាពមិនល្អក៏ដូចជាសម្រស់មិនស្អាតទៅតាមអាយុកាលដែរ។ ដូចនេះ លោកអ្នកត្រូវ គេងឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារឱ្យបានទៀងទាត់ និងហាត់ប្រាណនៅពេលទំនេរ។ ម្យ៉ាងទៀតគួរចៀសវាងទទួលទានស្រា បារី ឬជក់ថ្នាំញៀន។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ឃុំ ប៉ុណ្ណាដែត
- អាយុ ៖ ២៧ឆ្នាំ
- កម្ពស់ ៖ ១.៧២ ម៉ែត្រ
- ទម្ងន់ ៖ ៦២គីឡូក្រាម
- បងប្អូន ៖ ៤នាក់ (ជាកូនទី១)
- កម្រិតវប្បធម៌ ៖ បញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រប់នៅវិទ្យាស្ថានជាតិគ្រប់គ្រង
- ស្ថានភាពគ្រួសារ ៖ រៀបការរួច
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply